Accessibility links

Breaking News

បទវិចារណកថា៖ ការដាក់​ទណ្ឌកម្ម​បន្ថែម​ទៀត​ចំពោះ​ប្រទេស​ស៊ីរី


រូបឯកសារ៖ រថយន្ត និង​លំនៅដ្ឋាន​ដែល​រង​ការខូចខាត​ដែល​គេ​សង្ស័យ​ថា ដោយសារការវាយប្រហារ​ដោយ​អាវុធគីមី​នៅក្នុង​ក្រុង Douma នៃ​ប្រទេសស៊ីរី។
រូបឯកសារ៖ រថយន្ត និង​លំនៅដ្ឋាន​ដែល​រង​ការខូចខាត​ដែល​គេ​សង្ស័យ​ថា ដោយសារការវាយប្រហារ​ដោយ​អាវុធគីមី​នៅក្នុង​ក្រុង Douma នៃ​ប្រទេសស៊ីរី។

តទៅ​នេះ គឺ​ជា​បទ​វិចារណកថា​ដែល​ឆ្លុះ​បញ្ចាំង​អំពី​ទស្សនៈ​របស់​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក

រូបភាពនៃ​ក្រុម​បុរស ​ស្ត្រី ​និងកុមារ​ស្លាប់​និង​ត្រូវ​របួស​នៅ​ក្នុង​ក្រុង​ Douma ប្រទេស​ស៊ីរី នៅ​ក្រោយ​របប​គ្រប់គ្រង Assad ដែល​គាំទ្រ​ដោយ​ប្រទេស​អ៊ីរ៉ង់​ និង​ប្រទេស​រុស្ស៊ីនោះ ​បាន​បាញ់មីស៊ីល​ក្នុង​ផ្សារមានមនុស្ស​កុះករក្នុង​ក្រុង​នោះ​កាល​ពី​ឆ្នាំ២០១៥ នាំ​ឱ្យមាន​ការ​ឈឺចាប់ក្នុង​ចិត្ត។ ក្រុម​ជន​ស៊ីវិល​៧០​នាក់​បាន​ត្រូវ​សម្លាប់​ ហើយ​៥០០​នាក់​ទៀត​បាន​ត្រូវ​របួសនៅ​ក្នុង​ការ​វាយ​ប្រហារនោះ​ កាលពី​ថ្ងៃ​ទី​៣០​ ខែ​តុលា។ ការណ៍​ទាំង​នេះ​ ជា​ការរំឭកដ៏​គួរ​ឱ្យសោកសៅ​មួយអំពីការ​បង់ខាតដោយសារសង្គ្រាម​របស់​លោក Bashar al-Assad ប្រឆាំង​ពលរដ្ឋ​ស៊ីរី ដែលបាន​បណ្តាល​ឱ្យ​មានមនុស្ស​បាត់​បង់​ជីវិត​ជាង​ ៥០០.០០០ ​នាក់ ក្នុង​រយៈពេល ​៩ ឆ្នាំ​កន្លះ កន្លង​ទៅ​នេះ។

កាល​ពី​ថ្ងៃ​ទី​៩ ​ខែ​វិច្ឆិកា ដោយរំឭកដល់​ក្រុម​ជន​រងគ្រោះនៃអំពើ​ឃោរឃៅប្រព្រឹត្ត​ដោយ​របប​គ្រប់គ្រង​ Assad ទៅ​លើ​មហាជន​ស៊ីរី ក្រសួងការ​បរទេស និង​ក្រសួង​ហិរញ្ញវត្ថុ​សហរដ្ឋ​អាមេរិក ​បានដាក់​ទណ្ឌកម្ម​លើ​ក្រុមបុគ្គល​ និង​អង្គភាព​ចំនួន១៩​ ​តាម​រយៈ​ច្បាប់​កាល​ពី​ឆ្នាំ២០១៩ ​ស្តី​ពីការ​ការពារ​ជន​ស៊ីវិល​ស៊ីរី​ដែល​ហៅ​ថា Caesar Syria Civilian Protection Act of 2019 និង​ក្រោយ​យន្តការ​ឯ​ទៀតៗ។

ក្រសួង​ការបរទេសសហរដ្ឋ​អាមេរិក ​បាន​ដាក់​ទណ្ឌកម្ម​លើកងកម្លាំង​ការពារ​ជាតិដែល​ជា​កងជីវ​ពលអ៊ីរ៉ង់​លម្អៀង​ទៅ​ខាង​លោក Assad និង​មេ​បញ្ជាការ​ម្នាក់​របស់​កង​កម្លាំង​នេះ​ ឈ្មោះ Saqr Rostrom ចំពោះការខិតខំប្រឹង​ប្រែងរបស់​ពួក​គេក្នុង​ការ​រារាំងបទ​ឈប់បាញ់គ្នានៅ​ក្នុង​ប្រទេស​ស៊ីរី។

