តទៅនេះ គឺជាបទវិចារណកថាដែលឆ្លុះបញ្ចាំងអំពីទស្សនៈរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក
រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោក Antony Blinken បានថ្លែងថា៖ «សហរដ្ឋអាមេរិកថ្កោលទោសចំពោះការកាត់ទោសមេដឹកនាំគាំទ្រលទ្ធិប្រជាធិបតេយ្យ៧រូបលើបទចោទប្រកាន់ដោយហេតុផលនយោបាយ»។ អ្វីដែលគេបានហៅថាជា«ឧក្រិដ្ឋកម្ម»របស់ពួកគេនោះ គឹការចូលរួមនៅក្នុងបាតុកម្មដោយសន្តិវិធីនៅឆ្នាំ២០១៩ ប្រឆាំងនឹងការទន្ទ្រានរបស់រដ្ឋាភិបាលក្រុងប៉េកាំងលើសេរីភាពជាមូលដ្ឋានរបស់ក្រុងហុងហុង»។
ក្នុងចំណោមមេដឹកនាំដែលគាំទ្រលទ្ធិប្រជាធិបតេយ្យដែលត្រូវបានកាត់ទោសទាំងនោះរួមមាន លោក Martin Lee លោក Jimmy Lai លោក Albert Ho អ្នកស្រី Margaret Ng អ្នកស្រី Cyd Ho លោក Lee Cheuk-yan និងលោក Leung Kwok-hung។ ជនជាប់ចោទ៥នាក់ក្នុងចំណោមនោះ បានទទួលការកាត់ទោសឲ្យជាប់ពន្ធនាគារពី៨ខែ ទៅ១៨ខែ ហើយចុងចោទផ្សេងទៀតបានត្រូវព្យួរទោស រួមមានលោក Martin Lee ប្រធានស្ថាបនិកគណបក្សប្រជាធិបតេយ្យហុងកុងផងដែរ។ លោករដ្ឋមន្ត្រីការបរទេស Blinken បានហៅការកាត់ទោសនោះថា «មិនសមស្របនឹងចរិតលក្ខណៈនៃសកម្មភាពអហិង្សារបស់[ក្រុមមេដឹកនាំគាំទ្រលទ្ធិប្រជាធិបតេយ្យ]»។
សកម្មជនខ្លះទៀតដូចជាលោក Jimmy Lai អាយុ៧៣ឆ្នាំ ដែលជាអ្នកបង្កើតកាសែតគាំទ្រប្រជាធិបតេយ្យនៅក្នុងក្រុងហុងកុង បានប្រឈមការចោទប្រកាន់បន្ថែមទៀត រួមមាននៅក្រោមច្បាប់សន្តិសុខជាតិថ្មីដែលរដ្ឋាភិបាលក្រុងប៉េកាំងបានដាក់ឲ្យប្រើប្រាស់នៅក្រុងហុងកុងក្នុងឆ្នាំ ២០២០ ដែលបានផ្តល់អំណាចដ៏ធំទូលាយក្នុងការបង្ក្រាបលើឧក្រិដ្ឋកម្មនយោបាយនានា។
លោករដ្ឋមន្ត្រីការបរទេស Blinken បានរិះគន់ការកាត់ទោសសកម្មជនគាំទ្រលទ្ធិប្រជាធិបតេយ្យទាំងនោះថា ជា«ឧទាហរណ៍មួយទៀតដែលបង្ហាញពីរបៀបដែលអាជ្ញាធរសាធារណរដ្ឋប្រជាមានិតចិន និងអាជ្ញាធរក្រុងហុងកុងធ្វើឲ្យអន្តរាយដល់សិទ្ធិដែលត្រូវបានការពារនិងសេរីភាពជាមូលដ្ឋានដែលត្រូវបានធានាដោយ«ច្បាប់មូលដ្ឋាន» ហើយនឹង«សេចក្តីប្រកាសរួមរវាងចិននិងចក្រភពអង់គ្លេស»នៅក្នុងកិច្ចប្រឹងប្រែងមួយដើម្បីលុបបំបាត់ការជំទាស់ប្រឆាំងគ្រប់ទម្រង់ទាំងអស់»។
សេចក្តីប្រកាសរួមរវាងចិននិងចក្រភពអង់គ្លេស គឺជាកិច្ចព្រមព្រៀងអន្តរជាតិដែលមានចំណងផ្លូវច្បាប់ ហើយបានធានាឱ្យមានស្វ័យភាពកម្រិតខ្ពស់ដល់ក្រុងហុងកុង ហើយប្រជាពលរដ្ឋក្រុងហុងកុងគួរតែបានទទួលសិទ្ធិនិងសេរីភាពដែលត្រូវបានធានានៅក្នុងសេចក្តីប្រកាសរួមនិងច្បាប់មូលដ្ឋាននេះ។
សហរដ្ឋអាមេរិក នឹងបន្តគាំទ្រប្រជាពលរដ្ឋក្រុងហុងកុង ក្នុងពេលដែលពួកគេឆ្លើយតបចំពោះការវាយប្រហាររបស់រដ្ឋាភិបាលក្រុងប៉េកាំងទៅលើសេរីភាពនិងស្វ័យភាពរបស់ពួកគេ ហើយអាមេរិកនឹងបន្តអំពាវនាវឲ្យដោះលែងអ្នកដែលត្រូវបានចាប់ឃុំឃាំង ឬចាប់ដាក់ពន្ធនាគារចំពោះការអនុវត្តសេរីភាពជាមូលដ្ឋានរបស់ពួកគេនោះ៕