បទវិចារណកថា៖ ពាន​រង្វាន់​ស្ត្រី​ក្លាហាន​អន្តរជាតិ​ឆ្នាំ២០២៣

ក្រុមស្រី្ត​ដែល​ជា​អ្នក​ទទួល​ពាន​រង្វាន់​ស្ត្រី​អន្តរជាតិ​នៃ​ភាពក្លាហាន​ឆ្នាំ២០២៣។

តទៅនេះ គឺ​ជា​បទ​វិចារណកថា​ដែល​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​របស់​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក

កាលពី​ពេល​ថ្មីៗ​នេះ ក្រសួងការបរទេស​ស.រ.អ.បាន​រៀបចំ​ពិធី​ប្រគល់​ពាន​រង្វាន់​ស្ត្រី​ក្លាហាន​អន្តរជាតិប្រចាំឆ្នាំ​របស់​ខ្លួន។

អនុរដ្ឋមន្ត្រី​ការ​បរទេស​ស.រ.អ.​ខាង​សន្តិសុខស៊ីវិល ​លទ្ធិ​ប្រជាធិបតេយ្យ​ និង​សិទ្ធិ​មនុស្ស​លោកស្រី Ezra Zeya បាននិយាយ​ថា ពួក​ស្ត្រី​ដែល​ទទួល​កិត្តិយស​នេះបាន​ធ្វើការ​ដើម្បីធ្វើ​ឱ្យប្រាកដ​ថា ប្រព័ន្ធ​ច្បាប់​របស់​ប្រទេស​ពួក​គេការពារមនុស្ស​ទាំងអស់​ដោយ​មិន​គិត​ពីភេទ ជំនឿ ឬសាវតាររបស់​ពួក​គេ​នោះ​ទេ។

លោកស្រី​បាននិយាយ​ថា៖ «ហើយ​នៅ​ពេល​ណាប្រព័ន្ធ​ទាំង​នោះ​មិន​អាច ឬ​នឹងមិន​ការពារ​ពលរដ្ឋ​គ្រប់​គ្នា​បាន​ ក្រុម​ស្ត្រី​ទាំង​នេះ​ប្រយុទ្ធ​ដើម្បីកែប្រែ​ពួក​គេ។ ពួក​គេបាន​បំបែក​របាំង ​បង្កើន​ការ​ប្រឹងប្រែង​និង​បំផុស​គំនិត​ស្ត្រី​វ័យ​ក្មេង​ឯ​ទៀតៗ​ដើម្បី​ឱ្យដើរតាម​ការ​ដឹកនាំ​របស់​ពួក​គេ»។

ជ័យ​លាភី​ម្នាក់​ក្នុង​ចំណោម​ជ័យលាភី​ទាំង​អស់​ដែលត្រូវ​បាន​ទទួលស្គាល់ ​គឺលោកស្រី​បណ្ឌិត Zakira Hekmat។ កើតនៅ​ក្នុង​ប្រទេស​អាហ្វហ្គានីស្ថាន លោកស្រី​បណ្ឌិត Hekmat បានបង្កើតសមាគមសាមគ្គីភាពជន​ភៀសខ្លួន​អាហ្វហ្គានីស្ថាន​ក្នុង​ប្រទេស​តួកគី ហើយ​បាន​ជួយ​ជនជាតិ​អាហ្វហ្គានីស្ថានជាច្រើន​នាក់​ឱ្យមាន​ការ​ការពារ​ជា​ជនភៀសខ្លួន និង​ឱ្យ​បាន​ទទួល​ការ​ជ្រកកោន។

លោកស្រី​ Alba Rueda ប្រេសិតពិសេស​របស់​ប្រទេស​អាហ្សង់ទីន​ខាង​ភេទ​និង​យេនឌ័រ​បាន​ជួយឱ្យ​មានការ​អនុម័តច្បាប់កូតា​ការងារ​របស់​ក្រុម​ជនប្តូរ​ភេទ។

នៅ​ក្នុង​សាធារណរដ្ឋ​អាហ្វ្រិក​កណ្តាល​ លោកស្រី​សាស្ត្រាចារ្យ​ Daniele Darlan ​ត្រូវ​បាន​ទទួល​ស្គាល់ដោយសារការ​ការពាររបស់​លោកស្រីដល់​រដ្ឋធម្មនុញ្ញរបស់​ប្រទេស​ជាតិ។

លោកស្រី Doris Rios នៃ​ប្រទេស​កូស្តារីកាមាន​ទាក់ទិន​នឹងការ​ផ្តើម​គំនិត​ជា​ច្រើនដើម្បីកែ​លម្អ​ជីវភាពក្រុម​ជន​ជាតិ​ដើម​។

