តទៅនេះ គឺជាបទវិចារណកថាដែលឆ្លុះបញ្ចាំងពីទស្សនៈរបស់រដ្ឋាភិបាលអាមេរិកាំង
នាវាដឹកទំនិញទីពីរត្រូវបានគេរាយការណ៍ថាបានលិចនៅក្នុងសមុទ្រក្រហម បន្ទាប់ពីត្រូវបានវាយប្រហារដោយក្រុមហ៊ូធី។ នៅថ្ងៃទី១២ ខែមិថុនា នាវាដឹកទំនិញឈ្មោះ M/V Tutor ដែលមានម្ចាស់ជាជនជាតិក្រិក ត្រូវបានកំណត់ជាគោលដៅវាយប្រហារដោយនាវាដឹកយន្តហោះដ្រូនដែលមានផ្ទុកគ្រាប់បែក និងគ្រាប់ផ្លោងផ្សេងទៀត។ សមាជិកម្នាក់នៃក្រុមនាវិករបស់នាវា Tutor ត្រូវបានសម្លាប់ ដែលនោះគឺជានាវិកទីបួនហើយដែលបានស្លាប់នៅក្នុងការវាយប្រហារដូចនេះ។ កាលពីថ្ងៃទី១៣ ខែមិថុនា កន្លងទៅនេះ ពួកហ៊ូធីបានវាយប្រហារទៅលើនាវា M/V Verbena ដែលមានម្ចាស់ជាជនជាតិអ៊ុយក្រែន ដោយបានធ្វើឱ្យទាហានជើងទឹកម្នាក់រងរបួសយ៉ាងធ្ងន់ធ្ងរ ដែលត្រូវជម្លៀសចេញដើម្បីធ្វើការសង្គ្រោះបន្ទាន់។
ក្រសួងការពារជាតិសហរដ្ឋអាមេរិកបានរាយការណ៍ថា ចាប់តាំងពីថ្ងៃទី១៩ ខែវិច្ឆិកាមក មានការវាយប្រហារចំនួន១៩០ដងលើនាវាពាណិជ្ជកម្មដោយក្រុមហ៊ូធី។ ភាគច្រើនត្រូវបានរារាំងដោយកងកម្លាំងអាមេរិក និងអន្តរជាតិ ក៏ប៉ុន្តែគួរឱ្យសោកស្ដាយ ដែលពួកគេមិនអាចរារាំងបានទាំងអស់នោះទេ។
ក្រុមហ៊ូធីដែលគាំទ្រដោយអ៊ីរ៉ង់ដែលមានមូលដ្ឋាននៅប្រទេសយេម៉ែន បានបង្កើនការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើក(ដ្រូន)និងកាំជ្រួចរបស់ពួកគេទៅលើការដឹកជញ្ជូនពាណិជ្ជកម្ម បន្ទាប់ពីការវាយប្រហារដោយក្រុមហាម៉ាស់ទៅលើអ៊ីស្រាអែលកាលពីថ្ងៃទី៧ ខែតុលា និងប្រតិបត្តិការយោធាជាបន្តបន្ទាប់របស់អ៊ីស្រាអែលដើម្បីកម្ចាត់ក្រុមហាម៉ាស់នៅតំបន់ហ្កាហ្សា។ តាមរយៈការវាយលុករបស់ពួកគេទៅលើការដឹកជញ្ជូនពាណិជ្ជកម្ម ក្រុមហ៊ូធីបានអះអាងថា ខ្លួនកំពុងធ្វើសកម្មភាពជំនួសប៉ាឡេស្ទីន។ ទោះជាយ៉ាងនេះក៏ដោយ ដូចដែលទីប្រឹក្សាទំនាក់ទំនងសន្តិសុខជាតិលោក John Kirby បានកត់សម្គាល់ថា ពួកគេកំពុងកំណត់គោលដៅ និងគំរាមកំហែងដល់អាយុជីវិតរបស់ជនជាតិទីបីដែលមិនពាក់ព័ន្ធនឹងជម្លោះរវាងក្រុមហាម៉ាស់និងអ៊ីស្រាអែល។
