តទៅនេះ គឺជាបទវិចារណកថាដែលឆ្លុះបញ្ចាំងអំពីទស្សនៈរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក
សង្គមមួយដែលមានភាពសេរីនិងមានលទ្ធិប្រជាធិបតេយ្យមិនអាចដំណើរការបានទេ ប្រសិនបើមិនមានសារព័ត៌មានរឹងមាំ សេរី និងឯករាជ្យ។ នេះគឺដោយសារតែអ្នកសារព័ត៌មានបានលាតត្រដាងយ៉ាងមានប្រសិទ្ធភាពនិងជាបន្តរហូតនូវសកម្មភាពនិងការអនុវត្តណាមួយរបស់រដ្ឋាភិបាលដែលធ្វើឱ្យគាំងដំណើរនិងសម្លាប់ស្ថាប័នប្រជាធិបតេយ្យ។ សកម្មភាពនិងការអនុវត្តរបស់រដ្ឋាភិបាលទាំងនោះក៏រួមមានទាំងការបំភាន់និងអំពើពុករលួយរបស់រដ្ឋាភិបាលផងដែរ។
អ្នកសារព័ត៌មានគឺជាអ្នកផ្ដល់ព័ត៌មានដល់សាធារណជន។ តាមរយៈការផ្ដល់ព័ត៌មាននេះ ពួកគេធ្វើឱ្យរដ្ឋាភិបាលនិងអ្នកមានឥទ្ធិពលខ្លាំងក្លាផ្នែកនយោបាយមានភាពស្មោះត្រង់។
នៅក្នុងការប៉ុនប៉ងដើម្បីត្រួតត្រាលើលំហូរព័ត៌មាននិងការកាត់បន្ថយនូវការបោះពុម្ពផ្សាយព័ត៌មានណាដែលខ្លួនមិនពេញចិត្តនិងមានលក្ខណៈរិះគន់ ភាគីរដ្ឋាភិបាលនិងភាគីមិនមែនរដ្ឋាភិបាលដែលបម្រើប្រយោជន៍ដល់មេដឹកនាំផ្ដាច់ការនិងរដ្ឋាភិបាលអាជ្ញាធិបតេយ្យនានាបានធ្វើយុទ្ធនាការដែលជារឿយៗមានលក្ខណៈឃោរឃៅដើម្បីបំបិទមាត់ប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ។
អ្នកសារព័ត៌មាន អ្នកពិនិត្យផ្ទៀងផ្ទាត់អត្ថបទព័ត៌មាន បណ្ណាធិការ និងអ្នកធ្វើការផ្សេងទៀតផ្នែកប្រព័ន្ធផ្សព្វផ្សាយ ត្រូវបានយាយី បង្ខូចកេរ្តិ៍ឈ្មោះដោយការចោទប្រកាន់មិនត្រឹមត្រូវ ចាប់ដាក់ឃុំ វាយប្រហារលើរូបរាងកាយ ឬក៏ត្រូវបានសម្លាប់ក៏មាន។
យោងតាមអង្គការអ្នកកាសែតគ្មានព្រំដែន (Journalists Without Borders) នៅលើពិភពលោកមានអ្នកសារព័ត៌មានជិត ១.១០០ នាក់ត្រូវបានសម្លាប់នៅក្នុងរយៈពេលមួយទស្សវត្សរ៍ចុងក្រោយនេះ។
ចាប់តាំងពីដើមឆ្នាំនេះមក អ្នកសារព័ត៌មាន ២៦ នាក់ និងបុគ្គលិកផ្នែកប្រព័ន្ធផ្សព្វផ្សាយ ២ នាក់ត្រូវបានសម្លាប់។ អ្នកសារព័ត៌មាន ៤៦០ នាក់ និងបុគ្គលិកផ្នែកប្រព័ន្ធផ្សព្វផ្សាយ ១៨ នាក់ទៀតត្រូវបានចាប់ដាក់ឃុំ។
អ្នកស្រី Lisa Carty អ្នកតំណាងសហរដ្ឋអាមេរិកប្រចាំក្រុមប្រឹក្សាសេដ្ឋកិច្ចនិងសង្គមនៃអង្គការសហប្រជាជាតិ បាននិយាយថា៖ «សហរដ្ឋអាមេរិកនៅតែមានក្ដីបារម្ភខ្លាំងក្លាលើការយាយីដែលមានគោលដៅលើអ្នកសារព័ត៌មាននៅតាមកន្លែងជាច្រើននៅលើពិភពលោក»។
