តទៅនេះ គឺជាបទវិចារណកថាដែលឆ្លុះបញ្ចាំងអំពីទស្សនៈរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក
កាលពីពេលថ្មីៗនេះ ក្រសួងការបរទេសសហរដ្ឋអាមេរិក បានចេញផ្សាយរបាយការណ៍ទី២៣របស់ខ្លួន អំពីសេរីភាពសាសនាអន្តរជាតិ។
លោក Daniel Nadel មន្ត្រីជាន់ខ្ពស់ការិយាល័យសេរីភាពសាសនាអន្តរជាតិនៃក្រសួងការបរទេសសហរដ្ឋអាមេរិក បានបង្ហាញអំពីការប្ដេជ្ញាចិត្តមិនងាករេរបស់សហរដ្ឋអាមេរិកនៅក្នុងការលើកកម្ពស់ និងការពារសេរីភាពសាសនា ឬក៏ជំនឿនានាសម្រាប់មនុស្សគ្រប់គ្នា។
លោក Nadel បានសង្កត់ធ្ងន់ថា សេរីភាពសាសនា គឺជា«ភាពចាំបាច់ផ្នែកសីលធម៌»។ លោកបានថ្លែងដូច្នេះថា៖ «សហរដ្ឋអាមេរិកក្នុងនាមជាជាតិមួយទទួលបានប្រយោជន៍ដែលមិនអាចវាស់វែងបានពីការការពារដែលផ្ដល់ឲ្យដោយវិសោធនកម្មរដ្ឋធម្មនុញ្ញលើកទីមួយស្ដីពីសិទ្ធិសេរីភាពនានា ហើយការណ៍ដែលចង់ឲ្យប្រទេសដទៃទៀតទទួលបានប្រយោជន៍ដូចនេះដែរ គឺជារឿងធម្មតា»។
លោក Nadel បានបន្ថែមថា ជាឧទាហរណ៍ យើងបានរកឃើញថា ការដាក់កំហិត ឬសូម្បីតែការចាត់ទុកការបញ្ចេញមតិបែបសាសនាថាជាបទឧក្រិដ្ឋ គឺមិនមែនជាវិធីល្អនៅក្នុងការលើកកម្ពស់ភាពសណ្ដោសប្រណី និងភាពសុខដុមរមនាផ្នែកសាសនានោះឡើយ។
លោក Nadel ថ្លែងដូច្នេះថា៖ «ច្បាប់ហាមឃាត់ការរិះគន់សាសនា មានផលមិនល្អ។ ជាងនេះទៀត សហរដ្ឋអាមេរិក ក៏មានការព្រួយបារម្ភផងដែរអំពីច្បាប់ដែលមានគោលបំណងដាក់កំហិតលើសិទ្ធិរបស់មនុស្សនៅក្នុងការស្លៀកសំលៀកបំពាក់សាសនា ឬពាក់និមិត្តសញ្ញាសាសនានានា ឬក៏អំពីច្បាប់ដែលចាត់ទុកការបញ្ចុះបញ្ចូលនរណាម្នាក់ឲ្យកាន់សាសនាណាមួយថាជាបទឧក្រិដ្ឋ ឬក៏ច្បាប់ដាក់កំហិតសិទ្ធិរបស់ឪពុកម្ដាយនៅក្នុងការផ្ដល់ការអប់រំបែបសាសនាដល់កូនៗរបស់ខ្លួន»។
លោក Nadel បានពន្យល់ថា ជាការពិត ការដាក់កំហិតជ្រុលហួសហេតុរបស់រដ្ឋាភិបាលលើជីវិតសាសនាធ្វើឲ្យពលរដ្ឋឃ្លាតឆ្ងាយពីរដ្ឋាភិបាលរបស់ខ្លួននិងអាចបង្កើនឲ្យមានអំពើហិង្សា។
