Accessibility links

Breaking News

បទ​វិចារណកថា៖ ការ​ចុច​ឈ្មោះ​ពួក​​អ្នក​​រំលោភ​សិទ្ធិមនុស្ស​ថែមទៀត


រូបឯកសារ៖ យុទ្ធជន​តាលីបង់​ឈរ​យាម​ ខណៈ​ស្ត្រី​រង់ចាំ​ទទួល​អាហារ​ចែក​ដោយ​ក្រុម​ជំនួយ​មនុស្សធម៌ ក្នុង​ក្រុង​កាប៊ុល ប្រទេស​អាហ្វហ្គានីស្ថាន កាលពី​ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣។
រូបឯកសារ៖ យុទ្ធជន​តាលីបង់​ឈរ​យាម​ ខណៈ​ស្ត្រី​រង់ចាំ​ទទួល​អាហារ​ចែក​ដោយ​ក្រុម​ជំនួយ​មនុស្សធម៌ ក្នុង​ក្រុង​កាប៊ុល ប្រទេស​អាហ្វហ្គានីស្ថាន កាលពី​ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣។

តទៅនេះ​ គឺ​ជា​បទ​វិចារណកថា​ដែល​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​របស់​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក

សហរដ្ឋ​អាមេរិក​បាន​ប្រារព្ធ​ទិវាសិទ្ធិមនុស្ស​កាល​ពីខែធ្នូ​និង​ខួប​ឆ្នាំទី៧៥​នៃ​សេចក្តី​ប្រកាស​សាកល​នៃ​សិទ្ធិ​មនុស្សដោយ​បាន​រឹតត្បិត​ទិដ្ឋាការ​និង​ដាក់​ទណ្ឌកម្ម​លើ​បុគ្គល៣៧​នាក់នៅក្នុង​ប្រទេស១៣។

រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋអាមេរិកលោក Antony Blinken បាន​និយាយ​នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​ថា ជាមួយ​សកម្មភាពទាំង​នេះ«សហរដ្ឋអាមេរិក​ដោះស្រាយការរំលោភ​សិទ្ធិ​មនុស្សដែល​ជាឧបសគ្គនិង​នាំ​ឱ្យមាន​ទុក្ខទោសធំ​បំផុត​ខ្លះៗនៅ​ក្នុងពិភពលោក មានរួម​ក្រុម​ជន​ទាក់ទិននឹងអំពើ​ហិង្សា​ផ្លូវភេទ ការបង្ខំ​ឱ្យ​ធ្វើការ​ជា​ទម្ងន់​និងការបង្ក្រាប​ឆ្លងព្រំដែន»។

ការចុចឈ្មោះ​ជា​ច្រើនក្នុងបណ្តាការចុចឈ្មោះ​ថ្មីៗទាំង​នេះ​យក​ជាទីដៅនូវ​ក្រុមបុគ្គលទទួល​ខុសត្រូវ​ដល់អំពើ​ហិង្សា​ផ្អែកលើ​យេនឌ័រ​និង​ការបង្ក្រាប​ស្ត្រីនិង​នារី​ជា​សាកល មានរួម​ពួក​សមាជិកគណៈកម្មការ​ស្រុកនិងអភិបាលខេត្ត​មា្នក់នៅ​ប្រទេសស៊ូដង់​ខាង​ត្បូង​ដែល​កងកម្លាំង​និងពួក​ជីវពលរបស់​ពួកគេជាអ្នក​ទទួល​ខុសត្រូវដល់​ការរំលោភ​សេពសន្ធវៈ​និង​ពួក​មេដឹកនាំ​តាលីបង់​មានទាក់ទិននឹង​ការ​រឹតត្បិត​មិនឱ្យនារី​ទៅ​រៀន​នៅ​មធ្យមសិក្សា។

លោក​រដ្ឋមន្ត្រី Blinken ថ្លែង​ថា «របប​គ្រប់គ្រងអ៊ីរ៉ង់នៅ​តែ​ជាអ្នក​រំលោភ​សិទ្ធិ​មនុស្ស​អាក្រក់បំផុតមួយនៅក្នុង​ប្រទេស​និងក្រៅ​ប្រទេស។ ការរំលោភរបស់អាជ្ញាធរ​អ៊ីរ៉ង់​មានរួម​ការបង្ក្រាប​ក្រុម​ប្រឆាំងនិង​ក្រុមបាតុករ​ដោយ​សន្តិវិធីតាម​រយៈ​ការប្រើកម្លាំងនាំឱ្យ​មាន​មនុស្ស​ស្លាប់ ការចាប់​ឃុំឃាំងតាមអំពើ​ចិត្ត ការធ្វើទារុណកម្ម​និង​ការយក​ក្រុម​ប្រឆាំងនៅក្រៅ​ប្រទេសជា​ទីដៅ​តាមរយៈការ​តាម​ឃ្លាំមើល​ ការ​បំភិតបំភ័យ​និង​ការ​លប​ធ្វើ​ឃាត»។ ជា​ការឆ្លើយ​តប សហរដ្ឋ​អាមេរិក​បាន​ចុច​ឈ្មោះ​មន្ត្រីខាងស៊ើបការ​សម្ងាត់អ៊ីរ៉ង់​ពីរនាក់មាន​ទាក់ទិន​នឹងការ​ជ្រើសរើសពួក​បុគ្គលឱ្យ​ធ្វើអំពើអាក្រក់​ប្រឆាំងនឹង​ក្រុម​ប្រឆាំងនឹង​របបគ្រប់គ្រង​អ៊ីរ៉ង់​នៅក្នុងប្រទេស​អាមេរិក​ មានរួម​ពួកមន្ត្រីបច្ចុប្បន្ននិង​អតីតមន្ត្រីអាមេរិក​ព្រមទាំង​ធ្វើ​សកម្មភាព​ឃ្លាំមើល​ផ្តោតលើកន្លែង​សាសនា អាជីវកម្មនិង​កន្លែងឯទៀតៗ។

