Accessibility links

Breaking News

បទវិចារណកថា៖ ទិវា​សិទ្ធិ​មនុស្ស​វៀតណាម​ឆ្នាំ២០២៣


រូបឯកសារ៖ អាចារ្យ​ជនជាតិ​វៀតណាម​ដែល​ជា​ជន​ប្រឆាំង​ត្រូវ​បាន​ប៉ូលិស​នាំ​ខ្លួន ខណៈ​លោក​ប្រឈមមុខ​នឹង​តុលាការ​ក្នុង​ប្រទេស​វៀតណាម។
រូបឯកសារ៖ អាចារ្យ​ជនជាតិ​វៀតណាម​ដែល​ជា​ជន​ប្រឆាំង​ត្រូវ​បាន​ប៉ូលិស​នាំ​ខ្លួន ខណៈ​លោក​ប្រឈមមុខ​នឹង​តុលាការ​ក្នុង​ប្រទេស​វៀតណាម។

តទៅ​នេះ គឺ​ជា​បទវិចារណកថា​ដែល​ឆ្លុះបញ្ចាំង​ពី​ទស្សនៈរបស់​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក

ជា​រៀងរាល់​ឆ្នាំ​នៅ​ថ្ងៃ​ទី១១ ឧសភា សហរដ្ឋ​អាមេរិក​ប្រារព្ធ​ទិវា​សិទ្ធិ​មនុស្ស​វៀតណាម​ដើម្បី​ចងចាំអំពីសារៈសំខាន់​នៃ​ការធ្វើ​ឱ្យ​ជឿនលឿន​នៃ​សេរីភាព​ជា​មូលដ្ឋានរួមទាំង​សេរីភាព​នៃ​ការបញ្ចេញ​មតិ ការជួបជុំ ការបង្កើត​សមាគម​ និង​ការគោរពសាសនា។

វៀតណាម​នៅតែ​ជា​រដ្ឋ​ផ្តាច់ការ​មួយ​ដែល​គ្រប់គ្រង​ដោយ​គណបក្ស​តែ​មួយ​ គឺ​គណបក្ស​កុម្មុយនិស្ត​វៀតណាម។ ការបោះឆ្នោត​សភា​ជាតិ​កាលពីខែ​ឧសភា ឆ្នាំ២០២១ មិន​មាន​ភាពសេរី​និង​យុត្តិធម៌ទេ ថ្វីបើមានការប្រកួត​ប្រជែង​មានកំណត់ក្នុង​ចំណោម​បេក្ខជន​ដែល​មាន​ការពិនិត្យ​ដោយ​ផ្ចិតផ្ចង់​ពី​គណបក្ស​កុម្មុយនិស្ត​ក៏ដោយ។

ថ្វីបើ​រដ្ឋធម្មនុញ្ញនិង​ច្បាប់​របស់​វៀតណាម​ហាមឃាត់​ការធ្វើទារុណកម្ម​ក៏ដោយ ពួក​អ្នក​ជាប់​ឃុំឃាំង​ជាទូទៅ​បាន​រាយការណ៍​ពី​ការធ្វើបាប​និង​ធ្វើ​ទារុណកម្ម​ដោយ​ប៉ូលិស។ នេះ​បើ​តាម​របាយការណ៍​កាលពីពេល​ថ្មីៗនេះ​របស់​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក។ កាលពី​ឆ្នាំ ២០២២ ក្រុម​អ្នក​ឃ្លាំមើល​សិទ្ធិ​មនុស្ស​បាន​ចេញ​របាយការណ៍​ជា​ច្រើន​ស្តីពី​ប៉ូលិស​បាន​ប្រើ​កម្លាំង​ហួស​ប្រមាណ​ ខណៈ​ដែល​បំពេញ​ភារៈកិច្ច​របស់​ខ្លួន​ហើយ​មាន​ការចោទប្រកាន់ថា ​ពួក​អ្នក​ស៊ើបអង្កេត​ធ្វើ​ទារុណកម្ម​លើ​ពួក​អ្នក​ជាប់​ឃុំឃាំង។

«ការចាប់ខ្លួននិង​ចាប់​ឃុំឃាំង​តាម​ទំនើងចិត្ត ជាពិសេស​ចំពោះ​ពួក​សកម្មជ​ន​នយោបាយ​និង​បុគ្គល​នានា​ដែលប្រឆាំង​ការរឹបអូស​យក​ដី​ធ្លី ​ឬ​បញ្ហា​ផ្សេង​ទៀត​ដែល​ត្រូវ​បាន​ចាត់ទុក​ជា​ការរសើប​ខាង​នយោបាយ នៅតែ​ជា​បញ្ហា​ដ៏​ធ្ងន់ធ្ងរ​មួយ» នេះបើតាម​របាយការណ៍មួយ​របស់អង្គការការពារ​សិទ្ធិ​មនុស្ស។