ការិយាល័យត្រួតត្រា​ធនធានក្រៅ​ប្រទេស​ហៅ​កាត់​ថា OFAC​ នៃ​ក្រសួង​ហិរញ្ញវត្ថុ​សហរដ្ឋ​អាមេរិក បានចាត់​វិធានការប្រឆាំង​នឹង​ក្រុមមន្ត្រី​យោធា​ស៊ីរី ​សមាជិកនៃ​សភា​ស៊ីរី​ អង្គភាព​នៃ​ដ្ឋាភិបាល​ស៊ីរី ​និង​ក្រុម​បុគ្គល​ស៊ីរី​ និង​លីបង់ដែល​ជួយ​ធ្វើ​ឱ្យឧស្សាហកម្ម​ប្រេងរបស់​លោក Assad មានដំណើរ​ការ​ឡើងវិញ។

លោក​ Mike Pompeo រដ្ឋមន្ត្រី​ការបរទេសសហរដ្ឋ​អាមេរិក បានកត់​សម្គាល់​នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​ថា៖ «ការ​ដាក់​ទណ្ឌកម្ម​របស់រដ្ឋបាល​សហរដ្ឋ​អាមេរិក​គូស​បញ្ជាក់អំពីកម្រិត​ដែល​របប​គ្រប់គ្រង​ Assad ធ្វើ​ឱ្យស្ថាប័នស៊ីរី​ខូច​បែបណា»។ លោក Steve Mnuchin រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​ស.រ.អ.​ក៏​បានគូស​បញ្ជាក់ដែរ​ថា ក្រសួង​ហិរញ្ញវត្ថុ «ប្តេជ្ញាបន្ត​ដាក់​សម្ពាធសេដ្ឋកិច្ច​លើ​របប​គ្រប់គ្រង​ Assad និងពួក​អ្នក​គាំទ្រ​របប​នេះ ចំពោះ​ការ​បង្ក្រាប​ដោយ​របបគ្រប់គ្រង​នេះ»។

ខណៈ​ដែល​ជន​ណា​ម្នាក់​ដែល​ធ្វើ​ជំនួញជាមួយបុគ្គលណា​ម្នាក់​ក្នុង​បណ្តា​ក្រុមជន និង​អង្គភាព​ទាំង​១៩ ​ដែល​បាន​ត្រូវ​ចាត់​ទុក​ថា​ជាអ្នក​គាំទ្រ​របប​គ្រប់គ្រង Assad នៅ​ពេល​នេះ ​អាចប្រឈម​នឹង​ការដាក់​ទណ្ឌកម្ម​ខ្លួន​ឯងក៏​ដោយ ​ក៏លោក​រដ្ឋមន្ត្រីការបរទេស ​Mike Pompeo បាន​និយាយ​ច្បាស់​លាស់​ថា ការដាក់​ទណ្ឌកម្មទាំង​នេះ​ ​មិន​យក​ជា​ទីដៅទេ​នូវ​ពាណិជ្ជកម្ម ជំនួយ​និង​សកម្មភាពទាក់ទិន​នឹង​មនុស្សធម៌ពិត​ប្រាកដ ​ហើយ​ថា​ ​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក នឹង​បន្តផ្តល់​ជំនួយ​មនុស្សធម៌ដល់​ប្រជាជន​ស៊ីរី​តទៅ​ទៀត។

លោក​រដ្ឋមន្ត្រី Pompeo បាន​ថ្លែង​ថា៖ «ស.រ.អ.ប្តេជ្ញាឆ្លើយ​តប​នឹង​ការទាមទារ​របស់​ប្រជាជន​ស៊ីរីឱ្យ​មានដំណោះស្រាយ​ខាង​នយោបាយ​មួយ​ជាប់​លាប់បញ្ចប់​សង្គ្រាម​នេះ ​តាម​រយៈ​សេចក្តី​សម្រេចលេខ ​២២៥៤ ​នៃក្រុម​ប្រឹក្សា​សន្តិសុខអង្គការ​សហប្រជាជាតិ។​ ដើម្បីសម្រេច​គោលដៅ​នេះ​ យើង​គាំទ្រការ​អំពាវនាវរបស់​លោក Geir Pedersen ប្រេសិតអ.ស.ប.​ ឱ្យ​មាន​ការឈប់​បាញ់​គ្នា​នៅ​ទូទាំង​ប្រទេស ការ​ដោះលែងអ្នកទោស​ ​និងក្រុម​អ្នក​ជាប់​ឃុំឃាំង​ខាង​នយោបាយ ការ​ព្រាង​រដ្ឋធម្មនុញ្ញ​ថ្មី​មួយ​ និងការ​បោះឆ្នោតដោយ​សេរី​និង​យុត្តិធ៌ម ដែល​ត្រួត​ពិនិត្យ​ដោយ​អ.ស.ប.។

លោក​រដ្ឋមន្ត្រី​ការបរទេស​ Pompeo បានមាន​ប្រសាសន៍​ថា៖ «របប​គ្រប់គ្រង​ Assad មាន​ជម្រើស​មួយ ​គឺ​ចាត់​វិធានការ​គ្មានប្រែ​ក្រឡះឆ្ពោះ​ទៅ​កាន់​ដំណោះស្រាយ​ដោយ​សន្តិវិធី​ចំពោះសង្គ្រាម​នេះ​ ​ដែលបាន​អូសបន្លាយអស់ជិត​មួយ​ទសវត្សរ៍​ហើយនោះ​ ឬ​មួយប្រឈម​នឹង​ការ​ដាក់ទណ្ឌកម្ម​ថែមទៀត»៕

XS
SM
MD
LG