តទៅនេះ គឺជាបទវិចារណកថាដែលឆ្លុះបញ្ចាំងអំពីឧត្តមគតិនិងស្ថាប័នសហរដ្ឋអាមេរិក
ថ្ងៃទី ២៥ ធ្នូ ជាថ្ងៃបុណ្យសំខាន់បំផុតរបស់គ្រឹស្តសាសនាដែលរំឭកដល់ថ្ងៃប្រសូតរបស់ព្រះយេស៊ូកាលពី ២ ពាន់ឆ្នាំមុននេះ ដែលក្រុមគ្រឹស្តសាសនិកជនគោរពថាជាព្រះអាទិទេពមកកើត ជាអ្នកជួយសង្គ្រោះ និងជាពន្លឺនៃពិភពលោក។
គេមិនបានដឹងអំពីថ្ងៃប្រសូតពិតប្រាកដរបស់ព្រះយេស៊ូទេ ហើយប្រភពពិតប្រាកដនៃការកំណត់ថ្ងៃទី ២៥ ធ្នូ ជាថ្ងៃប្រសូតរបស់ព្រះយេស៊ូក៏មិនប្រាកដប្រជាដែរ។ តែថ្ងៃខែនេះ ឋិតក្នុងរដូវធ្លាក់ទឹកកក។ សម្រាប់មនុស្សជំនាន់បុរាណនៅទូទាំងពិភពលោក ការចាកចេញពីពន្លឺរដូវធ្លាក់ទឹកកកទៅកាន់ថ្ងៃវែងៗនៃរដូវស្លឹកឈើលាស់ជានិមិត្តរូបនៃការមានធម្មជាតិជាថ្មីទៀត។
ហើយដោយសារពួកអ្នកកាន់សាសនាគ្រឹស្តជឿថា ព្រះយេស៊ូជាពន្លឺនៃពិភពលោក វាហាក់ដូចជាសមហតុផលសម្រាប់ក្រុមគ្រឹស្តសាសនិកជំនាន់មុនដែលថា ដល់ពេលវេលាហើយសម្រប់ប្រារព្ធថ្ងៃប្រសូតរបស់ព្រះយេស៊ូ។ នៅក្រោយឆ្នាំ ២២១ ថ្ងៃទី២៥ ខែធ្នូបានត្រូវទទួលស្គាល់បន្តិចម្តងៗថា ជាថ្ងៃខែនៃការប្រសូតរបស់ព្រះយេស៊ូ។ ហើយតមកទៀត ពួកអ្នកនិពន្ធគោរពគ្រឹស្តសាសនាបានចាប់ផ្តើមធ្វើឱ្យមានការទាក់ទងគ្នារវាងការរះឡើងវិញនៃព្រះអាទិត្យនិងការប្រសូតនៃព្រះរាជបុត្រព្រះអាទិទេព។
លោកប្រធានាធិបតី Joe Biden បានមានប្រសាសន៍ថា៖ «រឿងបុណ្យណូអែលសំខាន់ណាស់សម្រាប់ជំនឿគ្រឹស្តសាសនា។ តែសារនៃសេចក្តីសង្ឃឹម សេចក្តីស្រឡាញ់ សន្តិភាពនិងការសប្បាយរីករាយ ទាំងអស់នេះក៏មានភាពសាកលដែរ»។
លោកប្រធានាធិបតីបាននិយាយថា៖ «សារនេះនិយាយមកកាន់យើងទាំងអស់គ្នា ទោះជាយើងជាអ្នកកាន់គ្រឹស្តសាសនា ជាជនអំបូរជ្វីហ្វ ជាអ្នកគោរពព្រហ្មញ្ញសាសនា ជាក្រុមអ្នកកាន់ព្រះពុទ្ធសាសនា ឬកាន់សាសនាឯទៀត ឬគ្មានជំនឿសាសនាក៏ដោយ។ សារនេះនិយាយមកកាន់យើងទាំងអស់គ្នាដែលជាមនុស្សឋិតនៅលើផែនដីនេះដើម្បីយកចិត្តទុកដាក់ជួយគ្នាទៅវិញទៅមក ដើម្បីស្រឡាញ់គ្នាទៅវិញទៅមក»។
ជាការពិតនៅពេលបុណ្យណូអែល ក្រុមគ្រឹស្តសាសនិកផ្សព្វផ្សាយដោយពាក្យសម្តីនិងសកម្មភាពនូវសារមួយនៃសន្តិភាពនិងសេចក្តីស្រឡាញ់សម្រាប់មនុស្សគ្រប់គ្នា សារនៃសប្បុរសធម៌ សារនៃភាពសប្បាយរីករាយ និងសេចក្តីសង្ឃឹម។ វាជាពេលវេលាមួយសម្រាប់បង្ហាញសេចក្តីស្រឡាញ់និងការអរគុណដល់គ្រួសារ មិត្តភ័ក្តិនិងអ្នកជិត ខាង និងដើម្បីប្រព្រឹត្តលើមនុស្សដែលមិនធ្លាប់ស្គាល់គ្នាដោយចិត្តល្អនិងចិត្តសប្បុរសផងដែរ។
លោកប្រធានាធិបតី Biden បានមានប្រសាសន៍ថា៖ «ជួនកាលសកម្មភាពតូចតាចបំផុតនៃការមានចិត្តល្អអាចមានន័យច្រើន។ ការញញឹមមួយ។ ការឱបគ្នាមួយ។ ការហៅទូរសព្ទមួយ។ ការបរិភាគកាហ្វេមួយពែងជាមួយគ្នា។ សកម្មភាពនៃការមានចិត្តល្អដែលអាចលើកទឹកចិត្តដោយផ្តល់ផាសុកភាព ហើយប្រហែលអាចជួយជីវិតមនុស្សម្នាក់បានទៀតផង»។
លោកប្រធានាធិបតីបានមានប្រសាសន៍ថា៖ «នៅក្នុងពិធីបុណ្យណូអែលនេះចូរធ្វើជាដៃជំនួយ ជាស្មាមាំទាំ ជាសំឡេងមិត្តភាពដែលគ្មាននរណាម្នាក់ហាក់ដូចជាគិតគូរជួយជនទាំងឡាយដែលកំពុងតស៊ូ កំពុងមានបញ្ហា កំពុងមានសេចក្តីត្រូវការ។ វាជាកាដូល្អបំផុតដែលលោកអ្នកអាចផ្តល់ដល់អ្នកឯទៀតបាន»៕