Accessibility links

Breaking News

បទវិចារណកថា៖ សន្និសីទ​កំពូល​ប្រជាធិបតេយ្យ​ត្រូវ​ធ្វើ​ឱ្យ​ប្រាកដ​ថា​មាន​លទ្ធិ​ប្រជា​ធិបតេយ្យ​ប្រយោជន៍​ជូន​ប្រជារាស្ត្រ


រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក​លោក Antony Blinken ថ្លែង​សុន្ទរកថា​ក្នុង​សន្និសីទ​កំពូល​​អំពី​លទ្ធិ​ប្រជា​ធិបតេយ្យ​។
រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក​លោក Antony Blinken ថ្លែង​សុន្ទរកថា​ក្នុង​សន្និសីទ​កំពូល​​អំពី​លទ្ធិ​ប្រជា​ធិបតេយ្យ​។

តទៅនេះ ​គឺ​ជា​បទ​វិចារណកថា​ដែល​ឆ្លុះ​បញ្ចាំង​អំពី​ទស្សនៈ​របស់​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក

កាល​ពី​ខែ​មីនា​ សន្និសីទ​កំពូល​ទី​ពីរ​អំពី​លទ្ធិ​ប្រជា​ធិបតេយ្យ​បើក​ប្រជុំ​តាម​វីដេអូ​និង​ដោយមាន​ការ​ចូលរួម​ដោយ​ផ្ទាល់​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​និង​ក្រុង​ឯទៀតៗ​ ដោយ​មាន​មេ​ដឹកនាំ​និង​ក្រុម​អ្នក​តំណាង​នៃ​ប្រទេស​ជាង​១០០ ព្រម​ទាំង​អ្នក​តំណាង​ពី​ដៃ​គូ​មកពី​សង្គម​ស៊ីវិល​និង​វិស័យ​ឯកជន។​

នៅ​ក្នុង​សុន្ទរកថា​បិទ​សន្និសីទ​កំពូល​នេះ​ រដ្ឋមន្ត្រី​ការ​បរទេស​ស.រ.អ.​ ​លោក ​Antony Blinken​ បាន​កត់​សម្គាល់​ថា​ ​ពិភពលោក​បាន​ឋិត​នៅ​ត្រង់​ចំណុច​មួយ​ទាក់ទិន​នឹង​អនាគត​នៃ​លទ្ធិ​ប្រជា​ធិបតេយ្យ​ ដែល​អាស្រ័យ​ថា​ «តើ​យើង​ចង់​ធ្វើ​អ្វីៗ​គ្រប់​យ៉ាង​ដើម្បី​ធ្វើ​ឱ្យ​ប្រាកដ​ថា​ ប្រជារាស្ត្រ​ត្រូវ​តែ​បន្ត​ទទួល​បាន​លទ្ធិ​ប្រជា​ធិបតេយ្យ​ ឬ​យ៉ាងណា»។​

លោក​បាន​ថ្លែង​ថា​ ​ក្នុង​ការ​ធ្វើ​សកម្មភាព​ពេញ​មួយ​ឆ្នាំមុន​នេះ​តាំង​ពី​មាន​ការ​ប្រជុំ​សន្និសីទ​កំពូល​ទី​មួយ​អំពី​លទ្ធិ​ប្រជា​ធិបតេយ្យ​ «ក្រុម​នេះ​បាន​ឆ្លើយ​នឹង​សំណួរ​នេះ​យ៉ាង​ច្បាស់​លាស់​ថា ​បាទ​... ​យើង​បាន​ធ្វើ​ -​ហើយ​យើង​បាន​ធ្វើ​ការ​ប្តេជ្ញា​ជាង​៧០០​ដែល​ជួយ​យើង​ការពារ​និង​ពង្រឹង​គុណតម្លៃ​ប្រជា​ធិបតេយ្យ ​និង​ស្ថាប័ន​ប្រជា​ធិបតេយ្យ»។​

