បទវិចារណកថា៖ លើក​កម្ពស់​ការលូតលាស់​សេដ្ឋកិច្ច​និង​ការអភិវឌ្ឍ​នៅ​អាស៊ី​កណ្តាល

រដ្ឋមន្ត្រី​ការបរទេស​អាមេរិក​លោក Antony Blinken (ពីឆ្វេងទីបី) និង​សមភាគី​របស់​លោក​នៅក្នុង​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី (C5+1) នៅ​ប្រទេស​កាហ្សាក់ស្ថាន។

តទៅនេះ គឺជា​បទ​វិចារណកថា​ដែល​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​របស់​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក

ស.រ.អ.ជា​ប្រទេស​ដំបូងគេដែលបានទទួល​ស្គាល់​ឯករាជ្យនៃ​ប្រទេស​កា​ហ្សាក់ស្ថាន​។ តាំង​ពី​ពេល​នោះ​មក ​ស.រ.អ.​ បាន​ប្តេជ្ញា​មាំទាំ​ដល់​អធិបតេយ្យភាព បូរណភាព​ដែន​ដី​ និង​ឯករាជ្យ​នៃប្រទេស​កា​ហ្សាក់ស្ថាន​ និងប្រទេសនៅ​ទូទាំង​តំបន់​នោះ។ នៅ​ក្នុង​ដំណើរ​ទស្សនកិច្ចកាលពី​ពេល​ថ្មីៗ​នេះ​របស់​លោក​ដើម្បី​ចូល​រួម​ក្នុងការប្រជុំ​រដ្ឋមន្ត្រី​នៃ​ក្រុមប្រទេស​ C5+1 ក្នុង​ក្រុង​អាស្តាណា​ រដ្ឋមន្ត្រី​ការ​បរទេស​ស.រ.អ.លោក Antony Blinken បានបញ្ជាក់​ជាថ្មី​អំពីការគាំទ្រ​គ្មាន​ងាករេ​របស់​ស.រ.អ.ដល់ប្រទេស​កាហ្សាក់​ស្ថានក្នុង​ការ​សម្រេច​ចិត្ត​ដោយ​សេរី​អំពី​អនាគត​របស់​ផង​ខ្លួន។​

លោករដ្ឋមន្ត្រី Blinken បានបញ្ជាក់​ជា​ថ្មី​អំពីការ​គាំទ្រ​របស់​លោក​ដល់​ការ​អនុវត្ត​ពេញលេញ​ចំពោះរបៀបវារៈ​កែទម្រង់របស់​ប្រធានាធិបតី​កាហ្សាក់ស្ថាន​លោក Kassym-Jomart Tokayev ដែល​ត្រូវ​បានប្រកាស​ពីខែ​មីនា​ ឆ្នាំ​មុន។​

លោក Blinken បាននិយាយថា៖ «យើង​រង់​ចាំ​មើល​វិធានការ​ជាជំហ៊ាន​បន្ថែម​ទៀត​ដែល​ប្រទេស​កាហ្សាក់ស្ថាន​នឹងទទួល​ស្គាល់​របៀបវារៈ​នេះគឺ​ការ​ពង្រីកការ​ចូលរួមជាសាធារណៈក្នុងដំណើរ​ការ​នយោបាយ​ បង្កើន​ការ​ទទួល​ខុស​ត្រូ​វខ្ពស់របស់រដ្ឋាភិបាល ​បង្ក្រាប​អំពើពុក​រលួយ ​និង​ដាក់ឱ្យ​មានការ​កម្រិតអាណត្តិ​ប្រធានាធិបតីនិង​ការពារ​សិទ្ធិ​មនុស្ស។ កំណែ​ទម្រង់ទាំងនោះជា​ហេតុផលសំខាន់មួយ​នាំ​ឱ្យ​ពួកអ្នក​បណ្តាក់ទុន​បរទេស មាន​រួមទាំងពួកអ្នក​វិនិយោគមក​ពី​ស.រ.អ.ផង​ដែរ ​ងាកទៅប្រកប​អាជីវកម្ម​ច្រើន​ជាងមុននៅ​កាហ្សាក់ស្ថាន​។ ក្រុម​ពាណិជ្ជករ​អាមេរិកាំង​ស្ថិតក្នុង​ចំណោមអ្នក​ធុរកិច្ចដំបូងៗ​ដែល​បណ្តាក់ទុននៅ​ទី​នេះ ដោយ​បាន​ដាក់ទុន​ជាង​ ៥០ ពាន់​លានដុល្លារក្នុ​ងសេដ្ឋកិច្ចកាហ្សាក់​ស្ថានតាំងពី​ឆ្នាំ ១៩៩១ ​មក‍»។