នៅក្នុងឆ្នាំនេះ សុវត្ថិភាពនិងស្ថានភាពការងាររបស់អ្នកសារព័ត៌មាននៅក្នុងប្រទេសរុស្ស៊ីនិងនៅផ្នែកនៃប្រទេសអ៊ុយក្រែនដែលស្ថិតក្រោមការគ្រប់គ្រងរបស់រុស្ស៊ីនៅតែជាបញ្ហា។
អ្នកស្រី Carty ថ្លែងថា៖ «យ៉ាងហោចណាស់អ្នកសារព័ត៌មាន ៧ នាក់ត្រូវបានសម្លាប់នៅពេលដែលកំពុងយកព័ត៌មានអំពីសង្គ្រាមទទឹងទិសនិងមិនត្រឹមត្រូវរបស់រុស្ស៊ីលើអ៊ុយក្រែន។ គេឃើញមានការរាយការណ៍ថា យ៉ាងហោចណាស់អ្នកសារព័ត៌មាន ២១ នាក់ទៀតត្រូវបានគេឃុំខ្លួនដោយអយុត្តិធម៌នៅក្នុងតំបន់ដែលគ្រប់គ្រងដោយរុស្ស៊ីនៅអ៊ុយក្រែន ដែលមិនមាននរណាដឹងអំពីជោគវាសនារបស់អ្នកទាំងនោះជាច្រើន។ តួលេខទាំងនេះគ្រាន់តែជាចំនួនតូចមួយប៉ុណ្ណោះ ហើយវាបង្ហាញឱ្យឃើញអំពីការភ័យខ្លាចរបស់រដ្ឋាភិបាលរុស្ស៊ីចំពោះការរាយការណ៍ព័ត៌មានដ៏ត្រឹមត្រូវពិតប្រាកដអំពីសង្គ្រាមនេះ»។
នៅក្នុងការថ្លែងនៅក្នុងកិច្ចប្រជុំរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិអំពីការការពារអ្នកសារព័ត៌មាន អ្នកស្រីឯកអគ្គរដ្ឋទូត Carty បានកត់សម្គាល់ថា នៅជុំវិញពិភពលោក «ស្ត្រីដែលធ្វើការក្នុងវិស័យសារព័ត៌មានបានរងផលប៉ះពាល់ដោយមិនមានសមាមាត្រពីការគំរាមកំហែងនិងការវាយប្រហារ ដែលជារឿយៗពាក់ព័ន្ធនឹងខាងយេនឌ័រនិងខាងភេទជាងការគំរាមកំហែងលើសមភាគីរបស់ពួកគេជាបុរស ហើយកើតឡើងកាន់តែច្រើនឡើងតាមអនឡាញ»។
អ្នកស្រី Carty បានបញ្ជាក់ថា៖ «សហរដ្ឋអាមេរិកថ្កោលទោសរាល់ការគំរាមកំហែង ការយាយី និងអំពើហិង្សាទាំងអស់ដែលធ្វើឡើងចំពោះអ្នកសារព័ត៌មាននិងបុគ្គលិកផ្នែកប្រព័ន្ធផ្សព្វផ្សាយ»។
អ្នកស្រីបានបន្ថែមថា៖ «ប្រព័ន្ធផ្សព្វផ្សាយសេរីនិងឯករាជ្យគឺមានសារៈសំខាន់សម្រាប់លទ្ធិប្រជាធិបតេយ្យនិងដើរតួសំខាន់នៅក្នុងការផ្ដោះប្ដូរព័ត៌មាននិងទស្សនៈនានាដោយសេរី ការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ និងការធ្វើឱ្យរដ្ឋាភិបាលកាន់តែមានការទទួលខុសត្រូវនិងមានតម្លាភាពជាងមុន។ គ្មានអ្នកសារព័ត៌មានណាម្នាក់គួរប្រឈមនឹងការយាយី ការគំរាមកំហែង ឬក៏អំពើហិង្សាសម្រាប់ការបំពេញការងាររបស់ពួកគេនោះទេ»៕