Accessibility links

 
បទវិចារណកថា៖ អ៊ីរ៉ង់​បន្ត​ការ​គាបសង្កត់​ក្នុង​ប្រទេស ខណៈ​ចុះខ្សោយ​នៅ​បរទេស
Breaking News

បទវិចារណកថា៖ អ៊ីរ៉ង់​បន្ត​ការ​គាបសង្កត់​ក្នុង​ប្រទេស ខណៈ​ចុះខ្សោយ​នៅ​បរទេស


រូបឯកសារ៖ ទិដ្ឋភាព​ច្រក​ចូល​ពន្ធនាគារ Evin ក្នុង​ទីក្រុងតេហេរ៉ង់ ប្រទេស​អ៊ីរ៉ង់ កាលពី​ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២។
រូបឯកសារ៖ ទិដ្ឋភាព​ច្រក​ចូល​ពន្ធនាគារ Evin ក្នុង​ទីក្រុងតេហេរ៉ង់ ប្រទេស​អ៊ីរ៉ង់ កាលពី​ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២។

តទៅ​នេះ​ គឺ​ជា​បទ​វិចារណកថា​ដែល​ឆ្លុះ​បញ្ចាំង​អំពី​ទស្សនៈ​របស់​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក

ដូច​ដែល​រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក​លោក Antony Blinken បាន​និយាយ​កាលពី​ពេល​ថ្មីៗ​នេះ «ឆ្នាំ​នេះ​មិន​មែន​ជា​ឆ្នាំ​ដ៏​ល្អ​សម្រាប់​ប្រទេស​អ៊ីរ៉ង់​ទេ»។ ក្រុម​ហេសបូឡា ​និង​ក្រុម​ហាម៉ាស់​ដែល​ជា​តួអង្គ​តំណាង​សំខាន់ៗ​របស់​អ៊ីរ៉ង់​ត្រូវបាន​កម្ទេច។ របប​ដឹកនាំ​របស់​លោក Assad នៅ​ក្នុង​ប្រទេស​ស៊ីរី​ដែល​ជា​សម្ពន្ធមិត្ត​ដ៏​ជិតស្និទ្ធ​របស់​អ៊ីរ៉ង់​បាន​ដួល​រលំ។ មីស៊ីល​របស់​អ៊ីរ៉ង់​បាន​បង្ហាញ​ឱ្យ​ឃើញ​ថា​គ្មាន​ប្រសិទ្ធភាព។ ប្រព័ន្ធ​ការពារ​ដែន​អាកាស​ជា​ច្រើន​របស់​អ៊ីរ៉ង់​ត្រូវបាន​បំផ្លាញ។

ទោះបីជា​អ៊ីរ៉ង់​ប្រហែល​ជា​អាច​ចុះខ្សោយ​ក៏ដោយ ក៏​របប​ដឹកនាំ​របស់​អ៊ីរ៉ង់​នៅតែ​បន្ត​ការ​ជិះជាន់​គាបសង្កត់​ប្រជាពលរដ្ឋ​របស់​ខ្លួន​ដដែល ជា​ពិសេស​លើ​អ្នក​ដែល​បាន​បង្កើន​សំឡេង​របស់​ខ្លួន​ប្រឆាំង​នឹង​របប​ដឹកនាំ​អ៊ីរ៉ង់ ​ឬ​ផ្តល់​ដំណឹង ​និង​ព័ត៌មាន​ពិត។

ឧទាហរណ៍​បែប​នេះ​បាន​កើតឡើង​កាលពី​ខែ​ធ្នូ​នៅពេល​ដែល​អ្នក​កាសែត​លោក Reza Valizadeh ដែល​មាន​សញ្ជាតិ​ពីរ​គឺ​អាមេរិក​និង​អ៊ីរ៉ង់ ត្រូវបាន​កាត់ទោស​ឱ្យ​ជាប់​ពន្ធនាគារ ១០ ឆ្នាំ​ក្រោម​បទ​ចោទប្រកាន់​ថា «សហការ​ជាមួយ​រដ្ឋាភិបាល​អមិត្ត»។

លោក Valizadeh បាន​ធ្វើការ​ឱ្យ​វិទ្យុ Farda ដែល​ជា​វិទ្យុ​ផ្តល់​ថវិកា​ដោយ​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​ដែល​ជា​សាខា​មួយ​របស់​វិទ្យុ​អឺរ៉ុប​សេរី/វិទ្យុ​សេរីភាព (Radio Free Europe/Radio Liberty) និង​ជា​ផ្នែក​មួយ​នៃ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សំឡេង​សហរដ្ឋ​អាមេរិក (Voice of America)។

លោក​បាន​ចាកចេញ​ពី​ទីនោះ​ក្នុង​ឆ្នាំ ២០២២ និង​បាន​ធ្វើការ​ឱ្យ​សារព័ត៌មាន​ជា​ភាសា​ពែក្ស​ផ្សេងៗ​ទៀត។ លោក Valizadeh បាន​វិល​ត្រឡប់​ទៅកាន់​ប្រទេស​អ៊ីរ៉ង់​វិញ​នៅក្នុង​ខែ​កុម្ភៈ ឆ្នាំ ២០២៤ ដើម្បី​សួរ​សុខទុក្ខ​ក្រុម​គ្រួសារ​របស់​លោក ហើយ​ត្រូវបាន​ចាប់ខ្លួន​នៅ​ចុង​ខែ​កញ្ញា។ ក្នុង​អំឡុង​សវនាការ​តុលាការ​ពីរ​លើក​ក្នុង​ខែ​វិច្ឆិកា គេ​មិន​ឃើញ​មាន​វត្តមាន​តំណាង​ភាគី​ដើមចោទ​នោះទេ ដោយ​ចៅក្រម​បាន​ដើរ​តួនាទី​នេះ​ជំនួស​វិញ។

