បទវិចារណកថា៖ រដ្ឋាភិបាល​កម្ពុជា​កាត់​ទោស​លោក កឹម សុខា

រូបឯកសារ៖ លោក កឹម សុខា ចូលរួម​សវនាការ​លើ​ការជំនុំ​ជម្រះក្តី​របស់​លោក​លើ​សំណុំ​រឿង​ក្បត់​ជាតិ​នៅ​កម្ពុជា។

តទៅនេះ គឺជា​បទវិចារណកថា​ដែល​ឆ្លុះ​បញ្ចាំង​អំពី​ទស្សនៈ​របស់​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក

លោក​ កឹម សុខា​ គឺជា​មេដឹកនាំ​នយោបាយ​កម្ពុជា​ដែល​មាន​ការ​គោរព​ស្រឡាញ់ ត្រូវ​បាន​កាត់​ទោស​នា​ពេលថ្មីៗ​នេះ​ឱ្យ​ជាប់​ឃុំក្នុងផ្ទះ​រយ:ពេល២៧​ឆ្នាំ។​ ​អតីត​មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​រូបនេះ​ ត្រូវ​បាន​ផ្តន្ទា​ទោសពី​បទ​សន្ទិដ្ឋិភាព​ ឬ​ការ​ឃុបឃិតជា​មួយ​សហរដ្ឋ​អាមេរិក​ ដើម្បី​ផ្តួល​រំលំ​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន។ លោក​ កឹម​ សុខា ដែល​បាន​បដិសេធ​ការ​ចោទ​ប្រកាន់​ទាំង​នោះ​ ត្រូវបាន​ហាម​ប្រាម​មិនឱ្យ​ឈរឈ្មោះ​ ឬ​បោះ​ឆ្នោតឡើយ។​ ​

អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​អាមេរិក​លោក Ned Price ​និយាយ​ថា​ ​សហរដ្ឋ​អាមេរិក​មាន​ការ​រំខាន​ចិត្ត​ជា​ខ្លាំង​ ដោយ​សារ​ការ​កាត់ក្តីសំណុំ​រឿង​លោក ​កឹម​ សុខា។ លោក Price​ ថ្លែង​ថា៖

«ការ​បំបិទ​សំឡេង​លោក​ កឹម សុខា​ អស់​ពេល​ជា​ច្រើន​ឆ្នាំ​កន្លង​ទៅ​ ដោយ​ផ្អែក​លើ​ការ​ចោទ​ប្រកាន់ដែល​មាន​ហេតុផល​នយោបាយ​ គឺ​ជា​រឿង​មិនត្រឹមត្រូវ​ និងធ្វើ​ឱ្យខូច​គោលជំហរ​របស់ព្រះរាជាណាចក្រ​កម្ពុជា​នៅក្នុង​សហគមន៍​អន្តរជាតិ​យ៉ាង​ធ្ងន់ធ្ងរ។​ ​សហរដ្ឋ​អាមេរិក​ សូម​អំពាវនាវ​ដោយ​ទទូចដល់​រដ្ឋាភិបាល​កម្ពុជា​ ឱ្យ​គោរព​សិទ្ធិមនុស្ស​និង​សេរីភាព​ជា​មូលដ្ឋាន​របស់​លោក ​កឹម​ សុខា ក៏​ដូច​ពលរដ្ឋ​កម្ពុជា​ទាំង​អស់​»។ ​

លោក​ Price បន្ត​ទៀត​ថា​៖ «​ការ​កាត់​ទោស​លោក​ កឹម​ សុខា​ គឺ​ជា​ផ្នែកមួយ​នៃ​គំរូដ៏​ធំ​នៃ​ការ​គំរាម​កំហែង ​ការ​ធ្វើ​ទុក្ខបុម្នេញ និង​សកម្មភាព​មិន​អាច​ទទួល​យក​បាន​ដទៃ​ទៀត​ដែល​ប្រព្រឹត្តិ​ឡើង​ដោយ​ក្រុម​អាជ្ញាធរកម្ពុជា​ ដែលតម្រង់ឆ្ពោះ​ទៅ​លើ​មេដឹកនាំនយោបាយ​បក្ស​ប្រឆាំង​ សារព័ត៌មាន​ និង​សង្គម​ស៊ីវិល»។ ​

ក្នុង​ឆ្នាំ​២០១៧​ គណបក្ស​សង្គ្រោះជាតិត្រូវ​បាន​តុលាការ​កំពូល​កម្ពុជា​រំលាយ​ ក្រោយ​ការចាប់​ខ្លួន​លោក ​កឹម សុខា​ រយ:ពេល​២​ខែ។​ គណបក្យ​ប្រជាជន​កម្ពុជា​ដែល​ដឹកនាំ​ដោយ​លោក​ នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន​ បាន​ឈ្នះ​អាសនៈសភា​ទាំង​១២៥ និងបាន​ធ្វើ​ឱ្យ​កម្ពុជា​ក្លាយ​ជារដ្ឋ​ឯកបក្ស។ ​បន្ថែម​លើ​នេះ​ទៀត​ មាន​អ្នក​នយោបាយ​យ៉ាង​ហោច​ណាស់​ក៏​៣៩​នាក់​ដែរ​ កំពុង​ជាប់​ពន្ធនាគារ​ក្នុង​ប្រទេស​កម្ពុជា​។​ នេះបើយោង​លើអង្គការ​សិទ្ធិមនុស្ស​ Amnesty International ឬហៅជា​ភាសា​ខ្មែរថា​ អង្គការ​លើក​លែង​ទោស​អន្តរជាតិ​។​

ការ​ចោទប្រកាន់និង​កាត់ទោសបុគ្គលនានា​ក្នុង​ប្រទេស​កម្ពុជា​ ដូច​ជា​លោក​ កឹម សុខា​ និងអ្នក​នយោបាយ​ផ្សេងៗ​ទៀតដោយការ​អនុវត្ត​សេរីភាព​នៃ​ការបញ្ចេញមតិ​និង​សិទ្ធិ​ប្រមូលផ្តុំ​របស់​គេ​ បាន​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់រដ្ឋធម្មនុញ​កម្ពុជា​ ប៉ះពាល់​ដល់​កាតព្វកិច្ចអន្តរជាតិ​ និងការរីក​ចម្រើនក្នុង​ពេល​កន្លងទៅ​ ដើម្បី​អភិវឌ្ឍ​ ឲ្យកម្ពុជា​ក្លាយ​ជា​សង្គម​ដែល​មាន​សន្តិភាព​ សេរីពហុបក្ស​ និង​ប្រកប​ដោយ​បរិយាប័ន្ន។​

លោក Price អ្នក​នាំពាក្យក្រសួង​ការបរទេស​បាន​ «ទទូច​ដល់​អាជ្ញាធរ​កម្ពុជាឱ្យ​ធានា​ដល់​ពលរដ្ឋ​របស់​ខ្លួន​ ក្នុង​ការ​អនុវត្ត​សិទ្ធិមនុស្ស​ ដែល​រួម​មានសេរីភាព​នៃ​ការ​បញ្ចេញ​មតិ​និង​ការ​ជួប​ជុំ​ដោយ​សន្តិវិធី និងលើ​ទឹក​ចិត្តដល់​ពលរដ្ឋ​កម្ពុជា ដើម្បី​អាច​ចូលរួមក្នុង​ការ​កសាង​ប្រព័ន្ធ​ប្រជាធិប​តេយ្យ​មួយ​ដ៏​ពិត​ប្រាកដ»៕​