តទៅនេះ គឺជាបទវិចារណកថាដែលឆ្លុះបញ្ចាំងអំពីទស្សនៈរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក
បេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិនៅប្រទេសស៊ូដង់ខាងត្បូងបន្តដើរតួនាទីយ៉ាងសំខាន់ក្នុងការការពារជនស៊ីវិល និងបុគ្គលិកជំនួយមនុស្សធម៌។ នេះបើតាមការថ្លែងរបស់ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកលោក Robert Wood តំណាងជំនួសសម្រាប់កិច្ចការនយោបាយពិសេស ក្នុងសុន្ទរកថានាពេលថ្មីៗនេះទៅកាន់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។ ក្នុងពេលជាមួយគ្នានេះ លោកបានសម្តែងការភ្ញាក់ផ្អើលយ៉ាងខ្លាំង «ជុំវិញការកើនឡើងនៃអំពើហិង្សាលើជនស៊ីវិលនៅប្រទេសស៊ូដង់ខាងត្បូង ... ដែលជាកន្លែងដែលការសម្លាប់ជនស៊ីវិលបានកើនឡើង ៧៩%» ។
លោកឯកអគ្គរដ្ឋទូត Wood បានបញ្ជាក់ឡើងវិញនូវទស្សនៈរបស់សហរដ្ឋអាមេរិកថា ថ្នាក់ដឹកនាំអន្តរកាលរបស់ស៊ូដង់ខាងត្បូងទទួលខុសត្រូវក្នុងការបញ្ចប់អំពើហិង្សា និងធ្វើឱ្យជនល្មើសទទួលខុសត្រូវ។
លោកឯកអគ្គរដ្ឋទូត Wood ថ្លែងដូច្នេះថា៖ «យើងរំឭករដ្ឋាភិបាលអន្តរកាលនៃប្រទេសស៊ូដង់ខាងត្បូងថា ខ្លួនមិនបានរក្សាការទទួលខុសត្រូវចម្បងរបស់ខ្លួនក្នុងការការពារជនស៊ីវិលនៃប្រទេសស៊ូដង់ខាងត្បូងទេ។ ប្រសិនបើរដ្ឋាភិបាលអន្តរកាលមានបំណងចង់សម្រេចបានការផ្លាស់ប្តូរប្រកបដោយជោគជ័យទៅជារដ្ឋាភិបាលអចិន្ត្រៃយ៍ នោះចាំបាច់ត្រូវទទួលខុសត្រូវក្នុងការការពារជនស៊ីវិល និងបង្កើតបរិយាកាសបោះឆ្នោតប្រកបដោយសុវត្ថិភាពនិងស្ថិរភាព»។
សហរដ្ឋអាមេរិកជំរុញបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិនៅក្នុងប្រទេសស៊ូដង់ខាងត្បូងឱ្យកាន់តែសកម្មជាមុនក្នុងការអនុវត្តការការពារជនស៊ីវិលនិងការដាក់ពង្រាយកងរក្សាសន្តិភាពទៅកាន់តំបន់ដែលជនស៊ីវិលប្រឈមនឹងហានិភ័យខ្ពស់បំផុតនៃអំពើហិង្សាលើរាងកាយ។
ឆ្នាំ ២០២៣ នឹងជាឆ្នាំដ៏សំខាន់មួយសម្រាប់ថ្នាក់ដឹកនាំស៊ូដង់ខាងត្បូងនៅក្នុងការគោរពតាមការប្តេជ្ញាចិត្តរបស់ពួកគេលើការអនុវត្តស្តង់ដារនៃកិច្ចព្រមព្រៀងសន្តិភាព។ លោកឯកអគ្គរដ្ឋទូត Wood បានប្រកាសថា ថ្នាក់ដឹកនាំអន្តរកាលត្រូវតែពង្រីកលំហពលរដ្ឋ និងបង្កើតលក្ខខណ្ឌដែលគ្រប់គណបក្សនយោបាយ សង្គមស៊ីវិល ជនភៀសខ្លួនក្នុងស្រុក និងពលរដ្ឋស៊ូដង់ខាងត្បូង នឹងមានការចូលរួមស្មើៗគ្នានៅក្នុងដំណើរការសន្តិភាពដែលនឹងកំណត់អនាគតរបស់ប្រទេសស៊ូដង់ខាងត្បូង។
លោកឯកអគ្គរដ្ឋទូត Wood ថ្លែងថា៖ «យើងអំពាវនាវឱ្យរដ្ឋាភិបាលអន្តរកាលធ្វើសកម្មភាពឥឡូវនេះដើម្បីបង្ហាញឆន្ទៈនយោបាយនៅក្នុងការបង្កើតលក្ខខណ្ឌបែបនេះ ដែលក្នុងនោះរួមមានទាំងការធានាថា បុរសនិងស្ត្រីស៊ូដង់ខាងត្បូងអាចបញ្ចេញទស្សនៈនយោបាយរបស់ពួកគេដោយសេរីដោយមិនភ័យខ្លាចការចាប់ខ្លួន»។
លោកឯកអគ្គរដ្ឋទូត Wood បានព្រមានថា រដ្ឋាភិបាលអន្តរកាលបានរាយការណ៍ថា មានប្រាក់ចំណូលប្រេងឥន្ធនៈចំនួន ១,៦ ពាន់លានដុល្លារកាលពីឆ្នាំមុន ប៉ុន្តែនៅតែបន្តបរាជ័យក្នុងការចែកចាយធនធានទាំងនោះ ដើម្បីដោះស្រាយតម្រូវការមនុស្សធម៌របស់ប្រជាជនខ្លួន។
លោកឯកអគ្គរដ្ឋទូត Wood បញ្ជាក់ដូច្នេះថា៖ «យើងអំពាវនាវជាបន្ទាន់ដល់មន្ត្រីស៊ូដង់ខាងត្បូងឱ្យចំណាយចំណូលដែលបានពីប្រេងឥន្ធនៈរបស់ខ្លួនបន្ថែមទៀត ដើម្បីដោះស្រាយវិបត្តិ និងអនុញ្ញាតនិងសម្រួលដល់លទ្ធភាពចូលធ្វើការប្រកបដោយសុវត្ថិភាពដើម្បីផ្តល់ជំនួយមនុស្សធម៌នៅស៊ូដង់ខាងត្បូង។ យើងក៏ថ្កោលទោសផងដែរចំពោះការសម្លាប់អ្នកធ្វើការផ្នែកមនុស្សធម៌ប្រាំនាក់ចាប់តាំងពីដើមឆ្នាំមក ហើយអំពាវនាវឱ្យរដ្ឋាភិបាលគាំទ្រយ៉ាងពេញលេញលើលទ្ធភាពចូលបំពេញការងារមនុស្សធម៌ និងការពារបុគ្គលិកជំនួយមនុស្សធម៌ដែលធ្វើការដោយមិននឿយហត់ក្នុងការផ្តល់ជំនួយដល់ប្រជាជនស៊ូដង់ខាងត្បូង»។
សហរដ្ឋអាមេរិកនៅតែប្តេជ្ញាចិត្តចំពោះបុព្វហេតុសន្តិភាពនិងប្រជាជនស៊ូដង់ខាងត្បូង៕