Accessibility links

Breaking News

បទវិចារណកថា៖ ប្រទេសចិន បំពាន​សេរីភាព​ទីក្រុង​ហុងកុង


រូបឯកសារ៖ ក្រុមបាតុករ​ដែល​គាំទ្រ​រដ្ឋាភិបាល ​កាន់​ទាំង​ទង់ជាតិ​ហុងកុង​(ឆ្វេង) និង​ទង់ជាតិ​ចិន(ស្តាំ)​ នៅ​ខាងក្រៅ​មជ្ឈមណ្ឌល​សន្និបាត​ដែល​មន្ត្រី​ជាន់ខ្ពស់​​​របស់​បក្សកុម្មុយនីស្ត​ចិន គឺ​លោក Zhang Dejiang បាន​ថ្លែង​សុន្ទរកថា ក្នុង​ទីក្រុង​ហុងកុង កាលពី​ថ្ងៃពុធ ទី១៨ ខែឧសភា ឆ្នាំ២០១៦។
រូបឯកសារ៖ ក្រុមបាតុករ​ដែល​គាំទ្រ​រដ្ឋាភិបាល ​កាន់​ទាំង​ទង់ជាតិ​ហុងកុង​(ឆ្វេង) និង​ទង់ជាតិ​ចិន(ស្តាំ)​ នៅ​ខាងក្រៅ​មជ្ឈមណ្ឌល​សន្និបាត​ដែល​មន្ត្រី​ជាន់ខ្ពស់​​​របស់​បក្សកុម្មុយនីស្ត​ចិន គឺ​លោក Zhang Dejiang បាន​ថ្លែង​សុន្ទរកថា ក្នុង​ទីក្រុង​ហុងកុង កាលពី​ថ្ងៃពុធ ទី១៨ ខែឧសភា ឆ្នាំ២០១៦។

តទៅនេះ គឺជា​បទវិចារណកថា​ដែល​ឆ្លុះ​បញ្ចាំង​អំពី​ទស្សនៈ​របស់​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក

ការ​វាយ​ប្រហារ​យ៉ាង​ខ្លាំងក្លា​របស់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​លើ​សិទ្ធិ​សេរីភាព​របស់​ទីក្រុង​ហុងកុង​នៅ​មាន​ជា​បន្ត។

សហរដ្ឋ​អាមេរិក ​ថ្កោលទោស​យ៉ាង​ខ្លាំងក្លា​ចំពោះ​សេចក្តី​សម្រេច​បែប «ស្នេហាជាតិ​និយម» ដែល​បាន​អនុម័ត​ដោយ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​នៃ​សភា​ជាតិ​ប្រជាជន​ចិន​កាលពី​ថ្ងៃ​ទី ១១ ខែ​វិច្ឆិកា ដែល​បាន​ចាត់ទុក​សមាជិក ៤ នាក់​នៃ​ក្រុម​ប្រឹក្សា​នីតិ​បញ្ញត្តិ​របស់​ទីក្រុង​ហុងកុង​ថា ​មិន​មាន​លក្ខណៈ​សម្បត្តិ​គ្រប់គ្រាន់។

បើ​យោង​តាម​សេចក្ដី​រាយការណ៍​របស់​សារព័ត៌មាន​នានា សេចក្តី​សម្រេច​នេះ​អនុញ្ញាត​ឱ្យ​អង្គ​នីតិ​ប្រតិបត្តិ​របស់​ទីក្រុង​ហុងកុង ​អាច​បណ្តេញ​ចេញ​ពី​តំណែង​នូវ​សមាជិក​សភា​រូប​ណា​ដែល​ជំរុញ​ការពារ​ឯករាជ្យ​ទីក្រុង​ហុងកុង ឃុបឃិត​ជាមួយ​កង​កម្លាំង​បរទេស ឬ​គំរាម​កំហែង​ចំពោះ​សន្តិសុខ​ជាតិ ដោយ​មិន​ចាំបាច់​ឆ្លងកាត់​តុលាការ​ឡើយ។

វិធានការ​នេះ​ បាន​បំផ្លាញ​ជា​មូលដ្ឋាន​ដល់​សិទ្ធិ​របស់​ប្រជាពលរដ្ឋ​ហុងកុង​ក្នុង​ការ​ជ្រើសរើស​អ្នក​តំណាង​របស់​ពួកគេ ដូច​ដែល​មាន​ការ​ធានា​ដោយ​ច្បាប់​ជា​មូលដ្ឋាន។ ជាង​នេះ​ទៀត វិធានការ​នេះ ​បាន​លាត​ត្រដាង​បន្ថែម​ទៀត​ឲ្យ​ឃើញ​នូវ​ការ​ធ្វើ​ព្រងើយ​កន្ដើយ​ដោយ​ឥត​លាក់លៀម​របស់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ចំពោះ​ការ​ប្តេជ្ញា​របស់​ខ្លួន​ជា​អន្តរជាតិ​នៅ​ក្រោម​សេចក្តី​ប្រកាស​រួម​គ្នា​រវាង​ប្រទេស​ចិន ​និង​ចក្រភព​អង់គ្លេស។