លោក Nadel បានបញ្ជាក់ដូច្នេះថា៖ «អាជ្ញាធរនៅតាមប្រទេសជាច្រើននៅតែបន្តរារាំងការបញ្ចេញមតិបែបសាសនាតាមរយៈច្បាប់ចុះបញ្ជីសាសនា ឬក៏ការដាក់កំហិតលើវត្ថុសាសនានានា។ ឥឡូវនេះ យើងកាន់តែឃើញរដ្ឋាភិបាលមួយចំនួនប្រើយុទ្ធសាស្ត្រដដែលៗតាមអ៊ីនធឺណិតឲ្យមន្ត្រីរបស់ខ្លួនតាមដានដិតដល់និងដាក់កំហិតតឹងតែងលើការបញ្ចេញមតិបែបសាសនាតាមអនឡាញ និងចាប់ខ្លួនឬក៏យាយីអ្នកណាដែលពាក់ព័ន្ធនឹងការបញ្ចេញមតិតាមអនឡាញអំពីសាសនាឬក៏ជំនឿផ្សេងៗ»។
លោក Nadel បានបន្តរំឮកថា ពិភពលោកត្រូវតែមានការប្រុងប្រយ័ត្នចំពោះសញ្ញាលេចឡើងដំបូងៗណាមួយនៃលទ្ធភាពដែលអាចមានអំពើឃោរឃៅកើតឡើងនៅជុំវិញពិភពលោក។
លោក Nadel ថ្លែងដូច្នេះថា៖ «នៅក្នុងរយៈពេលតែប៉ុន្មានឆ្នាំប៉ុណ្ណោះ យើងបានឃើញអំពើប្រល័យពូជសាសន៍ដែលប្រព្រឹត្តិឡើងដោយពួកអាយស៊ីស (ISIS) លើអ្នកកាន់សាសនាយ៉េហ្សីឌី (Yezidism) អ្នកកាន់សាសនាគ្រិស្ត និងក្រុមជាតិសាសន៍ភាគតិចនិងក្រុមអ្នកកាន់សាសនាភាគតិចផ្សេងទៀតនៅភាគខាងជើងប្រទេសអ៊ីរ៉ាក់និងប្រទេសស៊ីរី។ យើងបានឃើញអំពើឃោរឃៅទ្រង់ទ្រាយធំនានាដូចជាការបោសសម្អាតជាតិសាសន៍ដែលប្រព្រឹត្តិឡើងដោយយោធាមីយ៉ាន់ម៉ាលើជាតិសាសន៍រ៉ូហ៊ីងយ៉ា (Rohingya) ជាដើម»។
លោកបានថ្លែងបន្តថា នៅក្នុងប្រទេសចិន រដ្ឋាភិបាលកំពុងប្រព្រឹត្តិ «ឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិនិងអំពើប្រល័យពូជសាសន៍» លើ «ជាតិសាសន៍អ៊ុយហ្គ័រ (Uyghur) កាន់សាសនាឥស្លាម និងសមាជិកនៃក្រុមជាតិសាសន៍ភាគតិចនិងក្រុមអ្នកកាន់សាសនាភាគតិចផ្សេងទៀតនៅក្នុងតំបន់ Xinjiang»។
លោក Nadel បានប្រកាសដូច្នេះថា៖ «សហរដ្ឋអាមេរិកប្ដេជ្ញាប្រើគ្រប់មធ្យោបាយទាំងអស់ដែលមានទាំងបែបវិជ្ជមាននិងបែបទណ្ឌកម្មធ្ងន់ធ្ងរ ដើម្បីលើកដម្កើង [សេរីភាពសាសនា]។ សម្រាប់មនុស្សនិងសហគមន៍ជាច្រើននៅជុំវិញពិភពលោកដែលរឿងរ៉ាវរបស់ពួកគេមាននៅក្នុងរបាយការណ៍នេះ សាររបស់យើងនៅថ្ងៃនេះគឺបញ្ជាក់យ៉ាងច្បាស់ថា យើងដឹងអំពីរឿងរ៉ាវរបស់អ្នក ហើយយើងនឹងមិនអាចសម្រាកបានស្រួលនោះទេរហូតទាល់តែដល់ពេលដែលអ្នកមានសេរីភាពរស់នៅប្រកបដោយសេចក្ដីថ្លៃថ្នូរនិងសន្តិភាព»៕