តទៅនេះ គឺជាបទវិចារណកថាដែលឆ្លុះបញ្ចាំងអំពីទស្សនៈរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក
ការវាយប្រហារយ៉ាងខ្លាំងក្លារបស់រដ្ឋាភិបាលក្រុងប៉េកាំងលើសិទ្ធិសេរីភាពរបស់ទីក្រុងហុងកុងនៅមានជាបន្ត។
សហរដ្ឋអាមេរិក ថ្កោលទោសយ៉ាងខ្លាំងក្លាចំពោះសេចក្តីសម្រេចបែប «ស្នេហាជាតិនិយម» ដែលបានអនុម័តដោយគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាជាតិប្រជាជនចិនកាលពីថ្ងៃទី ១១ ខែវិច្ឆិកា ដែលបានចាត់ទុកសមាជិក ៤ នាក់នៃក្រុមប្រឹក្សានីតិបញ្ញត្តិរបស់ទីក្រុងហុងកុងថា មិនមានលក្ខណៈសម្បត្តិគ្រប់គ្រាន់។
បើយោងតាមសេចក្ដីរាយការណ៍របស់សារព័ត៌មាននានា សេចក្តីសម្រេចនេះអនុញ្ញាតឱ្យអង្គនីតិប្រតិបត្តិរបស់ទីក្រុងហុងកុង អាចបណ្តេញចេញពីតំណែងនូវសមាជិកសភារូបណាដែលជំរុញការពារឯករាជ្យទីក្រុងហុងកុង ឃុបឃិតជាមួយកងកម្លាំងបរទេស ឬគំរាមកំហែងចំពោះសន្តិសុខជាតិ ដោយមិនចាំបាច់ឆ្លងកាត់តុលាការឡើយ។
វិធានការនេះ បានបំផ្លាញជាមូលដ្ឋានដល់សិទ្ធិរបស់ប្រជាពលរដ្ឋហុងកុងក្នុងការជ្រើសរើសអ្នកតំណាងរបស់ពួកគេ ដូចដែលមានការធានាដោយច្បាប់ជាមូលដ្ឋាន។ ជាងនេះទៀត វិធានការនេះ បានលាតត្រដាងបន្ថែមទៀតឲ្យឃើញនូវការធ្វើព្រងើយកន្ដើយដោយឥតលាក់លៀមរបស់រដ្ឋាភិបាលក្រុងប៉េកាំងចំពោះការប្តេជ្ញារបស់ខ្លួនជាអន្តរជាតិនៅក្រោមសេចក្តីប្រកាសរួមគ្នារវាងប្រទេសចិន និងចក្រភពអង់គ្លេស។
លោក Robert O’Brien ទីប្រឹក្សាសន្តិសុខជាតិសហរដ្ឋអាមេរិក បាននិយាយថា គណបក្សកុម្មុយនីស្តចិន ឬ CCP បាន «រំលោភជាក់ស្ដែងលើការប្តេជ្ញារបស់ខ្លួនជាអន្តរជាតិ» ហើយសហរដ្ឋអាមេរិកនឹង «បន្តកំណត់អត្តសញ្ញាណ និងដាក់ទណ្ឌកម្មលើបុគ្គលទាំងឡាយណាដែលទទួលខុសត្រូវចំពោះការបំផ្លាញសេរីភាពទីក្រុងហុងកុង»។
កាលពីខែមិថុនា គណបក្សកុម្មុយនីស្ដចិន បានអនុម័តច្បាប់សន្តិសុខជាតិដ៏តឹងរ៉ឹងបំផុតសម្រាប់ទីក្រុងហុងកុង។ ច្បាប់នេះ ដាក់ទោសចំពោះអ្វីដែលរដ្ឋាភិបាលក្រុងប៉េកាំងចាត់ទុកថា ជាអំពើវិទ្ធង្សនា ការបំបែករដ្ឋ អំពើភេរវកម្ម ឬការឃុបឃិតជាមួយកងកម្លាំងបរទេស ដោយអ្នកប្រព្រឹត្តិអាចមានទោសជាប់ពន្ធនាគារមួយជីវិត។
ចាប់តាំងពីពេលនោះមក រដ្ឋាភិបាលក្រុងប៉េកាំងបានលុបបំបាត់ស្ទើរតែទាំងអស់នូវដំណើរការបែបប្រជាធិបតេយ្យរបស់ទីក្រុងហុងកុង និងប្រពៃណីផ្នែកច្បាប់ជាច្រើនទៀតដែលធ្លាប់ជាគោលការណ៍គ្រឹះនៃស្វ័យភាព ស្ថិរភាព និងវិបុលភាពរបស់ទីក្រុងហុងកុង។
រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោក Mike Pompeo បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «ជាថ្មីម្តងទៀត ទស្សនៈវិស័យបែបស្នេហាជាតិនិយមដ៏ចម្លែករបស់គណបក្សកុម្មុយនីស្តចិន គឺជាលេសមួយដើម្បីបង្ក្រាបលើសេរីភាពនិងលើការអំពាវនាវឱ្យមានលទ្ធិប្រជាធិបតេយ្យ»។
សហរដ្ឋអាមេរិក នឹងបន្តធ្វើការជាមួយសម្ព័ន្ធមិត្តនិងដៃគូនានារបស់ខ្លួននៅទូទាំងពិភពលោក ដើម្បីជ្រោមជ្រែងសិទ្ធិនិងសេរីភាពរបស់ប្រជាពលរដ្ឋហុងកុង និងរិះគន់ជាសាធារណៈលើភាពបរាជ័យដ៏អន់បំផុតរបស់រដ្ឋាភិបាលក្រុងប៉េកាំងក្នុងការធ្វើតាមការប្ដេជ្ញារបស់ខ្លួន។
លោករដ្ឋមន្ត្រី Pompeo បានប្រកាសថា៖ «យើងនឹងធ្វើឱ្យមានការទទួលខុសត្រូវចំពោះមុខច្បាប់ចំពោះអ្នកដែលធ្វើទង្វើ និងគោលនយោបាយទាំងនេះដែលបំផ្លាញដល់ស្វ័យភាពនិងសេរីភាពរបស់ទីក្រុងហុងកុង។ យើងឈរជាមួយសមាជិកសភាគាំទ្រលទ្ធិប្រជាធិបតេយ្យដែលគេចាត់ទុកថា មិនមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ទាំងនេះ សមាជិកសភាគាំទ្រលទ្ធិប្រជាធិបតេយ្យដែលបានលាលែងពីតំណែងដើម្បីតវ៉ាប្រឆាំងនឹងចំណាត់ការទាំងនេះ និងប្រជាពលរដ្ឋទីក្រុងហុងកុង»៕