តទៅនេះ គឺជាបទវិចារណកថាដែលឆ្លុះបញ្ចាំងអំពីទស្សនៈរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក
ថ្លែងទៅកាន់ក្រុមអ្នកកាសែតអំពីស្ថានភាពសេរីភាពសារព័ត៌មាននៅទូទាំងពិភពលោក រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោក Antony Blinken បានកត់សម្គាល់ថា៖ «ក្រុមអ្នកសារព័ត៌មាននៅទូទាំងពិភពលោកកំពុងស្ថិតនៅក្រោមការឡោមព័ទ្ធច្រើនជាងមុន...ក្នុងវិធីផ្សេងៗគ្នា»។ ការពិតជាក់ស្តែងនេះបានត្រូវលាតត្រដាងយ៉ាងខ្លាំងក្លា នៅក្នុងករណីនៃការចាប់ឃុំឃាំងលោក Evan Gerschkovich អ្នករាយការណ៍ឱ្យកាសែត Wall Street Journal ក្នុងប្រទេសរុស្ស៊ី។
លោករដ្ឋមន្ត្រី Blinken បានមានប្រសាសន៍ថា៖ «យើងមានប្រទេសមួយក្នុងករណីនៃប្រទេសរុស្ស៊ីដែលដូចជាប្រទេសមួយក្តាប់តូចក្នុងពិភពលោកដែរ បានឃុំឃាំងមនុស្សខុស ដោយប្រើពួកគេជាកូនអុកនយោបាយ ប្រើពួកគេជាអានុភាពក្នុងការអនុវត្តមួយដែលមិនអាចទទួលយកបានជាដាច់ខាត ហើយយើងកំពុងធ្វើការខ្លាំងដើម្បីប្រឹងប្រែងដើម្បីបង្ការដល់សកម្មភាពបែបនេះ តែក៏នៅពេលជាមួយគ្នានេះយើងព្យាយាមធ្វើឱ្យមានការដោះលែងក្រុមជនដែលត្រូវបានចាប់ឃុំឃាំងដោយអយុត្តិធម៌»។
បើតាមអ្នកសម្របសម្រួលពិធីនេះ គឺលោក David Ignatius អ្នកសរសេរខ្ទង់កាសែត Washington Post ថា ជាការពិតមានអ្នកសារព័ត៌មាននិងអ្នកធ្វើការខាងបណ្តាញព័ត៌មាន៦៧នាក់ត្រូវបានសម្លាប់កាលពីឆ្នាំទៅ ចំណែកឯប្រមាណ៥៧០នាក់ទៀតជាប់ឃុំឃាំងក្នុងពន្ធនាគារក្នុងប្រទេស៣០នៅទូទាំងពិភពលោក។
សហរដ្ឋអាមេរិកប្រើឧបករណ៍ផ្សេងៗប្រឆាំងក្រុមនានាដែលធ្វើបាបក្រុមអ្នកសារព័ត៌មាន។ ឧបករណ៍មួយក្នុងចំណោមឧបករណ៍ទាំងនេះគឺច្បាប់ Robert Levinson សម្រាប់ជួយដោះលែងពួកចំណាប់ខ្មាំង និងធ្វើឱ្យមានការទទួលខុសត្រូវខ្ពស់ដល់ការចាប់ចំណាប់ខ្មាំង ដែលដាក់ទណ្ឌកម្មប្រឆាំងពួកជនទាំងឡាយណាដែលឃុំឃាំងពលរដ្ឋសហរដ្ឋអាមេរិកដោយខុសច្បាប់នៅក្រៅប្រទេស។ លោករដ្ឋមន្ត្រី Blinken បាននិយាយថា៖ «ច្បាប់ Levinson ជាឧបករណ៍សំខាន់មួយ»។
លោកបានថ្លែងថា៖ «ច្បាប់នេះផ្តល់ឱ្យយើងនូវអំណាចថ្មីៗសម្រាប់ប្រឆាំងនឹងក្រុមជនទាំងឡាយណាដែលឃុំឃាំងដោយខុសក្រុមអ្នកសារព័ត៌មាន ឬពលរដ្ឋយើង។ ច្បាប់នេះមានរួមការដាក់ទណ្ឌកម្មលើពួកជនល្មើសដូចជា ការហាមប្រាមមិនឱ្យធ្វើដំណើរមកសហរដ្ឋអាមេរិក ការបង្កកទ្រព្យសម្បត្តិជាដើម...សេចក្តីសង្ឃឹមរបស់យើងគឺថា ដោយអនុវត្តច្បាប់នេះ យើងអាចធ្វើឱ្យមានការភ័យខ្លាចដល់ក្រុមជនដែលបានធ្វើសកម្មភាពបែបនេះ មិនធ្វើតទៅទៀតទៅអនាគត»។
លោករដ្ឋមន្ត្រី Blinken បាននិយាយថា សហរដ្ឋអាមេរិក«កំពុងព្យាយាមប្រយុទ្ធប្រឆាំងនិងរុញច្រាននៅទូទាំងពិភពលោក ដើម្បីជួយក្រុមអ្នកសារព័ត៌មានដែលកំពុងប្រឈមនឹងការបំភិតបំភ័យ ការបង្ខិតបង្ខំ ការធ្វើទុក្ខបុកម្នេញ ការយកមកកាត់ទោស និងការតាមឃ្លាំមើល»។ ការណ៍នេះមានរួមទឹកប្រាក់ផ្តល់ឱ្យក្រុមអ្នកសារព័ត៌មាននូវបច្ចេកវិទ្យាដើម្បីការពារពួកគេប្រឆាំងនឹងរឿងក្តីក្តាំដែលមានលក្ខណៈព្យាបាទ។ មានទឹកប្រាក់មួយទៀតសម្រាប់ជួយក្រុមអ្នកសារព័ត៌មានឱ្យការពារខ្លួនឯងប្រឆាំងនឹងការធ្វើទុក្ខបុកម្នេញនិងការបង្ខិតបង្ខំពីរដ្ឋ។
លោក Blinken បានមានប្រសាសន៍ថា៖ «យើងផ្តល់ប្រាក់រាប់សិបលានដុល្លារដល់មូលនិធិសេរីភាពបណ្តាញព័ត៌មានសម្រាប់បណ្តាញព័ត៌មានឯករាជ្យដើម្បីបង្កើនសមត្ថភាពពួកគេក្នុងការបន្តធ្វើការងារពួកគេក្នុងកន្លែងមានការពិបាកខ្លាំងណាស់»។
លោករដ្ឋមន្ត្រី Blinken បាននិយាយថា វាមានសារៈសំខាន់ណាស់ដែល«យើងទាក់ទងជាមួយក្រុមមនុស្សដែលមានការទទួលខុសត្រូវសំខាន់បំផុតមួយក្នុងពិភពលោកនេះ ដែលនោះគឺធ្វើឱ្យរដ្ឋាភិបាលនិងស្ថាប័នមានការទទួលខុសត្រូវខ្ពស់ ដើម្បីបញ្ចាំងភ្លើងបំភ្លឺទៅកន្លែងដែលងងឹត ដើម្បីធ្វើឱ្យប្រជាពលរដ្ឋមានការទុកចិត្តលើស្ថាប័នពួកគេ មានទំនុកចិត្តលើក្រុមជនដែលមានការទទួលខុសត្រូវក្នុងការធ្វើជាអ្នកតំណាងពួកគេ»៕