បទវិចារណកថា៖ សហរដ្ឋ​អាមេរិក​បន្ធូរបន្ថយ​ការ​រឹតត្បិត​ដើម្បី​ជួយ​ប្រជាពលរដ្ឋ​ស៊ីរី

រូបឯកសារ៖ បង្គោល​ភ្លើង​នៅ​ក្រុង Kiswah ជាយ​ទីក្រុងដាម៉ាស​នៃ​ប្រទេស​ស៊ីរី ថត​កាលពី​ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២១។

រូបឯកសារ៖ បង្គោល​ភ្លើង​នៅ​ក្រុង Kiswah ជាយ​ទីក្រុងដាម៉ាស​នៃ​ប្រទេស​ស៊ីរី ថត​កាលពី​ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២១។

តទៅ​នេះ​ គឺ​ជា​បទ​វិចារណកថា​ដែល​ឆ្លុះ​បញ្ចាំង​អំពី​ទស្សនៈ​របស់​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក

សហរដ្ឋ​អាមេរិក​បាន​បន្ធូរបន្ថយ​ការ​រឹតត្បិត​លើ​ជំនួយ​មនុស្សធម៌​ដល់​ប្រទេស​ស៊ីរី​ដើម្បី​ជួយ​ប្រជាពលរដ្ឋ​ស៊ីរី​នៅ​ក្នុង​ដំណាក់កាល​អន្តរកាល​នយោបាយ។

ស៊ីរី​បាន​ក្លាយជា​ប្រទេស​មួយ​ដែល​រង​ការ​ដាក់​ទណ្ឌកម្ម​ខ្លាំង​បំផុត​នៅ​ក្នុង​ពិភពលោក​នៅ​ក្នុង​ការ​ឆ្លើយតប​ចំពោះ​ភាព​ឃោរឃៅ​របស់​អតីត​ប្រធានាធិបតី​ស៊ីរី​លោក Bashar Al-Assad ដែល​បាន​បញ្ឆេះ​ឱ្យ​មាន​សង្គ្រាម​ស៊ីវិល​ដ៏​រន្ធត់​រយៈពេល ១៣ ឆ្នាំ​តាមរយៈ​ការ​បង្ក្រាប​ដ៏​ព្រៃផ្សៃ​របស់​លោក​លើ​ការ​តវ៉ា​ប្រឆាំង​រដ្ឋាភិបាល។

កាលពី​ថ្ងៃ​ទី ៨ ខែ​ធ្នូ ឆ្នាំ​មុន របប​ដឹកនាំ​របស់​លោក Assad បាន​បញ្ចប់​នៅពេល​ដែល​ក្រុម​ឧទ្ទាម​អ៊ិស្លាម​ដែល​ដឹកនាំ​ដោយ​ក្រុម Hayat Tahrir al-Sham (HTS) បាន​ចូល​កាន់កាប់​រដ្ឋធានី​ដាម៉ាស​ដោយ​បាន​ធ្វើ​ឱ្យ​លោក Assad និរទេស​ខ្លួន។ ក្នុង​ពេល​ប៉ុន្មាន​សប្តាហ៍​ក្រោយមក ក្រុម HTS ដែល​ធ្លាប់​ចង​សម្ពន្ធភាព​ជាមួយ​ក្រុម​អាល់កៃដា (al-Qaida) បាន​បង្កើត​រដ្ឋាភិបាល​អន្តរកាល​មួយ។

កាលពី​ថ្ងៃ​ទី ៦ ខែ​មករា ក្រសួង​ហិរញ្ញវត្ថុ​សហរដ្ឋ​អាមេរិក​បាន​ប្រកាស​ថា​ខ្លួន​បាន​ចេញ​អាជ្ញាប័ណ្ណ​ទូទៅ​មួយ​សម្រាប់​សកម្មភាព​និង​ការ​ទូទាត់​មួយ​ចំនួន​នៅ​ក្នុង​ប្រទេស​ស៊ីរី។

ក្រសួង​ហិរញ្ញវត្ថុ​អាមេរិក​បាន​បញ្ជាក់​នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​ថា៖ «សកម្មភាព​នេះ​គូស​បញ្ជាក់​អំពី​ការ​តាំងចិត្ត​របស់​សហរដ្ឋ​អាមេរិក​នៅក្នុង​ការ​ធ្វើ​ឱ្យ​ប្រាកដ​ថា​ការ​ដាក់​ទណ្ឌកម្ម​របស់​សហរដ្ឋ​អាមេរិក​មិន​បង្អាក់​ដល់​សកម្មភាព​មួយ​ចំនួន​ដើម្បី​បំពេញ​សេចក្តី​ត្រូវការ​ជា​មូលដ្ឋាន​របស់​មនុស្ស​នោះទេ ដែល​ក្នុង​នោះ​រួមមាន​ទាំង​ការ​ផ្ដល់​នូវ​សេវាកម្ម​សាធារណៈ​ឬ​ជំនួយ​មនុស្សធម៌​ផងដែរ។ ការ​អនុញ្ញាត​នេះ​មាន​រយៈពេល ៦ ខែ នៅពេល​ដែល​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​នៅ​បន្ត​ឃ្លាំមើល​ស្ថានការណ៍​វិវត្ត​ជាក់ស្ដែង»។

