តទៅនេះ គឺជាបទវិចារណកថាដែលឆ្លុះបញ្ចាំងពីទស្សនៈរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក
ថ្លែងនៅក្នុងសន្និសីទកំពូលក្រុង Paris ស្តីពីប្រទេសស៊ូដង់ លោកស្រី Samantha Power អ្នកអភិបាលទីភ្នាក់ងារស.រ.អ.សម្រាប់ការអភិវឌ្ឍន៍អន្តរជាតិ បានប្រកាសថា ការទម្លាក់អ្នកកាន់អំណាចផ្តាច់ការនៃប្រទេសស៊ូដង់ កាលពីឆ្នាំ២០១៩ «បញ្ជាក់ជាថ្មីថា ទោះជាបេះដូងមនុស្សមានដំណើរការនៅទីណាក៏ដោយ ក៏មនុស្សចង់បានសេចក្តីថ្លៃថ្នូរខ្លាំងណាស់។ ទោះជាពួកអ្នកកាន់អំណាចផ្តាច់ការមានអារម្មណ៍ថា ពួកគេ សុខស្រួលយ៉ាងណាក៍ដោយ ទោះជាមានបញ្ហាធ្ងន់ធ្ងរកើតមាន ហើយពួកគេ នឹងគេចចេញក៏ដោយ ក៏ពួកជនក្តាប់អំណាចច្រើនទសវត្សរ៍ មិនអាចចៀសផុតពីឆន្ទៈរបស់ប្រជារាស្ត្របានទេ»។
ស.រ.អ. ប្តេជ្ញាគាំទ្រប្រទេសស៊ូដង់ នៅពេលប្រទេសនេះ ធ្វើអន្តរកាលប្រជាធិបតេយ្យ។ លោកស្រី Power សរសើររដ្ឋាភិបាលអន្តរកាលដឹកនាំដោយពួកជនស៊ីវិលអំពីកំណែទម្រង់នយោបាយ និងសេដ្ឋកិច្ច ជាពិសេសការគាំទ្រដល់សិទ្ធិស្ត្រី។
ទោះជាប្រទេសស៊ូដង់ ធ្វើការដើម្បីបើកទំព័រថ្មីចេញពីរបបគ្រប់គ្រងរបស់លោក Bashir តំបន់ Darfur នៅតែជាកន្លែងមានអំពើហិង្សាជូរចត់ដោយមានអំពើឃោរឃៅរវាងក្រុមពូជសាសន៍ផ្សេងៗគ្នា និងមានការវាយប្រហារដោយក្រុមជីវពលផងដែរ។
លោកស្រី Power បានសង្កេតថា រដ្ឋាភិបាលស៊ូដង់ បានបញ្ជូនទាហានបន្ថែមទៅកាន់តំបន់នោះដើម្បីធ្វើឱ្យមានភាពស្ងប់ស្ងាត់ឡើងវិញ ហើយ«យើងសុំឱ្យមានកិច្ចខិតខំប្រឹងប្រែងតទៅទៀតដើម្បីធ្វើការចរចាឱ្យមានសន្តិភាពប្រកបដោយស្ថិរភាពនៅក្នុងតំបន់មួយដែលមានអំពើហិង្សា និងការខូចខាតយូរមកហើយ»។
នៅពេលដែលរដ្ឋាភិបាលអន្តរកាលដឹកនាំដោយជនស៊ីវិលចាត់វិធានការដើម្បីធ្វើឱ្យប្រាកដប្រជាអំពីសន្តិសុខខាងរាងកាយរបស់ប្រជារាស្ត្រស៊ូដង់ ជាការមានសារៈសំខាន់ត្រូវកត់សម្គាល់ដែរអំពីចំណាត់ការសម្រាប់ធ្វើឱ្យមានសន្តិសុខខាងសេដ្ឋកិច្ចផងដែរ។ សេចក្តីសម្រេចរបស់ធនាគារកណ្តាលក្នុងការបណ្តែតតម្លៃប្រាក់ pound ស៊ូដង់ នឹងជួយធ្វើឱ្យមានស្ថិរភាពសេដ្ឋកិច្ចរយៈពេលយូរ។ កំណែទម្រង់បន្ថែមគ្រោងធ្វើដើម្បីឱ្យមានបទបញ្ញត្តិអំពីវិស័យឯកជន នឹងជួយទាក់ទាញការបណ្តាក់ទុនបរទេសដែលប្រទេសនេះ ត្រូវការខ្លាំង។ វិធានការបំបាត់ប្រាក់ជំនួយបន្ថែមខាងប្រេងឥន្ធនៈ ជាចំណាត់ការចាំបាច់មួយដើម្បីចាត់ចែងទំហំថវិកាជាតិ និងបំពេញតាមការតម្រូវដោយមូលនិធីរូបិយវត្ថុអន្តរជាតិសម្រាប់ការលើកលែងបំណុល។
ក៏ប៉ុន្តែ អ្នកឱ្យស៊ូដង់ខ្ចីប្រាក់ និងដៃគូរបស់ពួកគេត្រូវ ធ្វើចំណែករបស់ខ្លួនផងដែរ។ សារៈសំខាន់នៃកិច្ចខិតខំប្រឹងប្រែងនេះ គឺជួយសម្រាលបំណុល៦០ពាន់លានដុល្លារដែលស៊ូដង់ជំពាក់ច្រើនឆ្នាំមកហើយ។
ស.រ.អ. ជាអ្នកគាំទ្រដល់ការសម្រាលបំណុល។ កាលពីពេលថ្មីៗនេះ ប្រទេសស៊ូដង់ បានជម្រះបំណុលជាមួយធនាគារពិភពលោក ក្រោយពីស.រ.អ. បានផ្តល់ប្រាក់កម្ចី១ពាន់ ១រយ ៥០លានដុល្លារ ដែលជាវិធានការមួយសម្រាប់ទទួលការគាំទ្រសេដ្ឋកិច្ចថែមទៀត។ ស.រ.អ. បានសន្យាថា នឹងផ្តល់ប្រាក់ជំនួយដើម្បីបំពេញភាពឃ្លាតពីគ្នាខាងហិរញ្ញវត្ថុនៅសេសសល់។ សហភាពអឺរ៉ុប ចក្រភពអង់គ្លេស ប្រទេសបារាំង អ៊ីតាលី និងប្រទេសស៊ុយអែត ក៏បានយល់ព្រមដូចគ្នាដែរ។ ការគាំទ្រនេះ នឹងមានសារៈសំខាន់ណាស់ដើម្បីរុញច្រានសេដ្ឋកិច្ចស៊ូដង់ និងធ្វើឱ្យប្រាកដថា ប្រទេសនេះមានប្រភពធនធានបន្ថែមដើម្បីប្រយុទ្ធប្រឆាំងនឹងការឆ្លងរាតត្បាតជាសាកលនៃជំងឺកូវីដ១៩។
ស.រ.អ. ប្តេជ្ញាគាំទ្រកំណែទម្រង់ប្រជាធិបតេយ្យនិងសេដ្ឋកិច្ចក្នុងប្រទេសស៊ូដង់ និងជួយប្រទេសនេះ ចូលជាថ្មីក្នុងសហគមន៍សាកល៕