បទវិចារណកថា៖ សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​កូរ៉េ​ត្រូវ​ឈប់​រំលោភ​លើ​សិទ្ធិ​មនុស្ស

រូបឯកសារ៖ កសិករ​ម្នាក់​បាច​ជី​នៅ​ក្នុង​វាលស្រែ​ដែល​ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវ​ហាយវ៉េ​ក្នុង​ទីក្រុង​ព្យុងយ៉ាង ប្រទេស​កូរ៉េ​ខាង​ជើង។

តទៅនេះ​ គឺ​ជា​បទ​វិចារណកថា​ដែល​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​របស់​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក

ខែធ្នូ ឆ្នាំ២០២៣ កំណត់​ខួប​ទី៧៥ឆ្នាំ​នៃ​ការអនុម័ត​សេចក្តី​ប្រកាសសាកលនៃ​សិទ្ធិ​មនុស្ស​ដែល​ជា​ឯកសារ​មួយ​ក្នុង​បណ្តា​ឯកសារ​មាន​ឥទ្ធិពលបំផុត​ក្នុង​ប្រវត្តិសាស្ត្រទំនើប។ ការណ៍​ដែល​គេ​មិន​សូវ​ដឹង​ គឺ​ការពិតជាក់ស្តែងថា​ ឆ្នាំ២០២៣ ក៏ជា​ខួបឆ្នាំទី១០​នៃ​ការបង្កើត​គណៈកម្មការ​អង្គការ​សហប្រជាជាតិ​ស៊ើប​អង្កេត​អំពី​សិទ្ធិ​មនុស្សនៅ​ក្នុង​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​កូរ៉េ DPRK ឬ​ប្រទេស​កូរ៉េ​ខាង​ជើង។ នៅក្នុង​របាយការណ៍​របស់​ខ្លួន គណៈកម្មការ​នេះ​សន្និដ្ឋាន​ថា ការរំលោភ​សិទ្ធិមនុស្ស​ដោយ​សាធារណរដ្ឋ DPRK ជា​ឧក្រិដ្ឋកម្ម​ប្រឆាំង​នឹង​មនុស្សជាតិ។

ជា​ការពិត រដ្ឋមន្ត្រី​ក្រសួង​បង្រួប​បង្រួមជាតិ​នៃ​ប្រទេស​កូរ៉េខាង​ត្បូង​លោក Kim Yung-ho បាន​កត់សម្គាល់កាលពី​ពាក់កណ្តាលខែធ្នូថា «ទោះជាមានការប្រឹងប្រែង​អន្តរជាតិ រួមទាំងមានសេចក្តី​សម្រេចចិត្ត​អំពីសិទ្ធិមនុស្ស​នៅ​កូរ៉េខាង​ជើង​ក៏ដោយ ក៏​ការរំលោភ​លើ​សិទ្ធិមនុស្សនៅតែ​មាន​ដដែល​នៅ​កូរ៉េខាង​ជើង»។

កាលពី​ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៣ ប្រទេស​អាល់បានី ជប៉ុន សាធារណរដ្ឋកូរ៉េ​ និងសហរដ្ឋ​អាមេរិកបានចេញ​សេចក្តីថ្លែងការណ៍​រួមមួយ​សម្តែងកង្វល់​ខ្លាំង​របស់​ពួកគេអំពីការ​ធ្វើ​បាបដ៏សែន​អាក្រក់របស់​របប​គ្រប់គ្រង​កូរ៉េខាង​ជើងលើ​ពលរដ្ឋរបស់​ខ្លួនផ្ទាល់។

បើ​តាម​សេចក្តីថ្លែងការណ៍នេះថា «រដ្ឋាភិបាលសាធារណរដ្ឋ DPRK បន្ត​រំលោភ​ខ្លាំងក្លា​លើ​សិទ្ធិ​មនុស្ស ហើយ​ប្រជាជន​កូរ៉េ​ខាង​ជើង​នៅ​តែ​មិន​អាច​ប្រើសិទ្ធិ​របស់​ពួកគេ​បាន​ទេ»។ នេះ​មាន​រួមសេរីភាព​ក្នុងការនិយាយ​ស្តី​បញ្ចេញ​មតិ ការគិត​ពិចារណា មនសិការ​ និង​ការគោរពសាសនា​ព្រមទាំង​ការប្រមូល​ផ្តុំគ្នា​ដោយ​សន្តិវិធី ការចូលរួម ការធ្វើ​ដំណើរ សិទ្ធិ​ឯកជន និងសិទ្ធិ​គ្មាន​ការជ្រៀតជ្រែក​ក្នុង​ឯកជនភាព​តាម​អំពើចិត្ត​និង​ដោយខុសច្បាប់។ «រដ្ឋាភិបាលសាធារណរដ្ឋ DPRK នៅ​តែ​បន្ត​បង្ក្រាប​ប្រជាជន​ខ្លួនតាមរយៈការគ្មាន​នីតិរដ្ឋ ការត្រួតពិនិត្យ​និង​ការរើសអើង​ខាង​មតិ​នយោបាយ ប្រភព​ជាតិ​ ឬ​សង្គម​ ទ្រព្យធន កំណើត ​ឬ​ឋានៈ​ឯទៀតៗ»។

