Accessibility links

Breaking News

បទវិចារណកថា៖ ការគ្រប់គ្រង​ទន្លេ​មេគង្គ​ចាំបាច់​ត្រូវ​មាន​តម្លាភាព


រូបឯកសារ៖ ទិដ្ឋភាពដងទន្លេមេគង្គមើលពីលើអាកាស មើលពីស្រុកប៉ាកជុម ខេត្តឡូអ៊ី ប្រទេសថៃ ដែលកំពុងរីងស្ងួតហួតហែងគួរឲ្យព្រួយបារម្ភ។
រូបឯកសារ៖ ទិដ្ឋភាពដងទន្លេមេគង្គមើលពីលើអាកាស មើលពីស្រុកប៉ាកជុម ខេត្តឡូអ៊ី ប្រទេសថៃ ដែលកំពុងរីងស្ងួតហួតហែងគួរឲ្យព្រួយបារម្ភ។

តទៅ​នេះ គឺ​ជា​បទ​វិចារណកថា​ដែល​ឆ្លុះ​បញ្ចាំង​អំពី​ទស្សនៈ​របស់​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក

សហរដ្ឋ​អាមេរិកព្រួយ​បារម្ភ​ថា សាធារណរដ្ឋ​ប្រជាមានិត​ចិន កំពុង​តែ​មិន​ចែក​រំលែក​ទិន្នន័យ​អំពី​សុខមាលភាព​ និង​ការ​គ្រប់គ្រង​ដើម​ទឹក​នៃ​ទន្លេ​មេគង្គ​ ដែល​ចិន​ហៅ​ថា​ទន្លេ Lancang។

អាង​ទន្លេ​មេគង្គលាត​សន្ធឹង​ពី​ប្រទេស​ចិន​ និង​ហូរ​ឆ្លង​កាត់ប្រទេស​មីយ៉ាន់ម៉ា កម្ពុជា ឡាវ ថៃ និង​វៀតណាម រួច​ហូរ​ចូល​សមុទ្រ​ចិន​ខាង​ត្បូង។ តំបន់​នេះ​មាន​ប្រជាជន​ជាង ​៦០ ​លាន​នាក់​រស់នៅ។

ពួក​គេ​ប្រមាណ​ ៨៥ ភាគរយ​ មាន​ជីវភាព​ពឹង​ផ្អែក​ដោយ​ផ្ទាល់​លើ​ទន្លេ​នេះ​ ជាពិសេស​អ្នក​ដែលពឹងផ្អែក​លើកសិកម្មស្រោចស្រព និង​ការ​នេសាទ។ នេះ​មាន​ន័យ​ថា រាល់​ព្រឹត្តិការណ៍ដែល​គេ​មិន​អាច​ដឹង​ទុក​ជា​មុន​ដែលបណ្តាល​ឱ្យ​មាន​ការ​ប្រែប្រួល​លើលំហូរ​នៃ​ទឹក​ទន្លេ​មេគង្គ​ នឹង​អាចមាន​ផល​ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​សន្តិសុខ​សេដ្ឋកិច្ច និង​សុខមាលភាព​របស់​ពលរដ្ឋ​រាប់​លាន​នាក់​នៅ​ទូទាំង​តំបន់​នេះ។​

ក្នុង​ពេល​ថ្មីៗ​នេះ ការ​ប្រែប្រួល​នៃ​កម្រិត​ទឹក​ទន្លេនៅ​តាម​បណ្តោយ​ខ្សែ​ទឹក​ទន្លេ​មេគង្គ​ក្រោម រួមជាមួយ​នឹង​គ្រោះ​រាំង​ស្ងួត​ខ្លាំង បាន​បង្ក​ឱ្យ​មាន​ភាព​មិន​ប្រាកដប្រជា​យ៉ាង​ខ្លាំង​ ក្នុង​ចំណោម​បណ្តា​ប្រទេស​នៅ​តាម​ខ្សែ​ទឹក​ខាង​ក្រោម​នៃ​ទនេ្ល​មេគង្គ។

រដ្ឋាភិបាល​ទី​ក្រុង​ប៉េកាំង ​កំពុង​ដំណើរការ​ទំនប់​វារីអគ្គិសនី​ចំនួន​ ១១ ​កន្លែង​ នៅ​តាម​បណ្តោយ​ទន្លេ​មេ​ និង​ដៃ​ទន្លេ​មេគង្គក្នុង​ដែនដី​របស់​ខ្លួន។ ទំនប់​ទាំង​នេះ បង្ក​ផល​ប៉ះពាល់​ដល់​បរិមាណ​និង​គុណភាព​ទឹក​ទន្លេ ដែល​ហូរ​កាត់​ប្រទេស​នៅ​បណ្តោយ​ខ្សែ​ទឹក​ទន្លេ​មេគង្គ​ក្រោម។

កាល​ពី​ខែ​សីហា ឆ្នាំ​មុន សាធារណរដ្ឋ​ប្រជាមានិត​ចិន​ បាន​សន្យា​ផ្តល់​ទិន្នន័យ​ជលសាស្ត្រ​ពេញ​មួយ​ឆ្នាំដែល​ខ្លួន​ប្រមូល​បាន នៅ​ក្នុង​កិច្ច​ប្រឹងប្រែង​កាត់​បន្ថយ​ផល​ប៉ះពាល់​នៃ​ការ​ប្រែប្រួល​អាកាសធាតុ ទឹក​ជំនន់ និង​គ្រោះ​រាំងស្ងួត។

