Accessibility links

Breaking News

បទវិចារណកថា៖ ទំនាក់ទំនង​រវាង​សហរដ្ឋ​អាមេរិក​និង​ប្រទេស​ឈីលី​ផ្អែក​លើ​ផល​ប្រយោជន៍​និង​គុណតម្លៃ​រួម


ប្រធានាធិបតី​ឈីលី​លោក Gabriel Boric (ស្តាំ) និង​រដ្ឋមន្ត្រី​ការបរទេស​អាមេរិក​លោក Antony Blinken ថត​រូប​រួមគ្នា​នៅ​វិមាន La Moneda ក្នុង​ទីក្រុង​សាន់ត្យាហ្គោ ប្រទេស​ឈីលី កាលពី​ថ្ងៃទី៥ ខែតុលា ឆ្នាំ២០២២។
ប្រធានាធិបតី​ឈីលី​លោក Gabriel Boric (ស្តាំ) និង​រដ្ឋមន្ត្រី​ការបរទេស​អាមេរិក​លោក Antony Blinken ថត​រូប​រួមគ្នា​នៅ​វិមាន La Moneda ក្នុង​ទីក្រុង​សាន់ត្យាហ្គោ ប្រទេស​ឈីលី កាលពី​ថ្ងៃទី៥ ខែតុលា ឆ្នាំ២០២២។

តទៅនេះ គឺ​ជា​បទ​វិចារណកថា​ដែល​ឆ្លុះ​បញ្ចាំង​អំពី​ទស្សនៈ​របស់​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក

រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក​លោក Antony Blinken បាន​មាន​ប្រសាសន៍​នៅ​ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​លោក​ទៅ​កាន់​ប្រទេស​ឈីលី​កាលពី​ពេល​ថ្មីៗ​នេះ​ថា៖ «នៅ​ឆ្នាំ​ក្រោយ សហរដ្ឋ​អាមេរិក​និង​ប្រទេស​ឈីលី​នឹង​ប្រារព្ធ​ខួប ២០០ ឆ្នាំ នៃ​ភាព​ជា​ដៃគូ។ យើង​មាន​ទំនាក់ទំនង​ដែល​ចង​ភ្ជាប់​ជាមួយ​គ្នា​ជា​មូលដ្ឋាន​ដោយ​ផល​ប្រយោជន៍​និង​គុណតម្លៃ​រួម»។

ទំនាក់ទំនង​សេដ្ឋកិច្ច​រវាង​ប្រទេស​ឈីលី​និង​សហរដ្ឋ​អាមេរិក​បាន​កើនឡើង​គួរ​ឱ្យ​កត់​សម្គាល់​តាំងពី​ពេល​ដែល​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ត្រូវ​បាន​ចុះ​ហត្ថលេខា​ដោយ​ប្រទេស​ទាំង​ពីរ​នៅ​ក្នុង​ឆ្នាំ ២០០៣ មក។

ដូច​ដែល​លោក​រដ្ឋមន្ត្រី Blinken បាន​កត់​សម្គាល់​ដូច្នេះ​ដែរ «ទំនាក់ទំនង​ពាណិជ្ជកម្ម​រវាង​ប្រទេស​យើង​ទាំង​ពីរ​បាន​កើនឡើង​ជាង ៤ ដង ដោយ​បាន​កើន​រហូត​ដល់​ជាង ៣៨ ពាន់​លាន​ដុល្លារ​កាលពី​ឆ្នាំ​មុន។ ទំនាក់ទំនង​ពាណិជ្ជកម្ម​នេះ​បាន​ផ្ដល់​ការងារ​រាប់​ម៉ឺន​ដល់​ប្រទេស​ទាំង​ពីរ»។

