Accessibility links

Breaking News

បទវិចារណកថា៖ កូរ៉េ​ខាងជើង​ត្រូវ​បាន​ដាក់​ក្នុង​បញ្ជី​ដែល​បំពាន​នឹង​បម្រាម​ទណ្ឌកម្ម​អង្គការ​សហប្រជាជាតិ


ការ​បាញ់​កាំជ្រួច​មីស៊ីល ​ត្រូវបាន​គេឃើញ​នៅ​ទីតាំង​ដែល​មិន​បាន​បញ្ជាក់​នៅក្នុង​ប្រទេស​កូរ៉េ​ខាងជើង នៅក្នុង​រូបថត​ដែល​មិនបាន​បញ្ជាក់​ថ្ងៃថត ហើយ​ត្រូវបាន​ចេញផ្សាយ​នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២។
ការ​បាញ់​កាំជ្រួច​មីស៊ីល ​ត្រូវបាន​គេឃើញ​នៅ​ទីតាំង​ដែល​មិន​បាន​បញ្ជាក់​នៅក្នុង​ប្រទេស​កូរ៉េ​ខាងជើង នៅក្នុង​រូបថត​ដែល​មិនបាន​បញ្ជាក់​ថ្ងៃថត ហើយ​ត្រូវបាន​ចេញផ្សាយ​នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២។

តទៅនេះ ជា​បទវិចារណកថា​ដែល​ឆ្លុះ​បញ្ចាំង​អំពី​ទស្សនៈ​របស់​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក

សាធារណរដ្ឋប្រជាធិតេយ្យ​ប្រជាមានិត​កូរ៉េ​ ឬ​កូរ៉េ​ខាង​ជើង DPRK កំពុង​បន្ត​ការ​សាក​ល្បង​អាវុធ​នុយក្លេអ៊ែរ​ក្នុង​ទ្រង់ទ្រាយ​ធំក្នុង​ឆ្នាំ​នេះ។ រហូត​មក​ដល់​ថ្ងៃ​ទី១៤ ខែ​តុលា​កន្លង​ទៅ​នេះ កូរ៉េ​ខាង​ជើង​បាន​បាញ់​កាំជ្រួច​មីស៊ីលបាលីស្ទិក​ចំនួន​៤៤​គ្រាប់នៅ​ក្នុង​ឆ្នាំ​នេះ​ដែល​ក្នុង​នោះ​ក៏​មាន​មីស៊ីល​បាលីស្ទិក​អន្តរទ្វីបចំនួន៦គ្រាប់​ផង​ដែរ។

ជា​ការឆ្លើយតប សហរដ្ឋ​អាមេរិកបាន​ដាក់​ទណ្ឌកម្មទៅ​លើ​បុគ្គល​២​រូប​និង​ស្ថាប័ន​ចំនួន​៣​ដែលពាក់ព័ន្ធ​ទៅ​នឹង​ការ​ដឹកជញ្ជូន​ប្រេងទៅ​ឱ្យ​កូរ៉េខាង​ជើង​ដែល​ជា​ការផ្តល់​ការគាំទ្រ​ដោយ​ផ្ទាល់​ទៅលើ​ការ​អភិវឌ្ឃ​កម្មវិធី​អាវុធ ​និង​កងទ័ព​របស់​កូរ៉េ​ខាង​ជើង។

ការិយាល័យ​គ្រប់គ្រង​ទ្រព្យសម្បត្តិ​បរទេស​នៃក្រសួង​ហិរញ្ញវត្ថុ​សហរដ្ឋ​អាមេរិក​ ឬ​ OFAC បានដាក់​ក្រុមហ៊ុន New Eastern Shipping Co Ltd និង​បុគ្គល​ឈ្មោះ Kwek Kee Seng និង​បុគ្គល Chen Shih Huan ថា​បាន​ចូលរួមក្នុង​ការផ្ទេរ ​ឬ​ដឹកជញ្ជូន​ផលិតផល​ប្រេង​ចម្រាញ់ទៅ​ឱ្យ​កូរ៉េខាង​ជើង។ ការិយាល័យ OFAC របស់​អាមេរិក​ ក៏​បាន​ដាក់​បញ្ជូលអង្គភាព២ដែលមាន​បុគ្គល​ទាំង​ពីររូប​នេះ​ធ្វើ​ជា​ម្ចាស់​ឬ​ជា​អ្នក​គ្រប់គ្រង​ផង​ដែរ។