បន្ថែម​លើនេះ ក្រសួង​ការបរទេស​អាមេរិក​បាន​ចេញ​របាយការណ៍អំពីច្បាប់​ខាង​គោលនយោបាយ​សិទ្ធិមនុស្ស Uighur ទៅជូន​សភា ហើយ​ក្រសួងហិរញ្ញវត្ថុ​បានដាក់​ទណ្ឌកម្មមន្ត្រីរដ្ឋាភិបាល​សាធារណប្រជាមានិត​ចិនពីរនាក់ដោយសារការទាក់ទិនរបស់​ពួកគេជា​មួយ​ការរំលោភ​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរនៅ​ក្នុង​តំបន់ Xinjiang។

ក្រសួងការបរទេស​ក៏​បាន​សើរើ ពង្រីក​ និង​ចេញ​គោលនយោបាយរឹតត្បិត​ទិដ្ឋាការ​សម្រាប់​ប្រទេស​ហ្សីមបាវ៉េ​ ស៊ីរី​ និងប្រទេស​អ៊ូហ្គង់ដា​ដើម្បី​ផ្ចុងផ្តើម​ការទទួល​ខុសត្រូវ​សម្រាប់​ពួកមន្ត្រី​រដ្ឋាភិបាលនិងជន​ឯទៀត​មាន​ទាក់ទិន​នឹង​ការបង្ក្រាប ការរំលោភ​សិទ្ធិ​មនុស្ស និងសកម្មភាពមិនអាចទទួល​បានឯទៀតៗ។

ជា​ទីបញ្ចប់ សហរដ្ឋ​អាមេរិកបាន​ចុចឈ្មោះ​មេដឹកនាំក្រុមអ្នកលេង​ជា​ឧក្រិដ្ឋជន​បួន​នាក់​នៅ​ប្រទេស​ហៃទីទាក់ទិន​នឹងការរំលោភលើ​សិទ្ធិមនុស្ស​ ​មាន​រួមអំពើ​ហិង្សា​ខាង​ផ្លូវ​ភេទ​និងមេដឹកនាំ​ប្រាំនាក់​នៃ​ក្រុម​ជន​ប្រដាប់​អាវុធ​ក្នុង​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​កុងហ្គោ។ ការ​ចុច​ឈ្មោះជនទាំងនេះមានបន្ថែម​លើការប្រឹងប្រែង​កាលពីពេល​មុនៗ​ដោយ​សហរដ្ឋ​អាមេរិក​ដើម្បី​បង្អាក់សកម្មភាពឧក្រិដ្ឋ​នៅ​ហៃទី មានរួមទាំងកម្មវិធី​ផ្តល់រង្វាន់​របស់ក្រសួងការបរទេសប្រឆាំងនឹងឧក្រិដ្ឋកម្ម​មានការរៀបចំ​ឆ្លងកាត់​ព្រំដែន​ដែល​ផ្តល់​រង្វាន់រហូត​ដល់១លាន​ដុល្លារ​ និង​២លានដុល្លារ​សម្រាប់ជនទាំង​ឡាយណា​ដែលផ្តល់ព័ត៌មាន​នាំ​ឱ្យមានការ​ចាប់ខ្លួន ​និងការ​កាត់​ទោស​ឈ្មោះ Joseph Wilson និង​ ឈ្មោះ Vitel’s homme Innocent។

សហរដ្ឋ​អាមេរិកនឹង​បន្ត​ប្រើវិធី​ទាំងអស់​ដែល​មាន​សម្រាប់​ផ្ចុងផ្តើម​ការទទួល​ខុសត្រូវ​និង​ផ្តល់​សញ្ញាអំពីការគាំទ្រ​ខ្លាំង​របស់​ខ្លួនដល់​សិទ្ធិ​មនុស្ស​និង​សេរីភាព​ជា​មូលដ្ឋាន៕

XS
SM
MD
LG