តទៅនេះ គឺជាបទវិចារណកថាដែលឆ្លុះបញ្ចាំងអំពីទស្សនៈរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក
ទំនោរកើនឡើងដ៏គួរឱ្យបារម្ភ ដែលបង្ហាញឡើងនៅក្នុងរបាយការណ៍ថ្មីចុងក្រោយបង្អស់របស់សហរដ្ឋអាមេរិកស្ដីពីការជួញដូរមនុស្ស (U.S. Trafficking in Persons Report) គឺពលកម្មដោយបង្ខំដែលផ្ដួចផ្ដើមនិងអនុវត្តនៅក្នុងប្រតិបត្តិការបន្លំបោកប្រាស់តាមអ៊ីនធឺណិត (cyber-scam)។
អ្នកស្រី Cindy Dyer ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកទទួលបន្ទុកកិច្ចការតាមដាន និងប្រយុទ្ធប្រឆាំងនឹងការជួញដូរមនុស្សបានកត់សម្គាល់ថា៖ «ជនជួញដូរមនុស្សបានទាញប្រយោជន៍ពីបញ្ហាសេដ្ឋកិច្ចពាក់ព័ន្ធនឹងជំងឺកូវីដ១៩ ភាពអត់ការងារធ្វើកើនឡើងរបស់យុវជននៅលើសាកលលោក និងការរឹតត្បិតការធ្វើដំណើរអន្តរជាតិដើម្បីកេងប្រវ័ញ្ចលើមនុស្សពេញវ័យ និងកុមាររាប់ពាន់នាក់នៅក្នុងឧស្សាហកម្ម [ជួញដូរមនុស្សដែលផ្ដល់ផលចំណេញ] រាប់ពាន់លានដុល្លារក្នុងរយៈពេល ២ ឆ្នាំចុងក្រោយនេះ»។
អ្នកស្រីឯកអគ្គរដ្ឋទូត Dyer បានថ្លែងដូច្នេះថា៖ «មនុស្សជាច្រើនបានដាក់ពាក្យធ្វើការតាមការប្រកាសការងារសម្រាប់ការងារដែលពួកគេគិតថា ស្ថិតនៅក្នុងផ្នែកបច្ចេកវិទ្យាព័ត៌មាន (IT) កាស៊ីណូ ឬក៏អាជីវកម្មត្រឹមត្រូវតាមច្បាប់ស្រដៀងនេះផ្សេងទៀត។ ជារឿយៗ អ្នកទាំងនេះត្រូវបានបង្ខំឱ្យចូលរួមនៅក្នុងការបន្លំបោកប្រាស់តាមអ៊ីនធឺណិតនៅក្រោមការរៀបចំកូតាមិនអាចទៅរួចមួយ ដែលធ្វើឱ្យពួកគេជាប់បំណុលរបស់ជនជួញដូរមនុស្សកាន់តែច្រើនឡើង។ ជនជួញដូរមនុស្សបានប្រើបំណុលនេះដើម្បីកេងប្រវ័ញ្ចលើជនរងគ្រោះនៅក្នុងពលកម្មដោយបង្ខំនិងការជួញដូរផ្លូវភេទ ដែលក្នុងនោះរួមមានទាំងនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសផងដែរ ដោយជាចម្បងនៅទូទាំងតំបន់អាស៊ីអាគ្នេយ៍ ប៉ុន្តែបានបោកបញ្ឆោតមនុស្សមកពីប្រទេស និងដែនដីយ៉ាងតិចចំនួន ៣៥»។
នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ប្រតិបត្តិការបោកប្រាស់តាមអ៊ីនធឺណិតត្រូវបានគេរកឃើញនៅក្នុងប្រទេសមីយ៉ាន់ម៉ា កម្ពុជា ឡាវ ម៉ាឡេស៊ី និងហ្វីលីពីន។
រដ្ឋាភិបាលសហរដ្ឋអាមេរិកតាំងចិត្តប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មនេះ។
