តទៅនេះ គឺជាបទវិចារណកថាដែលឆ្លុះបញ្ចាំងពីទស្សនៈរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក
រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោក Antony Blinken បានប្រកាសថា កាលពី ៧៥ឆ្នាំមុន ប្រទេសជាតិនានាបានប្រកាសការប្តេជ្ញាដ៏ទូលំទូលាយមួយដោយងាយ យល់និងមានភាពច្បាស់លាស់ខាងសីលធម៌ថា «មនុស្សគ្រប់គ្នាបានកើតដោយសេរីនិងមានសមភាពខាងសេចក្តីថ្លៃថ្នូរនិងសិទ្ធិ»។ ពាក្យទាំងនេះចាប់ផ្តើមសេចក្តីប្រកាសសិទ្ធិមនុស្សសាកលហើយជា«ការសម្តែងសុទិដ្ឋិនិយមដ៏អស្ចារ្យនិងជំនឿលើពិភពលោកមួយដែលរើបចេញពីការបំផ្លិចបំផ្លាញដោយសង្គ្រាមលោកពីរលើកនិងអំពើព្រៃផ្សៃនៃហាយនភាព Holocaust»។
លោករដ្ឋមន្ត្រី Blinken បាននិយាយថា «ជាការពិត នៅពេលសេចក្តីប្រកាសនេះត្រូវបានព្រាងនិងអនុម័ត សិទ្ធិទាំងឡាយដែលសេចក្តីប្រកាសនេះរៀបរាប់មិនមាំទាំទេ។ នៅពេលសព្វថ្ងៃ សិទ្ធិទាំងនេះមាននៅក្នុងផ្នែកទាំងអស់នៃសង្គមយើង។ សិទ្ធិទាំងនេះជាផ្នែកមួយដែលចងភ្ជាប់សហគមន៍យើង។ សិទ្ធិទាំងនេះកំណត់ស្តង់ដារមួយសម្រាប់សេរីភាព សម្រាប់យុត្តិធម៌ និងសេចក្តីថ្លៃថ្នូររបស់មនុស្ស»។
លោករដ្ឋមន្ត្រី Blinken បានថ្លែងថា នៅខួបឆ្នាំទី៧៥នៃការចុះហត្ថលេខាលើសេចក្តីប្រកាសនេះ«យើងមានការទទួលខុសត្រូវច្រើនជាងមុនក្នុងការធ្វើឱ្យមានការជឿនលឿនទៅមុខ ជាពិសេសនៅពេលមានសំឡេងជំទាស់កើនឡើងប្រឆាំងនឹងសាកល ភាពនៃសិទ្ធិជាមូលដ្ឋានទាំងនេះ ភាពទាក់ទងនៃសិទ្ធិទាំងនេះនិងភាពត្រឹមត្រូវតាមច្បាប់របស់វាផងដែរ»។ លោកបានបន្ថែមថា ព្រោះហេតុនេះហើយបានជាសហរដ្ឋអាមេរិកធ្វើការប្តេជ្ញាមួយចំនួនដើម្បីការពារនិងឧបត្ថម្ភផ្ចុងផ្តើមសិទ្ធិមនុស្ស។
លោករដ្ឋមន្ត្រី Blinken បានមានប្រសាសន៍ថា «ទីមួយ យើងនឹងពង្រឹងការងាររបស់យើងក្នុងការកសាងសង្គមខ្លាំងដែលគោរពសិទ្ធិមនុស្ស មានរួមតាមរយៈការផ្តើមគំនិតប្រធានាធិបតីសម្រាប់ការធ្វើឱ្យមានប្រជាធិបតេយ្យឡើងវិញរបស់លោកប្រធានាធិបតី Biden។ យើងក៏នឹងពង្រីកវិនិយោគរបស់យើងក្នុងកម្មវិធីដើម្បីការពារសេរីភាពបណ្តាញព័ត៌មាននិងសុវត្ថិភាពអ្នកកាសែតដើម្បីការពារក្រុមអ្នកការពារសិទ្ធិមនុស្សនិងដើម្បីឧបត្ថម្ភផ្ចុងផ្តើមការទទួលខុសត្រូវខ្ពស់និងនីតិរដ្ឋ»។
លោករដ្ឋមន្ត្រី Blinken បានពោលថា «ទីពីរ យើងនឹងធ្វើឱ្យប្រាកដប្រជាថា សិទ្ធិមនុស្សត្រូវប្រព្រឹត្តតាមនៅក្នុងពិភពលោកយើងដែលមានប្រព័ន្ធឌីជីថលច្រើនជាងមុន»។
លោករដ្ឋមន្ត្រី Blinken បានមានប្រសាសន៍ថា «យើងចាត់វិធានការតាមផែនការសកម្មភាពជាតិដើម្បីឧបត្ថម្ភផ្ចុងផ្តើមការយកចិត្តទុកដាក់របស់វិស័យធុរកិច្ចដើម្បីធ្វើឱ្យប្រាកដថា កិច្ចប្រតិបត្តិការជំនួញផ្ទាល់របស់រដ្ឋាភិបាលយើងប្រព្រឹត្តតាមសិទ្ធិមនុស្ស សិទ្ធិការងារនិងសិទ្ធិបរិដ្ឋាន។ យើងនឹងធ្វើសកម្មភាពដើម្បីជួយក្រុមហ៊ុនបច្ចេកវិទ្យាដើម្បីបញ្ចៀសកុំឱ្យបណ្តាញរបស់ពួកគេត្រូវប្រើសម្រាប់វាយប្រហារក្រុមអ្នកការពារសិទ្ធិមនុស្សនិងសមាជិកឯទៀតៗនៃសង្គមស៊ីវិល»។
លោករដ្ឋមន្ត្រី Blinken បានកត់សម្គាល់ថា «ជាទីបញ្ចប់ យើងសន្យាថានឹងពង្រីកការប្រឹងប្រែងរបស់យើងសម្រាប់ឧបត្ថម្ភផ្ចុងផ្តើមយុត្តិធម៌ខាងពូជសាសន៍និងដោះស្រាយអំពើហិង្សាខាងយេនឌ័រនៅក្នុងសហរដ្ឋអាមេរិកនិងនៅទូទាំងពិភពលោក»។
នេះជាកាតព្វកិច្ចរបស់រដ្ឋាភិបាលទាំងឡាយ ក្រុមអ្នកការពារសិទ្ធិមនុស្សអ.ស.ប. និងបុគ្គលម្នាក់ៗក្នុងការបន្តធ្វើការឱ្យមានពិភពលោកមួយដែលសេចក្តីថ្លៃថ្នូររបស់មនុស្សគ្រប់រូបត្រូវផ្តល់កិត្តិយសឱ្យនិងត្រូវប្រព្រឹត្តតាម៕