សហរដ្ឋ​អាមេរិក​គឺ​ជា​ប្រភព​កំពូល​នៃ​វិនិយោគ​បរទេស​ដោយ​ផ្ទាល់​របស់​ប្រទេស​ឈីលី​នៅ​ក្នុង​ពេល​កន្លង​មក ដោយ​បាន​វិនិយោគ​ជាង ២៥ ពាន់​លាន​ដុល្លារ​លើ​ផ្នែក​ដែល​កំពុង​កើនឡើង​ខ្លាំង​នានា​ដូចជា​ផ្នែក​ថាមពល​កកើត​ឡើង​វិញ​របស់​ប្រទេស​ឈីលី​ជាដើម។

សហរដ្ឋ​អាមេរិក​បាន​វិនិយោគ​ថវិកា ៧៦០ លាន​ដុល្លារ និង​បាន​ផ្ដល់​ជំនួយ​ផ្នែក​បច្ចេកទេស​ដល់​គម្រោង​ថាមពល​ព្រះអាទិត្យ​ចំនួន ៥ នៅ​ក្នុង​ប្រទេស​ឈីលី ដែល​ក្នុង​នោះ​គម្រោង​មួយ​ចំនួន​បាន​ផ្ដល់​អគ្គិសនី​ដល់​ផ្ទះ​និង​កន្លែង​អាជីវកម្ម​នានា​រួច​ហើយ​នៅ​ទូទាំង​ប្រទេស​ឈីលី។

វិស័យ​ថាមពល​កកើត​ឡើង​វិញ​របស់​ប្រទេស​ឈីលី​ផ្ដល់​ការ​ផ្គត់ផ្គង់​អគ្គិសនី​ចំនួន ៤៥% ដល់​ប្រទេស​ឈីលី​និង​បាន​ជួយ​បំពេញ​បន្ថែម​ទៀត​ដល់​គោល​បំណង​ថាមពល​ស្អាត​ដែល​ពោរពេញ​ដោយ​មហិច្ឆតា​របស់​ប្រទេស​ឈីលី ស្រប​ពេល​ដែល​ប្រទេស​នេះ​មាន​បំណង​ចង់​សម្រេច​ឱ្យ​បាន​នូវ​តុល្យភាព​ឧស្ម័ន​កាបូន​ក្នុង​បរិយាកាស​នៅ​ត្រឹម​ឆ្នាំ ២០៥០ ខាង​មុខ។

លោក​រដ្ឋមន្ត្រី Blinken បាន​បញ្ជាក់​ថា បើ​ទោះបីជា​សេដ្ឋកិច្ច​ប្រទេស​ឈីលី​បាន​រីក​ចម្រើន​ក្នុង​ពេល​ជា​ច្រើន​ឆ្នាំ​កន្លង​មក​នេះ​ក៏ដោយ វិសមភាព​ក៏​បាន​កើនឡើង​ផង​ដែរ​ដូច​ដែល​វា​បាន​កើនឡើង​ជា​ទូទៅ​នៅ​ទូទាំង​តំបន់។

នៅ​ក្រោម​ការ​គ្រប់គ្រង​របស់​លោក​ប្រធានាធិបតី Joe Biden សហរដ្ឋ​អាមេរិក​តាំងចិត្ត​ធ្វើ​ជា​ដៃគូ​ជាមួយ​នឹង​ប្រទេស​ឈីលី​ដើម្បី​បង្ហាញ​ឱ្យ​ឃើញ​ថា ប្រទេស​ប្រជាធិបតេយ្យ​អាច​ផ្ដល់​នូវ​លទ្ធផល​ជាក់ស្ដែង​ដល់​ប្រជាពលរដ្ឋ​របស់​ខ្លួន ដោះស្រាយ​តម្រូវការ​របស់​ពួកគេ និង​លើក​តម្កើង​សេចក្ដី​ប្រាថ្នា​របស់​ពួកគេ។

