តទៅនេះ គឺជាបទវិចារណកថាដែលឆ្លុះបញ្ចាំងអំពីទស្សនៈរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក
សហរដ្ឋអាមេរិក ចូលរួមជាមួយសហគមន៍អន្តរជាតិក្នុងការអបអរសារៈសំខាន់នៃសេរីភាពសារព័ត៌មាន។
រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោក Antony Blinken បានបញ្ជាក់នៅក្នុងសេចក្ដីថ្លែងការណ៍របស់លោកក្នុងឱកាសប្រារព្ធទិវាសេរីភាពសារព័ត៌មានពិភពលោកថា៖ «ព័ត៌មាននិងចំណេះដឹង គឺជាឧបករណ៍ដ៏មានឥទ្ធិពល ហើយសារព័ត៌មានសេរីនិងឯករាជ្យ គឺជាស្ថាប័នស្នូលដែលភ្ជាប់សាធារណជនទៅនឹងព័ត៌មានដែលពួកគេត្រូវការ»។
ដោយមូលហេតុខាងលើនេះហើយ បានជាសហរដ្ឋអាមេរិកជំរុញឲ្យមានសេរីភាពសារព័ត៌មានទាំងតាមអនឡាញ និងទាំងលើកាសែត និងជំរុញឲ្យអ្នកកាសែតនានានៅទូទាំងពិភពលោកមានសុវត្ថិភាពក្នុងការបំពេញការងាររបស់ពួកគេ។
សេរីភាពសារព័ត៌មាន គឺជាមូលដ្ឋានសម្រាប់សង្គមប្រជាធិបតេយ្យ។ នៅក្រោមសេចក្ដីប្រកាសជាសាកលស្ដីពីសិទ្ធិមនុស្ស សេរីភាពសារព័ត៌មានរួមមានសិទ្ធិរបស់បុគ្គលទាំងអស់ «នៅក្នុងការស្វែងរក ទទួលបាន និងចែករំលែកព័ត៌មាន និងទស្សនៈនានា តាមរយៈប្រព័ន្ធផ្សព្វផ្សាយណាមួយដោយគ្មានដែនកំណត់»។
លោករដ្ឋមន្ត្រី Blinken បាននិយាយថា៖ «ប៉ុន្តែ ទស្សនៈវិស័យនៃសិទ្ធិរបស់អ្នកកាសែតនានានៅពេលបច្ចុប្បន្ននេះ មានលក្ខណៈគួរឲ្យព្រួយបារម្ភ»។
នេះគឺជាមូលហេតុមួយដែលសហរដ្ឋអាមេរិកបានប្រកាសអំពីការដាក់កំហិតទិដ្ឋាការដែលមានឈ្មោះថា «Khashoggi Ban» ដើម្បីជួយទប់ទល់នឹងទង្វើគំរាមកំហែងណាមួយដែលប្រឆាំងនឹងប្រព័ន្ធផ្សព្វផ្សាយ។ ការប្រកាសនេះ ជាការឆ្លើយតបទៅនឹងអំពើឃាតកម្មដ៏ឃោរឃៅលើអ្នកកាសែតជនជាតិអារ៉ាប៊ីសាអូឌីតលោក Jamal Khashoggi។
បើយោងតាមគណៈកម្មាធិការការពារអ្នកកាសែត (Committee to Protect Journalists) អ្នកកាសែតដែលបានជាប់ពន្ធនាគារដោយសារតែការបំពេញការងាររបស់ខ្លួននៅក្នុងឆ្នាំ ២០២០ មានចំនួនខ្ពស់បំផុត តាំងពីពេលដែលអង្គការនេះបានចាប់ផ្ដើមតាមដានលើរឿងនេះមក។
អង្គការនេះបានបញ្ជាក់ថា សាធារណរដ្ឋប្រជាមានិតចិន ប្រទេសតួកគី និងប្រទេសអេហ្ស៊ីប គឺជាប្រទេសដែលបានចាប់អ្នកកាសែតដាក់ពន្ធនាគារច្រើនជាងគេបំផុតកាលពីឆ្នាំមុន។ នៅក្នុងប្រទេសរុស្ស៊ី អាជ្ញាធរបានបន្តដាក់កំហិតលើការរាយការណ៍ឯករាជ្យ ដែលក្នុងនោះមានទាំងការដាក់កំហិតលើវិទ្យុអឺរ៉ុបសេរី/វិទ្យុសេរីភាព (Radio Free Europe/Radio Liberty) ផងដែរ។
