តទៅនេះ គឺជាបទវិចារណកថាដែលឆ្លុះបញ្ចាំងពីទស្សនៈរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក
នៅក្នុងដំណើរទស្សនកិច្ចកាលពីពេលថ្មីៗនេះក្នុងប្រទេសនីហ្សេរីយ៉ា រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោក Antony Blinken បានមានប្រសាសន៍ថា៖ «ស.រ.អ. ដឹងថា ឧបសគ្គជាបន្ទាន់ស្ទើតែទាំងស្រុង និងឱកាសដែលយើងប្រឈមទាំងប៉ុន្មាននោះ ទ្វីបអាហ្វ្រិកនឹងធ្វើឱ្យមានការប្រែប្រួល។ ខ្ញុំមានជំនឿថា ទ្វីបអាហ្វ្រិក នឹងរៀបចំអនាគតខ្លួនបានល្អ ហើយមិនមែនតែអនាគតនៃប្រជារាស្ត្រអាហ្វ្រិកប៉ុណ្ណោះទេ ថែមទាំងអនាគតរបស់ពិភពលោកដែរ»។
លោករដ្ឋមន្ត្រី Blinken បាននិយាយថា៖ «ការពិតជាក់ស្តែងបង្ហាញច្បាស់លាស់ដោយខ្លួនឯង គឺទ្វីបនេះ ជាទ្វីបមួយនៃមនុស្សវ័យក្មេង ដែលមានថាមពល មានគំនិតច្នៃប្រឌិតថ្មីៗ ស្រេកឃ្លានចង់បានការងារ និងឱកាស។ មិនហួសពីឆ្នាំ២០២៥ ប្រជារាស្ត្រជាងពាក់កណ្តាលក្នុងទ្វីបអាហ្វ្រិក នឹងមានអាយុតិចជាង២៥ឆ្នាំ។ មិនហួសពីឆ្នាំ២០៥០ មនុស្សម្នាក់ក្នុងបណ្តាមនុស្សបូននាក់នៅលើផែនដីនេះ ជាជនជាតិអាហ្វ្រិក»។
ទ្វីបអាហ្វ្រិកប្រុងប្រៀបនឹងក្លាយជាតំបន់សេដ្ឋកិច្ចសំខាន់បំផុតមួយក្នុងពិភពលោក។ នៅពេលណាតំបន់ពាណិជ្ជកម្មសេរីទ្វីបអាហ្វ្រិកមានប្រទេស៥៤ជាសមាជិក អនុវត្តបានពេញលេញ តំបន់នេះ នឹងក្លាយជាប្លុក (bloc) សេដ្ឋកិច្ចធំបំផុតទី៥ ក្នុងពិភពលោក។
ក្នុងដំណើរទស្សនកិច្ចលើកទីមួយរបស់លោកទៅទ្វីបអាហ្វ្រិកក្នុងឋានៈលោកជារដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បានទៅទស្សនាប្រទេសបី គឺប្រទេសកេនយ៉ា នីហ្សេរីយ៉ា និងប្រទេសសេណេហ្គាល់ដែលលោកបានពណ៌នាប្រទេសទាំងនេះថា ជាប្រទេសប្រជាធិបតេយ្យ ជាក្បាលម៉ាស៊ីននៃការលូតលាស់សេដ្ឋកិច្ច ជាមេដឹកនាំខាងអាកាសធាតុ និងជាអ្នកជំរុញគំនិតច្នៃប្រឌិតថ្មីៗ។ លោកបានប្រកាសអំពីកិច្ចព្រមព្រៀងថ្មីៗក្នុងប្រទេសជាតិនីមួយៗ។
លោកបាននិយាយថា៖ «យើងទើបមកពីប្រទេសកេនយ៉ាដែលនៅទីនោះ យើងបានប្រកាសអំពីការផ្តើមគំនិតថ្មីមួយដើម្បី ជួយមនុស្សច្រើនជាងមុនឱ្យបានចាក់វ៉ាក់សាំងប្រឆាំងនឹងជំងឺកូវីដ១៩ យើងប្តេជ្ញាជាលើកដំបូងថា នឹងចូលរួមក្នុងកិច្ចចរចាអំពីកិច្ចព្រមព្រៀងសាកលសម្រាប់ប្រយុទ្ធនឹងការធ្វើឱ្យមហាសមុទ្រកខ្វក់ដោយសារ ប្លាស្ទីក (plastic) និងចាប់ផ្តើមគម្រោងការមួយជាមួយអង្គការ National Geographic ដើម្បីប្រគល់អំណាចឱ្យក្រុមយុវជនទូទាំងទ្វីបអាហ្វ្រិកប្រយុទ្ធប្រឆាំងនឹងវិបត្តិធាតុអាកាស»។
នៅក្នុងប្រទេសនីហ្សេរីយ៉ា ស.រ.អ. ប្រារព្ធកិច្ចព្រមព្រៀងជំនួយអភិវឌ្ឍន៍មួយមានទឹកប្រាក់២ពាន់ ១រយ លានដុល្លារដែលគាំទ្រកិច្ចសហប្រតិបត្តិការរវាងស.រ.អ. និងនីហ្សេរីយ៉ាក្នុងផ្នែកសុខាភិបាល ការសិក្សាអប់រំ កសិកម្ម និងអភិបាលកិច្ចល្អ។ លោករដ្ឋមន្ត្រី Blinken ក៏បានទៅទស្សនាមជ្ឈមណ្ឌល «Inno8» ដើម្បីជួបជាមួយពួកអ្នកជំនាញខាងច្នៃប្រឌិត និងពួកសហគ្រិនដ៏អស្ចារ្យនៃប្រទេសនីហ្សេរីយ៉ាផងដែរ។
ហើយនៅក្នុងប្រទេសសេណេហ្គាល់ ក្រុមហ៊ុនស.រ.អ. បួន បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងដើម្បីធ្វើកិច្ចសហការជាមួយរដ្ឋាភិបាលសេណេហ្គាល់លើគម្រោងការហេដ្ឋារចនាសម្ព័ន្ធ។ លោករដ្ឋមន្ត្រី Blinken ក៏បានទៅមើលវិទ្យាស្ថាន Pasteur ក្នុងក្រុងដាកា ដែលផលិតវ៉ាក់សាំងកូវីដ១៩ ជាជំនួយគាំទ្រ និងវិនិយោគរបស់ស.រ.អ. ព្រមទាំងបានជួបជាមួយក្រុមមេដឹកនាំស្ត្រីខាងវិស័យបច្ចេកវិទ្យា និងជំនួញផងដែរ។
លោករដ្ឋមន្ត្រី Blinken បានមានប្រសាសន៍ថា៖ «ដំណើរទស្សនកិច្ចរបស់ខ្ញុំ ឆ្លុះបញ្ចាំងឱ្យឃើញពីទំហំ និងជម្រៅនៃភាពដៃគូរបស់យើងក្នុងទ្វីបអាហ្វ្រិក—អំពីវិធីដែលយើងត្រូវធ្វើការរួមគ្នាដើម្បីរកដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិតថ្មី ឆ្លើយតបនឹងឧបសគ្គថ្មីៗ និងអំពីវិធីដែលយើងត្រូវផ្តល់ប្រភពធនធានវិនិយោគដ៏មានសក្តានុពលក្នុងរយៈពេលយូរ ជាជាងកំណត់រយៈពេលខ្លី»៕