Accessibility links

Breaking News

បទវិចារណកថា៖ ការប្រឈម​នឹង​ឧបសគ្គ​នៃ​បច្ចេកវិទ្យា​ចំពោះ​​សិទ្ធិ​មនុស្ស


រូបឯកសារ៖ កាមេរ៉ា​ឃ្លាំមើល​ត្រូវបាន​គេ​មើលឃើញ​នៅក្នុង​ប្រទេស​ចិន។
រូបឯកសារ៖ កាមេរ៉ា​ឃ្លាំមើល​ត្រូវបាន​គេ​មើលឃើញ​នៅក្នុង​ប្រទេស​ចិន។

តទៅ​នេះ​ គឺជា​បទវិចារណកថា​ដែល​ឆ្លុះ​បញ្ចាំង​អំពី​ទស្សនៈ​របស់​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក

រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក​លោក Antony Blinken បាន​ព្រមាន​នៅ​ក្នុង​សុន្ទរកថាមួយទៅ​កាន់អង្គការ Freedom House ថា ឧបសគ្គ​មួយក្នុង​បណ្តាឧបសគ្គដែល​វិវត្ត​លឿន​បំផុតដល់​សិទ្ធិ​មនុស្ស​ គឺ​បច្ចេកវិទ្យា។

នៅ​ពេល​មួយ​នោះ ​វា​ហាក់​ដូចជា​ថា​ ការលូតលាស់ខាង​បច្ចេកវិទ្យា​បានទាញ​តុល្យភាព​អំណាច​ពី​ពួក​អ្នក​រំលោភ​លើ​សិទ្ធិ​មនុស្ស​ទៅ​កាន់ក្រុម​អ្នក​ការពារ​សិទ្ធិ​មនុស្ស។ នៅ​ក្នុង​កន្លែង​ដដែល​ជា​ច្រើន​ដែល​នៅ​ទី​ទាំងនោះពួក​អ្នកការពារ​សិទ្ធិមនុស្ស​ប្រើ​បច្ចេកវិទ្យា​សម្រាប់​អំពើ​ល្អ ក្រុម​ផ្តាច់​ការនិង​របប​គ្រប់គ្រង​សង្កត់សង្កិនបាន​រំលោភ​លើ​បច្ចេកវិទ្យាដោយ​ធ្វើ​ការ​បំពានរបស់​ពួក​គេ​ផ្ទាល់។

លោក​រដ្ឋមន្ត្រី​ Blinken បានពន្យល់​ថា ​អនាគត​សិទ្ធិមនុស្សរបស់​យើង​នឹង​ត្រូវ​មាន​រូបរាង​ក្នុង​ផ្នែក​សំខាន់ៗ​បួន ហើយ​ផ្នែក​ទី​មួយ ​គឺបច្ចេកវិទ្យាខាងការឃ្លាំ​មើល។

លោក​បាន​និយាយថា៖ ​«ជីវិត​ឌីជីថល​របស់​យើង​ធ្វើ​ឱ្យ​យើង​អាច​រងគ្រោះ​ដោយ​ងាយដោយសារ​ទម្រង់​ថ្មីៗ​នៃ​បច្ចេកវិទ្យាខាង​ការ​ឃ្លាំ​មើល...ក្រុមអ្នកកាសែត ក្រុម​សកម្មជន​នយោបាយ ពួកឥស្សរជន​ប្រឆាំង​ ក្រុម​អ្នកការពារ​សិទ្ធិ​មនុស្ស​និង​ក្រុម​ជន​ឯ​ទៀតៗ​នៅ​ក្នុង​សឹង​តែ​គ្រប់​ទ្វីបត្រូវ​បាន​យក​ធ្វើ​ជា​ទីដៅ​ដោយ spyware ពាណិជ្ជកម្ម​ដែល​ពួក​តួអង្គក្នុង​រដ្ឋាភិបាល ​និង​ក្រុម​តួ​អង្គក្រៅ​រដ្ឋាភិបាល​មាន​ដូច​គ្នា‍»។

លោក​រដ្ឋមន្ត្រី Blinken បាន​កត់សម្គាល់​ថា៖ ​«យើង​ដឹង​ថា ការ​មានសេវា​អ៊ីនធឺណិត គ្មាន​ការ​រឹតត្បិត​មាន​សារៈសំខាន់​សម្រាប់​ការពារសិទ្ធិមនុស្ស​និង​សេរីភាព​មនុស្ស»។ ប៉ុន្តែ​បើ​តាមអង្គការ Freedom House ថា ​ការ​ត្រួតពិនិត្យ​និង​ការ​បិទ​អ៊ីនធឺណិត​ដោយរដ្ឋាភិបាល​នៅ​ពេល​នេះ​មានច្រើន។

