Accessibility links

Breaking News

បទវិចារណកថា៖ កង្វល់​អំពី​ការទាក់ទង​របស់​រុស្ស៊ី​ជាមួយ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​កូរ៉េ DPRK


រូបឯកសារ៖ នៅលើ​អេក្រង់​ទូរទស្សន៍​បង្ហាញរូបភាព​នៃ​ការបាញ់​មីស៊ីល​របស់​កូរ៉េ​ខាងជើង​អំឡុងពេល​កម្មវិធី​ព័ត៌មាន​មួយ​នៅក្នុង​ប្រទេស​កូរ៉េ​ខាងត្បូង។
រូបឯកសារ៖ នៅលើ​អេក្រង់​ទូរទស្សន៍​បង្ហាញរូបភាព​នៃ​ការបាញ់​មីស៊ីល​របស់​កូរ៉េ​ខាងជើង​អំឡុងពេល​កម្មវិធី​ព័ត៌មាន​មួយ​នៅក្នុង​ប្រទេស​កូរ៉េ​ខាងត្បូង។

តទៅនេះ ​គឺ​ជា​បទ​វិចារណកថា​ដែល​ឆ្លុះ​បញ្ចាំង​អំពី​ទស្សនៈ​របស់​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក

មាន​រយៈ​ពេល១៨​ ខែ​មក​ហើយ ​ដែល​ប្រធានាធិបតី​រុស្ស៊ី​លោក​ Vladimir Putin បានចាប់ផ្តើម​អ្វីដែល​លោក​ហៅ​ថា​ «កិច្ច​ប្រតិបត្តិការ​យោធា​ពិសេស» ​ប្រឆាំង​នឹង​ប្រទេសអ៊ុយក្រែន និងជា​អ្វី​ដែលពួក​ប្រទេស​មាន​អារ្យធម៌ហៅដោយ​ត្រឹមត្រូវ​ថា ​ជាការលុកលុយ​ដ៏​ឃោរឃៅ​និង​គ្មាន​ការបង្ក​រឿងរបស់​រុស្ស៊ី។

ប្រសិន​បើ​លោក Putin ​មាន​ជំនឿ​ថា ​«កិច្ច​ប្រតិបត្តិការ» ​នេះមាន​រយៈពេល​ខ្លី និងគ្មានការឈឺចាប់​សម្រាប់​រុស្ស៊ី​មែន​នោះ ​ព្រឹត្តិការណ៍​នានាដែល​បាន​កើត​ឡើង​បាន​បង្ហាញ​ឱ្យ​ឃើញ​ថា​ មិនមែន​ដូច្នេះ​ទេ។ នាយិកាខាង​ការ​ស៊ើបការណ៍​សម្ងាត់​ជាតិ​សហរដ្ឋ​អាមេរិក លោកស្រី Avril Haines បានថ្លែង​ប្រាប់​សភា​ថា៖ ​«រដ្ឋាភិបាល​ក្រុង​មូស្គូបាន​ប៉ាន់​ប្រមាណខុសដោយ​មើល​ស្រាល​អំពី​កម្លាំង​នៃ​ការ​តស៊ូ​របស់អ៊ុយក្រែន​និង​ឧបសគ្គ​យោធា​ក្នុង​ប្រទេស»។

ជា​ការ​ពិត គឺ​អ៊ុយក្រែន​ដែល​បាន​រងគ្រោះ​ភាគច្រើនជាង​គេ​ដោយសារ​អំពើ​ឈ្លានពាន​របស់​រុស្ស៊ី ​នាំ​ឱ្យ​មាន​ផល​ប៉ះពាល់​ហិនហោច​ដល់ប្រជាជន​ស៊ីវីល​ ហេដ្ឋារចនាសម្ព័ន្ធ​ និង​សេដ្ឋកិច្ច​នៃ​ប្រទេស​នេះ។ ប៉ុន្តែ​ការខូចខាតដល់​រុស្ស៊ី​ក៏​មាន​ច្រើន​ដែរ។ ការ​ប៉ាន់ស្មាន​គឺ​ថា មាន​ទាហាន​រុស្ស៊ីរាប់​ម៉ឺន​នាក់​ត្រូវ​បាន​សម្លាប់ ជនជាតិរុស្ស៊ី​រាប់​សែន​នាក់​បាន​ចាកចេញ​ពី​ប្រទេស ការ​ចំណាយ​ខាង​យោធា​កើន​ឡើង​ច្រើន ហើយ​មាន​ការ​ខ្វះ​គ្រាប់​រំសេវ មានរួម​ទាំង​កង្វះរថក្រោះ ដ្រូន​ និង​កាំភ្លើង​ធំ​ផង​ដែរ។

កង្វះ​គ្រាប់​រំសេវ​របស់​រុស្ស៊ីភាគ​ច្រើន ​បណ្តាល​មក​ពី​ការ​ដាក់​ទណ្ឌកម្ម​របស់​ពួក​ប្រទេស​លោក​ខាងលិចដែល​បាន​បង្ខំ​វិមាន​ក្រឹមឡាំងឱ្យស្វះស្វែងរក​ជំនួយ​ពី​ក្រុម​ប្រទេស​នានា​ ដែលមិនគិត​ដល់ការបំផ្លាញហិនហោចដល់ប្រទេស​អ៊ុយក្រែន​ ឬ​មិន​គិតដល់សន្តិភាពនិង​ស្ថិរភាព​អន្តរជាតិ​ទេ។