លោកស្រី Meaza Mohammed អ្នក​កាសែត​ជើង​ចាស់​អេត្យូពី បានរាយការណ៍​អំពីពួក​អ្នក​នៅ​រស់ពី​អំពើ​ហិង្សាខាង​យេនឌ័រ ​ហើយ​បាន​ធ្វើការដើម្បី​ស្វែង​រក​ការ​ព្យាបាល​ជន​រង​គ្រោះ​ទាំង​នេះ។

នៅក្នុង​ប្រទេស​ហ្ស៊កដានី​ លោកស្រី​ Hadeed Abdel Aziz ជា​អ្នក​បង្កើត​មជ្ឈមណ្ឌល​យុត្តិធម៌​សម្រាប់​ជំនួយ​ខាង​ច្បាប់ដែលផ្តល់​សេវា​ដល់បុគ្គល​ងាយ​រង​គ្រោះរាប់​ពាន់​នាក់​ជា​រៀងរាល់ឆ្នាំ។

លោកស្រី Bakhytzhan Toregozhina មកពី​ប្រទេសកាហ្សាក់ស្ថាន​ជា​សកម្មជនសង្គម​ស៊ីវិលដែល​បាន​ធ្វើយុទ្ធនាការការពារ​សិទ្ធិ​មនុស្សក្នុង​ប្រទេស​លោកស្រីជាច្រើន​ទសវត្សរ៍មក​ហើយ។

លោកស្រី​សមាជិកា​ព្រឹទ្ធសភា​ម៉ាឡេស៊ី Datuk Ras Adiba Radzi បាន​ចំណាយ​ពេលភាគ​ច្រើននៃ​ជីវិត​អាជីព​លោកស្រី​ក្នុង​ការជំរុញនិង​ឧបត្ថម្ភ​ផ្ចុង​ផ្តើមសិទ្ធិមនុស្សដោយ​ប្រើកម្មវិធី​របស់​លោកស្រីសម្រាប់​លាតត្រដាង​អំពើ​អយុត្តិធម៌​ក្នុង​សង្គម​ម៉ាឡេស៊ី។

លោកស្រីឧត្តមសេនីយ៍ត្រី​ Bolor Ganbold មក​ពីប្រទេសម៉ុងហ្គោលីបាន​ក្លាយ​ជា​ឧត្តមសេនីយ៍​ស្រី​ទី​មួយក្នុង​កង​យោធពលម៉ុងហ្គោលី​កាលពី​ឆ្នាំ២០២២។

លោកស្រី Bianka Zalewska ជា​អ្នកកាសែត​ប៉ូឡូញ​ម្នាក់​ដែល​បាន​ចងក្រង​ឯកសារអំពីការ​ឈ្លានពាន​របស់​រុស្ស៊ី​ក្នុង​ប្រទេស​អ៊ុយក្រែនតាំងពី​ឆ្នាំ២០១៤​ ​ហើយ​បាននិយាយការពារប្រជាជន​អ៊ុយក្រែន​ជាង​មួយ​ទសវត្សរ៍​មក​ហើយ។

លោកស្រី Yuliia Paievska នៃ​ប្រទេស​អ៊ុយក្រែន​បាន​ល្បី​ឈ្មោះ​ដោយសារ​ការងារ​របស់​លោកស្រីក្នុង​ការ​ថត​វីដេអូដោយ​សម្ងាត់​ ហើយ​បានបញ្ជូនវីដេអូ​ទាំង​នេះទៅ​ក្រៅ​ប្រទេសដែល​ជា​ឯកសាររៀបរាប់​អំពីអំពើ​ឃោរឃៅរបស់កង​កម្លាំងរុស្ស៊ីនៅ​ទីក្រុង​ Mariupol។

ហើយ​ជា​ទី​បញ្ចប់ ពានរង្វាន់​ Madeleine Albright Honorary Group Award ត្រូវ​បានប្រគល់​ជូន​ក្រុមស្ត្រី​និង​នារីបាតុករនៃ​ប្រទេស​អ៊ីរ៉ង់។

រដ្ឋមន្ត្រី​ការបរទេស​ស.រ.អ.លោក​ Antony Blinken បាន​មាន​ប្រសាសន៍​ថា៖ «ចំពោះក្រុមស្ត្រី​ដែលទទួល​រង្វាន់របស់​យើង ​ស.រ.អ.មានមោទនភាពក្នុង​ការ​ស្ថិតនៅ​ក្បែរ​ពួក​លោកស្រី នៅពេល​ដែលក្រុម​របស់​លោកស្រី​និង​ពួក​ជន​ឯ​ទៀតៗ​បានធ្វើការ​ប្រយុទ្ធតូចតាចរាប់រយជា​រៀង​រាល់ថ្ងៃ​។ ហើយ​យើង​នឹងនៅ​ទី​នោះ​ជា​មួយក្រុម​លោកស្រី​ក្នុង​រយៈពេល​យូរ»៕