Accessibility links

Breaking News

បទវិចារណកថា៖ ដើម្បី​បញ្ចៀស​មហន្តរាយ ពិភពលោក​ត្រូវ​ចាត់​វិធានការ​ច្រើន​ជាង​កិច្ចព្រមព្រៀង​ក្រុង​ប៉ារីស


រូបឯកសារ៖ រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក​លោក Antony Blinken ថ្លែង​អំពី​ការប្រែប្រួល​អាកាសធាតុ​នៅ​ឯ​មូលនិធិ Chesapeake Bay Foundation ក្នុង​ទីក្រុង Annapolis រដ្ឋ Maryland កាលពី​ថ្ងៃចន្ទ ទី១៩ ខែមេសា ឆ្នាំ២០២១។
រូបឯកសារ៖ រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក​លោក Antony Blinken ថ្លែង​អំពី​ការប្រែប្រួល​អាកាសធាតុ​នៅ​ឯ​មូលនិធិ Chesapeake Bay Foundation ក្នុង​ទីក្រុង Annapolis រដ្ឋ Maryland កាលពី​ថ្ងៃចន្ទ ទី១៩ ខែមេសា ឆ្នាំ២០២១។

តទៅ​នេះ គឺ​ជា​បទ​វិចារណកថា​ដែល​ឆ្លុះ​បញ្ចាំង​អំពី​ទស្សនៈ​របស់​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក

សកម្មភាព​មួយ​ក្នុង​បណ្តា​សកម្មភាព​ផ្លូវការ​ដំបូងៗ​របស់​លោក​ប្រធានាធិបតី Joe Biden គឺ​ការ​ចុះ​ហត្ថលេខាលើឯកសារដើម្បី​ចួល​រួម​ជា​ថ្មី​ក្នុង​កិច្ចព្រមព្រៀង​ស្តី​ពី​អាកាសធាតុ​ក្រុង​ប៉ារីស។ ឯកសារ​នេះ ​អំពាវនាវដល់​បណ្តា​ប្រទេស​ហត្ថលេខី​ឱ្យ​កាត់​បន្ថយ​ការ​សាយភាយឧស្ម័ន​កាបូនិក​របស់​ពួក​គេ ដើម្បីធ្វើ​ឱ្យ​កំណើន​សីតុណ្ហភាព​សាកល​ជា​មធ្យមភាគនៅក្រោម​២អង្សា​សេលើស​ពីកម្រិត​មុន​យុគ​សម័យឧស្សាហកម្ម​និង​ឱ្យ​ខិតខំ​ប្រឹងប្រែងកម្រិត​កំណើន​នេះ ​ត្រឹម​១,៥​អង្សា​សេ។

ប៉ុន្តែយ៉ាង​ណា​ក៏​ដោយ​ ក៏​រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិកលោក Antony Blinken បានមាន​ប្រសាសន៍នៅ​ក្នុង​សុន្ទរកថា​មួយ​កាល​ពីពេល​ថ្មីៗ​នេះ​ថា «ពិភពលោក​បាន​យឺតយ៉ាវ​រួច​ទៅ​ហើយ ពី​ក្រោយគោលដៅដែល​យើង​បាន​កំណត់កាល​ពី​៦ឆ្នាំ​មុន​ជាមួយ​កិច្ចព្រមព្រៀង​ក្រុង​ប៉ារីស»។

លោកបាននិយាយ​ថា៖ «ហើយ​នៅ​ពេល​នេះ​យើង​ដឹង​ថា គោលដៅទាំង​នោះមិន​ទាំង​មាន​គ្រប់គ្រាន់​ផងសម្រាប់​ពេល​នោះ។ សព្វ​ថ្ងៃ​នេះ​ វិទ្យាសាស្ត្រមាន​ភាព​ជាក់លាក់ ​គឺ​យើង​ត្រូវ​ការទប់ការ​កើន​កម្តៅ​នៅលើ​ផែនដីមិន​ឱ្យ​លើស១,៥​អង្សា​សេ ដើម្បី​បញ្ចៀស​មហន្តរាយ»។

ប្រទេស​អាមេរិកដែល​បញ្ចេញឧស្ម័ន​ផ្ទះកញ្ចក់​ច្រើន​ទី​ពីរ​ក្នុង​ពិភពលោក​ អាចធ្វើ​វិភាគទានច្រើន​ក្រាស់ក្រែលដើម្បី​ដោះស្រាយ​វិបត្តិ​នេះ»។

លោក​ Blinken បាន​ថ្លែង​ថា៖ «ក៏​ប៉ុន្តែ​ការណ៍​នេះ មិន​គ្រប់គ្រាន់​ទេ។ ទោះ​ជាប្រសិន​បើសហរដ្ឋ​អាមេរិក​ធ្វើ​មិនឱ្យលែង​មាន​ការ​សាយភាយឧស្ម័ន​ផ្ទះ​កញ្ចក់​សោះ​នៅ​ថ្ងៃស្អែកក៏​ដោយ ​ក៏យើង​នឹង​ចាញ់​ក្នុង​ការ​ប្រយុទ្ធប្រឆាំង​នឹង​ការ​ប្រែប្រួល​អាកាសធាតុ​បើ​យើង​មិន​អាច​ដោះស្រាយការ​សាយភាយ​ជាង​៨៥​ភាគរយ​ចេញ​ពី​ផ្នែក​ដទៃ​ក្នុង​ពិភពលោក»។

