តទៅនេះ គឺជាបទវិចារណកថាដែលឆ្លុះបញ្ចាំងអំពីទស្សនៈរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក
កប៉ាល់ពាណិជ្ជកម្មនានាដែលដឹកធញ្ញជាតិរបស់ប្រទេសអ៊ុយក្រែនបានចាកចេញដោយសុវត្ថិភាពពីសមុទ្រខ្មៅជាលើកដំបូងបង្អស់ តាំងពីពេលចាប់ផ្ដើមនៃការឈ្លានពានពេញទំហឹងរបស់ប្រទេសរុស្ស៊ីលើប្រទេសអ៊ុយក្រែនកាលពីខែកុម្ភៈមក។
រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោក Antony Blinken បានមានប្រសាសន៍ថា ករណីនេះបាននាំមកនូវក្ដីសង្ឃឹមក្នុងការដឹកជញ្ជូនធញ្ញជាតិរាប់លានតោនដែលជាប់គាំងនៅឯកំពង់ផែរបស់ប្រទេសអ៊ុយក្រែនទៅកាន់អ្នកដែលប្រឈមនឹងបញ្ហាកង្វះស្បៀងអាហារនៅជុំវិញពិភពលោក។
លោក Blinken បានសរសើរអង្គការសហប្រជាជាតិនិងប្រទេសតួកគីដែលបានធ្វើឱ្យមានវិធានការនេះកើតឡើង។
លោក Blinken បានបញ្ជាក់បែបរំឭកថា៖ «ប៉ុន្តែ នេះគឺជាជំហានដំបូងតែប៉ុណ្ណោះ»។ ការអនុវត្តជាបន្តនូវកិច្ចព្រមព្រៀងថ្ងៃទី ២១ ខែកក្កដា ដែលមានការសម្របសម្រួលដោយអង្គការសហប្រជាជាតិគឺសំខាន់នៅក្នុងការបង្កើនសន្តិសុខស្បៀងអាហារនៅជុំវិញពិភពលោក។
ប្រទេសរុស្ស៊ីនិងប្រទេសអ៊ុយក្រែនគឺជាប្រទេសផ្គត់ផ្គង់ស្រូវសាឡីដ៏ចម្បងពីរនៅលើពិភពលោក ប៉ុន្តែការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែនបានធ្វើឱ្យតម្លៃស្បៀងអាហារកើនឡើង និងបង្កឱ្យមានវិបត្តិស្បៀងអាហារកើតឡើងនៅលើពិភពលោក។ សង្គ្រាមរបស់រុស្ស៊ីនៅអ៊ុយក្រែនបានបង្អាក់ដល់ការនាំចេញរបស់អ៊ុយក្រែន ដោយធ្វើឱ្យធញ្ញជាតិប្រហែល ២០ លានតោនជាប់គាំងនៅក្នុងជង្រុកនៅឯកំពង់ផែក្នុងទីក្រុង Odessa។
ភាពអត់ឃ្លាននៅលើពិភពលោកបានកើនឡើងនៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ អង្គការសហប្រជាជាតិបានប៉ាន់ប្រមាណថា នៅចន្លោះឆ្នាំ ២០១៨ និងឆ្នាំ ២០២១ មនុស្សដែលជួបបញ្ហាអសន្តិសុខស្បៀងអាហារធ្ងន់ធ្ងរបានកើនឡើងពី ១០៨ លាននាក់ដល់ ១៩៣ លាននាក់។
លោករដ្ឋមន្ត្រី Blinken បានលើកឡើងនៅក្នុងព្រឹត្តិការណ៍ «រួមគ្នាដើម្បីសន្តិសុខស្បៀងអាហារពិភពលោក» កាលពីពេលថ្មីៗនេះនៅក្នុងទីក្រុងប៊ែរឡាំង ប្រទេសអាល្លឺម៉ង់ថា ការព្យាករណ៍បានបង្ហាញថា ការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែនអាចធ្វើឱ្យមនុស្សប្រហែលពី ៤០ ទៅ ៥០ លាននាក់ទៀតជួបប្រទះបញ្ហាអសន្តិសុខស្បៀងអាហារ។
កិច្ចព្រមព្រៀងដែលបានចុះហត្ថលេខារវាងប្រទេសរុស្ស៊ីនិងអ៊ុយក្រែននេះនឹងជួយសម្របសម្រួលឱ្យមានការនាំចេញធញ្ញជាតិរបស់អ៊ុយក្រែនកាត់តាមសមុទ្រខ្មៅ។
លោករដ្ឋមន្ត្រី Blinken បានជំរុញប្រទេសរុស្ស៊ីឱ្យបន្តសម្របសម្រួលដោយគ្មានការបង្អាក់នូវការនាំចេញកសិផលនានាពីកំពង់ផែនៅឯសមុទ្រខ្មៅ។
លោក Blinken បានបន្ថែមដូច្នេះថា៖ «ប្រទេសរុស្ស៊ីក៏ត្រូវតែបញ្ចប់ផងដែរនូវការវាយប្រហាររបស់ខ្លួនដែលកំពុងធ្វើឱ្យដីស្រែចម្ការនៅក្នុងប្រទេសអ៊ុយក្រែនមិនអាចប្រើប្រាស់បាន និងកំពុងបំផ្លាញដល់ហេដ្ឋារចនាសម្ព័ន្ធកសិកម្ម។ ដរាបណាប្រទេសរុស្ស៊ីនៅតែបន្តភាពគឃ្លើនរបស់ខ្លួន ប្រជាពលរដ្ឋអ៊ុយក្រែននិងប្រជាពលរដ្ឋដែលងាយរងគ្រោះបំផុតនៅលើពិភពលោកនៅតែបន្តរងគ្រោះដោយសារផលប៉ះពាល់នៃភាពគឃ្លើននេះ»៕