នេះ​គឺ​ជា​មូលហេតុ​មួយ​ដែល​សហរដ្ឋ​អាមេរិក​បាន​ចាប់ផ្ដើម​ដាក់​ឱ្យ​អនុវត្ត​នូវ​ភាព​ជា​ដៃគូ​ទ្វីប​អាមេរិក​សម្រាប់​វិបុលភាព​សេដ្ឋកិច្ច (Americas Partnership for Economic Prosperity)។ ភាព​ជា​ដៃគូ​នេះ​ផ្ដោត​លើ​ការ​ចាក់​គ្រឹះ​សម្រាប់​ការ​រីក​ចម្រើន​សេដ្ឋកិច្ច​ពី​ក្រោម​ឡើង​ទៅ​លើ​និង​ចេញ​ពី​កណ្ដាល​តាម​រយៈ​ការ​ពង្រីក​តំណ​ភ្ជាប់​ឌីជីថល​និង​ការ​ធ្វើ​ឱ្យ​សង្វាក់​ផ្គត់ផ្គង់​កាន់តែ​មាន​ភាព​ធន់​ជាង​មុន​នៅ​ក្នុង​តំបន់​អឌ្ឍគោល​ខាង​លិច។

សហរដ្ឋ​អាមេរិក​ទន្ទឹង​រង់ចាំ​ធ្វើការ​ជាមួយ​នឹង​ប្រទេស​ឈីលី​ដើម្បី​ពង្រីក​លទ្ធភាព​ទទួល​បាន​សេវា​សំខាន់ៗ​នានា​ដូចជា​សុខភាព​និង​ការ​អប់រំ​ជាដើម ក្នុង​គោល​បំណង​ដើម្បី​បណ្ដុះបណ្ដាល​និង​ផ្ដល់​គ្រឿង​បរិក្ខា​ផ្សេងៗ​ដល់​បុគ្គលិក​សុខាភិបាល​ចំនួន ៥០០.០០០ នាក់​នៅ​ទូទាំង​តំបន់​អឌ្ឍគោល​នេះ​នៅ​ក្នុង​រយៈពេល ៥ ឆ្នាំ។

លោក​រដ្ឋមន្ត្រី Blinken បាន​និយាយ​ថា៖ «គំនិត​ផ្ដួចផ្ដើម​នេះ ប្រសិនបើ​សម្រេច​បាន​ពេញលេញ នឹង​ធ្វើ​ឱ្យ​មាន​ភាព​ខុស​គ្នា​ខ្លាំង​ផ្នែក​ប្រតិបត្តិ​ជាក់ស្ដែង​នៅ​ក្នុង​ជីវភាព​រស់នៅ​របស់​មនុស្ស​រាប់​លាន​នាក់​នៅ​ទូទាំង​តំបន់​អឌ្ឍគោល​របស់​យើង»។

លោក Blinken ក៏​បាន​សម្ដែង​នូវ​ការ​ដឹងគុណ​ផង​ដែរ​ចំពោះ​ថ្នាក់​ដឹកនាំ​របស់​ប្រទេស​ឈីលី​លើ​បញ្ហា​ចំណាកស្រុក ដែល​ក្នុង​នោះ​រួម​មាន​ទាំង​ការ​ទទួល​យក​របស់​ប្រទេស​ឈីលី​នូវ​ជន​ចំណាកស្រុក​និង​ជន​ភៀសខ្លួន​វ៉េណេស៊ុយអេឡា​ប្រហែល​កន្លះ​លាន​នាក់ និង​ពលរដ្ឋ​ហៃទី ១៨០.០០០ នាក់​ផង​ដែរ។

ផ្អែក​លើ​មូលដ្ឋាន​គ្រឹះ​នៃ​គុណតម្លៃ​និង​ផល​ប្រយោជន៍​រួម សហរដ្ឋ​អាមេរិក​ទន្ទឹង​រង់ចាំ​បន្ត​កិច្ច​សហប្របត្តិការ​និង​ភាព​ជា​ដៃគូ​របស់​ខ្លួន​ជាមួយ​នឹង​ប្រទេស​ឈីលី​នៅ​ក្នុង​រយៈពេល​ជា​ច្រើន​ឆ្នាំ​ត​ទៅ​មុខ​ទៀត៕

XS
SM
MD
LG