កាលពី​ចុងខែ​សីហា សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​កូរ៉េបាន​បើក​ព្រំដែន​ខ្លួន ក្រោយពី​បានបិទបីឆ្នាំកន្លះដើម្បី​បញ្ចៀស​ការរាតត្បាតជំងឺ​កូវីដ១៩។ តែ​ប្រទេស​នេះ​អនុញ្ញាត​ឱ្យតែ​ពលរដ្ឋ​ខ្លួនដែល​ជាប់គាំង​នៅ​ក្រៅ​ប្រទេស​វិល​ត្រឡប់​ទៅ​ប្រទេស​វិញ នាំឱ្យ​មាន​ការបារម្ភ​ថ្មីៗអំពី​ការធ្វើ​មាតុភូមិ​និវត្តន៍​ដោយ​បង្ខំនូវ​ពលរដ្ឋ​កូរ៉េ​ខាង​ជើង​ដែលស្វះស្វែង​សុំសិទ្ធិជ្រកកោន​នៅ​ប្រទេស​ក្រៅ។

ជា​ការពិត​ កាលពី​ដើមខែតុលា​ អាជ្ញាធរ​ចិន​បាន​បង្ខិតបង្ខំ​មនុស្ស​ជាង​៥០០នាក់​ដែលរត់គេច​ខ្លួន​ពី​កូរ៉េ​ខាង​ជើង​ឱ្យ​វិលត្រឡប់​ទៅ​ប្រទេស​ពួកគេ​វិញ បណ្តាលឱ្យ​ពួក​គេ​ប្រឈម​នឹង​ការដាក់ទណ្ឌកម្ម​ធ្ងន់ធ្ងរ​ មានរួមទាំង​ការប្រហារ​ជីវិត​ផង​ដែរ។

សេចក្តីថ្លែងការណ៍​នេះ​ចែង​ថា «​យើង​អំពាវនាវ​ដល់​ពួក​រដ្ឋ​ជា​សមាជិក​ទាំងអស់​នៃ​អ.ស.ប.ឱ្យ​ប្រព្រឹត្ត​តាមកាតព្វកិច្ចផ្លូវច្បាប់​អន្តរជាតិ​របស់ពួក​គេ​និងគោរព​គោល ការណ៍​នៃការមិន​បង្ខំ​ធ្វើ​មាតុភូមិ​និវត្តន៍»។

សេចក្តី​ថ្លែងការណ៍​នេះ​និយាយ​ទៀត​ថា «យើង​អំពាវនាវ​ដល់​សាធារណរដ្ឋ DPRK ឱ្យ​ធ្វើ​តាមកាតព្វកិច្ច​ខ្លួនតាម​រយៈ​ច្បាប់​អន្តរជាតិ​ដើម្បី​ចាត់វិធានការ​ជា​បន្ទាន់​សម្រាប់​បញ្ឈប់ការរំលោភ​សិទ្ធិ​មនុស្ស​ទាំងអស់ ​និង​ទាក់ទងជា​មួយ​ពួក​អ្នក​ជំនាញ​ខាង​សិទ្ធិ​មនុស្ស​របស់​អ.ស.ប.​ដើម្បី​ធ្វើឱ្យ​សម្រេចបំណង​នេះ។ យើងក៏អំពាវនាវដល់​រដ្ឋជា​សមាជិក​ទាំង​អស់​ឱ្យចូល​រួម​ជាមួយ​យើង​ក្នុង​ការធ្វើឱ្យ​រដ្ឋាភិបាល​សាធារណរដ្ឋ​ DPRK ទទួល​ខុសត្រូវ​ដល់​ការរំលោភ​សិទ្ធិ​មនុស្ស​របស់​ខ្លួន»៕