តទៅនេះ គឺជាបទវិចារណកថាដែលឆ្លុះបញ្ចាំងអំពីទស្សនៈរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក
ប្រធានបទកិច្ចប្រជុំនៃប្រទេសមានសេដ្ឋកិច្ចលូតលាស់ G20 នៅកោះបាលី ប្រទេសឥណ្ឌូណេស៊ី នៅឆ្នាំនេះគឺ«ងើបឡើងវិញរួមគ្នា ងើបឡើងវិញខ្លាំងជាងមុន»។
ប្រធានបទនេះត្រូវបានបញ្ជាក់នៅក្នុងកម្មវិធីក្រៅកិច្ចប្រជុំមួយ ដែលមានលោកប្រធានាធិបតី Joe Biden និងប្រធានាធិបតីឥណ្ឌូណេស៊ីលោក Joko Widodo និងប្រធានគណៈកម្មាការសហភាពអឺរ៉ុប គឺលោកស្រី Ursula Von der Leyen ជាសហប្រធាន។ កម្មវិធីនេះជាឱកាសមួយសម្រាប់ប្រទេសនានាធ្វើការទាក់ទងគ្នាឲ្យកាន់តែស៊ីជម្រៅក្រោមភាពជាដៃគូហេដ្ឋារចនាសម្ព័ន្ធសកលនិងវិនិយោគ the Partnership for Global Infrastructure and Investment ដែលហៅកាត់ថា PGII។ PGII បានបង្កើតឡើងកាលពីខែមិថុនាក្នុងកិច្ចប្រជុំកំពូលប្រទេសដែលមានឧស្សាហកម្មលូតលាស់ G7 ដោយមានគោលបំណងពង្រឹងដៃគូសកលដើម្បីផ្តល់ការឧបត្ថម្ភថវិកាចំពោះការកែទម្រង់ហេដ្ឋារចនាសម្ពន្ធនិងពង្រឹងវិស័យឯកជនឱ្យក្លាយជាមធ្យោបាយមួយសម្រាប់ការវិនិយោគប្រកបដោយគុណភាពក្នុងប្រទេស ដែលមានប្រាក់ចំណូលទាបនិងមធ្យម។ គោលដៅរួមគឺត្រូវប្រមូលកៀងគរប្រាក់ចំនួន ៦ រយពាន់លានដុល្លារក្នុងរយៈពេល ៥ ឆ្នាំ។
លោកប្រធានាធិបតី Biden បានថ្លែងនៅក្នុងសុន្ទរកថាយ៉ាងដូច្នេះថា៖ «តាមរយៈភាពជាដៃគូនេះ យើងបានបើកដំណើរការគម្រោងថ្មីៗជាបន្តបន្ទាប់នៅតាមបណ្តាប្រទេសដែលមានឧស្សហកម្មលូតលាស់ G20 និងប្រទេសផ្សេងៗ ធ្វើកិច្ចសហប្រតិបត្តិការតាមមធ្យាបាយថ្មីៗស្តីអំពីអាកាសធាតុ សន្តិសុខថាមពល ប្រព័ន្ធទំនាក់ទំនងផ្នែកឌីជីថល ហេដ្ឋារចនាសម្ពន្ធសុខាភិបាល សមភាពយេនឌ័រ និងភាពស្មើគ្នារវាងស្ត្រី និងបុរស»។
ក្នុងចំណោមឧទាហរណ៍ដែលលោកបានលើកឡើងនោះគឺភាពជាដៃគូសម្រាប់គម្រោងកែទម្រង់ថាមពលឥណ្ឌូណេស៊ីត្រឹមត្រូវ ឬ JETP ដែលមានទឹកប្រាក់ ២០ពាន់លានដុល្លារ ដែលនាំឱ្យប្រទេសចំនួន ១០ រួមគ្នាជាធ្លុងមួយ ហើយសហរដ្ឋអាមេរិកនិងជប៉ុនជាអ្នកដឹកនាំ ដើម្បីធ្វើកិច្ចការជាមួយឥណ្ឌូណេស៊ីក្នុងការកែទម្រង់ទៅប្រើប្រាស់ថាមពលត្រឹមត្រូវ ដែលរួមមានការកាត់បន្ថយការបញ្ចេញឧស្ម័នជាតិពុលដោយផ្អែកលើការពង្រីកថាមពលផលិតឡើងវិញបាន ក៏ដូចជាការផ្លាស់ប្តូរការប្រើថាមពលត្រឹមត្រូវសម្រាប់បុគ្គលិកជាពលករ និងសហគមន៍នានា។