ប្រទេស​អ៊ីរ៉ង់​ជា​ប្រទេស​មួយក្នុង​ចំណោម​ប្រទេស​នានា​ដែល​បាន​ជួយ​រុស្ស៊ី។ រុស្ស៊ី​បាន​ទទួលដ្រូន​រាប់​រយ​គ្រឿង​ពី​រដ្ឋាភិបាល​ក្រុង​តេហេរ៉ង់ដែលខ្លួន​បាន​ប្រើ​ដើម្បីបំផ្លាញ​ហេដ្ឋារចនាសម្ព័ន្ធ​អ៊ុយក្រែន​ និង​សម្លាប់​ជន​ស៊ីវីលអ៊ុយក្រែន។ នៅពេល​នេះ​រុស្ស៊ី​ទទួលសម្ភារៈពីអ៊ីរ៉ង់​សម្រាប់​កសាងរោងចក្រផលិត UAV មួយ​ក្នុង​ប្រទេស​រុស្ស៊ី។

សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ DPRK ជាប្រទេស​មួយ​ទៀតដែលគ្មាន​រអែងក្នុង​ការ​ជួយដល់​ការ​ប៉ុនប៉ង​របស់​រុស្ស៊ី​ដើម្បី​បំផ្លាញអ៊ុយក្រែន។ កាល​ពី​ឆ្នាំ ២០២២ សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ​បានផ្តល់រ៉ុក្កែត​និង​មីស៊ីលដល់​រុស្ស៊ីសម្រាប់​ឱ្យ​ក្រុម Wagner គាំទ្រ​ដោយរុស្ស៊ី​ប្រើប្រាស់​ក្នុង​ប្រទេស​អ៊ុយក្រែន។

នៅដំណាច់​ខែ​កក្កដា គេរាយការណ៍​ថា​ ​រដ្ឋមន្ត្រីការពារជាតិរុស្ស៊ីលោក Sergei Shoigu បាន​ជួបនៅក្នុង​សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ​ជាមួយពួក​មន្ត្រីរដ្ឋាភិបាលកូរ៉េខាងជើងអំពី​កំណើន​ការ​លក់​គ្រាប់​រំសេវ​កូរ៉េខាងជើងឱ្យ​រដ្ឋាភិបាល​ក្រុង​មូស្គូ​សម្រាប់​សង្គ្រាម​នៅ​អ៊ុយក្រែន។​

អ្នក​សម្របសម្រួល​ខាង​គមនាគមន៍យុទ្ធសាស្ត្រផ្នែក​សន្តិសុខ​ជាតិ​សហរដ្ឋ​អាមេរិក លោក John Kirby បាននិយាយ​ថា៖ «នេះ​ជា​ឧទាហរណ៍​មួយទៀត​នៃ​ការ​អស់​សង្ឃឹមរបស់​លោក Putin ដោយសារ​ម៉ាស៊ីន​សង្គ្រាម​របស់​លោកទទួល​ផល​ប៉ះពាល់ដោយសារការ​ដាក់​ទណ្ឌកម្ម​និង​ការ​ត្រួតត្រា​ការ​ដឹកជញ្ជូន​ទំនិញ​ទៅ​លក់​ឯ​ប្រទេស​ក្រៅ។ លោក​មាន​បញ្ជី​សារពើភ័ណ្ឌ​វែង​មួយដើម្បី​ព្យាយាម​ធ្វើ​ឱ្យ​អ៊ុយក្រែន​ចុះញ៉ម។ លោក​ក៏​បាន​ឈោងដៃទៅ​រកប្រទេស​នានា​ដូចជា​កូរ៉េខាងជើងនិង​អ៊ីរ៉ង់​ជា​ដើម ហើយ​ជា​ការ​ប្រាកដ​លោក​ក៏​បាន​ព្យាយាម​ឈោងដៃ​ទៅ​រកប្រទេស​ចិន​ដែរ​ ដើម្បី​ទទួល​ការ​គាំទ្រ​ដល់​ម៉ាស៊ីន​សង្គ្រាមរបស់​លោក»។

ពួក​មន្ត្រី​សហរដ្ឋអាមេរិកបាន​សម្តែង​កង្វល់​ខ្លាំង​អំពី​លទ្ធភាព​ដែល​សាធារណរដ្ឋ​ប្រជាធិបតេយ្យប្រជាមានិតកូរ៉េ DPRK នឹង​ជួយ​ថែមទៀត​ដល់​អំពី​ឃោរឃៅរបស់​រុស្ស៊ី ​ហើយ​បាន​សន្យា​ថា នឹងលាត​ត្រដាងអំពី​ការ​ផ្ទេរ​អាវុធដោយ​ខុស​ច្បាប់​ទាំងអស់​និង​ពង្រឹង​ការដាក់​ទណ្ឌកម្ម​ទាំង​អស់​របស់​សហរដ្ឋ​អាមេរិក​ផងដែរ។ លោក Kirby បានប្រកាសថា​ «គ្មាន​នរណា​មួយ​គួរជួយ​លោក Putin ឱ្យ​សម្លាប់​ជនជាតិ​អ៊ុយក្រែន​ច្រើន​នាក់​ថែម​ទៀត​ទេ»៕

Related

XS
SM
MD
LG