បទវិចារណកថា៖ លោកស្រី​អនុប្រធានាធិបតី Kamala Harris ថ្លែង​អំពី​បញ្ហា​ចំណាក​ស្រុក​មិន​ប្រក្រតី​ពី​ប្រទេស​ក្វាតេម៉ាឡា

អនុប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោកស្រី Kamala Harris ថ្លែង​សុន្ទរកថា​ក្នុង​អំឡុងពេល​សន្និសីទ​សារព័ត៌មាន​មួយ​នៅ​វិមាន​ជាតិ​ ក្នុង​ទីក្រុង Guatemala City ប្រទេស​ក្វាតេម៉ាឡា ថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២១។

តទៅនេះ​ គឺ​ជា​បទ​វិចារណកថា​ដែល​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​របស់​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក

កាល​ពី​ពេល​ថ្មីៗ​នេះ លោកស្រី​អនុប្រធានាធិបតី​ Kamala Harris បានធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​ក្វាតេម៉ាឡា​ដែល​ជា​ផ្នែក​មួយនៃ​ទស្សនកិច្ចនៅ​ក្រៅ​ប្រទេស​ទី​មួយ​របស់​លោកស្រីក្នុង​ឋានៈជាអនុប្រធានាធិបតី​ដើម្បី​ពិភាក្សា​អំពី​ឬសគល់​នៃ​មូលហេតុ​ដែល​នាំឱ្យ​មាន​ការ​ធ្វើ​ចំណាក​ស្រុក​មិន​ប្រក្រតីពី​តំបន់​កណ្តាលទ្វីប​អាមេរិក​មក​កាន់សហរដ្ឋ​អាមេរិក​ និងដើម្បី​ដោះស្រាយកត្តាធ្ងន់ធ្ងរដែល​បណ្តាល​ឱ្យ​មនុស្ស​ចាកចេញ​ពី​ប្រទេស​ពួក​គេ​ដោយមានរួមបញ្ចូលមហន្តរាយ​ធម្មជាតិ​ អសន្តិសុខស្បៀង​អាហារ​ ការស្រេកឃ្លាន និង​វិបត្តិ​អាកាសធាតុ។

លោកស្រី​អនុប្រធានាធិបតី​ Harris សង្កត់​ធ្ងន់លើ​សេចក្តី​ត្រូវការ​ឱ្យ​មនុស្ស​មានសេចក្តី​សង្ឃឹម។​ លោកស្រី​បានមានប្រសាសន៍ថា «រដ្ឋាភិបាល​យើងនីមួយៗ​ ត្រូវផ្តល់​សេចក្តី​សង្ឃឹមដល់​មនុស្ស​ថា នឹង​មានជំនួយដើម្បី​ឱ្យ​ពួក​គេ​ដឹង​ថា គេបានដឹង​ឮសំឡេងពួកគេ ថា​យើងឃើញសមត្ថភាព​ពួក​គេ ហើយថា ​យើង​ថែម​ទាំង​យល់​អំពី​ឧបសគ្គ​ និង​សេចក្តី​ត្រូវការរបស់​ពួក​គេក្នុង​ឱ្យ​មានការ​គាំទ្រនិងប្រភព​ធនធាន​ដែល​មនុស្សគ្រប់គ្នា​ត្រូវ​ការដើម្បី​ឱ្យរស់​»។

លោកស្រី​អនុប្រធានាធិបតី​ Harris និង​លោក​ប្រធានាធិបតី​ក្វាតេម៉ាឡា Alejandro Giammettei ​បាន​ពិភាក្សា​គ្នាអំពី​វិធី​ដែលសហរដ្ឋ​អាមេរិក​ និងក្វាតេម៉ាឡា ​ត្រូវធ្វើ​ដើម្បី​ពង្រឹង​កិច្ច​សហប្រតិបត្តិការដើម្បី​ទប់ទល់ការ​ជួញដូរ​គ្រឿង​ញៀន​ និង​ការជួញ​ដូរ​មនុស្សឆ្លង​កាត់​ព្រំដែន។ លោកស្រី​អនុប្រធានាធិបតី​ Harris បានប្រកាស​ថា «ប្រទេស​ជាតិ​យើង ​បានធ្វើការ​សហការ​ជា​មួយ​គ្នាក្នុង​បញ្ហា​ទាំង​នេះ​ ​ហើយ​យើង​នឹងបង្កើត​ក្រុម​ការងារ​ពិសេសខាង​ការជូញ​ដូរ​មនុស្ស​ដែល​នឹង​ធ្វើការជា​មួយពួក​អ្នក​ពង្រឹង​ច្បាប់​ក្នុង​មូលដ្ឋាន​ដើម្បី​បញ្ឈប់​ឧក្រិដ្ឋកម្មទាំង​នេះ»។

