បទវិចារណកថា៖ លោក ​ប្រធានាធិបតី Biden បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​អង់ហ្គោឡា

រូបឯកសារ៖ ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Joe Biden ថ្លែង​សុន្ទរកថា​នៅ​សារមន្ទីរ​ទាសករ​ជាតិ​ក្នុង​ទីក្រុង​លូអង់ដា ប្រទេស​អង់ហ្គោឡា នៅ​ថ្ងៃ​ទី ៣ ខែ​ធ្នូ ឆ្នាំ ២០២៤។

តទៅ​នេះ​ គឺ​ជា​បទ​វិចារណកថា​ដែល​ឆ្លុះ​បញ្ចាំង​អំពី​ទស្សនៈ​របស់​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក

លោក​ប្រធានាធិបតី Joe Biden កាលពី​ពេល​ថ្មីៗ​នេះ​បាន​ក្លាយជា​ប្រធានាធិបតី​អាមេរិក​ដំបូង​គេ​បង្អស់​ក្នុង​ការ​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​អង់ហ្គោឡា។

លោក​ប្រធានាធិបតី Biden បាន​មាន​ប្រសាសន៍​ថា៖ «ក្នុង​អំឡុង​អាណត្តិ​ជា​ប្រធានាធិបតី​របស់​ខ្ញុំ វា​គឺជា​គោលដៅ​របស់​សហរដ្ឋ​អាមេរិក​ក្នុង​ការ​ស្ថាបនា​ភាព​ជា​ដៃគូ​ដ៏​ខ្លាំងក្លា​មួយ​ជាមួយ​ប្រជាពលរដ្ឋ​និង​ប្រទេស​ជាតិ​នានា​នៅ​ទូទាំង​ទ្វីប​អាហ្វ្រិក»។

ភាព​ជា​មេដឹកនាំ​របស់​ទ្វីប​អាហ្វ្រិក​នឹង​មាន​សារៈសំខាន់​នៅពេល​ខាងមុខ ដោយសារតែ​មនុស្ស​ម្នាក់​ក្នុង​ចំណោម​មនុស្ស ៤ នាក់​នៅ​លើ​ផែនដី​នេះ​នឹង​រស់នៅ​ក្នុង​ទ្វីប​នេះ​នៅ​ត្រឹម​ឆ្នាំ ២០៥០។ វា​អាស្រ័យ​លើ​មនុស្ស​ជំនាន់​បន្ទាប់​នេះ​នៅក្នុង​ការ​ពង្រីក​លទ្ធភាព​ទទួល​បាន​ថាមពល​ស្អាត ដោះស្រាយ​ការ​គំរាម​កំហែង​ផ្នែក​សុខភាព​សាកល និង​ធ្វើឲ្យ​មាន​ការ​កើនឡើង​នូវ​ចំនួន​អ្នក​មាន​ជីវភាព​ធូរធារ​មធ្យម​នៅ​លើ​ពិភពលោក។

កាលពី​ពីរ​ឆ្នាំ​មុន សហរដ្ឋ​អាមេរិក​បាន​សន្យា​ផ្គត់ផ្គង់​ប្រាក់ ៥៥ ពាន់​លាន​ដុល្លារ​នៅ​ក្នុង​ការ​វិនិយោគ​ថ្មី​នៅ​ទ្វីប​អាហ្វ្រិក និង​បាន​សន្យា​កៀរគរ​អាជីវកម្ម​អាមេរិក​ឲ្យ​ធ្វើ​យ៉ាងណា​សម្រេច​ឲ្យ​បាន​នូវ​កិច្ច​ព្រមព្រៀង​ថ្មី​ជាមួយ​នឹង​ដៃគូ​នានា​នៅ​ទ្វីប​អាហ្វ្រិក។ ផែនការ​នេះ​បាន​បង្ហាញ​ឲ្យ​ឃើញ​រួចហើយ​ថា​មាន​ផ្លែផ្កា​ល្អ។

លោក​ប្រធានាធិបតី Biden បាន​មាន​ប្រសាសន៍​ថា៖ «ប្រធាន​ទីភ្នាក់ងារ​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​ជាង ២០ រូប​និង​សមាជិក​គណៈរដ្ឋមន្ត្រី​របស់​ខ្ញុំ​បាន​ធ្វើ​ដំណើរ​ទៅកាន់​ទ្វីប​អាហ្វ្រិក​ដើម្បី​ផ្តល់​ប្រាក់​វិនិយោគ​ជាង ៤០ ពាន់​លាន​ដុល្លារ​ក្នុង​ពេល​កន្លងមក។ យើង​បាន​ប្រកាស​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​ថ្មី​ជិត ១.២០០ រវាង​ក្រុមហ៊ុន​អាហ្វ្រិក​និង​ក្រុមហ៊ុន​អាមេរិក និង​រវាង​ក្រុមហ៊ុន​អាមេរិក​ផ្ទាល់ ដែល​មាន​តម្លៃ​សរុប ៥២ ពាន់​លាន​ដុល្លារ ដែល​ក្នុង​នោះ​រួមមាន​ទាំង​ការ​វិនិយោគ​ក្នុង​ផ្នែក​ថាមពល​ព្រះអាទិត្យ ទូរគមនាគមន៍ ហិរញ្ញវត្ថុ​ចល័ត ហេដ្ឋារចនាសម្ព័ន្ធ និង​ភាព​ជា​ដៃគូ​ជាមួយ​ក្រុមហ៊ុន​អាកាសចរណ៍​អាមេរិក​ផងដែរ»។

