បទវិចារណកថា៖ សហរដ្ឋ​អាមេរិក ឈរ​ជាមួយ​ឥណ្ឌា​នៅក្នុង​ការប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូវីដ១៩

រូបឯកសារ៖ បុគ្គលិក​សុខាភិបាល រៀបចំ​ចាក់វ៉ាក់សាំង​កូវីដ១៩ ដល់​បុរសម្នាក់​នៅ​ប្រទេស​ឥណ្ឌា កាលពី​ថ្ងៃព្រហស្បតិ៍​ទី២២ ខែមេសា ឆ្នាំ២០២១។

តទៅនេះ​ គឺ​ជា​បទ​វិចារណកថា​ដែល​ឆ្លុះ​បញ្ចាំង​អំពី​ទស្សនៈ​របស់​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក

ប្រទេស​ឥណ្ឌា​ កំពុង​ប្រឈម​នឹង​ការ​កើនឡើង​គួរ​ឲ្យ​ភ្ញាក់ផ្អើល​នូវ​ករណី​ឆ្លង​និង​ស្លាប់​ដោយសារ​ជំងឺ​កូវីដ១៩ ហើយ​សហរដ្ឋ​អាមេរិក​បាន​ជួយ​ដល់​ប្រទេស​នេះ ដែល​ជា​ដៃគូ​របស់​ខ្លួន។

ប្រទេស​ទាំង​ពីរ​ បាន​ធ្វើការ​ជាមួយ​គ្នា​លើ​បញ្ហា​សុខភាព​សាកល​អស់​រយៈពេល ៧ ទសវត្សរ៍​មក​ហើយ។ ជាង​នេះ​ទៀត ភាព​សុប្បរស​របស់​ប្រទេស​ឥណ្ឌា​ចំពោះ​សហរដ្ឋ​អាមេរិក​នៅ​ក្នុង​ដំណាក់កាល​ដំបូងៗ​នៃ​ការ​ឆ្លង​រាតត្បាត​ជំងឺ​កូវីដ១៩ នៅ​ពេល​ដែល​មន្ទីរពេទ្យ​នៅ​សហរដ្ឋ​អាមេរិក​ហួស​សមត្ថភាព​របស់​ខ្លួន​ដែល​អាច​ទ្រាំទ្រ​បាន គឺ​ត្រូវបាន​ចងចាំ​ទុក​ និង​ដឹង​គុណ។

នៅ​ក្នុង​ការ​បង្កើន​ការ​គាំទ្រ​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​វិបត្តិ​ជំងឺ​កូវីដ១៩ នៅ​ក្នុង​ប្រទេស​ឥណ្ឌា រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​ បាន​ផ្ដល់​ជំនួយ​ជាង១០០ លាន​ដុល្លារ គិត​មក​ទល់​នឹង​ពេល​នេះ។

នៅ​ក្នុង​សន្និសីទ​កាសែត​មួយ​កាលពី​ថ្ងៃ​ទី ១១ ខែ​ឧសភា អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក​លោក Ned Price បាន​ប្រកាស​ថា ជំនួយ​ដឹក​តាម​យន្តហោះ​ចំនួន៦ គ្រឿង ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​ប្រទេស​ឥណ្ឌា​រួច​ហើយ​ក្នុង​រយៈពេល៦ ថ្ងៃ។

លោក Price ថ្លែង​ដូច្នេះ​ថា៖ «គ្រឿង​ផ្គត់ផ្គង់​នៅ​ក្នុង​ជំនួយ​ដឹក​តាម​យន្តហោះ​ទាំង​នោះ​មាន​ដូចជា ថ្នាំ remdesivir ២០.០០០ ឈុត ធុង​ខ្យល់​អុកស៊ីសែន​ជិត ១.៥០០ ធុង ម៉ាស៊ីន​ចម្រាញ់​ខ្យល់​អុកស៊ីសែន​ចល័ត ៥៥០ គ្រឿង ប្រដាប់​ធ្វើ​តេស្ត​រក​វីរុស​រហ័ស ១ លាន​សម្រាប់ ម៉ាស់​ប្រភេទ N-95 ជិត ២ លាន ៥ សែន​ម៉ាស់ ប្រព័ន្ធ​ចម្រាញ់​ខ្យល់​អុកស៊ីសែន​ទ្រង់ទ្រាយ​ធំ ប្រដាប់​ស្ទង់​ជីបចរ និង​គ្រឿង​បរិក្ខារ​ជា​ច្រើន​ទៀត»។

លោក Price បាន​បន្ថែម​ថា៖ «ទីភ្នាក់ងារ​សហរដ្ឋ​អាមេរិក​សម្រាប់​អភិវឌ្ឍន៍​អន្តរជាតិ (USAID) បាន​រួម​ចំណែក​ថវិកា​ភ្លាមៗ​ដើម្បី​ទិញ​ម៉ាស៊ីន​ចម្រាញ់​ខ្យល់​អុកស៊ីសែន​ចល័ត​ចំនួន ១.០០០ គ្រឿង​បន្ថែម​ទៀត​នៅ​ក្នុង​ប្រទេស​ឥណ្ឌា»។