ជាអកុសល ការឆ្លងរាតត្បាតនៃជំងឺកូវីដ១៩ បានផ្ដល់នូវលេសសម្រាប់រដ្ឋាភិបាលផ្ដាច់ការនានា នៅក្នុងការបង្កើនការដាក់សម្ពាធលើប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ។ លោករដ្ឋមន្ត្រី Blinken «បានអំពាវនាវដល់រដ្ឋាភិបាលទាំងអស់ឲ្យធានាសុវត្ថិភាពសម្រាប់ប្រព័ន្ធផ្សព្វផ្សាយ និងការពារលទ្ធភាពរបស់អ្នកកាសែតនៅក្នុងការធ្វើកិច្ចការរបស់ខ្លួនដោយគ្មានការភ័យខ្លាចពីអំពើហិង្សា ការគំរាមកំហែង ឬការឃុំឃាំងដោយអយុត្តិធម៌។ សហរដ្ឋអាមេរិកជំរុញរដ្ឋាភិបាលនានាឲ្យស៊ើបអង្កេត និងធ្វើយ៉ាងណាឲ្យមានការទទួលខុសត្រូវចំពោះបទឧក្រិដ្ឋទាំងអស់ ដែលប្រឆាំងនឹងអ្នកកាសែត»។
នៅក្នុងពិភពឌីជីថលដែលកាន់តែកើនឡើងនេះ សេរីភាពសារព័ត៌មាននិងលំហូរព័ត៌មានដោយសេរីក៏តម្រូវឲ្យមានសេរីភាពតាមប្រព័ន្ធអ៊ីនធឺណិតផងដែរ។ លោករដ្ឋមន្ត្រី Blinken បាននិយាយថា សហរដ្ឋអាមេរិក «មានការព្រួយបារម្ភអំពីការបង្កើនកិច្ចប្រឹងប្រែងរបស់រដ្ឋាភិបាលនានានៅក្នុងការរារាំងសាធារណជនមិនឲ្យទទួលបានព័ត៌មាននិងចំណេះដឹងផ្សេងៗ តាមរយៈការត្រួតត្រាលើលទ្ធភាពប្រើប្រាស់អ៊ីនធឺណិតនិងការដាក់កំហិតលើការផ្សព្វផ្សាយព័ត៌មាន ដែលក្នុងនោះរួមមានទាំងតាមរយៈការដាក់កំហិតជាទូទៅលើបណ្ដាញអ៊ីនធឺណិតផងដែរ»។
លោក Blinken បានបន្ថែមថា៖ «រដ្ឋាភិបាលនានាមិនត្រូវបិទ រាំងខ្ទប់ ត្រួតពិនិត្យ ឬក៏ដាក់កំហិតលើសេវាអ៊ីនធឺណិតនោះទេ ដោយសារតែការធ្វើដូច្នេះប៉ះពាល់និងរារាំងជ្រុលដល់សិទ្ធិនៃការជួបជុំដោយសន្តិវិធីនិងសេរីភាពនៃការជួបជុំនិងបញ្ចេញមតិ បង្អាក់ដល់លទ្ធភាពក្នុងការទទួលបានសេវាចាំបាច់នានា និងប៉ះពាល់បែបអវិជ្ជមានដល់សេដ្ឋកិច្ច»។
សហរដ្ឋអាមេរិកប្ដេជ្ញាធ្វើការជាដៃគូជាមួយនឹងសមាជិកនៃប្រព័ន្ធផ្សព្វផ្សាយ វិស័យឯកជន អង្គការក្រៅរដ្ឋាភិបាល និងរដ្ឋាភិបាលនានា ដើម្បីគាំទ្រលទ្ធភាពទទួលបានព័ត៌មាន និងការពារសេរីភាពនៃការបញ្ចេញមតិនិងអ្នកកាសែតដែលប្រឈមនឹងការគំរាមកំហែង ការយាយី ការចាប់ខ្លួន និងអំពើហិង្សាផ្សេងៗ នៅពេលដែលអនុវត្តសិទ្ធិរបស់ខ្លួន៕