ប្រទេសកាហ្សាក់ស្ថាននៅ​តែជា​ដៃ​គូមាន​តម្លៃ​មួយ​ក្នុងការកាត់បន្ថយការ​រីកសាយ​អាវុធ​នុយក្លេអ៊ែរដោយ​បានកម្ចាត់មីស៊ីល​សម័យ​សហភាព​សូវៀត និងបានចូល​រួម​ក្នុង​កិច្ចប្រតិបត្តិការ​ថែរក្សា​សន្តិភាពពី​ប្រទេស​លីបង់រហូត​ដល់ប្រទេស​ម៉ាលី ហើយបាន​រុក​រកកញ្ចុំផ្កាយតាមរយៈ​កិច្ចសហការ​ក្នុង​ដែន​អវកាសនិង​បានស្តារ​នីតិសម្បទាក្រុម​យុទ្ធ​ជនភេរវករ​បរទេសនិង​គ្រួសារ​ពួក​គេជាង​៦រយនាក់។

ស.រ.អ.បានបង្ហាញ​ការប្តេជ្ញារបស់​ខ្លួនដល់​ការ​លូតលាស់​សេដ្ឋកិច្ច​និងការ​អភិវឌ្ឍ​ក្នុង​តំបន់​អាស៊ី​កណ្តាល។​ តាំងពី​ខែ​មិថុនា​ឆ្នាំ២០២២​មក ស.រ.អ.បាន​សន្យា​ផ្តល់ប្រាក់ ​១៦,៥ លានដុល្លារ​ដល់​សន្តិសុខស្បៀង​ក្នុងតំបន់នេះ។ ​ស.រ.អ.ក៏​បានបង្កើត​កម្មវិធី​ផ្តើម​គំនិត​ខាងភាព​ធន់សេដ្ឋកិច្ចសម្រាប់​អាស៊ី​កណ្តាល​ ដោយបាន​ផ្តល់​ប្រាក់​ ២៥ លាន​ដុល្លារដើម្បី​ពង្រីកផ្លូវ​ពាណិជ្ជកម្មក្នុង​តំបន់ បង្កើតទីផ្សារ​នាំ​ចេញថ្មីៗ ទាក់ទាញការ​បណ្តាក់​ទុន​ឯកជន​ច្រើន​ជាងមុន​ និង​ផ្តល់ជូន​ពលរដ្ឋ​នូវ​មុខជំនាញ​ជាក់ស្តែង​នានាសម្រាប់​ទីផ្សារ​ការងារ​ទំនើប។

នៅក្នុង​ទស្សនកិច្ច​ដដែល​លោករដ្ឋមន្ត្រី Blinken ​បាន​ប្រកាស​អំពី​ជំនួយ​ថែមទៀត​សម្រាប់​តំបន់​នោះ។ លោក​បាន​និយាយ​ថា៖

«ខ្ញុំសូម​ប្រកាសអំពីការផ្តល់​ប្រាក់បន្ថែមចំនួន ​២៥ លាន​ដុល្លារ​ទៀតដល់​ការ​ផ្តើម​គំនិតនេះគឺ​មា​ន​ទាំងអស់ ​៥០ លានដុល្លារដើម្បី​កសាង​សេដ្ឋកិច្ចក្នុង​តំបន់​ និង​ជាពិសេស ដើម្បី​ធ្វើឱ្យ​ប្រាកដថា ​ប្រជារាស្ត្រ​មាន​មុខជំនាញ​ដែល​ពួក​គេ​ត្រូវការសម្រាប់ធ្វើ​ឱ្យ​មាន​ជោគជ័យក្នុង​សេដ្ឋកិច្ច​សាកល​នេះ។ ដើម្បី​ផ្តល់អំណាចថែម​ទៀតនិងភ្ជាប់​ទំនាក់​ទំនង​ជា​មួយប្រជារាស្ត្រក្នុង​តំបន់​អាស៊ី​កណ្តាល ​យើងចាប់ផ្តើម​ការ​ប្រឹងប្រែង​មួយ​ដើម្បី​បង្កើន​ការ​ប៉ិនប្រសប់​ខាង​ភាសាអង់គ្លេស​សម្រាប់ពួកអ្នក​មាន​អាជីព​វ័យ​ក្មេង​ជាង​១ពាន់នាក់​ក្នុង​រដ្ឋាភិបាល និងសង្គម​ស៊ីវិល‍ទាំងអស់»។

ស.រ.អ. ប្រទេសកាហ្សាក់ស្ថាន ​សាធារណរដ្ឋកៀហ្សីស៊ីស្ថាន ប្រទេស​តាហ្សីគី​ស្ថាន តួកម៉េនីស្ថាន​ និង​ប្រទេស​អ៊ូបេគីស្ថានប្តេជ្ញា​ជំរុញ​ឱ្យ​បាន​សម្រេច​គោលដៅរីកចម្រើន​ដូចគ្នា​ខាង​សេដ្ឋកិច្ច ថាមពល ​បរិដ្ឋាន និង​ខាង​សន្តិសុខ៕