ជា​ឧទាហរណ៍ ​ លោក​រដ្ឋមន្ត្រី ​Blinken ​បាន​ចង្អុល​បង្ហាញ​ពី​ច្បាប់​និង​ការ​ផ្តើម​គំនិត​ថ្មីៗ​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើ​ពុក​រលួយ​នៅ​ប្រទេសអេក្វាទ័រ​ សាធារណ​រដ្ឋ​ដូមីនីក​ និង​ប្រទេស​អូស្ត្រាលី​ រហូត​ដល់​វិធាន​ការ​គាំទ្រ​កាសែត​សេរី​ និង​ឯករាជ្យ​នៅ​ប្រទេស​បារាំង ​ប្រទេស​ស្លូវ៉ាគី ​ នូវែលសេឡង់​ និង​ស.រ.អ.​តាម​រយៈ​ការ​ផ្តើម​គំនិត​ដែល​ជួយ​ឱ្យ​បណ្តាញ​ព័ត៌មាន​ឯករាជ្យ​មាន​ស្ថិរភាព​ហិរញ្ញ​វត្ថុ​ជាង​មុន​ ហើយ​ក៏មាន​ការ​លុប​ចោល​ច្បាប់ ​ដូច​នៅ​ប្រទេស​សំប៊ី​ដែល​អាច​ត្រូវ​ប្រើ​សម្រាប់​បំបិទ​មាត់​ពួក​អ្នក​រិះគន់​រដ្ឋាភិបាល​ និង​រហូត​ដល់​សកម្មភាព​សម្រាប់​ការពារ​សិទ្ធិ​ពលរដ្ឋ​និង​សិទ្ធិ​មនុស្ស ​មាន​រួម​សិទ្ធិ​របស់​ក្រុម​ជនជាតិ​ដើម​និង​ពួក​ជន​ក្នុង​ក្រុម​សហគមន៍ LGBTQI+ គឺ​ក្រុម​អ្នក​ស្រឡាញ់​ភេទ​ដូចគ្នា​ និង​កែភេទ។

លោក​រដ្ឋមន្ត្រី​ Blinken ​បាន​មាន​ប្រសាសន៍​ថា​ «នៅ​ពេល​យើង​ប្រុង​ប្រៀប​សម្រាប់​សន្និសីទ​កំពូល​ក្នុង​ពេល​ខាង​មុខ​ទៀត​ យើង​នឹង​បន្ត​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក​ ធ្វើ​ឱ្យ​មាន​ភាព​ធន់ ​ សម្រប​សម្រួល​ និង​បន្ត​កិច្ច​ប្រឹងប្រែង​រួម​គ្នា​របស់​យើង»។​

លោក​រដ្ឋមន្ត្រី ​Blinken ​បាន​ប្រកាស​ថា​ «ព្រោះ​ហេតុ​នេះ​ហើយ​បាន​ជា​យើង​រៀបចំ​ឱ្យ​មាន​ការ​ជួប​ជុំ​ទូលំ​ទូលាយ​នៃ​ក្រុម​អ្នកចូល​រួម​ក្នុង​សន្និសីទ​កំពូល​នេះ​ដើម្បី​ធ្វើ​ឱ្យ​មាន​ការ​ជឿនលឿន​នៃ​អាទិភាព​ រួមមាន​តាំង​ពី​ការ​ឧបត្ថម្ភ​ផ្ចុង​ផ្តើម​ឱ្យ​មាន​ការ​ចូល​រួម​របស់​យុវជន​ក្នុង​នយោបាយ ​ គាំទ្រ​ដល់​សារ​ព័ត៌មាន​ឯករាជ្យ ​ធ្វើ​ឱ្យ​ប្រាកដ​ថា​មាន​ការ​បោះឆ្នោត​ដោយ​សេរី​ និង​ដោយ​យុត្តិធម៌​ និង​...​រៀបចំ​ឱ្យ​មាន​បទដ្ឋាន​ខាង​អ៊ីនធឺណិត​និង​បច្ចេកវិទ្យា​ទំនើបៗ»។​

លោក​រដ្ឋមន្ត្រី ​Blinken ​បាន​និយាយ​ថា​ «យើង​មិន​ជឿ​ថា​ ​យើង​មាន​ដំណោះ​ស្រាយ​ទាំងអស់​ទេ​ គឺ​នៅ​វែង​ឆ្ងាយ​ទៀត។ ​ តែ​យើង​ដឹង​ថា នៅ​ពេល​ណា​យើង​រួបរួម​ជា​មួយ​ប្រទេស​គោរព​លទ្ធិ​ប្រជា​ធិបតេយ្យដូចយើង​ដែរនោះ​ ​ យើង​ជួយ​គ្នា​ទៅវិញ​ទៅ​មក​ឱ្យ​កាន់​តែ​ខ្លាំង​ កាន់​តែ​រឹងមាំ​ ឆ្លើយ​តប​ប្រសើរ​ឡើង​ចំពោះ​តម្រូវ​ការ​ពលរដ្ឋ​ ហើយ​យើង​អាច​ធ្វើ​បាន​ល្អ​ប្រសើរ​ជាង​មុន​នូវ​អ្វី​ដែល​យើង​មក​ទី​នេះ​ដើម្បី​ធ្វើ ​គឺ​ផ្តល់​អត្ថ​ប្រយោជន៍​ប្រជា​ធិបតេយ្យ​ដល់ប្រជា​ពលរដ្ឋ​របស់​យើង​- ​ហើយ​ខ្ញុំ​សង្ឃឹម​ថា ​ដល់​ពិភព​លោក​ទាំង​មូល​ផង​ដែរ»៕

XS
SM
MD
LG