បន្ថែម​ទៅនឹង​ការ​កាត់ទោស​ឱ្យ​ជាប់​ពន្ធនាគារ ១០ ឆ្នាំ លោក Valizadeh ក៏​ត្រូវបាន​កាត់ទោស​ហាមឃាត់​មិន​ឱ្យ​ធ្វើ​ដំណើរ​រយៈពេល​ពីរ​ឆ្នាំ​និង​ពិន័យ​ផ្សេងៗ​ទៀត​ផងដែរ។ នៅពេល​បច្ចុប្បន្ន​នេះ លោក​កំពុង​ជាប់​ក្នុង​ពន្ធនាគារ Evin ហើយ​មាន​សេចក្តី​រាយការណ៍​ថា​លោក​មិន​ត្រូវបាន​អនុញ្ញាត​ឱ្យ​មាន​អ្នក​សួរ​សុខទុក្ខ​ទេ។

នៅ​ក្នុង​សន្និសីទ​កាសែត​មួយ អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក​លោក Matthew Miller បាន​ថ្កោលទោស​យ៉ាង​ខ្លាំងក្លា​ចំពោះ​ការ​កាត់ទោស​លោក Valizadeh នេះ និង​បាន​អំពាវនាវ​ឱ្យ​មាន​ការ «ដោះលែង» លោក «ជា​បន្ទាន់» និង​ឱ្យ​មាន​ការ «ដោះលែង​អ្នក​ទោស​នយោបាយ​ទាំងអស់​នៅ​ក្នុង​ប្រទេស​អ៊ីរ៉ង់»។

លោក Miller បាន​ថ្លែង​ថា៖ «រដ្ឋាភិបាល​អ៊ីរ៉ង់​បាន​បង្ក្រាប​ម្តង​ហើយ​ម្តង​ទៀត​លើ​សេរីភាព​សារព័ត៌មាន​តាមរយៈ​ការ​គំរាម​កំហែង ការ​បំភិត​បំភ័យ ការ​ឃុំឃាំង ការ​សារភាព​ដោយ​បង្ខិត​បង្ខំ និង​ការ​ប្រើប្រាស់​អំពើ​ហិង្សា​លើ​អ្នក​កាសែត​នៅ​ក្នុង​ប្រទេស​អ៊ីរ៉ង់»។

សន្ទស្សន៍​សេរីភាព​សារព័ត៌មាន​ឆ្នាំ ២០២៤ ដែល​ចេញផ្សាយ​ដោយ​អង្គការ​អ្នក​កាសែត​គ្មាន​ព្រំដែន (Reporters without Borders) បាន​ផ្តល់​ចំណាត់ថ្នាក់​ទី ១៧៦ ដល់​ប្រទេស​អ៊ីរ៉ង់​ក្នុង​ចំណោម​ប្រទេស​ចំនួន ១៨០ ដែល​ត្រូវបាន​វាយតម្លៃ។ ការ​វាយតម្លៃ​នេះ​បាន​បង្ហាញ​ថា​អ៊ីរ៉ង់​កំពុង​បន្ត​រក្សា​កេរ្តិ៍ឈ្មោះ​របស់​ខ្លួន​ជា​ប្រទេស​មួយ​ក្នុង​ចំណោម​ប្រទេស​ជិះជាន់​គាបសង្កត់​បំផុត​នៅ​លើ​ពិភពលោក​ទាក់ទិន​នឹង​សេរីភាព​សារព័ត៌មាន។

នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​កាលពី​ពេល​ថ្មីៗ​នេះ​ស្តីពី​ពិធី​បុណ្យ​បុរាណ Shab-e Yalda ដែល​ជា​ពិធីបុណ្យ​មួយ​ដែល​ពលរដ្ឋ​អ៊ីរ៉ង់​ប្រារព្ធ​រាត្រី​ដ៏​យូរ​បំផុត​ប្រចាំ​ឆ្នាំ លោក Miller បាន​និយាយ​ថា៖ «ក្នុង​ពិធី​បុណ្យ Shab-e Yalda នេះ សហរដ្ឋ​អាមេរិក​បញ្ជាក់​ឡើងវិញ​នូវ​ការ​គាំទ្រ​របស់​ខ្លួន​ចំពោះ​ប្រជាពលរដ្ឋ​អ៊ីរ៉ង់។ សេចក្តី​អង់អាច​ក្លាហាន​របស់​ពួកគេ​នៅ​ក្នុង​ការ​ប្រឈម​នឹង​ការ​គាបសង្កត់​និង​ការ​ស្វះស្វែង​រក​សេរីភាព​មិន​ងាករេ​របស់​ពួកគេ​បាន​ជំរុល​ទឹកចិត្ត​ដល់​មនុស្ស​ទូទៅ​នៅ​លើ​ពិភពលោក»។

លោក​បាន​បន្ថែម​ថា៖ «យើង​គាំទ្រ​ការ​ប្រឹងប្រែង​តស៊ូ​របស់​ពួកគេ ដោយ​ដឹង​ថា​អរុណោទ័យ​នៃ​អនាគត​ដ៏​ត្រចះត្រចង់​នឹង​កើតឡើង»៕

XS
SM
MD
LG