តទៅនេះ គឺជាបទវិចារណកថាដែលឆ្លុះបញ្ចាំងពីទស្សនៈរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក
សហរដ្ឋអាមេរិកនិងហ្វីលីពីនមានសម្ពន្ធភាពជាប់សន្ធិសញ្ញាចាប់តាំងពីឆ្នាំ១៩៥១មក។ ឥឡូវនេះសម្ព័ន្ធភាពរបស់ប្រទេសទាំង២កំពុងពង្រីក ហើយកាន់តែខ្លាំងឡើង។
នៅដើមខែនេះ ប្រទេសហ្វីលីពីននិងសហរដ្ឋអាមេរិកបានប្រកាសផែនការដើម្បីបង្កើនកិច្ចសហប្រតិបត្តិការនៅក្រោមកិច្ចព្រមព្រៀងលើកស្ទួយកិច្ចសហប្រតិបត្តិការការពារជាតិ ឬ (EDCA) ឆ្នាំ ២០១៤។ កិច្ចព្រមព្រៀង EDCA ជាសរសរស្តមដ៏សំខាន់មួយនៃសម្ពន្ធភាពសន្ធិសញ្ញារវាងសហរដ្ឋអាមេរិកនិងហ្វីលីពីននិងគាំទ្រការហ្វឹកហាត់ ការធ្វើសមយុទ្ធរួមគ្នានិងអន្តរកិច្ចប្រតិបត្តិការ និងឆ្លុះបញ្ចាំងពីការតាំងចិត្តរួមរបស់សហរដ្ឋអាមេរិកដើម្បីរក្សាសណ្តាប់ធ្នាប់ក្នុងតំបន់។
ប្រទេសទាំង២នេះបានប្រកាសថា ទីកន្លែងក្រោមកិច្ចព្រមព្រៀង EDCA បន្ថែមចំនួន៤នៅក្នុងតំបន់យុទ្ធសាស្ត្រមួយចំនួននៃប្រទេសហ្វីលីពីននឹងត្រូវបន្ថែមនៅទីកន្លែង៥នៅពេលបច្ចុប្បន្ន ហើយថានឹងមានការបញ្ចប់ដ៏សំខាន់ៗនៃគម្រោងទាំងនោះនៅក្នុងទីកន្លែង៥ដែលមានស្រាប់។ រហូតមកទល់សព្វថ្ងៃនេះ សហរដ្ឋអាមេរិកបានធ្វើវិភាជន៍ថវិកាចំនួន៨២លានដុល្លារសម្រាប់ការវិនិយោគក្នុងហេដ្ឋារចនាសម្ពន្ធនៅក្រោមកិច្ចព្រមព្រៀង EDCA ដោយហេតុនេះ ការគាំទ្រការរីកលូតលាស់សេដ្ឋកិច្ច និងការបង្កើតការងារក្នុងសហគមន៍មូលដ្ឋាននៅក្នុងប្រទេសហ្វីលីពីន។
ក្នុងអំឡុងពេលនៃសន្និសីទកាសែតរួមគ្នាកាលពីថ្ងៃទី២ ខែកុម្ភៈនៅក្នុងរដ្ឋធានីម៉ានីលក្នុងឱកាសនៃដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីការពារជាតិសហរដ្ឋអាមេរិកលោក Lloyd Austin រដ្ឋមន្ត្រីការពារជាតិហ្វីលីពីនលោក Carlito Galvez បានកំណត់វិស័យអាទិភាពនានាសម្រាប់សម្ពន្ធភាពនេះ រួមមាន«ការអនុវត្តពេញលេញនៃកិច្ចព្រមព្រៀងការលើកស្ទួយកិច្ចប្រតិបត្តិការការពារជាតិ»។
លោករដ្ឋមន្ត្រី Galvez បាននិយាយថា ការពិភាក្សារបស់លោកជាមួយលោករដ្ឋមន្ត្រីការពារជាតិ Austin ដើម្បី«បន្តការពង្រឹងការខំប្រឹងប្រែងនៃកិច្ចសហការរបស់ប្រទេសយើងនៅក្នុងការដោះ ស្រាយការគំរាមកំហែងសន្តិសុខជាបន្ទាន់នៅក្នុងតំបន់និងការដោះស្រាយប្រកបដោយប្រសិទ្ធភាពនូវគ្រោះមហន្តរាយធម្មជាតិដែលបណ្តាលមកពីការប្រែប្រួលអាកាសធាតុដែលជាការព្រួយកង្វល់សាកលដ៏សំខាន់មួយដែលចាំបាច់ប្រឈមនៅពេលខាងមុខនេះ»។
ក្នុងការឆ្លើយតបវិញ រដ្ឋមន្ត្រីការពារជាតិសហរដ្ឋអាមេរិកលោក Austin បានបញ្ចាក់ថា កិច្ចព្រមព្រៀង EDCA ជាកិច្ចព្រមព្រៀងនៃកិច្ចសហប្រតិបត្តិការដែលអាចធ្វើសកម្មភាពផ្លាស់វេនដែលប្រទេសទាំង២អាចឆ្លើយតបដល់បញ្ហាប្រឈមរួមឱ្យកាន់តែមានប្រសិទ្ធភាពខ្លាំងឡើង។
លោករដ្ឋមន្ត្រីការពារជាតិ Austin បានចង្អុលបង្ហាញថា ការលើកស្ទួយកិច្ចសហប្រតិបត្តិការ រួមទាំងការធ្វើទំនើបកម្មសមត្ថភាពយោធារបស់ហ្វីលីពីននឹងជួយ«ដោះស្រាយសកម្មភាពអស្ថិរភាពនៅផ្ទៃទឹកជុំវិញប្រទេសហ្វីលីពីន។ ការខិតខំប្រឹងប្រែងទាំងនេះមានសារៈសំខាន់ជាពិសេសនៅពេលដែលសាធារណរដ្ឋប្រជាមានិតចិនបន្តធ្វើឱ្យជឿនលឿនការទាមទារខុសច្បាប់របស់ខ្លួននៅសមុទ្រភាគខាងលិចហ្វីលីពីន»។
រដ្ឋមន្ត្រីការពារជាតិសហរដ្ឋអាមេរិកលោក Austin បាននិយាយថា «សម្ពន្ធភាពរបស់យើងធ្វើឱ្យលទ្ធិប្រជាធិបតេយ្យរបស់យើងកាន់តែស្ថិតស្ថេរឡើង និងជួយលើកស្ទួយតំបន់ឥណ្ឌូប៉ាស៊ីហ្វិកសេរី និងបើកចំហរ។ ខ្ញុំមានទំនុកចិត្តថា យើងនឹងបន្តធ្វើការជាមួយគ្នាដើម្បីការពារតម្លៃនៃសេរីភាពរួមរបស់យើង ប្រជាធិបតេយ្យ និងសេចក្តីថ្លៃថ្នូរនៃមនុស្សជាតិ»៕