លោក​ប្រធានាធិបតី Biden បាន​ប្រកាស​ថា៖ «ការ​ប្រឡូក​ទាំងស្រុង​លើ​ទ្វីប​អាហ្វ្រិក​នេះ​មាន​ន័យ​ថា​ជា​ការ​ធ្វើ​ឱ្យ​ប្រាកដ​ថា​ទស្សនៈ​របស់​ភាគី​អាហ្វ្រិក​អំពី​បញ្ហា​សំខាន់​បំផុត​ត្រូវបាន​រាប់​បញ្ចូល​នៅ​តុ​ចរចា»។

លោក​ប្រធានាធិបតី Biden បាន​ថ្លែង​ថា៖ «នៅ​ក្រោម​ការដឹកនាំ​របស់​ខ្ញុំ សហរដ្ឋ​អាមេរិក​បាន​ធ្វើ​ឱ្យ​សហភាព​អាហ្វ្រិក​ក្លាយជា​សមាជិក​អចិន្ត្រៃយ៍​នៃ​ក្រុម​ប្រទេស​សេដ្ឋកិច្ច G-20 ហើយ​យើង​បាន​ទទូច​ឱ្យ​មាន​តំណាង​អាហ្វ្រិក​កាន់តែ​ច្រើន​ក្នុង​ចំណោម​ថ្នាក់ដឹកនាំ​នៃ​អង្គការ​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ (IMF) និង​ស្ថាប័ន​ហិរញ្ញវត្ថុ​ពិភពលោក​នានា។ យើង​ក៏​បាន​ជំរុញ​ផងដែរ​ដើម្បី​ធ្វើ​ឱ្យ​ប្រាកដ​ថា​ប្រទេស​កំពុង​អភិវឌ្ឍន៍​មិន​ត្រូវ​ជ្រើសរើស​រវាង​ការ​សង​បំណុល​ដែល​គ្មាន​និរន្តភាព​និង​លទ្ធភាព​នៃ​ការ​វិនិយោគ​លើ​ប្រជាពលរដ្ឋ​ផ្ទាល់​ខ្លួន​នោះទេ»។

លោក​ប្រធានាធិបតី Biden បាន​សន្យា​ថា៖ «សហរដ្ឋ​អាមេរិក​បន្ត​ក្លាយជា​អ្នក​ផ្តល់​ជំនួយ​មនុស្សធម៌​និង​ជំនួយ​អភិវឌ្ឍន៍​ដ៏​ធំ​ជាង​គេ​បង្អស់​នៅ​លើ​ពិភពលោក។ ហើយ​ជំនួយ​ទាំងនេះ​នឹង​បន្ត​កើនឡើង»។

លោក​និយាយ​ដូច្នេះ​ថា៖ «ខ្ញុំ​ប្រកាស​ផ្ដល់​ការ​គាំទ្រ​ផ្នែក​មនុស្សធម៌​ថ្មី​ដែល​មាន​ទឹកប្រាក់​ជាង ១ ពាន់​លាន​ដុល្លារ​សម្រាប់​ពលរដ្ឋ​អាហ្វ្រិក​ណា​ដែល​បាន​បង្ខំ​ផ្លាស់ទី​ចេញពី​ផ្ទះ​សម្បែង [របស់​ខ្លួន] ដោយសារ​គ្រោះ​រាំងស្ងួត​ជា​ប្រវត្តិសាស្ត្រ​និង​អសន្តិសុខ​ស្បៀង​អាហារ។ ក៏ប៉ុន្តែ យើង​ដឹង​ថា​មេដឹកនាំ​និង​ពលរដ្ឋ​អាហ្វ្រិក​កំពុង​ស្វះស្វែង​រក​លើស​ពី​ជំនួយ​ទៅទៀត ដែល​នោះ​គឺ​ការ​វិនិយោគ។ ដូច្នេះ​ហើយ សហរដ្ឋ​អាមេរិក​កំពុង​ពង្រីក​ទំនាក់ទំនង​របស់​យើង​ទាំងអស់​នៅ​ទូទាំង​ទ្វីប​អាហ្វ្រិក ដែល​មាន​តាំងពី​ការ​ជួយ​ជ្រោមជ្រែង ជំនួយ ការ​វិនិយោគ រហូត​ដល់​ពាណិជ្ជកម្ម ដោយ​វិវត្ត​ក្លាយ​ពី​អ្នក​ឧបត្ថម្ភ​ទៅ​ជា​ដៃគូ​ដើម្បី​ជួយ​ភ្ជាប់​គម្លាត​ហេដ្ឋារចនាសម្ព័ន្ធ»។

លោក​ប្រធានាធិបតី Bidenបាន​មាន​ប្រសាសន៍​ទៀត​ថា សព្វថ្ងៃ​នេះ សហរដ្ឋ​អាមេរិក​និង​ប្រទេស​អង់ហ្គោឡា​កំពុង​ឈរ​ប្រកៀក​ស្មាគ្នា ធ្វើការ​ជាមួយ​គ្នា ដើម្បី​ផល​ប្រយោជន៍​រួម​សម្រាប់​ប្រជាពលរដ្ឋ​របស់​ប្រទេស​ទាំង​ពីរ៕