ហើយ​ការ​មិន​បាន​ដោះស្រាយ​បញ្ហា​នេះ​ឱ្យ​បាន​គ្រប់គ្រាន់ នឹង​នាំ​ឱ្យមាន​ផលវិបាក​ធំៗ។ លោករដ្ឋមន្ត្រី​ Blinken បាន​មាន​ប្រសាសន៍​ថា​ «បើ​យើង​លើក​យក​ឧបសគ្គ​ខាង​សន្តិសុខ​មួយ​មក​និយាយ។ ​ការ​ប្រែ​ប្រួល​ធាតុអាកាសទំនងជា​នឹងធ្វើ​ឱ្យ​[បញ្ហា​សន្តិសុខ​នោះ]​ កាន់​តែ​អាក្រក់​ជាង​មុន»។

លោក Blinken ​បាន​និយាយ​ថា៖ «ការ​ប្រែ​ប្រួល​ធាតុអាកាសបង្កើនជម្លោះដែល​មាន​រួច​ហើយ​ នឹង​បង្កើនលទ្ធភាព​នៃ​ការ​កកើត​ជម្លោះ​ថ្មីៗ​ទៀត ជា​ពិសេស​នៅ​ក្នុងបណ្តា​ប្រទេស​ដែល​មាន​រដ្ឋាភិបាល​ខ្សោយ ​ហើយ​មិន​សូវ​មាន​ប្រភព​ធនធាន​ច្រើន។ ក្នុង​បណ្តា​ប្រទេស​២០​ដែល​អង្គការ​កាកបាទ​ក្រហម​ចាត់ទុក​ថា ​អាច​រងគ្រោះ​ដោយ​ងាយ​បំផុត​ដោយសារ​ការ​ប្រែប្រួល​ធាតុអាកាស​ មាន​ប្រទេស​១២​ដែល​មាន​ជម្លោះ​អាវុធ​រួច​ស្រេច​ហើយ»។

លោក​រដ្ឋមន្ត្រី Blinken បាននិយាយ​ថា ការ​ប្រែប្រួល​ធាតុអាកាស​ក៏​អាច​បង្កើត​កន្លែង​មាន​ជម្លោះថ្មីៗ​ទៀត​ដែរ​ ដូច​ជា​តំបន់​អាកទិក​ដែល​នៅ​ទី​នោះ​ ប្រទេស​រុស្ស៊ី​កំពុង​ព្យាយាម​គ្រប់គ្រង​កន្លែង​ថ្មីៗ។

លោក​បាន​ថ្លែង​ថា៖ «រុស្ស៊ី​កំពុង​ធ្វើ​ទំនើបកម្ម​មូលដ្ឋានយោធា​របស់​ខ្លួន​ក្នុងតំបន់​អាកទិក ​និង​កំពុង​កសាង​មូលដ្ឋាន​ថ្មីៗ​ថែម​ទៀត ដោយ​មាន​រួម​បញ្ចូល​មួយ​នៅចម្ងាយ​តែ​៣០០​មៃល៍ (៤៨២​គីឡូម៉ែត្រ) ពី​រដ្ឋ Alaska។ ប្រទេស​ចិនក៏​បង្កើន​វត្តមាន​នៅ​ក្នុង​តំបន់​អាកទិកដែរ»។

ជា​ទី​បញ្ចប់ ការ​ប្រែប្រួល​ធាតុអាកាស​ក៏​នាំ​ឱ្យ​មាន​ចំណាក​ស្រុក​ដែរ។

លោក​រដ្ឋមន្ត្រី Blinken បាន​មាន​ប្រសាសន៍​ថា៖ «មានខ្យល់​ព្យុះ​សង្ឃរាអាត្លង់ទិក​ជាង​១៣ កាល​ពី​ឆ្នាំ​២០២០ ដែល​ជា​ចំនួន​ច្រើន​បំផុត​ក្នុង​កំណត់​ត្រា។ ផ្នែក​កណ្តាល​នៃទ្វីប​អាមេរិក បាន​រង​គ្រោះ​ខ្លាំង។ នៅ​ពេល​មានមហន្តរាយ​ប្រជារាស្ត្រដែល​រស់​នៅ​ក្នុង​ភាព​ក្រីក្រ​ហើយ​នោះ ត្រូវ​បង្ខំ​ចិត្តបោះបង់​សហគមន៍ពួក​គេ​ដើម្បីស្វែង​រក​កន្លែង​ល្អ​ប្រសើរជាង​មុន​ដើម្បី​រស់​នៅ»។

លោក​រដ្ឋមន្ត្រី Blinken បាននិយាយ​ថា៖ «រដ្ឋបាល​របស់​លោក​ប្រធានាធិបតី​ Biden និង​អ្នកស្រីអនុប្រធានាធិបតី​ Harris នឹងចាត់វិធានការ​ច្រើន​ជាង​គេក្នុង​ប្រវត្តិសាស្ត្រ​ ដើម្បី​ដោះស្រាយវិបត្តិអាកាសធាតុ។ នេះ​ជា​កិច្ច​ខិតខំ​ប្រឹងប្រែង​ជាក់ស្តែងធំ​មហិមារបស់​រដ្ឋាភិបាល​យើង​ ​និង​នៅទូទាំងប្រទេស​ជាតិយើង។​ អនាគត​របស់​យើងអាស្រ័យ​លើ​ការ​ជ្រើសរើសដែល​យើង​ធ្វើ​នៅ​ថ្ងៃ​នេះ»៕

XS
SM
MD
LG