តទៅនេះ គឺជាបទវិចារណកថាដែលឆ្លុះបញ្ចាំងអំពីទស្សនៈរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក
ប្រធានទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់អភិវឌ្ឍន៍អន្តរជាតិ (USAID) លោកស្រី Samantha Power កាលពីពេលថ្មីៗនេះ បានស្វាគមន៍ជ័យលាភីរង្វាន់ Kurt Schork Awards សម្រាប់ឆ្នាំនេះក្នុងវិស័យកាសែតអន្តរជាតិ។ រង្វាន់នេះ ផ្តល់កិត្តិយសជូនពួកអ្នកកាសែតក្លាហាន ហើយជារឿយៗមិនត្រូវបានគេទទួលស្គាល់ចំពោះសេចក្តីរាយការណ៍របស់ពួកគេស្តីពីជម្លោះ អំពើពុករលួយ និងភាពអយុត្តិធម៌។
ជ័យលាភីនៅឆ្នាំនេះ រួមមានអ្នកកាសែតជនជាតិអាមេរិកាំងដើមកំណើតអ៊ីរ៉ង់លោក Jason Motlagh អ្នកកាសែតជនជាតិប្រេហ្ស៊ីលលោក Rafael Soares និងលោក Khabat Abbas មកពីប្រទេសស៊ីរី។
រង្វាន់ Kurt Schork សម្រាប់វិស័យកាសែតអន្តរជាតិ ដែលបានបង្កើតឡើងកាលពី២០ឆ្នាំមុន ត្រូវបានគេដាក់ឈ្មោះលោក Kurt Schork អ្នកកាសែតអាមេរិកាំងដែលត្រូវបានគេសម្លាប់នៅក្នុងប្រទេសសៀរ៉ាឡេអូន ខណៈពេលដែលបំពេញការងារឲ្យទីភ្នាក់ងារព័ត៌មាន Reuters នៅក្នុងឆ្នាំ២០០០។
ដើម្បីទទួលស្គាល់ពីសារៈសំខាន់នៃសារព័តមានសេរី ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់អភិវឌ្ឍន៍អន្តរជាតិ ឬ USAID បានជួយគាំទ្រអ្នកកាសែតនៅក្នុងប្រទេសជាង៣០ ដោយការការពារនិងជំនួយខាងផ្លូវច្បាប់សម្រាប់អ្នកដែលស្ថិតនៅក្រោមការគំរាមកំហែង។ ប្រធានទីភ្នាក់ងារ USAID លោកស្រី Samantha Power បានមានប្រសាសន៍ថា «កម្មវិធីរបស់យើង បានជួយជំរុញឲ្យមានវិស័យព័ត៌មានឯករាជ្យនិងផ្អែកលើការពិត ដែលយើងដឹងថា ជាគ្រឹះសម្រាប់សង្គមលូតលាស់ និងសេដ្ឋកិច្ចរុងរឿង»។
អ្នកកាសែតជារឿយៗ ជួបប្រទះហានិភ័យក្នុងការនិយាយការពិត និងផ្តល់ព័ត៌មានដល់សាធារណជន។ ប្រធានទីភ្នាក់ងារ USAID លោកស្រី Power បានថ្លែងថា៖
«នេះជាការពិតជាក់ស្តែងនៃអ្នកកាសែតដែលយើងកំពុងផ្តល់កិត្តិយសដែលបានរាយការណ៍អំពីសង្គ្រាមនៅប្រទេសអាហ្វហ្គានីស្ថាន ការសម្លាប់ដោយគ្មានការជំនំជម្រះនៅក្នុងប្រទេសប្រេហ្ស៊ីល អំពើឃោឃៅដ៏ខ្លោចផ្សានៅប្រទេសស៊ីរី ការប្រើប្រាស់ពលកម្មកុមារនៅក្នុងប្រទេសប៉ាគីស្ថាន និងប្រព័ន្ធយុត្តិធម៌ព្រហ្មទណ្ឌនៅប្រទេសនីហ្សេរីយ៉ា។ ការងាររបស់ពួកគេ បានបង្ហាញការពិតពីសង្គ្រាមនិងជម្លោះ ហើយបានលាតត្រដាងពីការរំលោភសិទ្ធិមនុស្ស ការរើសអើង និងអំពើពុករលួយ។ ហើយការតាំងចិត្តរបស់ពួកគេដល់ការនិយាយការពិត មានសារៈសំខាន់សម្រាប់វិស័យសារព័ត៌មាននៅពេលនេះ»។
លោកស្រី Power បានមានប្រសាសន៍ទៀតថា «ការវាយប្រហារលើអ្នកកាសែត ការវាយប្រហារលើរាងកាយ ការវាយប្រហារខាងផ្លូវច្បាប់ ការវាយប្រហារខាងនយោបាយនិងការវាយប្រហារលើសេរីភាពព័ត៌មាន កំពុងកើនឡើង។ សហរដ្ឋអាមេរិក ឈរជាមួយអ្នកកាសែតដ៏អង់អាចក្លាហាន អង្គការបណ្តាញព័ត៌មានឯករាជ្យ និងអ្នកកាសែតនិងអ្នកកាសែតតាមកិច្ចសន្យានៅទូទាំងពិភពលោកដែលបំពេញការងារដ៏សំខាន់របស់ខ្លួន ថ្វីបើមានការគំរាមកំហែងទាំងនេះក៏ដោយ៕