Accessibility links

Breaking News

បទវិចារណកថា៖ រដ្ឋាភិបាល​ក្រុង​ហុងកុង បិទ​បណ្តាញ​ព័ត៌មាន​ឯករាជ្យ


លោក Chris Yeung ស្ថាបនិក និង​ជា​បណ្ណាធិការ​នាយក​នៃ​បណ្តាញ​ព័ត៌មាន Citizens News ដែល​ជា​បណ្តាញ​សារ​ព័ត៌មាន​អនឡាញ​មួយ​នៅ​ក្រុង​ហុងកុង លើក​គ្រវីដៃ​ទៅកាន់​អ្នកកាសែត បន្ទាប់ពី​ធ្វើ​សន្និសីទ​កាសែត​នៅ​ខាងក្រៅ​ការិយាល័យ​របស់​លោក​ក្នុង​ទីក្រុង​ហុងកុង កាលពី​ថ្ងៃទី៣ ខែមករា ឆ្នាំ២០២២។

តទៅ​នេះ​ គឺ​ជា​បទ​វិចារណកថា​ដែល​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​របស់​រដ្ឋាភិបាល​សហ​រដ្ឋ​អាមេរិក​

ហុងកុង​ ជា​ទីក្រុង​មួយ​ក្នុង​ចំណោម​ទីក្រុង​ខ្លះ​ក្នុង​ទ្វីប​អាស៊ី​ដែល​ធ្លាប់​មាន​បណ្តាញ​ព័ត៌មាន​សេរី​បំផុតនោះ​ នៅ​ពេល​នេះ​ កំពុង​ត្រូវ​បាន​ដក​ហូត​សំឡេង​កាសែត​ឯករាជ្យ​ចុង​ក្រោយ​បំផុត។ ​កាល​ពី​ពេល​ថ្មីៗ​បំផុត​នេះ​ បណ្តាញ​ព័ត៌មាន​ Citizens News ​ដែល​ជា​បណ្តាញ​សារ​ព័ត៌មាន​អនឡាញ​តូច​មួយ​នៅ​ក្រុង​ហុងកុង​ ហើយ​ដែល​ល្បី​ឈ្មោះ​ដោយសារ​ការ​រាយ​ការណ៍​ស៊ី​ជម្រៅ​អំពី​តុលាការ​ និង​នយោបាយ​ក្នុង​ស្រុក​ បាន​បិទ​ប្រតិបត្តិការ​កាល​ពី​ថ្ងៃ​ទី៣​ ខែ​មករា។​ បណ្ណាធិការ​នាយក​របស់ ​Citizens News បាន​និយាយ​យោង​ដល់​កំណើន​នៃ​ការ​ចាប់​ខ្លួន​អ្នក​កាសែត​ និង​បណ្ណាធិការ​ឯករាជ្យ​នៅ​ហុងកុង។​

កាល​ពី​ថ្ងៃទី​២៩ ​ធ្នូ​២០២១ ​អាជ្ញាធរ​ហុងកុង​ បាន​ឆ្មក់​ចូល​ឆែក​ និង​ចាប់​បុគ្គលិក​ជាន់ខ្ពស់​៧​នាក់​របស់​បណ្តាញ​ព័ត៌មាន​ Stands News ​បង្ខិត​បង្ខំ​ឱ្យ​បណ្តាញ​ព័ត៌មាន​សេរី​ និង​ឯករាជ្យ​មួយ​ទៀត​នៃ​បណ្តាញ​ព័ត៌មាន​សេរី​និង​ឯករាជ្យ​ដែល​នៅ​សេស​សល់​តែ​ពីរ​បី​នេះ​ ​បញ្ឈប់​ប្រតិបត្តិការ​របស់​ខ្លួន។ ជន​ទាំង​៧​នាក់​នេះ​ ត្រូវ​បាន​ចាប់​ខ្លួនដោយសារ​ជាប់​សង្ស័យ​ថា​ ​បាន​រួម​គំនិត​ប្រព្រឹត្ត​អំពើ​ទុច្ចរិត​ក្នុង​ការ​បោះ​ពុម្ព​ផ្សាយ​អត្ថ​បទ​បំបះ​បំបោរ។​ នេះ ​បើ​តាម​ពួក​ប៉ូលិស។​

