តទៅនេះ គឺជាបទវិចារណកថាដែលឆ្លុះបញ្ចាំងពីទស្សនៈរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក
សហរដ្ឋអាមេរិកផ្តល់អាទិភាពដល់ការការពារសិទ្ធិមនុស្សថា ជាសសរកន្លោងនៃគោលនយោបាយការបរទេសរបស់ខ្លួន។ ដើម្បីឱ្យបានសម្រេចគោលដៅនេះ សហរដ្ឋអាមេរិកនិងប្រទេសអាល់បានីបានធ្វើជាអ្នកចាត់ចែងរួមគ្នានៃការប្រជុំមួយរបស់អង្គការសហប្រជាជាតិដើម្បីធ្វើឱ្យមានការយកចិត្តទុកដាក់លើការរំលោភសិទ្ធិមនុស្សជាប្រព័ន្ធនិងរាលដាលក្នុងសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ ឬកូរ៉េខាងជើង។
នៅក្នុងកិច្ចប្រជុំនោះ អ្នកតំណាងអចិន្ត្រៃយ៍របស់សហរដ្ឋអាមេរិកប្រចាំអង្គការសហប្រជាជាតិ លោកស្រី Linda Thomas-Greenfield បានពិភាក្សាអំពីវិធីសង្កត់សង្កិនរបស់របបគ្រប់គ្រង Kim Jong Un លើសិទ្ធិរបស់ប្រជារាស្ត្រកូរ៉េខាងជើងខាងសេរីភាពនិយាយស្តីបញ្ចេញមតិ សេរីភាពសាសនា និងសេរីភាពខាងការធ្វើដំណើរ ទាំងនៅក្នុងនិងទាំងនៅក្រៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ។
លោកស្រីបានថ្លែងថា៖ «សកម្មភាពទាំងនេះជាការគួរឱ្យរន្ធត់និងជាការរំលោភលើសេចក្តីប្រកាសសាកលនៃសិទ្ធិមនុស្ស»។
ការនិយាយប្រឆាំងនឹងអំពើអយុត្តិធម៌ទាំងនេះនៅខាងក្នុងប្រទេសកូរ៉េខាងជើងអាចនាំឱ្យមានការបញ្ជូនខ្លួនទៅកាន់ជំរំគុកនយោបាយ។ សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េហៅកាត់ថា DPRK ឃុំឃាំងមនុស្សពី ៨០,០០០ ទៅ ១២០,០០០នាក់ ក្នុងជំរំទាំងនេះ។ លោកស្រីឯកអគ្គរដ្ឋទូត Thomas-Greenfield បានមានប្រសាសន៍ថា ក្រុមអ្នកទោសទាំងនេះអាចរងការរំលោភលើសិទ្ធិមនុស្សថែមទៀតដូចជាការស្រេកឃ្លាន ការធ្វើទារុណកម្ម អំពើហិង្សាខាងយេនឌ័រ និងស្ថានភាពអមនុស្សធម៌។
នៅក្នុងកិច្ចប្រជុំនោះ លោក Joseph Kim ដែលជាអ្នករត់ចោលជួរកូរ៉េខាងជើងបាននិយាយអំពីការជួបប្រទះរបស់លោកនៅពេលលោកបានរស់នៅក្នុងប្រទេសកូរ៉េខាងជើង មុនលោករត់គេចចេញពីប្រទេសនោះ។
«ខ្ញុំបានឃើញឳពុកខ្ញុំស្លាប់ដោយស្រេកឃ្លាននៅពេលខ្ញុំមានអាយុ១២ឆ្នាំ...ខ្ញុំបានបាត់បង់ម្តាយខ្ញុំក្នុងគុកកូរ៉េខាងជើងមួយ ដូច្នេះពីមុនខ្ញុំជាអ្នកមានគ្រួសារកក់ក្តៅតែឥឡូវបានក្លាយជាមនុស្សគ្មានផ្ទះសំបែង»។
លោកស្រីឯកអគ្គរដ្ឋទូត Thomas-Greenfield បានកត់សម្គាល់ថា ការឆ្លើយជាកសិណសាក្សីបែបនេះ «ជាការបំភ្លឺមួយ»សម្រាប់ពិភពលោក។ លោកស្រីថ្លែងថា៖
«សម្រាប់រឿងគួរឱ្យរន្ធត់ដែលយើងឮ មានរឿងរាប់មិនអស់ផ្សេងទៀតដែលយើងមិនបានឮ និងដែលគ្មាននណាអាចដឹងឮទេ។ នេះជាការណ៍ធ្វើដោយចេតនា»។
លោកស្រីឯកអគ្គរដ្ឋទូត Thomas-Greenfield បានមានប្រសាសន៍ថា ប្រទេសកូរ៉េខាងជើង«ធ្វើអ្វីទាំងអស់តាមដែលពួកគេអាចធ្វើបានដើម្បីលាក់បាំងភាពកាចសហាវយង់ឃ្នងរបស់ពួកគេកុំឱ្យអ្នកនៅក្រៅដឹង។ តែម្តងហើយម្តងទៀត ពួកគេគ្មានជោគជ័យទេ»។
«យើងទាំងអស់គ្នាបានឃើញភ័ស្តុតាង មានរួមរបាយការណ៍របស់គណៈកម្មការស៊ើបអង្កេតរបស់អង្គការសហប្រជាជាតិច្រើនច្បាប់ អំពីការរំលោភលើសិទ្ធិមនុស្សជាប្រព័ន្ធ ដោយរាលដាល និងដោយកំរោលរបស់សាធារណរដ្ឋ DPRK»។
លោកស្រីឯកអគ្គរដ្ឋទូត Thomas-Greenfield បានមានប្រសាសន៍ថា «យើងនឹងបន្តនិយាយប្រឆាំងនឹងការរំលោភលើសិទ្ធិមនុស្សនិងការគំរាមកំហែងដល់សន្តិភាពអន្តរជាតិដោយសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ។ អាជ្ញាធរកូរ៉េខាងជើងប្រហែលអាចបំបិទមាត់ពលរដ្ឋក្នុងសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ បាន តែពួកគេមិនអាចបំបិទសំឡេងយើងបានទេ»៕