បទវិចារណកថា៖ ទ្វីប​អាហ្វ្រិក​ជា​ទ្វីប​ងាយ​រងគ្រោះ​បំផុត​ចំពោះ​ការប្រែប្រួល​អាកាសធាតុ

រូបឯកសារ៖ កុមារ​ដែល​ខ្វះ​អាហារូបត្ថម្ភ​កំពុង​រង់ចាំ​ការ​ព្យាបាល​នៅ​ផ្នែក​កុមារ​នៃ​មន្ទីរពេទ្យ Boulmiougou ក្នុង​ទីក្រុង​អៅហ្គាឌូហ្គូ ប្រទេស​បួគីណាហ្វាសូ។

តទៅនេះ​ គឺ​ជា​បទ​វិចារណកថា​ដែល​ឆ្លុះ​បញ្ចាំង​អំពី​ទស្សនៈ​របស់​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក

នៅ​ពេល​ដែល​យើង​និយាយ​អំពី​ការ​ប្រែប្រួល​អាកាសធាតុ ទ្វីប​អាហ្វ្រិក​ត្រូវ​បាន​គេ​ចាត់ទុក​ជា​ទូទៅ​ថា​ ជា​ទ្វីប​ដែល​ងាយ​រងគ្រោះ​បំផុត ដោយសារ​ទ្វីប​នេះ​បាន​ឡើង​កម្ដៅ​លឿន​ជាង​ផ្នែក​ផ្សេងៗ​ទៀត​នៃ​ពិភពលោក។

អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​លោក Antonio Guterres បាន​និយាយ​ថា៖ «យើង​កំពុង​ធ្វើ​ដំណើរ​ត្រង់​ឆ្ពោះ​ទៅ​កាន់​មាត់​ជ្រោះ​នៃ​ការ​ប្រែប្រួល​អាកាសធាតុ។ ទ្វីប​អាហ្វ្រិក​ជា​ទ្វីប​ដែល​បញ្ចេញ​ឧស្ម័ន​ស្រូប​កម្ដៅ​តិចតួច​ប៉ុណ្ណោះ។ ប៉ុន្តែ ទ្វីប​នេះ​រង​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ [ដោយសារ​ការ​ប្រែប្រួល​អាកាសធាតុ]»។

ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​អង្គការ​សហប្រជាជាតិ​អ្នកស្រី Linda Thomas Greenfield បាន​និយាយ​នៅ​ឯ​អង្គការ​សហប្រជាជាតិ​កាលពី​ខែ​តុលា​ថា ជា​ការពិត «ទ្វីប​អាហ្វ្រិក​គឺ​ជា​កន្លែង​ដែល​មាន​ប្រទេស​ចំនួន ១៧ ក្នុង​ចំណោម​ប្រទេស​ចំនួន ២០ ដែល​រងគ្រោះ​ខ្លាំង​បំផុត​ដោយសារ​ការ​ប្រែប្រួល​អាកាសធាតុ​នៅ​លើ​ពិភពលោក»។

អ្នកស្រី​ថ្លែង​ដូច្នេះ​ថា៖ «ការ​ប្រែប្រួល​អាកាសធាតុ​បាន​គំរាមកំហែង​ដល់​ជីវិត​និង​ជីវភាព​រស់នៅ​របស់​ពលរដ្ឋ​អាហ្វ្រិក​រាប់​លាន​នាក់។ បញ្ហា​នេះ​ជំរុញ​កាន់តែ​ខ្លាំង​ឡើង​ឱ្យ​មាន​ការ​ផ្លាស់ទី​និង​ការ​អភិវឌ្ឍ​យឺតយ៉ាវ​ធ្ងន់ធ្ងរ​នៅ​ក្នុង​បណ្ដា​ប្រទេស​ដែល​ប្រឈម​រួច​ទៅ​ហើយ​នឹង​ភាព​ងាយ​រងគ្រោះ​ផ្នែក​សេដ្ឋកិច្ច អភិបាល​កិច្ច និង​សន្តិសុខ។ វា​គឺ​ជា​កត្តា​ជំរុញ​ចម្បង​ដែល​នាំ​ឱ្យ​មាន​អសន្តិសុខ​ស្បៀង​អាហារ​នៅ​ទូទាំង​ទ្វីប​អាហ្វ្រិក។ ការ​ប្រែប្រួល​អាកាសធាតុ​បាន​ធ្វើ​ឱ្យ​រដូវ​ដាំដុះ​សម្រាប់​កសិករ​មាន​រយៈពេល​ខ្លី ដែល​មាន​ន័យ​ថា​ទិន្នផល​ប្រចាំ​ឆ្នាំ​នឹង​មាន​ចំនួន​តិចតួច​ជាង​មុន។ បញ្ហា​នេះ​បាន​កាត់​បន្ថយ​នូវ​កំណើន​ផលិតភាព​កសិកម្ម​រហូត​ដល់​ចំនួន ៤០% នៅ​តំបន់​ភាគ​ខាង​ត្បូង​នៃ​វាល​ខ្សាច់​សាហារ៉ា​នៃ​ទ្វីប​អាហ្វ្រិក (sub-Saharan Africa)»។

