Accessibility links

Breaking News

បទវិចារណកថា៖ អាជ្ញាធរ​កូរ៉េខាង​ជើង​​​ ដាក់​ទណ្ឌកម្ម​ធ្ងន់ធ្ងរ​លើ​ការសម្តែង​មតិ​ខាង​សាសនា


មន្ត្រី​ជាន់ខ្ពស់​ទទួលបន្ទុក​ផ្នែក​សេរីភាព​សាសនា​អន្តរជាតិ​លោក Dan Nadel ថ្លែង​នៅក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​ដើម្បី​ប្រកាស​អំពី​របាយការណ៍​សេរីភាព​សាសនា​អន្តរជាតិ​ប្រចាំឆ្នាំ​នៅ​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​កាលពី​ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១។
មន្ត្រី​ជាន់ខ្ពស់​ទទួលបន្ទុក​ផ្នែក​សេរីភាព​សាសនា​អន្តរជាតិ​លោក Dan Nadel ថ្លែង​នៅក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​ដើម្បី​ប្រកាស​អំពី​របាយការណ៍​សេរីភាព​សាសនា​អន្តរជាតិ​ប្រចាំឆ្នាំ​នៅ​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​កាលពី​ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១។

តទៅនេះ គឺ​ជា​បទ​វិចារណកថា​ដែល​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​របស់​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក

សហរដ្ឋ​អាមេរិក ​នៅ​តែ​«ខ្វល់​ខ្វាយ​យ៉ាង​ខ្លាំង​អំពីការ​រំលោភ​សិទ្ធិ​មនុស្ស​យ៉ាង​ធ្ងន់ធ្ងរក្នុង​ប្រទេស​កូរ៉េខាង​ជើង​ដោយ​មានរួម​បញ្ចូលការ​រឹតត្បិត​យ៉ាង​ខ្លាំងលើ​សេរីភាព​សាសនា​ផងដែរ» នេះបើតាម​សម្តី​របស់​លោក​ Daniel Nadel ​មន្ត្រី​ជាន់​ខ្ពស់​នៃ​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក។

បើ​តាម​របាយការណ៍ថ្មី​បំផុត​ខាង​សេរីភាពសាសនា​អន្តរជាតិ​ រដ្ឋាភិបាល​កូរ៉េខាងជើងនៅ​តែ​បន្ត​ប្រហារជីវិត​ ធ្វើ​ទារុណកម្ម ចាប់​ខ្លួន​និង​វាយដំ​លើ​រាង​កាយ​ពួក​បុគ្គលដែល​បានធ្វើ​សកម្មភាព​ខាង​សាសនា​សឹង​តែ​ទាំង​អស់។ ការមិន​អាច​ចូលទៅ​ក្នុង​ប្រទេស​នេះ​បាន​ និងការ​ខ្វះ​ព័ត៌មានទាន់​ពេល​វេលា​នៅ​តែ​ដាក់​កម្រិត​លើ​ការ​ទទួល​បាន​សេចក្តី​លម្អិតនៃ​ករណី​រំលោភទាំ​ងនេះ។ ការណ៍​នេះ​ ក៏​នាំ​ឱ្យ​មាន​ការ​ពិបាកដែរ​ដល់​ការស្ទង់​ប្រមាណអំពី​ចំនួនក្រុម​សាសនា​នៅ​ក្នុងប្រទេស​នេះ​ និង​សមាជិក​នៃក្រុមទាំង​នេះ។

អង្គការ​ក្រៅ​រដ្ឋាភិបាល​ Open Doors USA បាន​កាក់ស្មានថា​ នៅ​ដំណាច់​ឆ្នាំ​នេះ មាន​ជន​ជាតិ​កូរ៉េខាង​ជើងពី៥ ម៉ឺន ទៅ៧ ម៉ឺន​នាក់ បានជាប់​ឃុំឃាំង​ក្នុង​ពន្ធនាគារដោយសារ​ពួក​គេជាអ្នក​កាន់​សាសនាគ្រឹស្ត។ កាល​ពី​ខែ​ឧសភា ​ឆ្នាំ២០២០ ​អង្គការ​ក្រៅ​រដ្ឋាភិបាល Christian Solidarity Worldwide បាន​កាក់​ស្មាន​ថា មនុស្ស​២ សែន​នាក់បាន​ជាប់​ឃុំឃាំង​ក្នុង​ជំរំគុក​ ហើយ​ភាគ​ច្រើន​ជា​អ្នក​កាន់​សាសនាគ្រឹស្ត។ មជ្ឈមណ្ឌលមូលដ្ឋាន​ទិន្នន័យខាងសិទ្ធិមនុស្សក្នុង​ប្រទេស​កូរ៉េខាង​ជើងដែល​ជា​អង្គការ​ក្រៅ​រដ្ឋាភិបាល​ក្នុង​ប្រទេសកូរ៉េខាង​ត្បូងដែល​បាននិយាយ​យោងដល់​ពួក​អ្នក​រត់ចោលស្រុក​ដែល​បានទៅ​ដល់​កូរ៉េខាង​ត្បូង​ពី​ឆ្នាំ២០០៨ ​រហូត​ដល់​ខែ​ធ្នូ២០១៩​ និង​ប្រភពឯ​ទៀតៗ បានរាយការណ៍អំពី​ករណីនៃ​ការ​រំលោភ​លើ​សិទ្ធិ​ខាង​សេរីភាព​សាសនា ​ឬ​ជំនឿ​ដោយអាជ្ញាធរកូរ៉េខាង​ជើង​ចំនួន​១.៤១១ ​ដោយ​មានរួម​បញ្ចូលការ​សម្លាប់​មនុស្ស១២៦ នាក់ ​និង​ការ​បាត់​ខ្លួន៩៤ នាក់។