អ្នកស្រីឯកអគ្គរដ្ឋទូត Dyer បានលើកឡើងដូច្នេះថា៖ «ដំបូង យើងលើកទឹកចិត្តរដ្ឋាភិបាលនិងអាជ្ញាធរនានាឱ្យផ្ដល់អាទិភាពសកម្មជាមុនលើការកំណត់រក និងជួយជនរងគ្រោះ។ ...យើងក៏តាំងចិត្តផ្ដល់ជំនួយបរទេសផងដែរដើម្បីកសាងសមត្ថភាពនៅក្នុងតំបន់ក្នុងគោលបំណងដោះស្រាយបញ្ហាជួញដូរមនុស្សដែលកំពុងកើនឡើងនេះ។ ...ចំណុចមួយទៀតដែលយើងកំពុងធ្វើ គឺការផ្ដល់សញ្ញាឱ្យមានការយកចិត្តទុកដាក់ចំពោះរឿងនេះ ដោយជារឿយៗ អ្នកដែលរួចផុតពីការជួញដូរមនុស្សត្រូវប្រឈមនឹងការចោទប្រកាន់ផ្នែករដ្ឋបាល ការចោទប្រកាន់ព្រហ្មទណ្ឌ ឬក៏ការរំលោភបំពានផ្នែកអន្តោប្រវេសន៍នៅពេលដែលពួកគេត្រូវបានគេដោះលែង។ ហេតុដូច្នេះហើយ យើងចង់លើកទឹកចិត្តរដ្ឋាភិបាលនានាមិនឱ្យដាក់ពិន័យលើបុគ្គលទាំងនេះដែលត្រូវបានគេបង្ខំឱ្យចូលរួមនៅក្នុងប្រតិបត្តិការឧក្រិដ្ឋកម្មតាមអ៊ីនធឺណិត»។
អ្នកស្រីឯកអគ្គរដ្ឋទូត Dyer បានសរសើររដ្ឋាភិបាលមួយចំនួនថា «ពិតជាធ្វើបានល្អ» នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។ រដ្ឋាភិបាលតៃវ៉ាន់បានបង្កើនកិច្ចប្រឹងប្រែងនៅក្នុងការត្រួតពិនិត្យរកជនរងគ្រោះ និងផ្ដល់នូវការការពារក្នុងករណីដែលមានការបង្ខំឱ្យជាប់ទោសព្រហ្មទណ្ឌ។ រដ្ឋាភិបាលឡាវបានធ្វើកិច្ចសហប្រតិបត្តិការជាមួយនឹងអាជ្ញាធរអន្តរជាតិនានានៅក្នុងការស្វែងរកជនរងគ្រោះឡាវពីតំបន់សេដ្ឋកិច្ចពិសេសត្រីកោណមាស (Golden Triangle Special Economic Zone)។ រដ្ឋាភិបាលហុងកុងបានបង្កើតកម្មវិធីតាមអ៊ីនធឺណិតសម្រាប់ជនរងគ្រោះ និងក្រុមគ្រួសាររបស់ជនរងគ្រោះនៅក្នុងការរាយការណ៍អំពីករណីប្រតិបត្តិការបោកប្រាស់តាមអ៊ីនធឺណិត។
បន្ថែមពីលើនេះទៀត នៅទូទាំងតំបន់អាស៊ីប៉ាស៊ីហ្វិក អ្នកស្រីឯកអគ្គរដ្ឋទូត Dyer បានកត់សម្គាល់ថា ចំនួនជនរងគ្រោះដោយសារការជួញដូរមនុស្សដែលគេបានកំណត់រកឃើញបានកើនឡើង ហើយចំនួនជនជួញដូរមនុស្សដែលត្រូវបានកាត់ទោសនិងផ្ដន្ទាទោស ក៏បានកើនឡើងផងដែរ។
អ្នកស្រីឯកអគ្គរដ្ឋទូត Dyer បានប្រកាសដូច្នេះថា៖ «ការកើនឡើងទាំងនេះ គឺជារឿងល្អ។ ប៉ុន្តែ យើងនៅមានកិច្ចការជាច្រើនទៀតដែលត្រូវធ្វើដើម្បីដោះស្រាយបញ្ហាជួញដូរមនុស្សដ៏ធំនៅក្នុងតំបន់នេះ»៕