លោក John Kerby បានថ្លែងថា «ក្រុមហ៊ូធីបានសម្លាប់សមាជិកនៃក្រុមនាវិកស្លូតត្រង់ម្នាក់មកពីប្រទេសហ្វីលីពីន ហើយបានធ្វើឱ្យនាវិកជនជាតិស្រីលង្កាម្នាក់រងរបួសយ៉ាងធ្ងន់ធ្ងរដែលពួកគេគ្មានទោសកំហុសអ្វីសោះ គឺពួកគេគ្រាន់តែបំពេញការងាររបស់ខ្លួនជាទាហានជើងទឹកដែលមានជំនាញវិជ្ជាជីវៈ។ ពួកគេមិនបានដឹកជញ្ជូនអាវុធឱ្យអ៊ីស្រាអែលទេ។ ពួកគេមិនបានជ្រើសរើសយកភាគីណាមួយនៅតំបន់មជ្ឈិមបូព៌ាទេ។ ពួកគេគ្រាន់តែបំពេញតួនាទីរបស់ពួកគេនៅលើនាវាដើម្បីទទួលបានប្រាក់បៀវត្សរ៍ និងបន្តដំណើរការពាណិជ្ជកម្មសកលតែប៉ុណ្ណោះ។ … នេះជាអំពើភេរវកម្មសុទ្ធសាធ។ គ្មានពាក្យអ្វីផ្សេងជំនួសបានឡើយ»។
លោក Kirby បាននិយាយថា សូម្បីតែប្រជាជននៃប្រទេសយេម៉ែន ក៏ត្រូវបានរងគ្រោះដែរ ខណៈដែលក្រុមហ៊ូធីបានវាយប្រហារនាវាដែលដឹកគ្រាប់ធញ្ញជាតិទៅកាន់កំពង់ផែរបស់ពួកគេ។
លោក Kirby បានថ្លែងទៀតថា៖ «ការវាយប្រហារទាំងនេះក៏បានរារាំងដល់ការដឹកជញ្ជូនជំនួយមនុស្សធម៌ទៅប្រទេសស៊ូដង់ផងដែរ ដែលកំពុងត្រូវការជំនួយជាច្រើន ហើយស្ថិតក្នុងស្ថានភាពអស់សង្ឃឹម ហើយវាក៏ប៉ះពាល់ដល់ពាណិជ្ជកម្មសម្រាប់គ្រប់ប្រទេសដែលនៅជិតខាងតំបន់ជ្រោយខាងកើតនៃទ្វីបអាហ្វ្រិក (Horn of Africa) និងតំបន់មជ្ឈិមបូព៌ាផងដែរ»។
ជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិកដើម្បីទប់ស្កាត់ការវាយប្រហារដោយក្រុមហ៊ូធីនេះ ក្រសួងហិរញ្ញវត្ថុសហរដ្ឋអាមេរិកបានប្រកាសដាក់ទណ្ឌកម្មថ្មីប្រឆាំងនឹងបុគ្គល និងអង្គភាពដែលពាក់ព័ន្ធនៅក្នុងបណ្តាញលទ្ធកម្មអាវុធក្រុមហ៊ូធី។
លោក Kirby បាននិយាយបន្ថែមទៀតថា៖ «ការវាយប្រហារទាំងឡាយរបស់ក្រុមហ៊ូធីនេះ ... គឺជាការធ្វេសប្រហែសយ៉ាងពិតប្រាកដ។ ពួកគេមិនខ្វល់ខ្វាយពីជនជាតិប៉ាឡេស្ទីននៅហ្កាហ្សាទេ… ដូចដែលខ្ញុំបាននិយាយអ៊ីចឹងថា គឺនិយាយដោយសាមញ្ញ វាជាអំពើភេរវកម្មសុទ្ធសាធ។ ហើយអំពើនេះ គឺត្រូវតែបញ្ឈប់»៕