តទៅនេះ គឺជាបទវិចារណកថាដែលឆ្លុះបញ្ចាំងពីទស្សនៈរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក
បច្ចេកវិទ្យាឌីជីថលមានសក្តានុពលក្នុងការបង្កើនការលូតលាស់សេដ្ឋកិច្ច ឧបត្ថម្ភផ្ចុងផ្តើមការបើកចំហ តម្លាភាព និងការទទួលបានព័ត៌មាន និងជំរុញឱ្យមានសន្តិភាពនិងសន្តិសុខ។ តែបច្ចេកវិទ្យាឌីជីថលក៏អាចរំលោភដោយរដ្ឋាភិបាល ក្នុងការសង្កត់សង្កិនក្នុងកិច្ចប្រឹងប្រែងរបស់ពួកគេដើម្បីគ្រប់គ្រងប្រជារាស្ត្រ ដើម្បីបង្ក្រាបក្រុមប្រឆាំង ដើម្បីបិទលំហូរព័ត៌មាននិងផ្សព្វផ្សាយព័ត៌មានមិនពិត និងបំបិទមាត់ក្រុមប្រឆាំងនិងត្រួតពិនិត្យអ្នកប្រឆាំងផងដែរ។
ហេតុដូច្នេះហើយបានជាក្រុមចម្រុះសេរីភាពអនឡាញ ត្រូវបានបង្កើតឡើងតាមការផ្តើមគំនិតរបស់ក្រសួងការបរទេសហុល្លង់កាលពីឆ្នាំ២០១១។ សព្វថ្ងៃនេះ ក្រុមចម្រុះនេះមានសមាជិក៣៥ នៅទូទាំងទ្វីបទាំងប្រាំ។
អ្នកនាំពាក្យក្រសួងការបរទេសស.រ.អ.លោក Ned Price បាននិយាយថា «ក្រុមចម្រុះសេរីភាពអនឡាញ ជាក្រុមអន្តរជាតិតែមួយគត់នៃបណ្តាប្រទេសដែលគាំទ្រជាពិសេស និងជំរុញការគោរពសិទ្ធិមនុស្សតាមអនឡាញ និងក្នុងបរិបទឌីជីថល»។
«គោលបំណងនៃក្រុមចម្រុះនេះគឺការពារបណ្តាញអ៊ីនធឺណិត ជា«បណ្តាញនៃក្រុមបណ្តាញ»សាកលមួយបើកចំហ ធ្វើប្រតិបត្តិការពាក់ព័ន្ធគ្នា មានសន្តិសុខនិងពឹងពាក់បាន និងធ្វើឱ្យប្រាកដថា សិទ្ធិមនុស្សរបស់មនុស្សទូទៅត្រូវបានការពារតាមអនឡាញផងដែរ»។
នៅឆ្នាំនេះ ស.រ.អ.កាន់តំណែងជាមេដឹកនាំក្រុមចម្រុះសេរីភាពអនឡាញ។ រដ្ឋមន្ត្រីការបរទេសស.រ.អ.លោក Antony Blinken បាននិយាយថា «នៅពេលដែលស.រ.អ.កាន់តំណែងជាប្រធានក្រុមនេះជាលើកដំបូងតាំងពីការបង្កើតក្រុមនេះកាលពីឆ្នាំ២០១១មក យើងផ្តោតលើការធ្វើឱ្យក្រុមចម្រុះនេះមានប្រសិទ្ធភាពជាងមុនក្នុងការជំរុញភាពជោគជ័យនៃបណ្តាញអ៊ីនធឺណិត និងកម្ចាត់ហានិភ័យរបស់វា»។
«ទីមួយ យើងនឹងនៅតែផ្តោតការយកចិត្តទុកដាក់លើបេសកកម្មស្នូលនៃក្រុមចម្រុះនេះក្នុងការការពារសរីភាពជាមូលដ្ឋាន មានរួមតាមរយៈការធ្វើការជាមួយរដ្ឋាភិបាលនានាដែលមានទស្សនៈដូចយើង ក្រុមសង្គមស៊ីវិល ក្រុមហ៊ុនបច្ចេកវិទ្យា និងក្រុមពលរដ្ឋដើម្បីទប់ទល់នឹងការបង្អាក់ការប្រើអ៊ីនធឺណិត»។
លោករដ្ឋមន្ត្រី Blinken ថ្លែងថា «ទីពីរយើងនឹងកសាងភាពធន់ប្រឆាំងនឹងការប្រើខុសនូវបច្ចេកវិទ្យាឌីជីថល និងការសង្កត់សង្កិនខាងផ្នែកឌីជីថល»។
លោកបានថ្លែងថា «រដ្ឋាភិបាលយើងអាចចាត់វិធានការដាក់ឱ្យមានវិធីដែលការពារសិទ្ធិមនុស្សនៅពេលរដ្ឋាភិបាលនានាប្រើបច្ចេកវិទ្យាឃ្លាំមើល»។
«ទីបី យើងនឹងធ្វើការដើម្បីរៀបចំឱ្យមានបទដ្ឋាននិងបទបញ្ញត្តិអំពីបច្ចេកវិទ្យាថ្មីៗ ដូចជាការអភិវឌ្ឍប្រកបដោយការទទួលខុសត្រូវ និងការប្រើប្រាស់បញ្ញាសិប្បនិមិត្តនិងពង្រឹងបទដ្ឋាន និងបទបញ្ញត្តិដែលមានរួចហើយ។ ទីបួន យើងនឹងបន្តពង្រឹងការរួមបញ្ចូលខាងឌីជីថល និងឧបត្ថម្ភផ្ចុងផ្តើមកន្លែងអនឡាញឱ្យមានសុវត្ថិភាព ជាពិសេសសម្រាប់ស្ត្រីនិងនារី ក្រុមជន LGBTQ ក្រុមជនភាគតិចខាងពូជសាសន៍ ខាងអំបូរនិងខាងសាសនា ក្រុមមនុស្សមានកាយវិកល និងក្រុមជនបន្ទាប់បន្សំ»។
លោក Blinken បានមានប្រសាសន៍បន្ថែមថា «យើងឃើញថា យើងស្ថិតក្នុងពេលវេលាសំខាន់មួយសម្រាប់អនាគតបណ្តាញអ៊ីនធឺណិត តាំងពីមានការបង្កើតបណ្តាញនេះមក។ យើងចាត់វិធានការជាបន្ទាន់និងប្រកបដោយបំណង ពីព្រោះបើយើងមិនចាត់ចែងអនាគតអ៊ីនធឺណិត តាមវិធីមួយដែលស្របតាមគុណតម្លៃរបស់យើងទេ ក្រុមប្រទេសផ្តាច់ការនឹងរៀបចំអនាគតនេះ»៕