តទៅនេះ គឺជាបទវិចារណកថាដែលឆ្លុះបញ្ចាំងអំពីទស្សនៈរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក
សេរីភាពសារព័ត៌មាននៅក្នុងទីក្រុងហុងកុង បានរងគ្រោះធ្ងន់ធ្ងរម្ដងទៀត នៅពេលដែលអាជ្ញាធរបានសម្រុកចូលការិយាល័យរបស់កាសែត Apple Daily ដែលជាកាសែតដ៏មានប្រជាប្រិយភាព និងបានចាប់ខ្លួនអ្នកគ្រប់គ្រងជាន់ខ្ពស់ ២ រូប និងបណ្ណាធិការជាន់ខ្ពស់ ៣ រូប។ ឧបករណ៍ផ្ទុកទិន្នន័យកុំព្យូទ័រ (hard drive) រាប់សិបគ្រឿងត្រូវបានរឹបអូសនៅក្នុងការសម្រុកចូលឆែកឆេរនោះ ហើយគណនីហិរញ្ញវត្ថុរបស់កាសែតនេះត្រូវបានបង្កក។
កាសែត Apple Daily ត្រូវបានបង្កើតឡើងដោយសកម្មជនគាំទ្រប្រជាធិបតេយ្យលោក Jimmy Lai ដែលនៅពេលបច្ចុប្បន្ននេះកំពុងជាប់ពន្ធនាគារបន្ទាប់ពីតុលាការបានផ្ដន្ទាទោសជាច្រើនករណី ដោយសារតែលោកបានចូលរួមនៅក្នុងការតវ៉ាប្រឆាំងរដ្ឋាភិបាលនៅក្នុងទីក្រុងហុងកុងកាលពីឆ្នាំ ២០១៩។
ការសម្រុកចូលឆែកឆេរនេះបានកើតឡើងកាលពីថ្ងៃទី ១៧ ខែមិថុនា តាមរយៈច្បាប់សន្តិសុខជាតិដ៏ទូលំទូលាយ ដែលត្រូវបានរដ្ឋាភិបាលក្រុងប៉េកាំងដាក់ឲ្យប្រើប្រាស់កាលពីឆ្នាំមុន។
អាជ្ញាធរបាននិយាយថា ការចោទប្រកាន់នានាដែលកំពុងស៊ើបអង្កេតនៅពេលបច្ចុប្បន្ននេះរួមមានទាំងការចោទប្រកាន់អំពី «ការឃុបឃិតជាមួយនឹងបរទេស ឬជាមួយនឹងបុគ្គលឬអង្គការខាងក្រៅ ដើម្បីបង្កគ្រោះថ្នាក់ដល់សន្តិសុខជាតិ» ផងដែរ។
សហរដ្ឋអាមេរិកថ្កោលទោសខ្លាំងក្លាលើការចាប់ខ្លួនទាំងនេះ។
អ្នកនាំពាក្យក្រសួងការបរទេសសហរដ្ឋអាមេរិកលោក Ned Price បានបញ្ជាក់នៅក្នុងសន្និសីទកាសែតមួយថា៖ «យើងមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការណ៍ដែលអាជ្ញាធរហុងកុងប្រើច្បាប់សន្តិសុខជាតិបែបសម្រាំងជ្រើសរើសដើម្បីសំដៅលើអង្គការប្រព័ន្ធផ្សព្វផ្សាយឯករាជ្យនានាតាមទំនើងចិត្ត»។
លោក Price បានបន្ថែមថា៖ «ការចោទប្រកាន់ទាំងនេះ ...ទំនងជាមានលក្ខណៈនយោបាយទាំងស្រុង។ សហរដ្ឋអាមេរិកសម្ដែងនូវសេចក្ដីសោកស្ដាយចំពោះការអះអាងរបស់មន្ត្រីប៉ូលិសហុងកុងមួយរូបដែលបាននិយាយថា អត្ថបទដែលបោះពុម្ពផ្សាយនៅក្នុងកាសែត Apple Daily គឺជាភស្តុតាងនៃអ្វីដែលពួកគេហៅថាជា «ផែនការសម្ងាត់ដើម្បីឃុបឃិតជាមួយនឹងកម្លាំងបរទេស»។ ដូចដែលយើងទាំងអស់គ្នាបានដឹងរួចមកហើយ ការផ្ដោះប្ដូរទស្សនៈជាមួយនឹងជនបរទេសនៅក្នុងវិជ្ជាជីវៈសារព័ត៌មានមិនមែនជាបទឧក្រិដ្ឋនោះទេ»។
លោក Price បាននិយាយថា សហរដ្ឋអាមេរិកមានការព្រួយបារម្ភអំពី «ការបង្កើនកិច្ចប្រឹងប្រែងរបស់អាជ្ញាធរនៅក្នុងការប្រើច្បាប់សន្តិសុខជាតិជាឧបករណ៍ដើម្បីគាបសង្កត់លើប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ បំបិទទស្សនៈប្រឆាំង និងបំបាត់សេរីភាពបញ្ចេញមតិ។ ទង្វើទាំងនេះប៉ះពាល់ដល់កាតព្វកិច្ចរបស់រដ្ឋាភិបាលក្រុងប៉េកាំងផ្ទាល់នៅក្រោមសេចក្ដីប្រកាសរួមរវាងប្រទេសចិននិងចក្រភពអង់គ្លេស ដែលជាកិច្ចព្រមព្រៀងអន្តរជាតិដែលតម្រូវឲ្យអនុវត្តតាមដើម្បីគោរពនូវស្វ័យភាពកម្រិតខ្ពស់ [របស់ទីក្រុងហុងកុង] និងដើម្បីការពារសិទ្ធិនិងសេរីភាពនានា»។
លោក Price បានប្រកាសថា៖ «យើងអំពាវនាវដល់អាជ្ញាធរ [ហុងកុង] ឲ្យឈប់យកប្រព័ន្ធផ្សព្វផ្សាយឯករាជ្យនិងសេរីធ្វើជាទិសដៅនៃការវាយប្រហារ»។
លោកបានបន្ថែមថា៖ «កិច្ចប្រឹងប្រែងនានានៅក្នុងការបំបាត់សេរីភាពប្រព័ន្ធផ្សព្វផ្សាយនិងនៅក្នុងការរារាំងសេរីភាពនៃលំហូរព័ត៌មានមិនត្រឹមតែបំផ្លាញដល់ស្ថាប័នប្រជាធិបតេយ្យរបស់ទីក្រុងហុងកុងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងប៉ះពាល់ដល់ភាពគួរឲ្យជឿទុកចិត្តបាននិងភាពដែលអាចសម្រេចបានរបស់ទីក្រុងហុងកុងក្នុងនាមជាមជ្ឈមណ្ឌលអន្តរជាតិមួយ»៕