តទៅនេះ គឺជាបទវិចារណកថាដែលឆ្លុះបញ្ចាំងពីទស្សនៈរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក
ប្រទេសជាសមាជិកនៃអង្គការបណ្តាប្រទេសនៅទ្វីបអាមេរិក (OAS) ដ៏ច្រើនលើសលប់ បានបោះឆ្នោតគាំទ្រដល់ប្រជាពលរដ្ឋនីការ៉ាហ្គាក្នុងការប្រយុទ្ធប្រឆាំងដើម្បីការបោះឆ្នោតសេរី និងត្រឹមត្រូវ ការគោរពសិទ្ធិមនុស្ស និងការប្រកបដោយការទទួលខុសត្រូវ។
របប Ortega-Murillo នៅក្នុងប្រទេសនីការ៉ាហ្គា កំពុងក្លាយជារបបជិះជាន់សង្កត់សង្កិនកាន់តែខ្លាំងឡើងពីមួយថ្ងៃទៅមួយថ្ងៃ។ ជាក់ស្តែង ការប្រឆាំងប្រធានាធិបតីនីការ៉ាហ្គាលោក Daniel Ortega ដែលកំពុងកាន់អំណាចអាណតិ្តទី៤នៅពេលឥឡូវនេះ បានរីកកាន់តែខ្លាំងឡើង។ ការបោះឆ្នោតជាតិ ត្រូវបានគ្រោងធ្វើឡើងនៅខែវិច្ឆិកា ឆ្នាំ២០២១នេះ ហើយលោក Ortega ឥឡូវនេះ កំពុងដៅការវាយប្រហារលើជនណាដែលមានបំណងឈរឈ្មោះបោះឆ្នោតប្រកួតប្រជែងជាមួយរូបលោក។
សេចក្តីសម្រេចរបស់អង្គការបណ្តាប្រទេសនៅទ្វីបអាមេរិក (OAS) កាលពីពេលថ្មីៗនេះ ភាគច្រើន បានថ្កោលទោសការបង្ក្រាបរបស់របប Ortega-Murillo នៅក្នុងប្រទេសនីការ៉ាហ្គា ហើយបានអំពាវនាវឲ្យដោះលែងជាបន្ទាន់ដល់បេក្ខជនប្រធានាធិបតី៤រូប ដែលត្រូវបានឃុំខ្លួនកាលពីពេលថ្មីៗនេះ ដែលក្នុងនោះរួមមាន លោកស្រី Cristiana Chamorro លោក Arturo Cruz លោក Félix Maradiaga និងលោក Juan Sebastian Chamorro ក៏ដូចជាអ្នកទោសនយោបាយជាង១៣០ នាក់ផ្សេងៗទៀតផងដែរ។ អង្គការនេះ ក៏បានអំពាវនាវឲ្យបញ្ឈប់នូវការធ្វើទុក្ខបុកម្នេញដល់គណបក្សនយោបាយ និងប្រព័ន្ធផ្សព្វផ្សាយឯករាជ្យផងដែរ។ នៅចំពោះមុខនៃការបង្ក្រាបរបស់របបនេះ ក៏ដូចជាការខ្វះកំណែទម្រង់ការបោះឆ្នោតដ៏ស៊ីជម្រៅនោះ ស្ថានភាពនៃការបោះឆ្នោតដោយសេរីនិងត្រឹមត្រូវនៅក្នុងខែវិច្ឆិកាខាងមុខនេះ នឹងមិនអាចកើតមានឡើងបានទេ។
លោកស្រី Tamara Davila ជាមេដឹកនាំប្រឆាំងម្នាក់នៃមេដឹកនាំប្រឆាំងជាច្រើនដែលត្រូវបានចាប់ខ្លួន និងឃុំខ្លួនលើបទចោទប្រកាន់ពាក់ព័ន្ធនឹងច្បាប់ថ្មីមួយដែលធ្វើការគាំទ្រដល់ការដាក់ទណ្ឌកម្មក្រុមមន្ត្រីរបស់លោក Ortega ដែលជាប្រភេទនៃបទល្មើសក្បត់ជាតិ។ បទល្មើសក្បត់ជាតិ ត្រូវមានទោសជាប់ពន្ធនាគាររហូតដល់១៥ឆ្នាំ។
លោកស្រី Julie Chung ឧបការីស្តីទីរដ្ឋមន្ត្រីការបទេសអាមេរិកទទួលបន្ទុកកិច្ចការតំបន់អឌ្ឍគោលខាងលិច បានបញ្ជាក់នៅក្នុងសារបង្ហោះតាម Twitter ថា ការចាប់ខ្លួនសមាជិកគណបក្សប្រឆាំងនៅក្នុងប្រទេសនីការ៉ាហ្គា ជាផ្នែកមួយនៃ«យុទ្ធនាការភេរវកម្ម» ដោយប្រធានាធិបតី Ortega។
រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Antony Blinken បានបញ្ជាក់ថា «សហរដ្ឋអាមេរិកគាំទ្រយ៉ាងខ្លាំងដល់អង្គការបណ្តាប្រទេសនៅទ្វីបអាមេរិក (OAS) ដែលបានអំពាវនាវដល់ប្រធានាធិបតី Ortega ឲ្យចាត់វិធានការជាបន្ទាន់ដើម្បីស្តារឡើងវិញនូវការគោរពសិទ្ធិមនុស្សដ៏ពេញលេញ និងបង្កើតឲ្យមានលក្ខខណ្ឌនានាសម្រាប់ការបោះឆ្នោតដែលមានលក្ខណៈសេរី និងយុត្តិធម៌»។
លោករដ្ឋមន្ត្រីការបរទេសអាមេរិក Blinken បានបញ្ជាក់ទៀតថា «វាដល់ពេលវេលាសម្រាប់របប Ortega-Murillo ធ្វើការផ្លាស់ប្តូរ គោរពរដ្ឋធម្មនុញ្ញ ក៏ដូចជាការសន្យារបស់ខ្លួនក្រោមធម្មនុញ្ញប្រជាធិបតេយ្យអន្តរអាមេរិក និងអនុញ្ញាតឲ្យប្រជាពលរដ្ឋនីការ៉ាហ្គា អនុវត្តដោយពេញលេញនូវសិទ្ធិរបស់គេដែលរួមមានសិទ្ធិជ្រើសរើសមេដឹកនាំនៅក្នុងការបោះឆ្នោតមួយដែលសេរី និងយុត្តិធម៌»។
សហរដ្ឋអាមេរិក ទន្ទឹងរង់ចាំបន្តធ្វើការងារជាមួយរដ្ឋជាសមាជិករបស់អង្គការបណ្តាប្រទេសនៅទ្វីបអាមេរិក (OAS) ក៏ដូចជា រដ្ឋាភិបាលប្រជាធិបតេយ្យផ្សេងៗទៀតនៅជុំវិញពិភពលោក ក្នុងការជំរុញឲ្យមានសេរីភាពកាន់តែច្រើនឡើងសម្រាប់ប្រជាពលរដ្ឋនីការ៉ាហ្គា។ សកម្មភាពរបស់ប្រធានាធិបតី Ortega និងអនុប្រធានាធិតី Murillo មិនអាចទទួលយកបាននៅក្នុងតំបន់អឌ្ឍគោលនេះឡើយ៕