លោក​បានថ្លែង​ថា៖ «បណ្តាញ​ព័ត៌មាន Iran Wire របស់​អ្នកស្រី Aida Ghajar បាន​ប្រើ​អ៊ីនធឺណិត​សម្រាប់​ទទួល​ព័ត៌មាន​សំខាន់ៗពី​ខាង​ក្នុង​ប្រទេស​អ៊ីរ៉ង់ដើម្បី​ធ្វើ​អ្វីៗ​គ្រប់យ៉ាងចាប់តាំង​ពី​ការ​ប្រមូល​ឯកសារ​អំពីចំនួន​មនុស្ស​ស្លាប់​ឱ្យ​បាន​ត្រឹមត្រូវ​ពី​ការ​បង្ក្រាប​បាតុកម្ម​ ចែកចាយ​វីដេអូនៃ​ការ​បង្ក្រាប​ដោយ​របប​គ្រប់គ្រង​អ៊ីរ៉ង់ ​ប្រមែប្រមូល​និង​ចែកចាយ​ការ​រាយការណ៍ផ្ទាល់​ដោយ​បណ្តាញ​របស់​ផង​ខ្លួន​និង​ដោយ​ក្រុម​អ្នកកាសែតជា​ពលរដ្ឋ‍»។

លោក​រដ្ឋមន្ត្រី Blinken បាន​កត់​សម្គាល់​ថា៖ «ខណៈ​ពេល​ដែល​យើងធ្វើការ​ដើម្បីផ្ចុងផ្ដើមការ​ប្រើអ៊ីនធឺណិត​សម្រាប់​មនុស្ស​គ្រប់គ្នា យើង​ក៏​ធ្វើ​ការ​ដើម្បី​ដោះស្រាយ​...ការ​យាយី​ការ​រំលោភនិង​ការផ្តល់​ព័ត៌មាន​ក្លែងក្លាយ​តាមអនឡាញ‍​ដែរ»។​

លោក​រដ្ឋមន្ត្រី Blinken បានព្រមាន​ថា បច្ចេកវិទ្យានិង​សិទ្ធិ​មនុស្សជួប​ប្រសព្វ​គ្នាលើ​វិស័យ​បញ្ញា​សិប្បនិម្មិត ឬ AI និង​ជីវបច្ចេកវិទ្យា មានរួមផ្នែក genomics ផង​ដែរ។

លោកបានមាន​ប្រសាសន៍​ថា៖ «ការ​លូតលាស់ខាង​ជីវបច្ចេកវិទ្យា​បានធ្វើ​ឱ្យ​មាន​ការ​ឃ្លាំ​មើល​ខាង​ហ៊្សែន (genome) ផ្អែក​លើ DNA របស់មនុស្ស​ម្នាក់ដែល​អាច​សម្រួលដល់ការរំលោភ​សិទ្ធិមនុស្ស។ ហើយ​យើង​បាន​ឃើញ​ការ​រំលោភ​ខ្លះក្នុង​បណ្តា​ការ​រំលោភ​ទាំង​នេះ​ ជា​ឧទាហរណ៍ការ​រំលោភ​ធ្វើ​ឡើង​ដោយសាធារណរដ្ឋ​ប្រជា​មានិត​ចិន​ប្រឆាំង​នឹង​ក្រុម​ជនអំបូរ Uighur និងក្រុម​ជន​ភាគ​តិច​ឯ​ទៀតៗក្នុង​តំបន់ Xinjiang។ យើងក៏​ខ្វល់ខ្វាយ​ដែរ​ដោយ​របាយការណ៍​អំពីការ​ប្រមូល​ DNA របស់​មនុស្សច្រើន​នាក់​នៅ​ក្នុង​តំបន់​ទីបេត៍​ជា​ទម្រង់បន្ថែម​មួយ​នៃ​ការ​គ្រប់គ្រង​និង​ការ​ឃ្លាំមើលប្រជាជន​ទីបេត៍‍»។

ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក​នឹង​បន្ត​បង្កើនការ​គាំទ្រ​និង​ជំនួយ​ខាង​ផ្លូវ​ច្បាប់ដល់​ជន​ទាំងឡាយ​ណា​ដែល​ការពារ​សិទ្ធិ​មនុស្ស​នៅ​ទូទាំង​ពិភពលោក​និង​ធ្វើការ​ជាមួយពួក​ដៃគូ​សង្គមស៊ីវិល ដូចជាអង្គការ​ Freedom House ជា​ដើម អំពីរបៀបប្រសើរ​បំផុត​ដើម្បី​ការពារនិងជំរុញ​សិទ្ធិមនុស្ស​នៅ​ក្នុង​ការ​ប្រឈម​នឹង​ការ​គំរាមកំហែង​ដែល​ចេះ​តែ​វិវត្ត​ជា​បន្តបន្ទាប់៕

XS
SM
MD
LG