តទៅនេះ គឺជាបទវិចារណកថាដែលឆ្លុះបញ្ចាំងអំពីទស្សនៈរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក
បន្ទាប់ពីបានវាយប្រហារដោយមីស៊ីលរយៈពេលមួយឆ្នាំលើអ៊ីស្រាអែលមក ក្រុមហ៊ូធីដែលគាំទ្រដោយអ៊ីរ៉ង់នៅក្នុងប្រទេសយេម៉ែនបានបង្កើនការវាយប្រហាររបស់ខ្លួនក្នុងពេលថ្មីៗនេះ។
ក្នុងចំណោមការវាយប្រហារជាច្រើនរបស់ក្រុមហ៊ូធីកាលពីខែធ្នូឆ្នាំមុន ការវាយប្រហារមួយបានធ្វើឱ្យខូចខាតដល់សាលារៀនបឋមសិក្សាមួយកន្លែងក្នុងតំបន់ភាគកណ្តាលនៃប្រទេសអ៊ីស្រាអែល ហើយការវាយប្រហារមួយទៀតបានត្រូវចំតំបន់រស់នៅក្នុងតំបន់ Jaffa ដោយធ្វើឱ្យជនស៊ីវិលយ៉ាងតិច ១៦ នាក់រងរបួស។ បន្ថែមពីនេះទៀត ក្រុមហ៊ូធីបានបន្តការវាយប្រហាររបស់ខ្លួនលើកប៉ាល់ពាណិជ្ជកម្មនៅសមុទ្រក្រហម។
នៅឯកិច្ចប្រជុំមួយរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ អ្នកតំណាងរងសហរដ្ឋអាមេរិកប្រចាំអង្គការសហប្រជាជាតិអ្នកស្រី Dorothy Shea បានបញ្ជាក់ឡើងវិញនូវការអំពាវនាវរបស់សហរដ្ឋអាមេរិកដែលថាក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិត្រូវពិចារណាចាត់វិធានការបន្ថែមដើម្បីឆ្លើយតបទៅនឹងការគំរាមកំហែងកើនឡើងពីក្រុមហ៊ូធីនិងដើម្បីឱ្យអ៊ីរ៉ង់ទទួលខុសត្រូវ។
អ្នកស្រី Shea បានថ្លែងថា៖ «យើងទាំងអស់គ្នាអាចមើលឃើញយ៉ាងច្បាស់ថាក្រុមហ៊ូធីបានទទួលការជួយទំនុកបម្រុងពេញទំហឹងពីអ៊ីរ៉ង់ដើម្បីធ្វើការវាយប្រហារដោយអាវុធរយៈចម្ងាយឆ្ងាយដ៏ប្រល័យលើអ៊ីស្រាអែល ដែលក្នុងនោះរួមមានទាំងលើហេដ្ឋារចនាសម្ព័ន្ធស៊ីវិលផងដែរ ដូចដែលបង្ហាញឡើងតាមរយៈការឃោសនារបស់ក្រុមនេះដែលអួតអាងអំពីការប្រើមីស៊ីលទំនើបលឿនជាងសំឡេងដូច្នេះដែរ។ ការផ្តល់របស់អ៊ីរ៉ង់នូវមីស៊ីលទាំងនេះនិងអាវុធប្រល័យជីវិតផ្សេងទៀតដល់ក្រុមហ៊ូធីគឺជាការរំលោភលើការដាក់ទណ្ឌកម្មការលក់អាវុធដែលក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានដាក់លើក្រុមនេះ»។
អ្នកស្រីឯកអគ្គរដ្ឋទូត Shea បានសង្កត់ធ្ងន់ថាវាគឺជាការទទួលខុសត្រូវរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិក្នុងការឆ្លើយតបទៅនឹងការរំលោភបំពានជាក់ស្តែងរបស់អ៊ីរ៉ង់លើសេចក្តីសម្រេចរបស់ក្រុមប្រឹក្សានេះនិងការផ្តល់អាវុធដល់ក្រុមភេរវករ។