អ្នកស្រី​ឯកអគ្គរដ្ឋទូត Thomas Greenfield បាន​បញ្ជាក់​បន្ថែម​ថា៖ «បញ្ហា​ប្រែប្រួល​អាកាសធាតុ​គឺ​ជា​បញ្ហា​ប្រឈម​មួយ​នៅ​លើ​ពិភពលោក​ដែល​តម្រូវ​ឱ្យ​មាន​ការ​ចាត់​វិធានការ​ឱ្យ​បាន​លឿន។ ហើយ​ជា​ការពិត វា​គឺ​ជា​ការ​ប្រឈម​ដែល​តម្រូវ​ឱ្យ​យើង​ទាំង​អស់​គ្នា​លើក​កម្ពស់​នូវ​គោល​នយោបាយ​ដែល​ល្អ​ចំពោះ​បរិស្ថាន​ប្រកប​ដោយ​និរន្តរភាព​នៅ​ក្នុង​ប្រទេស​របស់​យើង​នីមួយៗ​ផ្ទាល់»។

នោះ​គឺ​ដោយសារតែ​យើង​ដឹង​ថា​ផល​វិបាក​នៃ​ការ​ប្រែប្រួល​អាកាសធាតុ​គឺ​ជា​កត្តា​ជំរុញ​ចម្បង​មួយ​ដែល​នាំ​ទៅ​រក​ជម្លោះ។

អ្នកស្រី​ឯកអគ្គរដ្ឋទូត Thomas Greenfield បាន​ថ្លែង​ថា៖ «នៅ​ពេល​ដែល​តំបន់​ដែល​មាន​ជម្លោះ​ឬ​បញ្ហា​អសន្តិសុខ​ជួប​ប្រទះ​នឹង​បញ្ហា​កង្វះ​ស្បៀង​អាហារ​និង​អសន្តិសុខ​សេដ្ឋកិច្ច ហានិភ័យ​នៃ​អំពើ​ហិង្សា​នឹង​កើនឡើង។ ជាង​នេះ​ទៀត គ្រោះ​រាំង​ស្ងួត គ្រោះ​ទឹក​ជំនន់ គ្រោះ​អគ្គិភ័យ និង​គ្រោះ​អាកាសធាតុ​ធ្ងន់ធ្ងរ​កំពុង​ធ្វើ​ឱ្យ​វិបត្តិ​ស្បៀង​អាហារ​និង​វិបត្តិ​សេដ្ឋកិច្ច​កាន់តែ​ធ្ងន់ធ្ងរ​បន្ថែម​ទៀត និង​ធ្វើ​ឱ្យ​ប្រតិបត្តិការ​រក្សា​សន្តិភាព​នៅ​ក្នុង​តំបន់​ដែល​មាន​ស្ថានការណ៍​ស្មុគស្មាញ​កាន់តែ​គ្រោះថ្នាក់​បន្ថែម​ទៀត»។

