តទៅនេះ គឺជាបទវិចារណកថាដែលឆ្លុះបញ្ចាំងអំពីទស្សនៈរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក
គណបក្សកុម្មុយនីស្តចិន បន្តបេសកកម្មរបស់ខ្លួនដើម្បីបង្ក្រាបសកម្មជនប្រជាធិបតេយ្យនៅក្នុងទីក្រុងហុងកុង។ សកម្មជនទាំងនោះ បានតវ៉ាយ៉ាងអង់អាចក្លាហានប្រឆាំងនឹងកិច្ចប្រឹងប្រែងរបស់គណបក្សកុម្មុយនីស្តចិននៅក្នុងការប្រែក្លាយទីក្រុងហុងកុងឲ្យធ្លាក់ចូលក្នុងការដឹកនាំផ្តាច់ការដែលរៀបចំចាត់ចែងដោយរដ្ឋាភិបាលក្រុងប៉េកាំង។
នៅក្នុងការវាយប្រហារថ្មីចុងក្រោយបំផុតមួយដែលរៀបចំឡើងដោយរដ្ឋាភិបាលចិន តុលាការបានកាត់ទោសមេដឹកនាំវ័យក្មេង ៣ នាក់នៃចលនាប្រជាធិបតេយ្យក្នុងទីក្រុងហុងកុងឲ្យជាប់ពន្ធនាគារ។
លោក Joshua Wong អាយុ ២៤ ឆ្នាំ បានក្លាយជាអ្នកតស៊ូមតិជើងចាស់រួចទៅហើយសម្រាប់សិទ្ធិនយោបាយ និងសិទ្ធិមនុស្សនៅក្នុងទីក្រុងហុងកុង។ លោក គឺជាមេដឹកនាំនិស្សិតម្នាក់នៃចលនា «បដិវត្តន៍ឆ័ត្រ» ឆ្នាំ ២០១៤ និងជាស្ថាបនិកមួយរូបនៃគណបក្ស Demosisto ដែលត្រូវបានរំលាយចោលនៅពេលឥឡូវនេះ។
កាលពីថ្ងៃទី ២ ខែធ្នូ លោក Wong ត្រូវបានតុលាការកាត់ទោសឲ្យជាប់ពន្ធនាគារ ១៣ ខែកន្លះ ចំពោះការពាក់ព័ន្ធរបស់លោកនៅក្នុងការតវ៉ាកាលពីឆ្នាំ ២០១៩ នៅខាងក្រៅទីស្នាក់ការកណ្ដាលរបស់ប៉ូលិស។ សមាជិកល្បីល្បាញ ២ នាក់ទៀតរបស់គណបក្ស Demosisto នេះ គឺអ្នកនាង Agnes Chow និងលោក Ivan Lam ក៏ត្រូវបានតុលាការកាត់ទោសផងដែរ។ អ្នកនាង Chow ត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគារ ១០ ខែ រីឯលោក Lam ត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគារ ៧ ខែ។
មេដឹកនាំទាំង ៣ នាក់ ស្ថិតនៅក្នុងចំណោមបាតុករប្រហែល ១០.០០០ នាក់ ដែលត្រូវបានចាប់ខ្លួននៅក្នុងទីក្រុងហុងកុង តាំងពីខែមិថុនា ឆ្នាំ២០១៩ មក។ ការចាប់ខ្លួនទាំងនេះ ដែលក្នុងនោះមានទាំងការចាប់ខ្លួនលោក Jimmy Lai ដែលជាសេដ្ឋីប្រព័ន្ធផ្សព្វផ្សាយនិងជាសកម្មជនគាំទ្រលទ្ធិប្រជាធិបតេយ្យផងនោះ បានកើតមានឡើង នៅពេលដែលរដ្ឋាភិបាលចិន បន្តរារាំងស្វ័យភាពរបស់ទីក្រុងហុងកុង និងដកហូតសេរីភាពជាមូលដ្ឋានរបស់ពលរដ្ឋហុងកុង ដែលជាការរំលោភជាក់ស្ដែងលើការប្ដេជ្ញាចិត្តជាអន្តរជាតិរបស់រដ្ឋាភិបាលចិន។
រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោក Mike Pompeo បានសរសេរនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «សហរដ្ឋអាមេរិកមានការតក់ស្លុតចំពោះការធ្វើទុក្ខបុកម្នេញផ្នែកនយោបាយរបស់រដ្ឋាភិបាលហុងកុងលើអ្នកគាំទ្រលទ្ធិប្រជាធិបតេយ្យនៅក្នុងទីក្រុងហុងកុង។ ការប្រើតុលាការដើម្បីបំបិទមាត់ការតវ៉ាដោយសន្តិវិធី គឺជាសញ្ញាសម្គាល់នៃរបបផ្តាច់ការ និងគូសបញ្ជាក់ជាថ្មីម្តងទៀតថា ការភ័យខ្លាចដ៏ខ្លាំងបំផុតរបស់គណបក្សកុម្មុយនីស្តចិន គឺសេរីភាពនៃការបញ្ចេញមតិ និងសេរីភាពនៃការគិតរបស់ប្រជាពលរដ្ឋរបស់ខ្លួន»។
លោក Pompeo បានបញ្ជាក់ថា៖ «ជាយូរមកហើយ ទីក្រុងហុងកុងទទួលបានប្រយោជន៍ពីប្រព័ន្ធសេរីនិងបើកចំហ ដែលបានទទួលស្គាល់នូវការតស៊ូមតិដោយសន្តិវិធីរបស់ប្រជាពលរដ្ឋដូចជាលោក Joshua Wong អ្នកនាង Agnes Chow លោក Ivan Lam និងលោក Jimmy Lai ជាដើម។ ពលរដ្ឋហុងកុងគួរតែមានសេរីភាពនៅក្នុងការអនុវត្តសិទ្ធិដែលត្រូវបានធានាចំពោះពួកគេនៅក្រោមច្បាប់មូលដ្ឋានរបស់ក្រុងហុងកុង សេចក្តីប្រកាសរួមរវាងចិននិងចក្រភពអង់គ្លេស សន្ធិសញ្ញាដែលបានចុះបញ្ជីនៅអង្គការសហប្រជាជាតិ និងសេចក្តីប្រកាសជាសាកលស្ដីពីសិទ្ធិមនុស្ស»។
លោក Pompeo បានប្រកាសទៀតថា៖ «សហរដ្ឋអាមេរិកនឹងបន្តធ្វើការជាមួយសម្ព័ន្ធមិត្តនិងដៃគូរបស់ខ្លួននៅជុំវិញពិភពលោកដើម្បីលើកស្ទួយសិទ្ធិនិងសេរីភាពរបស់ប្រជាពលរដ្ឋហុងកុង និងអ្នកដែលរងគ្រោះនៅក្រោមការគ្រប់គ្រងបែបជិះជាន់សង្កត់សង្កិនរបស់គណបក្សកុម្មុយនីស្តចិន។ យើង ឈរជាមួយលោក Joshua Wong អ្នកនាង Agnes Chow លោក Ivan Lam លោក Jimmy Lai ប្រជាពលរដ្ឋហុងកុង និងប្រជាពលរដ្ឋចិនទាំងអស់»៕