បទវិចារណកថា៖ សហរដ្ឋ​អាមេរិក ដាក់​ទណ្ឌកម្ម​សមាជិក​បណ្តាញ​ស៊ើបការណ៍​សម្ងាត់​អ៊ីរ៉ង់

រូបឯកសារ៖ អ្នកស្រី Alinejad Masih អ្នកកាសែត​ជនជាតិ​អាមេរិកាំង​ដើមកំណើត​អ៊ីរ៉ង់ បង្ហាញ​រថយន្ត​របស់​ការិយាល័យ​សហព័ន្ធ​ស៊ើបអង្កេត (FBI) ដែល​យាម​នៅ​ខាងក្រៅ​លំនៅដ្ឋាន​របស់​អ្នកស្រី។

តទៅ​នេះ ​គឺ​ជា​បទ​វិចារណកថា​ដែល​ឆ្លុះ​បញ្ចាំង​អំពី​ទស្សនៈ​របស់​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក

សហរដ្ឋ​អាមេរិក បាន​ដាក់​ទណ្ឌកម្ម​ប្រឆាំង​សមាជិក​ ៤រូប​របស់​បណ្តាញ​ភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់​របស់​របប​អ៊ីរ៉ង់។

ចំណាត់ការ​នេះ​ កើត​មាន​ឡើង​បន្ទាប់​ពីការ​ប្រកាស​កាល​ពី​ខែ​កក្កដា​របស់រដ្ឋអាជ្ញា​សហរដ្ឋ​អាមេរិក​សម្រាប់​ស្រុក​ខាង​ត្បូង​នៃ​រដ្ឋ New York អំពី​ការ​ចោទប្រកាន់​ឧក្រិដ្ឋកម្ម​ប្រឆាំង​នឹង​ជនជាតិ​អ៊ីរ៉ង់ ​៤នាក់​ចំពោះ​ការ​ប៉ុនប៉ង​ចាប់​ពង្រត់​ពលរដ្ឋ​អាមេរិកាំង​នៅ​លើ​ទឹកដី​សហរដ្ឋ​អាមេរិក​ ហើយ​បង្ខំ​ឲ្យ​អ្នក​ស្រី​វិល​ត្រឡប់​ទៅ​កាន់​ប្រទេស​អ៊ីរ៉ង់។

ការដៅនៃ​ការចាប់​ពង្រត់ បាន​កំណត់​អត្តសញ្ញាណ​ថា ​ជា​អ្នកស្រី Masih Alinejad ជា​អ្នក​កាសែត​អាមេរិកាំង​ដើម​កំណើត​អ៊ីរ៉ង់ ជា​សកម្មជន​សិទ្ធិ​មនុស្ស និង​ជា​អ្នក​រិះគន់​របប​អ៊ីរ៉ង់​ដែល​ស្ថិត​នៅ​ក្នុង​ចំណោម​សកម្មជន​ផ្សេង​ទៀត​ដែល​បាន​រៀបចំ​កម្មវិធី​ទូរទស្សន៍​ដ៏​មាន​ប្រជាប្រិយភាព​សម្រាប់​វីអូអេ សំឡេង​សហរដ្ឋ​អាមេរិក (VOA)។

រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក​លោក Antony Blinken បាន​ហៅ​ផែនការ​ចាប់​ពង្រត់​នេះ​ថា ​ជា​«ការ​រំលោភ​ដ៏​ធ្ងន់ធ្ងរ​ទៅ​លើច្បាប់​អន្តរជាតិ​ដ៏​សំខាន់»។ លោក​បាន​ចង្អុល​បង្ហាញ​នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​ថា ហួសពី​ផែនការ​ដ៏​ជាក់​លាក់​នេះ «សហរដ្ឋ​អាមេរិក​នៅតែ​ដឹងអំពីការ​បន្ត​ការ​យក​ចិត្ត​ទុកដាក់​របស់​អ៊ីរ៉ង់​ដៅលើ​ពលរដ្ឋ​អាមេរិកាំង​ផ្សេង​ទៀត រួមទាំង​មន្ត្រី​សហរដ្ឋ​អាមេរិក​ដែល​កំពុង​បម្រើ​ការងារ​នៅពេល​បច្ចុប្បន្ន​និង​កាលពី​អតីតកាល»។​

ជនជាតិ​អ៊ីរ៉ង់​ ៤នាក់​ដែល​រង​ការដាក់​ទណ្ឌកម្ម​ទាំង​នោះ​គឺ លោក Alireza Shahvaroghi Farahani មន្ត្រី​ស៊ើបការណ៍​សម្ងាត់ជាន់​ខ្ពស់​ដែល​មាន​ទីតាំង​ក្នុង​ប្រទេស​អ៊ីរ៉ង់​ដែល​ដឹកនាំ​បណ្តាញ​ការងារ​របស់​ភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់​ដែល​រួមមាន​បុគ្គល​៣នាក់​ទៀត​ដែល រងការដាក់​ទណ្ឌកម្ម​គឺ៖ Mahmoud Khazein, Kiya Sadeghi និង Omid Noor។ លោក​រដ្ឋមន្ត្រី​ការបរទេស Blinken បាន​ថ្លែង​ទៀត​ថា បណ្តាញ​នេះ ​មាន​ភារកិច្ច​មិន​ត្រឹមតែចាប់​ពង្រត់​អ្នក​កាសែត​អាមេរិកាំង​ដើម​កំណើត​អ៊ីរ៉ង់​ប៉ុណ្ណោះ​ទេ ប៉ុន្តែក៏​ចាប់​ពង្រត់​ពួក​អ្នក​ប្រឆាំង​អ៊ីរ៉ង់​នៅ​ក្នុង​ចក្រភព​អង់គ្លេស កាណាដា​និង​ប្រទេស​អេមីរ៉ាតអារ៉ាប់រួម​ដែរ។