គម្រោងមួយទៀតដែលលោក Biden បានផ្តោតដែរគឺកិច្ចព្រមព្រៀងលើសំណើគម្រោងឥណ្ឌូណេស៊ីដែលមានទឹកប្រាក់ ៦៤៩ លានដុល្លារជាមួយក្រុមហ៊ុនសារជីវកម្ម Millennium Challenge Corporation ឬ MCC ដែលសហរដ្ឋអាមេរិកនិងឥណ្ឌូណេស៊ីត្រូវចាប់ដៃគូជាមួយគ្នាដើម្បីគាំទ្រការអភិវឌ្ឍហេដ្ឋារចនាសម្ពន្ធដែលគិតគូរដល់បរិស្ថាននិងប្រកបដោយគុណភាព ព្រមទាំងការបង្កើនលទ្ធភាពសម្រាប់ការទទួលបានការផ្គត់ផ្គង់ថវិកាសម្រាប់ពាណិជ្ជកម្មដែលជាកម្មសិទ្ធិរបស់ស្តី្រឥណ្ឌូណេស៊ី និងសហគ្រាសធុនតូច មធ្យម ដែលបង្កើតចំណូលប្រមាណ៦០ភាគរយ នៃផលិតផលសរុបក្នុងស្រុក ឬ GDP របស់ប្រទេសឥណ្ឌូណេស៊ី។
ការតភ្ជាប់ទំនាក់ទំនងតាមប្រព័ន្ធឌីជីថល គឺជាការផ្តោតការយកចិត្តទុកដាក់មួយទៀត។ សហរដ្ឋអាមេរិកកំពុងធ្វើជាដៃគូជាមួយជប៉ុននិងអូស្ត្រាលី ដើម្បីធ្វើឱ្យប្រសើរឡើងនូវបណ្តាញនានាក្នុងដែនដីប៉ាពួអាស៊ីនូវែលហ្គីណេ និងតំបន់ប៉ាស៊ីហ្វិក។ លើសពីនេះ តាមរយៈសហរដ្ឋអាមេរិក កម្មវីធីផ្គត់ផ្គង់ថវិការួមគ្នានៃការវិនិយោគតាម ប្រព័ន្ធឌីជីថល សហរដ្ឋអាមេរិកធ្វើការជាមួយក្រុមហ៊ុនបច្ចេកវិជ្ជា Csquared ជាដៃគូ ប្រទេសកេនយ៉ា ដើម្បីបង្កើតបណ្តាញអុបទិច (អ៊ីនធឺណិត) ទូទាំងប្រទេសលីបេរីយ៉ា ដែលនឹងជួយភ្ជាប់ទំនាក់ទំនងពលរដ្ឋលីបេរីយ៉ា ចំនួន១លាននាក់ឱ្យប្រើអ៊ីនធឺណិតបាន។
នៅជុំវិញពិភពលោក លោកប្រធានាធិបតី Biden បានកត់សម្គាល់ថា PGII កំពុងវិនិយោគលើរ៉ែសំខាន់ៗនិងសង្វាក់ផ្គត់ផ្គង់នានា ក៏ដូចជាហេដ្ឋារចនាសម្ព័ន្ធសុខាភិបាលដែរ។
«ការបង្កើតឱកាសពិតប្រាកដ បង្កើតសមធម៌ធំជាងមុន និងការធ្វើឱ្យពិភពលោកមានសុខភាពល្អ និងមានការរីកចម្រើនជាងមុន ជាអ្វីដែលយើងចង់បាន។ យើងស្វាគមន៍មនុស្សគ្រប់រូប ដែលមានទស្សនៈដូចគ្នា ដើម្បីចូលរួមក្នុងភាពជាដៃគូនេះ»៕
បទវិចារណកថា៖ នៅបាលី លោកប្រធានាធិបតី Biden សរសើរការរីកចម្រើនភាពជាដៃគូ

ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden ជួបជាមួយនាយករដ្ឋមន្ត្រីអង់គ្លេសលោក Rishi Sunak នៅកោះបាលី ប្រទេសឥណ្ឌូណេស៊ី កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២២។