អ្នកស្រី​បាន​បន្ថែម​ថា៖ «ទំនោរ​ទាំង​នេះ រួម​ជាមួយ​នឹង​អំពើ​ហិង្សា​នយោបាយ​កើនឡើង ជម្លោះ និង​បញ្ហា​អសន្តិសុខ បាន​ធ្វើ​ឱ្យ​ក្រុម​គ្រួសារ​នានា​គ្មាន​ជម្រើស​ណា​មួយ​ទេ ស្រប​ពេល​ដែល​ពួកគេ​ប្រឹងប្រែង​យ៉ាង​ត្រដាបត្រដួស​ដើម្បី​ធ្វើ​យ៉ាង​នា​ឱ្យ​បាន​អាហារ​បរិភោគ»។

អ្នកស្រី​បាន​បញ្ជាក់​ដូច្នេះ​ថា៖ «ហេតុ​ដូច្នេះ​ហើយ​បាន​ជា​សហរដ្ឋ​អាមេរិក​តាម​រយៈ​គម្រោង​ផ្ដួចផ្ដើម​ផ្គត់ផ្គង់​ស្បៀង​អាហារ​សម្រាប់​ពេល​អនាគត (Feed the Future) បាន​តាំងចិត្ត​វិនិយោគ​ថវិកា​ជាង ៥ ពាន់​លាន​ដុល្លារ​សម្រាប់​រយៈពេល ៥ ឆ្នាំ ដើម្បី​ពង្រឹង​សន្តិសុខ​ស្បៀង​អាហារ​និង​អាហារ​រូបត្ថម្ភ​នៅ​លើ​ពិភពលោក។ ប្រទេស​ចំនួន ១៦ ក្នុង​ចំណោម​ប្រទេស​គោលដៅ​នៃ​គម្រោង​ផ្ដួចផ្ដើម​ផ្គត់ផ្គង់​ស្បៀង​អាហារ​សម្រាប់​ពេល​អនាគត​នេះ​ស្ថិត​ក្នុង​ទ្វីប​អាហ្វ្រិក។ គម្រោង​នេះ​នឹង​ជួយ​សហគមន៍​និង​កសិករ​អាហ្វ្រិក​ឱ្យ​សម្រាល​បញ្ហា​ឱ្យ​បាន​ប្រសើរ​ឡើង​និង​សម្រប​ទៅ​តាម​វិធីសាស្ត្រ​កសិកម្ម​ដែល​ល្អ​ចំពោះ​អាកាសធាតុ​និង​អាច​រីក​ចម្រើន​ជាង​មុន​ប្រកប​ដោយ​និរន្តរភាព»។

អ្នកស្រី​បាន​បន្ត​ថា៖ «ស្រប​ពេល​ជាមួយ​គ្នា​នេះ​ដែរ យើង​កំពុង​ធ្វើការ​ដើម្បី​ជួយ​ប្រជាពលរដ្ឋ​ប្រហែល ៥០០ លាន​នាក់​នៅ​តាម​បណ្ដា​ប្រទេស​កំពុង​អភិវឌ្ឍន៍​ឱ្យ​សម្រប​ទៅ​តាម​និង​គ្រប់គ្រង​ផល​ប៉ះពាល់​នៃ​ការ​ប្រែប្រួល​អាកាសធាតុ​តាម​រយៈ​គម្រោង​ផ្ដួចផ្ដើម PREPARE របស់​យើង»។

អ្នកស្រី Thomas Greenfield បាន​បន្ថែម​ថា៖ «យើង​សូម​បញ្ជាក់​ឡើង​វិញ​អំពី​ការ​តាំងចិត្ត​របស់​យើង​នៅ​ក្នុង​ការ​ធ្វើការ​ជាមួយ​គ្នា...ដើម្បី​សម្រេច​ឱ្យ​បាន​នូវ​សេដ្ឋកិច្ច​ថាមពល​ស្អាត​មួយ​ដែល​មាន​ភាព​ធន់​និង​និរន្តរភាព ដែល​ជា​សេដ្ឋកិច្ច​ដែល​ផ្ដល់​លទ្ធភាព​ឱ្យ​ទ្វីប​អាហ្វ្រិក​ដែល​ពោរពេញ​ដោយ​ធនធាន​និង​ថាមពល​នៅ​ក្នុង​ការ​បន្ធូរបន្ថយ​ផល​ប៉ះពាល់​ដែល​បណ្ដាល​មកពី​វិបត្តិ​អាកាសធាតុ»៕