ប៉ុន្តែ​នៅ​ដើម​ឆ្នាំ​នេះ រដ្ឋាភិបាល​ទី​ក្រុង​ប៉េកាំង​ មិន​បាន​ជូន​ដំណឹងជា​មុន​អ្វី​ទាំង​អស់ នៅ​ពេល​ដែល​កម្ពស់​ទឹក​ទន្លេ​ចាប់​ផ្តើម​ប្រែប្រួល​យ៉ាង​ខ្លាំង​ នៅ​ភាគ​ខាង​ត្បូង​ទំនប់ Jinghong​ របស់​ចិន។ ហេតុ​នេះ​ហើយ​ទើប​សហគមន៍​នានា​ដែល​នៅ​តាម​បណ្តោយខ្សែ​ទឹក​ខាង​ក្រោម មិន​មាន​ពេល​គ្រប់គ្រាន់​ដើម្បី​ត្រៀម​ខ្លួន​ ឬ​ទប់ទល់​នឹង​កម្រិត​ទឹក ​ដែល​ពេល​ខ្លះ​បាន​ស្រក​ដល់​ ៥០ ភាគរយ តិច​ជាង​កម្ពស់​ទឹក​ធម្មតា។​

សាធារណរដ្ឋ​ប្រជាមានិត​ចិន​ មានការ​ទទួល​ខុស​ត្រូវ​ ក្នុង​ការ​ជូនដំណឹង​ដល់​ប្រទេសនៅ​តាម​បណ្តោយ​ខ្សែ​ទឹក​ខាង​ក្រោម​ អំពី​ស្ថានភាព​ប្រែប្រួល​ ឬ​សកម្មភាព​នានា ​ដែល​អាច​ប៉ះពាល់​ដល់​ទន្លេ​មេគង្គ។

លោក Ned Price អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​សហរដ្ឋ​អាមេរិក បាន​និយាយ​នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​ថា៖ «សហរដ្ឋ​អាមេរិក​គាំទ្រ​តម្លាភាព​និង​គណនេយ្យភាព​នៅ​ក្នុង​ការ​គ្រប់គ្រង​ធនធាន​រួម​ឆ្លង​ព្រំដែន។ អស់​ជា​ច្រើន​ទសវត្សរ៍​មក​ហើយ យើង​បាន​ធ្វើ​កិច្ចការ​ដោយ​ផ្អែក​លើ​គុណតម្លៃ​ទាំង​នេះ​ ដើម្បី​លើក​តម្កើង​សុខមាលភាព​និង​និរន្តរភាព​នៃ​ទន្លេ​មេគង្គ និង​ប្រជាជន​ជិត​ ៧០​ លាន​នាក់​ដែល​មាន​ជីវភាព​ពឹង​ផ្អែក​លើ​ទន្លេ​នេះ»។

លោក​បន្ត​ថា៖ «យើង​ក៏​មាន​ក្តី​បារម្ភ​ ដូច​គ្នា​នឹង​បណ្តា​រដ្ឋាភិបាល​នៃ​ប្រទេសតាម​បណ្តោយ​ទន្លេ​មេគង្គ និងគណៈកម្មការ​ទន្លេ​មេគង្គ​ អំពី​ការ​ប្រែប្រួល​កម្ពស់​ទឹក​ទន្លេ​យ៉ាង​ខ្លាំង នៅ​ពេល​ថ្មីៗ​នេះ និង​ការ​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង​នៃ​កម្រិត​ទឹក​ទន្លេ​មេគង្គ។ យើង​ចូល​រួម​ជាមួយ​រដ្ឋាភិបាល​ទាំង​នេះ​ក្នុង​ការ​អំពាវនាវ​ឱ្យ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ចែករំលែកឱ្យ​បាន​ទាន់​ពេល​នូវ​ទិន្នន័យ​ទឹក​ទន្លេ​ចាំបាច់ រួម​មាន​ព័ត៌មាន​អំពី​ប្រតិបត្តិការ​របស់​ទំនប់​នៅ​ដើម​ទឹក​ទន្លេ​ផង​ដែរ។ ប្រទេស​ចិន​ចាំបាច់​ត្រូវ​តែ​គោរព​ឱ្យ​បានតាម​ការប្តេជ្ញា​របស់​ខ្លួន និង​ធ្វើ​ការ​ប្រឹក្សា​ជាមួយ​បណ្តា​ប្រទេស​នៅ​បណ្តោយ​ខ្សែ​ទឹក​ខាង​ក្រោម»។​

អ្នក​នាំពាក្យ​ក្រសួង​ការ​បរទេស​លោក Ned Price បញ្ជាក់​ថា៖ «សហរដ្ឋ​អាមេរិក តាម​រយៈ​កម្មវិធី​ស្តី​ពី​ភាព​ជា​ដៃគូ​រវាង​សហរដ្ឋ​អាមេរិក​និង​តំបន់​ទន្លេ​មេគង្គ នឹង​បន្ត​គាំទ្រ​រដ្ឋាភិបាល​និង​សហគមន៍​មូលដ្ឋាន​នានា​នៅ​ក្នុង​តំបន់​ទន្លេ​មេគង្គ»៕​

XS
SM
MD
LG