កាល​ពី​ខែ​មិថុនា​២០២១ ​កាសែត​ Apple Daily ​ដែល​ជា​សារ​ព័ត៌មាន​គាំទ្រ​លទ្ធិ​ប្រជា​ធិបតេយ្យ​ល្បីល្បាញ​បំផុត​នៅហុងកុង​ ​បាន​ត្រូវ​បង្ខំ​ឱ្យ​បិទ ​ក្រោយ​ពី​ប៉ូលិស​បាន​ឆ្មក់​ចូល​ឆែក​ជា​ច្រើន​ដង​ក្នុង​បន្ទប់​ព័ត៌មាន​ ហើយបាន​ចាប់​ខ្លួន​និពន្ធនាយក​មួយ​ចំនួន​និង​លោក​ Jimmy Lai ​ស្ថាបនិក​កាសែត​នេះ។ កាល​ពី​ពេល​ថ្មីៗ​នេះ ​លោក​ Lai ​រង​បទ​ចោទ​ប្រកាន់​ថ្មី​មួយ​ទៀត​ពី​បទ​បំបះបំបោរ​ទាក់ទិន​នឹង​កាសែត​នេះ ​ហើយ​អតីត​បុគ្គលិក​ ៦​នាក់​ទៀត ​ក៏​ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​ដូច​គ្នា​នេះ​ដែរ។ ​លោក ​ Lai ​ត្រូវ​បាន​កាត់​ទោស​ឱ្យ​ជាប់​ពន្ធនាគារ​ ២០​ខែ​ ពីបទ​គាំទ្រ​ចលនា​ដើម្បី​ប្រជា​ធិបតេយ្យ។ ​នៅ​ពេល​នេះ ​លោក​ប្រឈម​នឹង​ទោស​ជាប់​ពន្ធនាគារ​មួយ​ជីវិត​ជា​មួយ​ការ​ចោទប្រកាន់​ថែម​ទៀត។​

ក្រុង​ហុងកុង ​បាន​វិល​ត្រឡប់​ទៅ​ឋិត​នៅ​ក្រោម​ការ​គ្រប់គ្រង​របស់​សាធារណ​រដ្ឋ​ប្រជាមានិត​ចិន​ កាល​ពី​ឆ្នាំ​១៩៩៧ ជា​មួយ​ការ​សន្យា​ការពារ​សិទ្ធិ​បុគ្គល និង​សេរីភាព​ព័ត៌មាន។ ​តែ​ រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ បាន​កាត់​បន្ថយ​សេរីភាព​ទាំង​នេះ​ ចាប់តាំង​ពី​បាន​ដាក់​ច្បាប់​សន្តិសុខ​ជាតិ​នៅ​ទីក្រុង​ហុងកុង​កាលពី​ឆ្នាំ​២០២០។​

នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​ជា​លាយលក្ខណ៍​អក្សរ​មួយ​ ​រដ្ឋមន្ត្រី​ការ​បរទេស​សហ​រដ្ឋ​អាមេរិក​លោក​ Antony Blinken ​បាន​ប្រកាស​ថា​ «វិស័យ​សារ​ព័ត៌មាន ​មិន​មែន​ជា​ការ​បះបោរ​ទេ»។​ លោក​បាន​អំពាវនាវ​ឱ្យ​សាធារណ​រដ្ឋ​ប្រជាមានិត​ចិន​ និង​អាជ្ញាធរ​ហុងកុង​ «ឈប់​យក​បណ្តាញ​ព័ត៌មាន​សេរី​ និង​ឯករាជ្យ​នៅ​ក្រុង​ហុងកុង​ជា​ទីដៅវាយ​ប្រហារ​ និង​ឱ្យ​ដោះលែងជា​បន្ទាន់ ​ក្រុម​អ្នក​កាសែត​ទាំង​នោះ​ និង​នាយក​ប្រតិបត្តិ​បណ្តាញ​ព័ត៌មាន​ដែល​ត្រូវ​បាន​ចាប់​ខ្លួន ​និង​ចោទ​ប្រកាន់​ទាំង​អយុត្តិធម៌»។​

លោក​រដ្ឋមន្ត្រី​ Blinken ​បាន​មាន​ប្រសាសន៍​ថា​ «សេរីភាព​ខាង​ការ​និយាយ​ស្តី​បញ្ចេញ​មតិ​ ដោយ​មាន​រួម​បញ្ចូល​ទាំង​សេរីភាព​បណ្តាញ​ព័ត៌មាន​ផង​ដែរ​ និង​ការ​ទទួល​ព័ត៌មាន​ផ្តល់​ដោយ​បណ្តាញ​ព័ត៌មាន​ឯករាជ្យ ​មាន​សារៈ​សំខាន់​សម្រាប់​ភាព​សម្បូរ​រុងរឿង​ និង​សន្តិសុខ​សង្គម។ សេរីភាព​ទាំង​នេះ​ អាច​ឱ្យ​ក្រុង​ហុងកុង​រីកចម្រើន​ជា​មជ្ឈមណ្ឌល​ហិរញ្ញ​វត្ថុ​សាកល​សម្រាប់​ហិរញ្ញ​វត្ថុ​ពាណិជ្ជ​កម្ម​ការ​សិក្សា​អប់រំ​ និង​វប្បធម៌។ ការ​បិទ​មាត់​បណ្តាញ​ព័ត៌មាន​ឯករាជ្យនេះ សាធារណ​រដ្ឋ​ប្រជាមានិត​ចិន​ និង​អាជ្ញាធរ​ក្នុង​ស្រុក​ធ្វើ​ឱ្យ​អន្តរាយ​ដល់​កេរ្តិ៍​ឈ្មោះ​ និង​លទ្ធភាព​របស់​ហុងកុង។ ​រដ្ឋាភិបាល​ដែល​មាន​ការ​ទុក​ចិត្ត ​គឺ​រដ្ឋាភិបាល​ដែល​មិន​ខ្លាច​ការណ៍​ពិត ​ឱប​ក្រសោប​សារព័ត៌មាន​សេរី»៕

XS
SM
MD
LG