ភ្នាក់ងារ​អ៊ីរ៉ង់​៤នាក់​ដែល​ត្រូវ​បាន​គេ​ចាត់​ទុក​ជា​តំណាង​ឲ្យ​ក្រសួង​ស៊ើបការណ៍​សម្ងាត់​និង​សន្តិសុខ​របស់​អ៊ីរ៉ង់​ ឬ MOIS ជា​អង្គភាព​ដែល​មាន​ទីតាំង​នៅ​សហរដ្ឋ​អាមេរិក​និង​ជា​ស្ថាប័ន​ដែល​គេ​ភ័យ​ខ្លាច​បំផុត​មួយ​នៅ​ក្នុង​ប្រទេសអ៊ីរ៉ង់។ ដូចដែល​ក្រសួង​ហិរញ្ញវត្ថុ​សហរដ្ឋ​អាមេរិក បាន​កត់សម្គាល់​នៅ​ក្នុង​ការ​ប្រកាស​ដាច់​ដោយ​ឡែក​មួយអំពី​ការ​ដាក់​ទណ្ឌកម្ម​ប្រឆាំង​បណ្តាញ​ការងារ​ស៊ើបការណ៍​សម្ងាត់​អ៊ីរ៉ង់​ថា «MOIS បាន​ដើរ​តួនាទី​ដ៏​សំខាន់​នៅ​ក្នុង​ការ​រំលោភ​សិទ្ធិ​មនុស្ស​ដ៏​ព្រៃផ្សៃ​របស់​រដ្ឋាភិបាល​អ៊ីរ៉ង់​ប្រឆាំង​នឹង​ពលរដ្ឋ​អ៊ីរ៉ង់» ហើយ «ការ​បង្ក្រាប​របស់​អ៊ីរ៉ង់​ដែល​ជារឿយៗ​ធ្វើ​ឡើង​ដោយ​ក្រសួង MOIS ក៏​មាន​ហួស​ពី​ព្រំដែន​ពី​ប្រទេស​អ៊ីរ៉ង់​ដែរ ដោយ​មាន​ផែនការ​ប្រហាក់​ប្រហែល​គ្នា​នៅ​ទ្វីប​អឺរ៉ុប​និង​ទីកន្លែង​ផ្សេងទៀត»។

ការ​ដាក់ទណ្ឌកម្ម​លើ​ភ្នាក់ងារ​អ៊ីរ៉ង់​៤​នាក់​នេះ​មាន​ន័យ​ថា ទ្រព្យសម្បត្តិ​ណា​ក៏ដោយ​ដែល​ពួកគេ​កាន់កាប់​នៅ​ក្នុង​សហរដ្ឋ​អាមេរិក ត្រូវ​បាន​បិទខ្ទប់ មិន​មាន​ពលរដ្ឋ​សហរដ្ឋ​អាមេរិក​ណា​ម្នាក់​អាច​ធ្វើ​ពាណិជ្ជកម្ម​ជាមួយ​ពួកគេ ហើយ​ស្ថាប័ន​ហិរញ្ញវត្ថុ​បរទេស​ដែល​ទាក់ទិន​នៅ​ក្នុង​ការ​ធ្វើ​ពាណិជ្ជកម្ម​សំខាន់​ៗ​ជាមួយ​ពួកគេ​ក៏​ត្រូវ​រង​ការដាក់​ទណ្ឌកម្ម​ដែរ។

លោក​រដ្ឋមន្ត្រី​ការបរទេស Blinken បានមាន​ប្រសាសន៍​ទៀត​ថា សហរដ្ឋ​អាមេរិក «នឹង​មិន​អនុគ្រោះ​ដល់​ការ​ខំប្រឹងប្រែង​ដើម្បី​បំភិត​បំភ័យ​ដល់​អ្នក​កាសែត​ឯករាជ្យ​ ឬ​បំបិទ​សំឡេង​របស់​ពួកគេ​ទេ។ យើង នឹង​ធ្វើ​ឲ្យ​ពួកគេ​ទទួល​ខុសត្រូវ។ ហើយ​យើង​នឹង​មិន​អនុគ្រោះ​ដល់​ការ​វាយ​ប្រហារ​ណា​មួយ​លើ​ពលរដ្ឋ​សហរដ្ឋ​អាមេរិក​នៅ​ក្នុង​ប្រទេស​នេះ​ ឬ​នៅ​បរទេស​នោះ​ទេ»៕