ការ​ដាក់​ទណ្ឌកម្ម​ភាគច្រើន​របស់​សហរដ្ឋ​អាមេរិក​ប្រឆាំង​នឹង​ស៊ីរី​នៅតែ​ស្ថិត​នៅ​ជា​ធរមាន ទោះបីជា​សហរដ្ឋ​អាមេរិក​បាន​ទម្លាក់​ចោល​នូវ​ការ​ផ្ដល់​ប្រាក់​រង្វាន់​សម្រាប់​មេដឹកនាំ​ក្រុម HTS លោក Ahmad al-Sharaa ដែល​គេ​ស្គាល់​ថា Mohammad al-Jawlani ក៏ដោយ។

មន្ត្រី​បស្ចិម​ប្រទេស​នានា រួម​ទាំង​មន្ត្រី​សហរដ្ឋ​អាមេរិក​ផងដែរ បាន​ជួប​ជាមួយ​លោក al-Sharaa ហើយ​បាន​ជំរុញ​រដ្ឋាភិបាល​អន្តរកាល​របស់​លោក​ឱ្យ​គិតគូរ​ពី​សេចក្តី​ត្រូវការ​និង​សិទ្ធិ​របស់​ប្រជាពលរដ្ឋ​ស៊ីរី​ទាំងអស់។

កាលពី​ខែ​ធ្នូ ឆ្នាំ​មុន លោក​ប្រធានាធិបតី Joe Biden បាន​ព្រមាន​ថា ថ្នាក់ដឹកនាំ​ថ្មី​របស់​ស៊ីរី​មាន «ប្រវត្តិ​ភេរវកម្ម​និង​ការ​រំលោភ​សិទ្ធិ​មនុស្ស​ផ្ទាល់​របស់​ខ្លួន»។

ជាង​នេះ​ទៀត លោក​ប្រធានាធិបតី Biden បាន​ប្រកាស​ថា៖ «ពួកគេ​កំពុង​និយាយ​ពី​រឿង​ត្រឹមត្រូវ​នៅពេល​ឥឡូវ​នេះ ក៏ប៉ុន្តែ​នៅពេល​ដែល​ពួកគេ​មាន​ការ​ទទួល​ខុសត្រូវ​កាន់តែ​ធំ យើង​នឹង​វាយតម្លៃ​មិន​ត្រឹមតែ​លើ​ពាក្យ​សម្តី​របស់​ពួកគេ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​លើ​សកម្មភាព​របស់​ពួគគេ​ទៀត​ផង»។

នៅក្នុង​ការ​ប្រកាស​អំពី​ការ​បន្ធូរបន្ថយ​ការ​រឹតត្បិត​សម្រាប់​ជំនួយ​មនុស្សធម៌​នេះ ក្រសួង​ហិរញ្ញវត្ថុ​សហរដ្ឋ​អាមេរិក​បាន​កត់​សម្គាល់​នូវ «ស្ថានភាព​មិន​ធម្មតា» នាពេល​បច្ចុប្បន្ន​នេះ​ក្នុង​ប្រទេស​ស៊ីរី​និង​បំណង​ប្រាថ្នា​របស់​សហរដ្ឋ​អាមេរិក​នៅ​ក្នុង​ការ «គាំទ្រ​ប្រជាពលរដ្ឋ​ស៊ីរី​នៅពេល​ដែល​ពួកគេ​កសាង​អនាគត​មួយ​ដែល​មាន​ក្តី​សង្ឃឹម សន្តិសុខ និង​សន្តិភាព​ជាងមុន»។

ក្រសួង​ហិរញ្ញវត្ថុ​សហរដ្ឋ​អាមេរិក​បាន​បញ្ជាក់​ទៀត​ថា អាជ្ញាប័ណ្ណ​ទូទៅ​ដែល​ខ្លួន​បាន​ចេញ​នោះ​នឹង​ជួយ «ធ្វើ​ឱ្យ​ប្រាកដ​ថា​ទណ្ឌកម្ម​ទាំងនោះ​មិន​បង្អាក់​ដល់​សេវា​សំខាន់ៗ​និង​ការ​បន្ត​ទៅមុខ​នូវ​ដំណើការ​អភិបាលកិច្ច​នៅ​ទូទាំង​ប្រទេស​ស៊ីរី​នោះទេ ដែល​ក្នុង​នោះ​រួមមាន​ទាំង​ការ​ផ្ដល់​នូវ​អគ្គិសនី ថាមពល ទឹក និង​អនាម័យ​ផងដែរ»។

អនុ​រដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុសហរដ្ឋ​អាមេរិក​លោក Wally Adeyemo បាន​ប្រកាស​ថា៖ «ក្នុង​អំឡុង​ដំណាក់កាល​អន្តរកាល​នេះ ក្រសួង​ហិរញ្ញវត្ថុ [សហរដ្ឋ​អាមេរិក] នឹង​បន្ត​គាំទ្រ​ផ្នែក​ជំនួយ​មនុស្សធម៌​និង​អភិបាលកិច្ច​ដែល​មាន​ការ​ទទួល​ខុសត្រូវ​នៅក្នុង​ប្រទេស​ស៊ីរី»៕