ដោយសារ​ចំណាត់ការ​ទាំង​នេះ ទ្រព្យសម្បតិ្ត​ ឬ​ផលប្រយោជន៍​ទាំងអស់​របស់​បុគ្គល​និង​ស្ថាប័ន​ទាំង​នោះ​ដែល​ស្ថិត​នៅ​ក្នុង​សហរដ្ឋ​អាមេរិក ​ឬក៏​ត្រូវ​បាន​កាន់កាប់​ដោយ​បុគ្គល​ផ្សេង​ក្នុង​សហរដ្ឋអាមេរិក​នឹង​ត្រូវរាំងខ្ទប់​ហើយ​នឹង​រាយការណ៍​ទៅការិយាល័យ ​OFAC។ បទបញ្ញត្តិ​របស់​ការិយាល័យ OFAC ជា​ទូទៅ ​បាន​ហាមប្រាមរាល់ការ​ធ្វើ​ទំនាក់​ទំនងដោយជនជាតិ​អាមេរិក ​ឬ​បុគ្គល​នៅ​ក្នុង​សហរដ្ឋអាមេរិក​ដែល​ពាក់ព័ន្ធ​នឹង​ទ្រព្យសម្បត្តិ ឬ​ផលប្រយោជន៍​នៃ​ទ្រព្យសម្បត្តិ​នៃ​បុគ្គល​ដែល​ត្រូវ​បាន​រេរាំង​ទាំង​នេះ។

សេចក្តី​សម្រេច​របស់ក្រុមប្រឹក្សា​សន្តិសុខអង្គការ​សហប្រជាជាតិ​បាន​ហាមប្រាមដល់​ការ​ផ្ទេរ​ចេញ ​ឬផ្ទេរ​ចូលពីនាវា​ដែលមានទង់​ជាតិកូរ៉េ​ខាង​ជើង​និង​បាន​ដាក់កម្រិតដល់​ការនាំចូល​របស់​កូរ៉េខាង​ជើងនូវ​ផលិតផល​ប្រេង​ចំនួន​៥​សែន​បារ៉ែល​ក្នុង​មួយ​ឆ្នាំ ចាប់​តាំង​ពី​ឆ្នាំ ២០១៨​ មក​ ដែល​ជា​ការហាមប្រាម​មួយ ដែល​កូរ៉េ​ខាង​ជើងបាន​រំលោភ​បំពានជា​រៀង​រាល់ឆ្នាំ​ ចាប់​តាំង​ពី​ខ្លួនត្រូវបាន​ដាក់​ទណ្ឌកម្ម​មក។ ការ​នាំចូលនូវ​ប្រេង​ចម្រាញ់​ណា​មួយ​ទៅ​កាន់​ប្រទេស​កូរ៉េខាង​ជើង​ ក្រោមចំណាត់​ការ​ហាមប្រាម​នោះ​ជា​ការ​ខុស​ច្បាប់​ ប្រសិន​បើ​មិន​បាន​រាយការណ៍ប្រាប់ទៅគណៈកម្មាធិការ ១៧១៨ របស់​អង្គការ​សហប្រជាជាតិ​នោះទេ។

លោក Brian Nelson អនុ​រដ្ឋមន្ត្រី​ទទួល​បន្ទុក​កិច្ចការ​ប្រឆាំង​ភេរវកម្ម​ និង​ផ្នែក​ស៊ើប​អង្កេត​ហិរញ្ញវត្ថុ​នៃ​ក្រសួង​ការបរទេស​សហរដ្ឋអាមេរិក​បាន​ឱ្យដឹង​ថា «ការបាញ់​មីស៊ីល​បាលីស្ទិក​រយៈចម្ងាយ​ឆ្ងាយរបស់​កូរ៉េ​ខាង​ជើង​ ដែល​ក្នុង​នោះ​ក៏​មាន​ការ​បាញ់​រំលងពី​លើ​ប្រទេស​ជប៉ុន​ផង​ដែរ​ ជា​ការបង្ហាញនូវ​ការ​បន្ត​មិន​គោរពនូវ​សេចក្តី​សម្រេចចិត្ត​របស់​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ។ សហរដ្ឋ​អាមេរិក​នឹង​បន្ត​ពង្រឹងការ អនុវត្ត​ដាក់​ទណ្ឌកម្ម​ចម្រុះ​ និង​តាមដាន​នូវ​ការ​ព្យាយាម​គេចពី​ការ​ដាក់ទណ្ឌកម្ម​របស់​កូរ៉េខាងជើងនៅ​ជុំវិញ​ពិភពលោក​ដែល​ក្នុង​នោះក៏​រួម​មាន​ទាំង​ការដាក់​បញ្ជូលនូវ​ជន​ទាំង​ឡាយ​ណាដែលជួយ​ជ្រោមជ្រែងគាំទ្រ​នូវ​សកម្មភាពបំពាន​របស់​កូរ៉េខាង​ជើង​ផង​ដែរ៕

XS
SM
MD
LG