កាលពី​ខែតុលា​ ឆ្នាំ​២០២០ អង្គការ​ក្រៅ​រដ្ឋាភិបាល​មានមូលដ្ឋាន​ក្នុង​ចក្រភព​អង់គ្លេសឈ្មោះ​ Korea Future Initiative ឬ KFI ​បាន​ចេញ​ផ្សាយ​របាយការណ៍​មួយផ្អែក​លើបទ​សម្ភាសន៍​ចំនួន ១១៧ ជា​មួយពួក​អ្នក​រត់ចោលជួរ​ដែល​ជា​អ្នក​នៅ​រស់ ពួក​អ្នក​ឃើញ​ហេតុការណ៍​ផ្ទាល់ ឬអ្នក​រំលោភលើ​សេរីភាព​សាសនា​ពីឆ្នាំ១៩៩០ ​ដល់​ឆ្នាំ២០១៩។ ពួក​អ្នកស៊ើបអង្កេតបានរកឃើញជន​រងគ្រោះ២៧៣នាក់ ត្រូវ​ទទួលទណ្ឌកម្មដោយសារ​បាន​គោរព​សាសនា ​ឬ​មាន​ទំនាក់ទំនងជាមួយ​ពួក​មនុស្ស​ជឿ​សាសនា ឬមាន​ជំនឿសាសនា​ដូច​គ្នា។​ សេចក្តីរាយការណ៍​របស់ KFI បាន​ចែង​ថា ពួក​គេ​ត្រូវ​ចាប់​ខ្លួន ត្រូវឃុំឃាំង​ ត្រូវ​សាកសួរ​ចម្លើយ​យ៉ាង​យូរ​ សមាជិក​គ្រួសារ​ពួក​គេ ​ត្រូ​វ​ដាក់​ទណ្ឌកម្ម​ ធ្វើ​ទារុណកម្ម ​ឬ​ត្រូវរំលោភ​លើ​រាងកាយ រំលោភ​ផ្លូវភេទ ត្រូវ​បង្ខំ​ឱ្យ​ពន្លូត​កូន ​ត្រូវ​ប្រហារ​ជីវិត និង​ត្រូវ​កាត់​ទោស​ជា​សាធារណៈផង​ដែរ។

ក្នុង​ឆ្នាំ២០២០​ អង្គការ​ក្រៅ​រដ្ឋាភិបាល​ Open Doors USA បានចាត់​ថ្នាក់ប្រទេស​កូរ៉េខាង​ជើង​ក្នុង​ឆ្នាំទី១៩​ បន្ត​បន្ទាប់​គ្នា​ក្នុង​លំដាប់​លេខ​មួយ​នៅក្នុងរបាយការណ៍ប្រចាំ​ឆ្នាំ​ពិនិត្យ​មើលពិភពលោកអំពីប្រទេស​ដែល​ក្រុម​អ្នក​គោរព​សានា​គ្រឹស្ត បាន​ជួបប្រទះ«ការធ្វើ​ទុក្ខ​បុក​ម្នេញ​ខ្លាំង»។ អង្គការ​ក្រៅ​រដ្ឋាភិបាល​ និងក្រុមអ្នក​រត់ចោល​ជួរ​បាន​ថ្លែង​ថា ​ជាញឹកញយ រដ្ឋាភិបាលកូរ៉េខាង​ជើង​ បានអនុវត្ត​គោល​នយោបាយ​ចាប់​ខ្លួន ​ឬ​ដាក់​ទណ្ឌកម្មសមាជិក​គ្រួសារ​អ្នក​កាន់​គ្រឹស្តសាសនា។

បើ​តាម​អង្គការ​ក្រៅ​រដ្ឋាភិបាល​ Open Doors USA ថា «​ប្រសិន​បើក្រុមគ្រឹស្តសាសនិក​កូរ៉េខាង​ជើង​ ​ត្រូវ​បានរក​ឃើញ ពួក​គេ​ត្រូវ​បញ្ជូនទៅកាន់​ជំរំ​បង្ខំ​ឱ្យ​ធ្វើការ​ធ្ងន់​ក្នុង​នាម​ជា​ជន​ឧក្រិដ្ឋខាង​នយោបាយ ឬ​ត្រូវ​សម្លាប់នៅ​នឹង​កន្លែង​តែម្តង»។

លោក​ Daniel Nadel ​មន្ត្រី​ជាន់​ខ្ពស់ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក​បាន​ពោល​ថា​សហរដ្ឋ​អាមេរិក​ ចង់ដាក់​បញ្ហា​សិទ្ធិ​មនុស្សជា​បញ្ហា​សំខាន់នៃ​គោលនយោបាយ​ការបរទេស​របស់​ខ្លួន។ ការណ៍​នេះ មាន​រួម​បញ្ចូល​«​ការ​ផ្ចុង​ផ្តើម​ឱ្យ​មាន​ភាព​ទទួល​ខុស​ត្រូវ​ខ្ពស់ដល់ពួក​ជន​ដែល​បានធ្វើការ​រំលោភ​ទាំង​នោះ» ប្រឆាំង​នឹង​សេរីភាព​សានា​ក្នុងប្រទេស​កូរ៉េខាង​ជើង៕

XS
SM
MD
LG