មេដឹកនាំ​ទាំ​ងពីរ​ ក៏​បាន​ពិនិត្យ​មើល​ឬសគល់នៃ​មូលហេតុ​ដែលនាំឱ្យ​មាន​ការ​ធ្វើ​ចំណាក​ស្រុកមិន​ប្រក្រតី​ ជា​ពិសេសការ​ខ្វះ​ឱកាស​សេដ្ឋកិច្ចសម្រាប់​មនុស្ស​ជា​ច្រើននាក់​ក្នុងប្រទេសក្វាតេម៉ាឡា​ ដោយ​មានរួមបញ្ចូល ទាំង​ការខ្វះ​ឱកាស​សម្រាប់​យុវជន ​ស្រ្តី​ និង​នារីជា​អ្នក​ស្រុក​ដើម ព្រមទាំង​បញ្ហា​ផ្សេងទៀត។ ជា​ការឆ្លើយ​តប សហរដ្ឋ​អាមេរិក ​នឹងចាប់​ផ្តើមការ​ផ្តើម​គំនិតឱ្យ​អំណាច​ដល់​ក្រុម​ស្ត្រីវ័យ​ក្មេង និង​បង្កើន​ការ​សិក្សា​អប់រំ​របស់​ពួក​គេផង​ដែរ។

លោកស្រី​អនុប្រធានាធិបតី​ Harris​ បាន​មានប្រសាសន៍​ថា «យើង​នឹង​ធ្វើ​វិនិយោគក្នុងវិស័យ​ជំនួញ​កសិកម្ម​ ការធ្វើឱ្យ​មានផ្ទះ​សំបែង​ធូរថ្លៃ និង​គាំទ្រ​ពួកសហគ្រិន»។

លោកស្រី​អនុប្រធានាធិបតី​ Harris​ បាន​ថ្លែងថា ​សហរដ្ឋ​អាមេរិក​ប្តេជ្ញា​ជា​ពិសេសដល់​កិច្ច​ប្រឹងប្រែងប្រឆាំង​នឹង​អំពើ​ពុក​រលួយ និង​ឧបត្ថម្ភ​ផ្ចុងផ្តើមឱ្យ​មាន​តុលាការ​ឯករាជ្យ។ លោក​ស្រីបាន​មានប្រសាសន៍​ថា៖

«សហរដ្ឋ​អាមេរិក ​នឹង​បង្កើតក្រុមការងារប្រឆាំងនឹងអំពើពុក​រលួយ​ដែល​ជា​ក្រុម​ថ្មី​ស្រឡាងមួយ។​ ក្រសួងយុត្តិធម៌​ ​ក្រសួងហិរញ្ញវត្ថុ និង​ក្រសួង​ការបរទេសរបស់​យើង​ ​នឹងធ្វើការជា​មួយ​គ្នា​ដើម្បី​ស៊ើប​អង្កេត​ និង​ហ្វឹកហ្វឺនពួក​អ្នក​ពង្រឹង​ច្បាប់ក្នុង​មូលដ្ឋាន​ឱ្យ​ធ្វើការ​ស៊ើប​អង្កេតរបស់​ពួកគេ​ផ្ទាល់»។

លោកស្រី​អនុប្រធានាធិបតី​ Harris​ បានសង្កត់ធ្ងន់ថា «​គោលដៅនៃកិច្ចការ​របស់​យើង គឺជួយប្រជារាស្ត្រក្វាតេម៉ាឡាឱ្យ​មានសេចក្តី​សង្ឃឹម​នៅក្នុងប្រទេស​ពួក​គេ​»។

លោកស្រី​អនុប្រធានាធិបតី​ Harris​ បាន​ប្រកាស​ថា ​ជិតមាន​សេចក្តី​សង្ឃឹមហើយ។លោកស្រី​បាន​ថ្លែង​ថា​ «សកម្មភាពដែល​យើង​ធ្វើ​ជា​មួយគ្នា នឹង​កែលម្អជីវភាព​ប្រជារាស្ត្រ​ក្វាតេម៉ាឡា» និង​សម្រាលសេចក្តី​ត្រូវការ​ចាកចេញ​ពី​ប្រទេស​ពួក​គេ៕