អ្នកស្រី Shea បានថ្លែងថា៖ «សមាជិកទាំងអស់របស់ក្រុមប្រឹក្សានេះ ជាពិសេសអ្នកដែលមានទំនាក់ទំនងដោយផ្ទាល់ជាមួយអ៊ីរ៉ង់ គួរតែដាក់គំនាបលើថ្នាក់ដឹកនាំអ៊ីរ៉ង់ឱ្យបញ្ឈប់ក្រុមហ៊ូធីកុំឱ្យវាយប្រហារដែលអាចបង្កគ្រោះថ្នាក់ដល់ជនស៊ីវិល»។
ជាងនេះទៀត អ្នកស្រីឯកអគ្គរដ្ឋទូត Shea បានបញ្ជាក់ថា ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិគួរតែពង្រឹងយន្តការផ្ទៀងផ្ទាត់និងអធិការកិច្ចរបស់អង្គការសហប្រជាជាតិ (UVIM) ដែលយន្តការនេះមើលការខុសត្រូវលើការឃ្លាំមើលនិងការត្រួតពិនិត្យសេវាកម្មនានានៃទំនិញពាណិជ្ជកម្មនិងជំនួយទ្វេភាគីដែលដឹកជញ្ជូនឆ្ពោះទៅកាន់ប្រទេសយេម៉ែន។ សំខាន់ជាងនេះទៀត យន្តការនេះមានបំណងធ្វើឱ្យប្រាកដថាអ៊ីរ៉ង់និងតួអង្គផ្សេងទៀតមិនផ្តល់អាវុធទៅឱ្យក្រុមហ៊ូធីដែលជាការរំលោភលើការដាក់ទណ្ឌកម្មការលក់អាវុធ។
អ្នកស្រីឯកអគ្គរដ្ឋទូត Shea បានថ្លែងទៀតថា អ្នកស្រីក៏គាំទ្រផងដែរនូវការបន្តនៃសំណើអំពីការរាយការណ៍ដែលចែងក្នុងសេចក្តីសម្រេចលេខ ២៧២២ របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិដែលតម្រូវឱ្យអគ្គលេខាធិការអង្គការសហប្រជាជាតិរាយការណ៍ប្រចាំខែអំពីការវាយប្រហាររបស់ក្រុមហ៊ូធីលើការដឹកជញ្ជូនពាណិជ្ជកម្ម។
អ្នកស្រីបានសង្កត់ធ្ងន់ថាការវាយប្រហារកាលពីពេលថ្មីៗនេះរបស់សហរដ្ឋអាមេរិកលើគោលដៅមួយចំនួនរបស់ក្រុមហ៊ូធី ដែលគោលដៅទាំងនេះត្រូវបានក្រុមហ៊ូធីប្រើដើម្បីវាយប្រហារលើនាវាទាហានជើងទឹកនិងកប៉ាល់ពាណិជ្ជកម្មសហរដ្ឋអាមេរិក «គឺស្របទៅនឹងច្បាប់អន្តរជាតិនិងជាការអនុវត្តនូវសិទ្ធិការពារខ្លួនរបស់សហរដ្ឋអាមេរិក»។
អ្នកស្រីឯកអគ្គរដ្ឋទូត Shea បានប្រកាសថា៖ «វាហួសពេលហើយសម្រាប់ក្រុមហ៊ូធីក្នុងការបញ្ឈប់ឥរិយាបថច្រងេងច្រងាងនិងបែបបង្កអស្ថិរភាពរបស់ពួកគេ ហើយក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិគួរតែធ្វើឱ្យប្រាកដថាពួកគេនឹងទទួលផលវិបាកសម្រាប់ទង្វើរបស់ខ្លួន»៕
បទវិចារណកថា៖ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិត្រូវតែធ្វើឱ្យក្រុមហ៊ូធីនិងអ៊ីរ៉ង់ទទួលខុសត្រូវ

រូបឯកសារ៖ រូបថតដែលថតពីវីដេអូដែលចេញផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយ Houthi Military Media បង្ហាញពីការបាញ់មីស៊ីលទៅលើអ៊ីស្រាអែល ដែលបានចេញផ្សាយនៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៤។