ដើម្បី​បង្កើន​កិច្ច​សហប្រតិបត្តិការ​ឲ្យ​បាន​ជា​អតិបរមា សហរដ្ឋ​អាមេរិក​ក៏​ធ្វើការ​យ៉ាង​ជិតស្និទ្ធ​ផងដែរ​ជាមួយ​នឹង​ម្ចាស់​ជំនួយ​ផ្ទាល់​នីមួយៗ វិស័យ​ឯកជន និង​អង្គការ​ក្រៅ​រដ្ឋាភិបាល​នានា។

លោក Price បាន​លើកឡើង​ថា កន្លង​មក វិស័យ​ឯកជន​បាន​ប្ដេជ្ញា​បរិច្ចាគ​ជំនួយ​ចំនួន ៤០០ លាន​ដុល្លារ​ទៀត​ដល់​ប្រទេស​ឥណ្ឌា។ លោក​បាន​និយាយ​ថា នេះ​គឺជា​វិធានការ​មួយ​ដែល​សហរដ្ឋ​អាមេរិក «ពេញចិត្ត​នឹង​ឃើញ​យ៉ាង​ខ្លាំង»។

ដើម្បី​គាំទ្រ​វិធានការ​របស់​សាកលលោក​នៅ​ក្នុង​ការ​បញ្ចប់​ជំងឺ​កូវីដ១៩ លោក Andrew Slavitt ទីប្រឹក្សា​ជាន់​ខ្ពស់​នៃ​ក្រុម​ឆ្លើយតប​ទៅ​នឹង​វិបត្តិ​ជំងឺ​កូវីដ១៩ របស់​សេតវិមាន បាន​និយាយ​ថា សហរដ្ឋ​អាមេរិក​ក៏​នឹង​ពិចារណា​ផងដែរ​អំពី​ជម្រើស​នានា ដើម្បី​ចែក​រំលែក​វ៉ាក់សាំង​កូវីដ១៩ ដែល​មាន​សុវត្ថិភាព​និង​ប្រសិទ្ធភាព​ជាមួយ​នឹង​ប្រទេស​ផ្សេងៗ នៅ​ពេល​ដែល​មាន​វ៉ាក់សាំង​ទាំង​នោះ។

រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​ដែល​ដឹកនាំ​ដោយ​លោក​ប្រធានាធិបតី Joe Biden និង​អ្នកស្រី​អនុ​ប្រធានាធិបតី Kamala Harris ជឿជាក់​យ៉ាង​មុតមាំ​លើ​ការ​ការពារ​កម្មសិទ្ធិ​បញ្ញា ប៉ុន្តែ​នៅ​ក្នុង​កិច្ចការ​បញ្ចប់​ជំងឺ​រាតត្បាត​នេះ សហរដ្ឋ​អាមេរិក ​ក៏​នឹង​គាំទ្រ​ផងដែរ​ឲ្យ​មាន​ការ​លើកលែង​ការ​ការពារ​កម្មសិទ្ធិ​បញ្ញា​សម្រាប់​វ៉ាក់សាំង​កូវីដ១៩ នៅ​ក្រោម​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក។

សហរដ្ឋ​អាមេរិក​រួម​សាមគ្គី​ជាមួយ​នឹង​ប្រទេស​ឥណ្ឌា នៅពេល​ដែល​ប្រទេស​នេះ​ ប្រយុទ្ធ​ប្រឆាំង​នឹង​រលក​នៃ​ការ​ឆ្លង​ជំងឺ​កូវីដ១៩ កាលពី​ពេល​ថ្មីៗ​នេះ ហើយ​នឹង​បន្ត​ធ្វើការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​នឹង​មន្ត្រី​រដ្ឋាភិបាល​ឥណ្ឌា​ និង​អ្នក​ជំនាញ​ផ្នែក​សុខភាព​នានា ដើម្បី​រក​ឲ្យ​ឃើញ​និង​ឆ្លើយតប​ទៅ​នឹង​វីរុស​បំប្លែង​ថ្មី​នៃ​វិបត្តិ​ដែល​កំពុង​មាន​ជាបន្ត​នេះ។

ដូច​ដែល​លោក Price បាន​និយាយ​ដូច្នេះ​ដែរ ការ​តាំងចិត្ត​របស់​សហរដ្ឋ​អាមេរិក​នៅ​ក្នុង​ការ​ជួយ​ប្រទេស​ឥណ្ឌា​ឆ្លុះ​បញ្ចាំង​ឲ្យ​ឃើញ​នូវ​ការ​ប្ដេជ្ញាចិត្ត​របស់​លោក​ប្រធានាធិបតី Biden សម្រាប់​សហរដ្ឋ​អាមេរិក «នៅ​ក្នុង​ការ​បន្ត​ធ្វើជា​មេដឹកនាំ នៅ​ពេល​ដែល​មាន​វិបត្តិ​មនុស្សធម៌​កើតឡើង និង​ជា​មេដឹកនាំ​នៅ​ពេល​ដែល​មាន​វិបត្តិ​សុខភាព​សាធារណៈ​ជា​សាកល​កើតឡើង»៕