តទៅនេះ គឺជាបទវិចារណកថាដែលឆ្លុះបញ្ចាំងពីទស្សនៈរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក
នៅពេលដែលការប្រយុទ្ធគ្នាមានតទៅទៀតនៅក្នុងតំបន់ហ្កាហ្សាមនុស្ស ២លាន ២ សែននាក់ដែលរស់នៅទីនោះកំពុងមានវិបត្តិមួយ។ បើតាមកម្មវិធីស្បៀងអាហារពិភពលោក ឬ WFP ថា ស្បៀងអាហារនិងទឹកជិតអស់ហើយនៅក្នុងតំបន់ហ្កាហ្សា។ ប្រជាពលរដ្ឋទាំងមូលមានអសន្តិសុខស្បៀងអាហារ ហើយយ៉ាងហោចណាស់មនុស្សម្នាក់ក្នុងចំណោមមនុស្សបួននាក់កំពុងប្រឈមនឹងការស្រេកឃ្លានខ្លាំងណាស់ ដែលអាចរងគ្រោះទុរ្ភិក្សក្នុងពេលខាងមុខ។
ក្រោយពីទៅមើលកន្លែងសម្របសម្រួលក្នុងតំបន់នៃកម្មវិធី WFP ក្នុងប្រទេសហ្សកដានី រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Antony Blinken បាននិយាយថា៖ «យើងផ្តោតខ្លាំងលើស្ថានភាពស្បៀងអាហារដ៏ពិបាកខ្លាំងណាស់និងអាក្រក់ជាងមុនសម្រាប់បុរស ស្ត្រី និងកុមារក្នុងតំបន់ហ្កាហ្សា ហើយនេះជាអ្វីដែលយើងធ្វើការ២៤ ម៉ោងក្នុងមួយថ្ងៃ។ លោកបានថ្លែងថា៖ «ខ្ញុំសូមសរសើរការងារដ៏អស្ចារ្យនៃកម្មវិធីស្បៀងអាហារពិភពលោក។ ពួកគេបានប្រឹងប្រែងធ្វើឱ្យមានស្បៀងអាហារច្រើនជាងមុនដល់មនុស្សច្រើនជាងមុនប្រកបដោយប្រសិទ្ធភាព។ ពួកគេបានធ្វើដូច្នេះដោយមានការប្រថុយប្រថានខ្លាំងដល់ក្រុមរបស់ពួកគេនៅនឹងកន្លែងផ្ទាល់ក្នុងតំបន់ហ្កាហ្សា»។
លោក Blinken បានថ្លែងថា៖ «នេះជាការប្រឹងប្រែងមួយដែលមានសារៈសំខាន់ដាច់ខាតនិងចាំបាច់ដាច់ខាត។ ជាការចាំបាច់ដែលយើងផ្តល់ជំនួយជាអតិបរិមាដល់មនុស្សដែលត្រូវការ។ នេះមិនមែនយើងផ្តល់ជំនួយតែដល់តំបន់ហ្កាហ្សាប៉ុណ្ណោះទេ តែនៅពេលណាជំនួយនេះទៅដល់ហ្កាហ្សាហើយ វាអាចត្រូវចែកចាយដោយប្រសិទ្ធភាពដល់មនុស្សដែលត្រូវការជំនួយនេះនៅគ្រប់កន្លែងក្នុងតំបន់នោះ។ យើងនឹងធ្វើការអំពីការណ៍នេះក្នុងពេលខាងមុខទៀត»។
លោករដ្ឋមន្ត្រី Blinken បានមានប្រសាសន៍ថា៖ «សហរដ្ឋអាមេរិកបានធ្វើការតាំងពីថ្ងៃដំបូងដើម្បីបើកផ្លូវដឹកជញ្ជូនជំនួយទៅកាន់ហ្កាហ្សាដើម្បីចែកចាយដល់មនុស្សដែលត្រូវការជំនួយទាំងនេះ។ យើងបន្តធ្វើការនេះរៀងរាល់ថ្ងៃ មិនមែនគ្រាន់តែដើម្បីធ្វើឱ្យផ្លូវទាំងនេះបើកចំហប៉ុណ្ណោះទេ តែដើម្បីបង្កើនការដឹកជញ្ជូនជំនួយនិងផ្តល់ជំនួយជាអតិបរិមាគឺឱ្យមានស្បៀងអាហារ មានជំនួយច្រើនជាងមុនដល់មនុស្សច្រើនជាងមុនប្រកបដោយប្រសិទ្ធភាព»។
ជាការពិត សហរដ្ឋអាមេរិក រហូតមកដល់ពេលនេះ ជាប្រទេសផ្តល់ជំនួយច្រើនជាងគេដល់កម្មវិធី WFP ដែលរហូតមកដល់ពេលនេះបានផ្តល់ស្បៀងអាហារដល់មនុស្សជិត៨សែន ៦ម៉ឹននាក់នៅក្នុងតំបន់ហ្កាហ្សា និងតំបន់ West Bank។
លោករដ្ឋមន្ត្រី Blinken បាននិយាយថា៖ «សហរដ្ឋអាមេរិកផ្តល់ប្រមាណ៥០ភាគរយនៃថវិកាកម្មវិធីស្បៀងអាហារពិភពលោក-ប្រមាណ៣ពាន់លានដុល្លារកាលពីឆ្នាំទៅ-ហើយយើងធ្វើការជាមួយកម្មវិធី WFP មិនមែនតែនៅក្នុងហ្កាហ្សាប៉ុណ្ណោះទេ តែនៅកន្លែងច្រើនទៀតក្នុងពិភពលោក។ នៅពេលជាមួយគ្នានេះ យើងបានបញ្ជូនម្ហូបអាហារដែលមានសារធាតុចិញ្ចឹមប្រមាណ៥សែនផោន ទៅកាន់ប្រទេសអេហ្ស៊ីបសម្រាប់ចែកចាយក្នុងតំបន់ហ្កាហ្សាកាលពីពីរខែមុននេះ»។
លោក Blinken បាននិយាយទៀតថា៖ «តាមរយៈការប្រឹងប្រែងទាំងនេះ យើងប្តេជ្ញាធ្វើអ្វីៗទាំងអស់ដែលយើងអាចធ្វើបានដើម្បីកែលម្អស្ថានភាពសម្រាប់បុរស ស្ត្រីនិងកុមារនៅតំបន់ហ្កាហ្សាដើម្បីជួយពួកគេខាងស្បៀងអាហារ និងជំនួយមនុស្សធម៌ឱ្យបានច្រើនជាងមុន»៕