តទៅនេះ គឺជាបទវិចារណកថាដែលឆ្លុះបញ្ចាំងអំពីទស្សនៈរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក
រដ្ឋធម្មនុញ្ញវៀតណាម បានចែងពីសេរីភាពនៃការបញ្ចេញមតិ រួមទាំងសារព័ត៌មានផងដែរ។ ក៏ប៉ុន្តែ របាយការណ៍ស្តីពីសិទ្ធិមនុស្សកាលពីពេលថ្មីៗនេះរបស់ក្រសួងការបរទេសសហរដ្ឋអាមេរិក បានកត់សម្គាល់ថា៖ «នៅក្នុងការអនុវត្ត រដ្ឋាភិបាលវៀតណាម មិនបានគោរពសិទ្ធិទាំងអស់នេះទេ»។ ក្រសួងការបរទេសអាមេរិក បានសង្កេតឃើញថា៖ «រដ្ឋាភិបាលក៏បានបន្តប្រើបញ្ញត្តិសន្តិសុខជាតិនិងការប្រឆាំងការបរិហាកេរ្តិ៍ដើម្បីរឹតត្បិតលើសេរីភាពនៃការនិយាយស្តី»។ បន្ថែមពីនោះទៀត របាយការណ៍នោះបានបញ្ជាក់ទៀតថា៖ «ច្បាប់បានបញ្ជាក់យ៉ាងច្បាស់អំពីការហាមឃាត់ការកេងប្រយោជន៍ពីសេរីភាពនៃលទ្ធិប្រជាធិបតេយ្យនិងសិទ្ធិមនុស្សដើម្បីរំលោភលើផលប្រយោជន៍របស់រដ្ឋ ឬសិទ្ធិត្រឹមត្រូវតាមច្បាប់និងផលប្រយោជន៍របស់អង្គការ ឬបុគ្គល»។
ក្នុងការជំរឿនពន្ធនាគារកាលពីពេលថ្មីៗនេះរបស់ខ្លួន គណៈកម្មាធិការដើម្បីការពារអ្នកកាសែត បានរកឃើញថា គិតត្រឹមថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២០ វៀតណាមបានឃុំឃាំងអ្នកកាសែតយ៉ាងតិចណាស់ក៏ ១៥នាក់ដែរចំពោះការបំពាញការងាររបស់ខ្លួន ដែលធ្វើឲ្យវៀតណាមក្លាយជាប្រទេសលំដាប់ទី២ដែលមានអ្នកកាសែតជាប់ពន្ធនាគារច្រើនជាងគេនៅក្នុងទ្វីបអាស៊ី។
និន្នាការអកុសលនេះ បានបន្តចូលក្នុងឆ្នាំ២០២១ទៀត។ កាលពីថ្ងៃទី២៨ ខែតុលា តុលាការវៀតណាម បានចោទប្រកាន់អ្នកកាសែត៥នាក់ពីការទាក់ទិនជាមួយក្រុម Bao Sach ឬក្រុមអ្នកកាសែតស្អាតស្អំ ហើយបានកាត់ទោសពួកគេឲ្យជាប់ពន្ធនាគារជាច្រើនឆ្នាំចំពោះ«ការរំលោភសេរីភាពប្រជាធិបតេយ្យ» នៅក្រោមមាត្រា៣៣១ នៃក្រមព្រហ្មទណ្ឌ។
លោក Troung Chau Huu Danh អ្នកបង្កើតក្រុម Bao Sach បានត្រូវតុលាការកាត់ទោសឲ្យជាប់ពន្ធនាគារ៤ឆ្នាំ ៦ខែ។ លោក Doan Kien Giang និងលោក Le The Thang បានទទួលទោស៣ឆ្នាំក្នុងម្នាក់ៗ ខណៈដែលលោក Nguyen Phuoc Trung Bao និងលោក Nguyen Thanh Nha បានត្រូវតុលាការកាត់ឲ្យជាប់ពន្ធនាគារ២ឆ្នាំក្នុងម្នាក់ៗ។ បន្ថែមពីនោះ អ្នកទាំង៥នាក់នោះ បានត្រូវហាមឃាត់មិនឲ្យធ្វើការជាអ្នកកាសែតរយៈពេល៣ឆ្នាំទៀត បន្ទាប់ពីការបញ្ចប់រយៈពេលជាប់ឃុំឃាំងរួច។
ក្នុងសេចក្តីថ្លែងការណ៍ជាលាយលក្ខណ៍អក្សរ អ្នកនាំពាក្យក្រសួងការបរទេសសហរដ្ឋអាមេរិកលោក Ned Price បាននិយាយថា សហរដ្ឋអាមេរិក «មានការរំខានចិត្តយ៉ាងខ្លាំង» អំពីការកាត់ទោសនេះ។ លោកបាននិយាយទៀតថា៖ «យើងដឹងថា ក្រុមអ្នកកាសែតនេះ បានផ្តោតលើសេចក្តីរាយការណ៍បែបស៊ើបអង្កេតស្តីពីអំពើពុករលួយដែលមិនមែនជាឧក្រិដ្ឋកម្មនោះទេ។ ការកាត់ទោសអ្នកកាសែតទាំង៥នាក់នោះ ជាផ្នែកមួយនៃនិន្នាការដ៏គួរឱ្យបារម្ភនៅពេលថ្មីៗនេះនៃការឃុំឃាំង និងការកាត់ទោសអ្នកកាសែតនិងពលរដ្ឋវៀតណាមចំពោះការអនុវត្តសិទ្ធិខាងសេរីភាពនៃការបញ្ចេញមតិនិងសេរីភាពសារព័ត៌មាន ដូចដែលបានចែងនៅក្នុងរដ្ឋធម្មនុញ្ញវៀតណាម។
លោក Price បានប្រកាសថា៖ «សហរដ្ឋអាមេរិក អំពាវនាវដល់អាជ្ញាធរវៀតណាមឲ្យគោរពសេរីភាពទាំងអស់នេះ ធ្វើការដោះលែងអ្នកកាសែតទាំង៥នាក់នោះ និងអ្នកទាំងឡាយដែលត្រូវបានឃុំខ្លួនដោយអយុត្តិធម៌ ហើយអនុញ្ញាតឲ្យបុគ្គលនានានៅក្នុងប្រទេសវៀតណាមសម្តែងទស្សនៈរបស់ពួកគេដោយសេរីនិងគ្មានការភ័យខ្លាចពីការសងសឹក។ យើងជំរុញឲ្យរដ្ឋាភិបាលវៀតណាមធ្វើឲ្យប្រាកដថា ចំណាត់ការរបស់ខ្លួនស្របទៅតាមមាត្រាសិទ្ធិមនុស្សនៃរដ្ឋធម្មនុញ្ញរបស់វៀតណាម និងកាតព្វកិច្ចអន្តរជាតិរបស់ខ្លួន៕