តទៅនេះ គឺជាបទវិចារណកថាដែលឆ្លុះបញ្ចាំងពីទស្សនៈរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក
ពលរដ្ឋរុស្ស៊ីរាប់ម៉ឺននាក់ក្នុងទីក្រុងជាង ១២០ រាប់តាំងពីក្រុង Saint Petersburg និងទីក្រុងមូស្គូនៅភាគខាងលិចប្រទេស រហូតដល់ក្រុង Irkutsk និងក្រុង Yuzhno-Sakhalinsk នៅភាគខាងកើតប្រទេស បានចេញធ្វើបាតុកម្មដោយសន្តិវិធី កាលពីថ្ងៃទី២៣ ខែមករា ដើម្បីប្រឆាំងនឹងការចាប់ខ្លួនលោក Alexei Navalny មេដឹកនាំក្រុមប្រឆាំង និងទាមទារឱ្យមានការដោះលែងលោក Navalny។
លោក Navalny ដែលជាមេធាវីនិងជាសកម្មជនប្រឆាំងអំពើពុករលួយរុស្ស៊ីមួយរូប ត្រូវបានចាប់ឃុំឃាំងកាលពីថ្ងៃទី១៧ ខែមករា នៅឯអាកាសយានដ្ឋាន Sheremetevo នៅពេលលោកបានត្រឡប់មកកាន់ប្រទេសរុស្ស៊ីវិញពីប្រទេសអាល្លឺម៉ង់ ដែលនៅទីនោះលោកបានជាសះស្បើយពីការប៉ុនប៉ងធ្វើឃាតរូបលោកដោយការប្រើសារធាតុពលបំផ្លាញសរសៃប្រសាទ។
ការចាប់ខ្លួននេះ ដែលត្រូវបានផ្សាយផ្ទាល់ក្នុងប្រទេសរុស្ស៊ីដោយអ្នកកាសែតឯករាជ្យ បានបណ្តាលឱ្យមានបាតុកម្មធំៗដោយគ្មានការអនុញ្ញាត ដែលមិនធ្លាប់ឃើញពីមុន ក្នុងអំឡុងពេលកាន់តំណែងរបស់ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin។
អ្នកស្រី Rebecca Ross អ្នកនាំពាក្យស្ថានទូតអាមេរិកប្រចាំក្រុងមូស្គូ បានបង្ហោះសារតាមបណ្តាញ Twitter ថា៖ «សហរដ្ឋអាមេរិកគាំទ្រសិទ្ធិរបស់មនុស្សគ្រប់រូប ក្នុងការតវ៉ាដោយសន្តិវិធី និងសេរីភាពបញ្ចេញមតិ។ ចំណាត់ការរបស់អាជ្ញាធររុស្ស៊ី កំពុងតែគាបសង្កត់សិទ្ធិពលរដ្ឋទាំងនោះ»។
ដំបូងឡើយ ប៉ូលិសរុស្ស៊ីបានឆ្លើយតបនឹងក្រុមបាតុករដោយភាពស្ងាត់ស្ងៀម ក៏ប៉ុន្តែនៅពេលដែលក្រុមបាតុករកាន់តែមានចំនួនច្រើនជាងមុន ហើយពួកគេបានប្រកែកមិនព្រមបំបែកការប្រមូលផ្តុំគ្នា នោះប៉ូលិសកុបកម្មដែលប្រដាប់ដោយអាវុធបានចាប់ផ្តើមបង្ក្រាបក្រុមបាតុករ ដោយទាញបាតុករម្តងម្នាក់ចេញពីការប្រមូលផ្តុំគ្នារបស់ពួកគេ ដោយមិនរើសមុខ ហើយបានចាប់អូសទាញបាតុករចេញពីកន្លែងធ្វើបាតុកម្ម។ នៅទូទាំងប្រទេសរុស្ស៊ី មនុស្សជាង ៣ពាន់ ៧រយនាក់ ត្រូវបានចាប់ខ្លួន។
លោក Ned Price អ្នកនាំពាក្យក្រសួងការបរទេសសហរដ្ឋអាមេរិក បាននិយាយថា៖ «កិច្ចខិតខំប្រឹងប្រែងនានាដើម្បីបង្ក្រាបសិទ្ធិពលរដ្ឋរុស្ស៊ីក្នុងការប្រមូលផ្តុំគ្នាដោយសន្តិវិធីនិងសេរីភាពបញ្ចេញមតិ ការចាប់ខ្លួនលោក Alexei Navalny មេដឹកនាំបក្សប្រឆាំង និងការបង្ក្រាបបាតុកម្មដែលកើតឡើងក្រោយការចាប់ខ្លួនលោក Navalny គឺជាការបង្ហាញដ៏គួរឲ្យព្រួយបារម្ភអំពីការរឹតត្បិតបន្ថែមទៀតលើសិទ្ធិពលរដ្ឋនិងសេរីភាពជាមូលដ្ឋាន»។
អ្នកនាំពាក្យ Price បានបន្តថា៖ «សិទ្ធិពលរដ្ឋរុស្ស៊ីក្នុងការប្រមូលផ្តុំគ្នាដោយសន្តិវិធីនិងក្នុងការចូលរួមក្នុងការបោះឆ្នោតដោយសេរីនិងយុត្តិធ៌ម ត្រូវបានចែងមិនមែនតែនៅក្នុងរដ្ឋធម្មនុញ្ញរបស់ប្រទេសរុស្ស៊ីប៉ុណ្ណោះទេ តែក៏ត្រូវបានចែងផងដែរនៅក្នុងការប្តេជ្ញារបស់រុស្ស៊ីដល់អង្គការ OSCE តាមរយៈសេចក្តីប្រកាសជាសាកលស្តីអំពីសិទ្ធិមនុស្សនិងនៅក្នុងកាតព្វកិច្ចរបស់រុស្ស៊ី តាមរយៈកិច្ចព្រមព្រៀងអន្តរជាតិស្តីអំពីសិទ្ធិពលរដ្ឋនិងសិទ្ធិនយោបាយ»។
លោក Price បានបញ្ជាក់ថា៖ «សហរដ្ឋអាមេរិកអំពាវនាវដល់អាជ្ញាធររុស្ស៊ីឱ្យដោះលែងក្រុមបាតុករដែលត្រូវបានចាប់ខ្លួន ដោយសារតែការប្រើសិទ្ធិសកលរបស់ពួកគេ និងឱ្យដោះលែងលោក Alexei Navalny ជាបន្ទាន់។ យើងស្នើឲ្យប្រទេសរុស្ស៊ីធ្វើកិច្ចសហប្រតិបត្តិការពេញលេញជាមួយការស៊ើបអង្កេតរបស់សហគមន៍អន្តរជាតិអំពីការបំពុលលោក Alexei Navalny និងផ្តល់ការបកស្រាយដែលអាចជឿទុកចិត្តបាន អំពីការប្រើអាវុធគីមីក្នុងដែនដីខ្លួន»។
លោក Price បានបន្ថែមថា៖ «សហរដ្ឋអាមេរិកនឹងធ្វើការសហការជាមួយប្រទេសជាសម្ព័ន្ធមិត្តនិងដៃគូរបស់យើង ដើម្បីការពារសិទ្ធិមនុស្ស ទាំងនៅក្នុងប្រទេសរុស្ស៊ី និងទាំងនៅគ្រប់ទីកន្លែងណាដែលសិទ្ធិទាំងនេះកំពុងស្ថិតនៅក្រោមការគំរាមកំហែង»៕