ក្រុម​អង្គការ​សិទ្ធិ​រាយការណ៍​ថា​ វៀតណាម​នៅពេល​បច្ចុប្បន្ន​នេះ​បាន​ឃុំឃាំង​មនុស្ស​ជាង ១៦០នាក់​នៅ​ក្នុង​ពន្ធនាគារ​ចំពោះ​ការអនុវត្ត​ដោយ​សន្តិវិធី​នូវ​សិទ្ធិ​ពលរដ្ឋ​និង​នយោបាយ​របស់​ខ្លួន។ បើ​តាម​បណ្តាញ​ព័ត៌មាន​និង​របាយការណ៍​របស់​ក្រុម​អង្គការ​សិទ្ធិ​មនុស្ស ក្នុង​អំឡុង​៩ខែ​ដំបូង​នៃ​ឆ្នាំ២០២២ ពួក​អាជ្ញាធរ​បាន​ឃុំឃាំង​មនុស្ស១៩នាក់​និង​ចោទ​ប្រកាន់​មនុស្ស​២៦នាក់​ដែល​បាន​អនុវត្ត​សិទ្ធិ​មនុស្ស​ដែល​ត្រូវ​បាន​ទទួលស្គាល់​ដោយ​អន្តរជាតិ ដូចជា​សេរីភាព​នៃ​ការបញ្ចេញ​មតិ និង​ការជួប​ប្រជុំ​ដោយ​សន្តិវិធី ​និង​ការបង្កើត​សមាគម​ជា​ដើម។ អ្នក​ដែល​ត្រូវ​បាន​ចាប់ខ្លួននិង​ចោទប្រកាន់​ទាំង​នោះ​ភាគ​ច្រើន​មាន​ជាប់​ទាក់ទិន​នឹង​នឹង​ការសរសេរ​ប្លុក​តាម​អនឡាញ ហើយ​ជន​ជាប់ចោទ​បាន​រង​ការចោទប្រកាន់ពី​ការសរសេរ លាក់ទុក ផ្សព្វផ្សាយ​ ឬ​ចែកចាយ​ព័ត៌មាន សម្ភារៈ ឬ​របស់​របរ​ផ្សេង​ទៀត»ក្នុង​គោលបំណង​ប្រឆាំង​នឹង​រដ្ឋ​ និង«ការរំលោភ​សេរីភាព​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​ក្នុង​ស្រុក»។

អង្គការ​ក្រៅរដ្ឋាភិបាល​បាន​និយាយ​ថា ពួក​អាជ្ញាធរ​ពេល​ខ្លះយក​ពួក​អ្នកទោស​នយោ​បាយ​ទៅពិនិត្យ​និង​ព្យាបាល​ជំងឺ​សសៃ​ប្រសាទ។

រដ្ឋធម្មនុញ្ញ​និង​ច្បាប់​វៀតណាម​ចែង​ពី​សេរីភាព​នៃ​ការបញ្ចេញ​មតិ ក៏ប៉ុន្តែ រដ្ឋាភិបាល​មិន​បាន​គោរព​សិទ្ធិ​ទាំង​នោះ​ទេ។ ពួក​អ្នក​កាសែត​ឯករាជ្យបន្ត​ប្រឈម​ការរឹតត្បិត​លើ​សេរីភាព​នៃ​ការដើរហើរ ការធ្វើទុក្ខបុកម្នេញ​ផ្សេង​ទៀត​ និង​ការវាយប្រហារ​លើ​រាង្គកាយ ប្រសិនបើពួក​គេ​រាយការណ៍​ពី​ប្រធានបទ​រសើបៗ។ ពួក​អាជ្ញាធរ​រារាំង​មិន​ឱ្យ​មើល websites ជារឿយៗ​បាន​បិទ​ប្លុក​ ហើយ​បាន​បង្ខំ​ឱ្យ​ពួក​អ្នក​ផ្តល់​សេវាកម្ម​អ៊ិនធើណិត​ដកចេញ​មាតិការ​រឿងណា​ដែល​ត្រូវ​បាន​ចាត់ទុក​ជា​ការមិន​អាច​ទទួល​យកបាន​ខាង​ផ្នែក​នយោបាយ។

រដ្ឋាភិបាល​វៀតណាម​បន្ត​អនុវត្ត«ការត្រួតត្រា​ដ៏​តឹងរ៉ឹង​របស់​រដ្ឋាភិបាល​លើ​ការគោរព​សាសនា» នេះ​បើ​តាម​របាយការណ៍​ថ្មីៗបំផុត​ស្តីពី​សេរីភាព​សាសនា​អន្តរជាតិ​នៅពេល​ថ្មីៗ នេះ។

បទបញ្ញតិ​ច្បាប់​«មិន​ច្បាស់លាស់»អនុញ្ញាតឱ្យមាន​ការរឹតត្បិត​លើ​សេរីភាព​សាសនា​ដើម្បី​ផលប្រយោជន៍​សន្តិសុខ​ជាតិ​និង​ការឯកភាព​សង្គម»។

សហរដ្ឋ​អាមេរិក​អំពាវនាវ​ដល់​រដ្ឋាភិបាល​វៀតណាម​ឱ្យ​ដោះលែង​ពួក​អ្នក​ទោស​មនសិការ​ទាំង​អស់​ជា​បន្ទាន់ ​ហើយ​នឹង​អនុញ្ញាត​ឱ្យ​បុគ្គល​ទាំង​អស់​នៅ​ក្នុង​ប្រទេស​វៀតណាម​បញ្ចេញ​នូវ​ទស្សនៈ​និង​ជំនឿ​របស់​ពួកគេ​ដោយ​សេរី​និង​ជួប​ប្រជុំដោយសន្តិវិធី​ដោយ​គ្មាន​ការភ័យ​ខ្លាច​ពី​ការចាប់ចង៕

XS
SM
MD
LG