លោក Robert O’Brien ទីប្រឹក្សា​សន្តិសុខ​ជាតិ​សហរដ្ឋ​អាមេរិក បាន​និយាយ​ថា គណបក្ស​កុម្មុយនីស្ត​ចិន ឬ CCP បាន «រំលោភ​ជាក់ស្ដែង​លើ​ការ​ប្តេជ្ញា​របស់​ខ្លួន​ជា​អន្តរជាតិ» ហើយ​សហរដ្ឋ​អាមេរិក​នឹង «បន្ត​កំណត់​អត្តសញ្ញាណ និង​ដាក់​ទណ្ឌកម្ម​លើ​បុគ្គល​ទាំង​ឡាយ​ណា​ដែល​ទទួល​ខុស​ត្រូវ​ចំពោះ​ការ​បំផ្លាញ​សេរីភាព​ទីក្រុង​ហុងកុង»។

កាល​ពី​ខែ​មិថុនា គណបក្ស​កុម្មុយនីស្ដ​ចិន ​បាន​អនុម័ត​ច្បាប់​សន្តិសុខ​ជាតិ​ដ៏​តឹងរ៉ឹង​បំផុត​សម្រាប់​ទីក្រុង​ហុងកុង។ ច្បាប់​នេះ​ ដាក់​ទោស​ចំពោះ​អ្វី​ដែល​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ចាត់ទុក​ថា​ ជា​អំពើ​វិទ្ធង្សនា ការ​បំបែក​រដ្ឋ អំពើ​ភេរវកម្ម ឬ​ការ​ឃុបឃិត​ជាមួយ​កង​កម្លាំង​បរទេស ដោយ​អ្នក​ប្រព្រឹត្តិ​អាច​មាន​ទោស​ជាប់​ពន្ធនាគារ​មួយ​ជីវិត។

ចាប់​តាំងពី​ពេល​នោះ​មក រដ្ឋាភិបាល​ក្រុង​ប៉េកាំង​បាន​លុប​បំបាត់​ស្ទើរតែ​ទាំងអស់​នូវ​ដំណើរការ​បែប​ប្រជាធិបតេយ្យ​របស់​ទីក្រុង​ហុងកុង និង​ប្រពៃណី​ផ្នែក​ច្បាប់​ជា​ច្រើន​ទៀត​ដែល​ធ្លាប់ជា​គោលការណ៍​គ្រឹះ​នៃ​ស្វ័យភាព ស្ថិរភាព និង​វិបុលភាព​របស់​ទីក្រុង​ហុងកុង។

រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក​លោក Mike Pompeo បាន​បញ្ជាក់​នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​ថា៖ «ជា​ថ្មី​ម្តង​ទៀត ទស្សនៈ​វិស័យ​បែប​ស្នេហា​ជាតិ​និយម​ដ៏​ចម្លែក​របស់​គណបក្ស​កុម្មុយនីស្ត​ចិន គឺ​ជា​លេស​មួយ​ដើម្បី​បង្ក្រាប​លើ​សេរីភាព​និង​លើ​ការ​អំពាវនាវ​ឱ្យ​មាន​លទ្ធិ​ប្រជាធិបតេយ្យ»។

សហរដ្ឋ​អាមេរិក​ នឹង​បន្ត​ធ្វើការ​ជាមួយ​សម្ព័ន្ធមិត្ត​និង​ដៃគូ​នានា​របស់​ខ្លួន​នៅ​ទូទាំង​ពិភពលោក ដើម្បី​ជ្រោមជ្រែង​សិទ្ធិ​និង​សេរីភាព​របស់​ប្រជាពលរដ្ឋ​ហុងកុង និង​រិះគន់​ជា​សាធារណៈ​លើ​ភាព​បរាជ័យ​ដ៏​អន់​បំផុត​របស់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ក្នុង​ការ​ធ្វើ​តាម​ការ​ប្ដេជ្ញា​របស់​ខ្លួន។

លោក​រដ្ឋមន្ត្រី Pompeo បាន​ប្រកាស​ថា៖ «យើង​នឹង​ធ្វើ​ឱ្យ​មាន​ការ​ទទួល​ខុសត្រូវ​ចំពោះ​មុខ​ច្បាប់​ចំពោះ​អ្នក​ដែល​ធ្វើ​ទង្វើ​ និង​គោល​នយោបាយ​ទាំង​នេះ​ដែល​បំផ្លាញ​ដល់​ស្វ័យភាព​និង​សេរីភាព​របស់​ទីក្រុង​ហុងកុង។ យើង​ឈរ​ជាមួយ​សមាជិក​សភា​គាំទ្រ​លទ្ធិ​ប្រជាធិបតេយ្យ​ដែល​គេ​ចាត់ទុក​ថា ​មិន​មាន​លក្ខណៈ​សម្បត្តិ​គ្រប់គ្រាន់​ទាំង​នេះ សមាជិក​សភា​គាំទ្រ​លទ្ធិ​ប្រជាធិបតេយ្យ​ដែល​បាន​លាលែង​ពី​តំណែង​ដើម្បី​តវ៉ា​ប្រឆាំង​នឹង​ចំណាត់ការ​ទាំង​នេះ និង​ប្រជាពលរដ្ឋ​ទីក្រុង​ហុងកុង»៕

XS
SM
MD
LG